ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​អង្គការ​និង​កំពុង​សិក្សា


អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​មាន​លោក​ រៀល​ ខេមរិន្ទ​ បាន​មក​ចូលរួម​គាំ​ទ្រ​ការប្រឆាំងនឹងការអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស​នៅ​មុខ​រដ្ឋ​សភា​ជាតិ​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)​
អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​មាន​លោក​ រៀល​ ខេមរិន្ទ​ បាន​មក​ចូលរួម​គាំ​ទ្រ​ការប្រឆាំងនឹងការអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស​នៅ​មុខ​រដ្ឋ​សភា​ជាតិ​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)​

សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស​បាន​ចូល​ដល់​ព្រឹទ្ធសភា​និង​ត្រូវ​បញ្ជូន​ទៅ​កាន់​គណៈកម្មការ​ជំនាញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះដើម្បីពិនិត្យ​មុន​ ​ពេលដាក់​ ឲ្យ​មានការ​ពិភាក្សា​បន្ត។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំ​ពាក្យព្រឹទ្ធសភា។

លោក​ អ៊ុំ សារឹទ្ធ​ អគ្គលេខាធិការ​និង​ជាអ្នក​នាំ​ពាក្យ​នៃ​ព្រឹទ្ធ​សភា​បាន​ប្រាប់​ VOA​ ថា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា​បាន​ឯកភាព​ទទួលយក​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​ក្នុង​កិច្ច​ប្រជុំពិសេស​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។​ លោក​បាន​បន្ត​ថា​សេចក្ដី​ព្រាង​ច្បាប់នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​គណៈកម្មការ​ទី៤​និង​ទី៦​នៃ​ព្រឹទ្ធ​សភា​ដើម្បី​ត្រួត​ពិនិត្យ​ទិដ្ឋភាព​និង​អត្ថន័យ​នៃ​ច្បាប់​នេះ​ មុន​ពេល​រាយ​ការណ៍ជូន​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ឡើង​វិញ។​

«យើង​ទើប​តែ​ទទួល​បាន​ពី​ម្សិល​មិញ​ពេល​រសៀល​ទៅ​ហើយ​ ហើយ​ថ្ងៃ​នេះ​យើង​បាន​បញ្ជូន​ ទៅ​កាន់​គណៈ​កម្មការ​ជំនាញ​ ដើម្បី​លោក​ពិនិត្យ​ដើម្បី​នាំ​យោបល់​មក​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ និង​ជម្រាប​អង្គប្រជុំ ​ព្រោះ​ដំណាក់​កាល​នេះ​គ្រាន់​តែ​បញ្ចូន​ទៅ​ឲ្យ​គណៈកម្មការ​ពិនិត្យ​ទេ»។​

លោក ​អ៊ុំ​ សារឹទ្ធ​បាន​បន្ត​ថា ​ព្រឹទ្ធសភា​ មិន​ទាន់​ធ្វើ​ការ​សម្រេច​កំណត់​ពេល​វេលា​ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​នៅ​ឡើយ​ទេ។

កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​បានលើកដៃ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ដោយ​មិន​មាន​ការ​ពិភាក្សា​ដេញដោល​អ្វី​ ខណៈ​ពេល​ដែល​តំណាងរាស្ត្រ​ភាគតិច​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំនោះ។

នា​ព្រឹក​ថ្ងៃ​ដ​ដែល​នោះ​ដែរ​យ៉ាង​ហោច​ណាស់​មាន​ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិល​សកម្មជន​ដីធ្លី​ សិទ្ធិ​មនុស្ស​និង​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ភំ្នពេញ​ជាង​ ៣០០​ នាក់បាន​ធ្វើ​បាតុកម្ម​សម្ដែង​ការមិន​សប្បាយ​ចិត្ត​និង​ស្នើ​ឲ្យ​តំណាងរាស្រ្ត​បញ្ឈប់​ការ​អនុម័ត​ច្បាប់​នេះ។​ ក៏​ប៉ុន្តែពួក​គេ​ត្រូវ​បាន​រារាំង​ដោយ​ប៉ូលិស​និង​ក្រុម​សន្តិសុខ​ដែល​ដាក់​របាំង​ការ​ពារ​គ្រប់​ផ្លូវ​ទៅ​កាន់​វិមាន​រដ្ឋសភា។

លោក​ គង់ គាំ​ ប្រធាន​គណបក្ស​សម រង្ស៊ី​និង​ជា​សមាជិក​ព្រឹទ្ធសភា​បាន​ថ្លែង​ថាក្រុម​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគ​តិច​ បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធ​សភា​ សម្រេច​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ចេតនា​រឹតត្បឹតសេរីភាព​អង្គការ​សង្គម​ស៊ីវិលនៅ​កម្ពុជា​នេះ​ទៅ​ជូន​រដ្ឋសភា​ជាតិ​វិញដើម្បី​ពិនិត្យ​និង​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ឲ្យបាន​ច្រើន​ថែម​ទៀត។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​បាន​ប្រាប់​ VOA​ ថា​សមាជិក​ព្រឹទ្ធសភា​របស់​គណ​បក្ស​សមរង្ស៊ី​ចំនួន​ ១១រូប​ មាន​គម្រោង​នឹង​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំពិភាក្សា​លើ​ច្បាប់នោះ​ទេ ប្រសិន​បើ​សមាជិក​មក​ពី​គណបក្ស​កាន់​អំណាច​នៅ​តែ​ដាក់​បញ្ចូល​ច្បាប់​នោះ​ទៅ​ក្នុង​កិច្ចប្រជុំពេញ​អង្គ​នោះ។​

លោក​ គង់ គាំ​បាន​បញ្ជាក់​ថា​៖​ «ខ្ញុំ​គិត​ថា ​សមាជិក​មកពី​គណបក្ស​ សម រង្ស៊ី យើង​ប្រហែល​ជា​នឹង​ប្រកាន់​ជំហរ​ពហិការ​មិន​ចូល​រួម​ធ្វើការ​អនុម័ត​នោះ​ដែរ»​។​

លោក​បាន​បន្ត​ទៀត​ថា៖​ «​ខ្ញុំ​ឃើញ​ថា​ច្បាប់​នេះ​ វាហាក់​ដូចជា​ច្បាប់​ដែល​រដ្ឋាភិ​បាល​មាន​ចេតនា​គាប​សង្កត់​ ត្បឹត​ត្បៀត​ចាប់​ទោស​អូស​ដំណើរ​មិន​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​សកម្មភាព​បាន»​។​

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ VOA ​ទទួល​មាន​៩​ជំពូក ​និង​៣៩មាត្រា។​ ក្នុង​នោះក៏​មានមាត្រា​មួយ​ចំនួន​ចែង​ពី​វិធាន​ការ​រដ្ឋបាល​និង​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ចាត់​វិធានការ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​សមាគម​ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ណា​ដែល​ធ្វើ​សកម្ម​ភាព​ដោយ​មិនបាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ស្រប​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ។​

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ព្រាងច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។ សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​បាន​ទទួល​រង​ការ​រិះគន់​ជាច្រើន​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ ប្រទេស​ម្ចាស់​ជំនួយ​ និង​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​និង​គម្រោង​អភិឌ្ឍន៍​ធំៗ​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រនេះ៕

ទស្សនាវីដេអូ​ការ​តវ៉ា​កន្លង​មក​របស់​សង្គមស៊ីវិល៖

XS
SM
MD
LG