ភ្នំពេញ —
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែរក្សាជំហរដឹកនាំមហាកូដកម្មទាមទារដំឡើងប្រាក់ខែគ្រូបង្រៀននៅសប្តាហ៍ក្រោយនេះ ទោះបីជាមានការគំរាមប្តឹងទៅតុលាការនិងដកច្បាប់អនុញ្ញាតក៏ដោយ។
លោក រ៉ុង ឈុន ប្រធានសមាគមបញ្ជាក់ថាមហាកូដកម្មរបស់លោកនៅតែធ្វើឡើងនៅថ្ងៃទី០៦ នឹងធ្វើឡើងតាមការកំណត់។
«សម្រាប់ការគំរាមនេះវាជារឿងធម្មតាសម្រាប់អ្នកតស៊ូមតិ អ្នកការពារយុត្តិធម៌ក្នុងសង្គមកម្ពុជាយើង ដូច្នេះទោះបីជាព្រមានយ៉ាងណាខ្ញុំក៏មិនដកថយដែរ ធ្វើម៉េចធ្វើយ៉ាងណាឱ្យប្រាក់ខែគ្រូបង្រៀនប្រសើរឡើង និងដើម្បីលើកកម្ពស់គុណភាពអប់រំផងដែរ ពីព្រោះការដែលយើងទាមទារនេះគឺមិនផ្ទុយនឹងច្បាប់ដែលបានកំណត់នោះទេ»។
លោក រ៉ុង ឈុន បន្ថែមថាការគំរាមនេះមិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហាទេ។ ដំណោះស្រាយចំពោះលោកគឺការដំឡើងប្រាក់បៀរវត្សរ៍គ្រូបង្រៀននិងកម្មករឱ្យបានសមរម្យ បើមិនដូច្នោះទេ បាតុកម្មនឹងរាលដាលកាន់តែធំ។
ទីស្តីការគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលកាលពីថ្ងៃច័ន្ទនេះបានគំរាមនឹងប្តឹងលោករ៉ុង ឈុន និងប្រធានសហជីពចំនួន៥ផ្សេងទៀតក្នុងការដឹកនាំកម្មករឱ្យធ្វើបាតុកម្ម។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថារដ្ឋាភិបាលគ្រោងនឹងប្តឹងលោករ៉ុង ឈុន ទៅតុលាការពីបទញុះញុង់និងដឹកនាំបាតុកម្មខុសច្បាប់និងបទចោទមួយចំនួនទៀត។
«រដ្ឋាភិបាលនឹងអនុវត្តច្បាប់។ គាត់ធ្វើសកម្មភាពអ្វីខ្លះ គាត់រំលោភច្បាប់អ្វីខ្លះ គាត់ខ្លួនឯងដឹងហើយ ដូចជាការអំពាវនាវឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង គាត់ធ្វើបាតុកម្មបិទថ្នល់។ តើគាត់ធ្វើបាតុកម្មមានសុំច្បាប់ដែរឬទេ? គាត់ធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈនិងរបស់រោងចក្រ។ ខ្ញុំមិននិយាយឱ្យលម្អិតទេ គ្រាន់តែត្រួសៗប៉ុណ្ណោះ»។
ប៉ុន្តែ លោក ផៃ ស៊ីផាន មិនបានបញ្ជាក់លម្អិតថាតើសំណុំរឿងនេះកំពុងដំណើរការដល់ណានោះទេ។ លោក រ៉ុង ឈុន នាពេលកន្លងមកបានចូលរួមដឹកនាំបាតុកម្មរបស់កម្មករក្នុងការទាមទារសុំឱ្យដំឡើងប្រាក់ខែអប្បបរមា១៦០ដុល្លារនិងបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។
ក្រសួងមហាផ្ទៃនាពេលថ្មីៗនេះក៏បានគំរាមនឹងដកច្បាប់អនុញ្ញាតដល់សមាគមគ្រូបង្រៀនរបស់លោករ៉ុង ឈុន ចេញពីបញ្ជីរបស់ក្រសួងផងដែរ ប្រសិនបើសមាគមលោកនៅតែបន្តដឹកនាំកូដកម្មតាមការគ្រោងទុក ក្រោមហេតុផលថាសមាគមលោកនាពេលកន្លងមកបានញុះញុងកម្មករឱ្យធ្វើបាតុកម្មនិងការពាក់ព័ន្ធរបស់លោកក្នុងសកម្មភាពនយោបាយ។
ការគំរាមបែបនេះធ្វើឡើង បន្ទាប់ពីសមាគមលោកដែលមានសមាជិកជាងមួយម៉ឺននាក់ទូទាំងប្រទេសកាលពីថ្ងៃអង្គារនេះបានអំពាវនាវឱ្យគ្រូបង្រៀនគ្រប់កម្រិតតាំងពីបឋមសិក្សារហូតដល់ឧត្តមសិក្សាឱ្យចូលរួមមហាកូដកម្មរបស់ខ្លួនចាប់ពីថ្ងៃ០៦ខែមករាតទៅដោយផ្អាកការបង្រៀននិងសរសេរបដាព្យួរតាមក្លោងទ្វារនិងរបងសាលាដើម្បីទាមទារប្រាក់ខែតិចបំផុតចំនួនមួយលានរៀល។
ដោយឡែកគម្រោងបាតុកម្មមួយទៀតដែលគ្រោងនឹងធ្វើនៅថ្ងៃជាមួយគ្នា ដែលដឹកនាំដោយលោកម៉ម សុណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនិងជានាយកវិទ្យុសំបុកឃ្មុំដើម្បីទាមទារដំឡើងកម្លាំងវិទ្យុនិងអាជ្ញាបណ្ណទូរទស្សន៍ ត្រូវបានលើកពេលជាលើកទីពីរ។ ការលើកពេលនេះ ក្រោយពីមានការចរចាជាមួយសាលាក្រុងភ្នំពេញកាលពីព្រឹកមិញនេះ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ម សុណង់ដូ។
«ខាងអភិបាលក្រុង គេរត់ការឱ្យពូជាមួយក្រសួងព័ត៌មាន ប្រសិនបើក្រសួងព័ត៌មានមិនផ្តល់លទ្ធផលល្អដែលប្រជាពលរដ្ឋចង់បានទេ ពូនឹងធ្វើបាតុកម្ម»។
លោក ម៉ម សុណង់ដូ បញ្ជាក់បន្ថែមថាលោកនឹងដាក់លិខិតស្នើសុំអាជ្ញាបណ្ណទៅសាលាក្រុងភ្នំពេញនៅថ្ងៃសុក្រនេះ ដើម្បីឱ្យសាលាក្រុងបញ្ជូនបន្តទៅក្រសួងព័ត៌មាន ហើយក្នុងរយៈពេល១០ថ្ងៃ ប្រសិនបើគ្មានការឆ្លើយតបជាវិជ្ជមានណាមួយទេនោះ លោកនឹងដឹកនាំបាតុកម្មតាមការគ្រោងទុក។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានឱ្យដឹងដូចគ្នានេះដែរ៕