ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បញ្ជូន​បេសកជន​ពិសេស​ទៅ​សហភាព​អឺរ៉ុប​​ដើម្បី​ទប់ស្កាត់​​ការ​ព្យួរ​កម្មវិធី​អនុគ្រោះ​ពាណិជ្ជ​កម្ម​​ EBA


រូបឯកសារ៖ លោក សុខ ស៊ីផាណា​ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ ចូលរួម​ពិភាក្សា​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក សុខ ស៊ីផាណា​ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ ចូលរួម​ពិភាក្សា​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)

ខណៈ​សភា​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​លើ​ការ​ព្យួរ​កម្មវិធី​អនុ​គ្រោះ​ពាណិជ្ជ​កម្ម​ ដែល​មាន​ឈ្មោះ​ថា​ «ការ​អនុ​គ្រោះ​ពន្ធលើ​ទំនិញ​ទាំង​អស់​លើក​លែងតែសព្វាវុធ» ពី​ប្រទេស​កម្ពុជា​​ដើម្បី​ឆ្លើយតប​ទៅ​នឹង«ការ​ប្រព្រឹត្ត​អាក្រក់​ឡើង​វិញ​នៃ​របប​ផ្តាច់​ការ​នៅ​កម្ពុជា»​នោះ ក្រសួង​ការ​បរទេស​កម្ពុជា​​បាន​បញ្ជូន​បេសកជន​ពិសេស​ទៅ​​សហភាព​អឺរ៉ុប​​ដើម្បី​បញ្ចុះ​បញ្ចូល​​និង​ទប់ស្កាត់​ការ​ព្យួរ​កម្មវិធី​អនុ​គ្រោះ​នេះ។

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជូន​បេសក​ជន​ពិសេស​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​ដើម្បី​បញ្ចុះ​បញ្ចូល​ ​និង​ទប់ស្កាត់​វិធាន​ការព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​លើក​លែងតែ​សព្វាវុធ»​ពី​ប្រទេស​កម្ពុជា។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ការ​បរទេស​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​នៅ​ថ្ងៃ​ទី​២៨​ ​ខែមិថុនា​ ​នេះ​បញ្ជាក់​ថា ​ការ​ចាត់​បញ្ជូន​បេសកកម្ម​ពិសេស​ទៅ​កាន់​សហភាព​អឺរ៉ុប​ពី​ថ្ងៃ​ទី១៨​ខែ​មិថុនា​ដល់​ថ្ងៃ​ទី១ ​ខែ​កក្កដា ​ឆ្នាំ​២០១៨​ ដែលដឹក​នាំដោយ​លោក​ ​សុក ស៊ីផាន់ណា​ ​ទី​ប្រឹក្សា​រដ្ឋាភិបាល​នោះ ​ធ្វើ​ឡើង​ទៅ​តាម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។​ ​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«បេសក​កម្ម​នេះ​មាន​គោល​បំណង​ផ្តល់​នូវ​ការ​បំភ្លឺ​ជូន​មន្រ្តី​ជាន់​ខ្ពស់​សំខាន់ៗ​របស់​គណៈ​កម្មការ​អឺរ៉ុប ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​អឺរ៉ុប​ ​និង​ឥស្សរជន​សំខាន់ៗ​ផ្សេង​ទៀត។​ ​ទន្ទឹម​នឹង​នេះ​ ​កម្ពុជា​ចង់​បង្ហាញ​តាម​រយៈការ​បញ្ជូន​បេសក​កម្ម​នេះ​នូវ​សុឆន្ទៈ​របស់​យើង​ ​ចង់​មាន​ការ​សន្ទនា​ត្រង់​ទៅ​ត្រង់​មក ​ពី​ព្រោះយើង​ចាត់​ទុក​សហភាព​អឺរ៉ុប​គឺជា​ដៃ​គូ​ដ៏​សំខាន់ ​ដែល​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​រឹងមាំ​ជា​មួយ​កម្ពុជា»។​

ក្នុងលិខិត​ដែល​មាន​ទឡ្ហីករណ៍​ ​ឬ​ការ​សម្អាង​សំខាន់ៗ​ជា​មូលដ្ឋាន​ចំនួន​១១​ចំណុច​ ​ដាក់ជូន​ទៅ​ឥស្សរជន​ក្នុង​រាល់​ជំនួប​របស់​បេសក​កម្ម​នេះ​ ​ក្រសួង​ការ​បរទេស​បាន​បក​ស្រាយថា​ ​ការអនុវត្ត​ការ​ងារ​ ​និង​ការ​ចាត់​វិធានការ​លើ​គណ​បក្ស​ប្រឆាំង ​ក៏​ដូច​ជា​សង្គម​ស៊ី​វិល ​និង​សារ​ព័ត៌មាន​ឯករាជ្យ​នា​ពេល​កន្លង​មកគឺ​ជាការ​អនុវត្ត​ទៅ​តាម​ច្បាប់ និង​ជាការ​ការពារ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។​

VOA​ ​បាន​ព្យាយាម​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក​ ​George Edgar​ ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។​

សភា​សហភាព​អឺរ៉ុប​ កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១៧ ​បាន​បោះ​ឆ្នោត​ទទួល​យក​ការ​ពិចារណា​លើ​ការ​ព្យួរកម្មវិធី​អនុ​គ្រោះពន្ធ ​ដែល​មាន​ឈ្មោះ​ថា​ ​Everything but Arms​ ​មាន​ន័យថា​ «អនុ​គ្រោះ​ពន្ធលើ​ទំនិញ​ទាំង​អស់​លើក​លែងតែ​អាវុធ»​ ​ហៅ​កាត់​ថា EBA ​ដោយ​ថា ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​«ការ​ប្រព្រឹត្ត​អាក្រក់​ឡើង​វិញ​នៃ​របប​ផ្តាច់​ការ​នៅ​កម្ពុជា»។​

ក្នុង​ការ​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​នេះ​ ​សភា​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិ​ការណ៍​នយោបាយ​ ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។​ ​សភា​សហភាព​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​កំពុង​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន​នេះ​ ​កែ​លម្អ​ជា​បន្ទាន់នូវ​ស្ថាន​ការណ៍​អាក្រក់ៗ​កន្លង​មក ​ឲ្យ​ដូច​ដើម​វិញ ​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពាណិជ្ជ​កម្ម​បន្ត​ទៀត។​

សភា​សហភាព​អឺរ៉ុប​ក៏​បាន​បញ្ជាក់​ថា​ ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ បង្រ្កាប​លើ​អង្គការ​សង្គម​ស៊ី​វិល​ ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ ​ការ​បង្ក្រាប​ដែល​មិន​ធ្លាប់​មាន​ពី​មុន លើ​បណ្តាញ​សារ​ព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស​ ​និង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ដែល​មាន​សំឡេង​ប្រជា​ពលរដ្ឋគាំទ្រ​ជាង​៤០​ភាគរយ ​នា​ពេល​បោះ​ឆ្នោត​កន្លង​មក។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ប្រាប់​ ​VOA​ ​ថា​ ​ការ​បញ្ជូន​បេសកជន​ពិសេស​ទៅ​សហភាព​អឺរ៉ុបដើម្បី​បញ្ចុះ​បញ្ចូល ​និង​ទប់ស្កាត់​វិធាន​ការ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ ​នឹង​មិន​អាច​ទទួល​បាន​លទ្ធផល​វិជ្ជ​មាន​នោះ​ទេ ​ប្រសិន​បើ​កម្ពុជា​មិន​អនុវត្ត​តាម​អនុសាសន៍​របស់​អន្តរជាតិពាក់​ព័ន្ធនឹង​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​

«នៅ​ស្រុក​យើង​នេះ​ ​រឿង​ដែល​ធំ​បំផុត​គឺ​រឿង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ដែលជា​ឆន្ទៈ​របស់​មនុស្ស​ជាង​៣​លាន​នាក់​នោះ។​ ត្រង់​ហ្នឹង​ ដែល​គេ​នៅ​ស្មុគ​ស្មាញ ​ដែល​សហគមន៍​អឺរ៉ុប​ហ្នឹង​គេ​នៅ​តែ​ប្រកាន់​ថា​ ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ ជារឿង​ដែល​ដើរ​ចេញ​ឆ្ងាយ​ពី​ចរន្ត​ប្រជា​ធិបតេយ្យ ​ហើយ​បើសិន​ជា​ខ្មែរ​យើង​មិន​វិលមក​ដោះ​ស្រាយគ្នា​វិញ​ទេ​ ​អា​ហ្នឹង​វិធានការ​ហ្នឹង​នឹង​ត្រូវ​គេ​ដាក់​មក​ជា​បន្ត​បន្ទាប់»។​

លោក ​មាស នី​ ​បន្ថែម​ថា​ ​ប្រសិន​បើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ត្រូវ​បាន​លុប​ចោល​ ​នោះ​កម្ពុជា​នឹង​ត្រូវ​ប្រឈម​នឹង​ផល​វិបាក​ ​ព្រម​ទាំង​បាត់​បង់​ផល​ចំណេញ​យ៉ាង​ធ្ងន់ធ្ងរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​យើង​គ្រាន់​តែ​គិត​ថា​ ​តើ​រដ្ឋាភិបាល​នឹង​ត្រូវ​បាត់​បង់​ចំណូល​ប៉ុន្មាននោះ ​តាម​របាយ​ការណ៍​យើង​ទទួល​ពីឆ្នាំទៅ​ ​ដូចជា​មិន​តិច​ជាង​១​ពាន់​លាន​ដុល្លារ​ទេ​ បើ​ការ​អនុ​គ្រោះ​ពន្ធ​ត្រូវ​បាន​គេលុប​ចោល។ ​ហើយ​រឿង​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​ការអនុ​គ្រោះ​ពន្ធ​នេះ​មិន​មែន​ជា​រឿង​ដែល​លុប​ចោល​ថ្ងៃ​ហ្នឹង​ ​ហើយ​បើ​យើង​ត្រូវ​គ្នា​ ​យើង​ដោះ​ស្រាយរួច ​គេ​នឹង​ដាក់​មក​វិញ​ស្អែកទេ។ ​វា​អត់​មាន​ជា​រឿង​ស្រួល​ប៉ុន្មាន​ទេ​ ​ត្រូវ​ចំណាយ​ពេល​រាប់ឆ្នាំដើម្បី​ទាញ​គេ​ឲ្យ​មាន​ទំនុក​ចិត្ត​មក​លើ​យើង​វិញ»។​

សហ​រដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​គឺ​ជា​ទី​ផ្សារពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា​ សម្រាប់​ការ​នាំ​ចេញ​ផលិត​ផល​ក្នុង​ស្រុក ​ដែល​កម្ពុជា​ផលិត​ ​ក្នុង​នោះ​មាន​ដូចជា​ សំលៀក​បំពាក់ ​ស្បែក​ជើង ​ផលិត​ផល​ធ្វើ​ពីស្បែក ​ប្លាស្ទិក ​ម្ហូប​អាហារ ​និង​ផលិត​ផល​កសិកម្ម​ជា​ដើម។ ​ការ​នាំ​ចេញ​នេះ ​បាន​និង​កំពុង​ផ្តល់​ការ​ងារ​ដល់​ពលរដ្ឋ​ប្រមាណ​ជា​៧​សែន​នាក់​ នៅ​កម្ពុជា។​

ទាំង​សហ​រដ្ឋ​អាមេរិក ​ទាំង​សហភាព​អឺរ៉ុប​សុទ្ធ​តែ​បាន​ផ្តល់​ឲ្យ​ដល់​កម្ពុជា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​ឬ​មិន​គិត​ពន្ធ​ គឺ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធទូទៅ (GSP)​ តាំង​ពីឆ្នាំ​១៩៩៧​ សម្រាប់​អាមេរិក ​និង​កម្មវិធីអ្វីៗ​ ទាំង​អស់​លើក​លែងតែ​អាវុធ ​(Everything But Arms, EBA)​ តាំង​ពីឆ្នាំ​២០១២ ​សម្រាប់​សហភាព​អឺរ៉ុប។ ​ក្នុង​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ការ​មិន​យកពន្ធ​សរុប​តម្លៃ​៤០០​លាន​ដុល្លារ​ពី​សហ​រដ្ឋ​អាមេរិក​ និង​ជិត ៧០០​លាន​ដុល្លារ​ពី​សហភាព​អឺរ៉ុប៕

XS
SM
MD
LG