ចអ្វីដែលបានគ្រោងទុក តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាទាំងអស់ចំនួន៦៨រូបបានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដ៏ចម្រូងចម្រាសនៅព្រឹកថ្ងៃច័ន្ទនេះ បើទោះជាតំណាងរាស្ត្រគណបក្សជំទាស់ធ្វើពហិការ និងមានការតវ៉ាពីក្រុមអង្គការ និងសកម្មជនយ៉ាងណាក៏ដោយ។
ប៉ូលិសប្រឆាំងកុបកម្មរាប់រយនាក់ប្រដាប់ដោយអាវុធនិងខែលគ្រប់ដៃត្រូវបានដាក់ពង្រាយនាមុខរដ្ឋសភាដើម្បីការពារមិនឲ្យមានការតវ៉ា ខណៈពេលដែលក្រុមតំណាងរាស្ត្រធ្វើការអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
បន្ទាប់ពីលោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សកាន់អំណាចនិងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន បានអានខ្លឹមសារនៃសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនោះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានប្តូរវេនគ្នាការពារសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ។
លោកហ៊ូ ស្រ៊ី តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលភ្នំពេញ បានលើកឡើងថា សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះគឺធ្វើឡើងស្របទៅច្បាប់និងបទដ្ឋានអន្តរជាតិ និងស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ លោកហៅក្រុមអ្នកតវ៉ាប្រឆាំងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលថា ជាអ្នកបំពុលបរិយាកាសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
«គេថា ច្បាប់នេះផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ កាត់បន្ថយសិទ្ធិសេរីភាពប្រជាពលរដ្ឋ។ ខ្ញុំសូមជម្រាបថា បញ្ហានេះមិនពិបាកទេ។ គាត់មិនមែនជាក្រុមប្រឹក្សារដ្ឋធម្មនុញ្ញទេ។ អញ្ចឹងយើងអាចបញ្ជូនច្បាប់នេះទៅកាន់ក្រុមព្រឹក្សារដ្ឋធម្មនុញ្ញឲ្យគេពិនិត្យទៅ»។
ស្របគ្នានោះដែរ លោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ស្របថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះបានធ្វើឡើងក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបន្ថែមទៀត និងជួយជំរុញការងារជួយប្រជាពលរដ្ឋ ហើយវាខុសពីការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលមួយចំនួនដែលថា ច្បាប់នេះរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគាត់នោះ។
«អញ្ចឹង អ្វីដែលខ្ញុំបានធ្វើនោះគឺមិនដូចអ្វីដែលមជ្ឈដ្ឋានមួយចំនួនបានលើកមកនោះទេ។ ផ្ទុយទៅវិញ ច្បាប់នេះពេលចូលជាធរមាន វានឹងបង្កើនកិច្ចសហប្រតិបត្តិការដែលរាជរដ្ឋាភិបាលបានធ្វើជាបន្តបន្ទាប់មកហើយ»។
សេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមានចំនួន៩ជំពូកនិង៣៩មាត្រា ដែល VOA ទទួលនេះ មានចែងពីវិធានការរដ្ឋបាល និងទោសបញ្ញត្តិផងដែរ។ ក្នុងនោះក៏មានមាត្រាមួយចំនួនចែងពីវិធានការរដ្ឋបាល និងទោសបញ្ញត្តិបើកផ្លូវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមបទបញ្ញត្តិនៃច្បាប់នេះ។
ក្នុងករណីមិនរាងចាល សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនោះត្រូវក្រសួងមហាផ្ទៃពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀល។
សេចក្តីព្រាងច្បាប់នេះបានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការជាតិ និងអន្តរជាតិ ប្រទេសម្ចាស់ជំនួយ និងសហគមន៍អឺរ៉ុបផងដែរ ដែលបារម្ភពីការរឹតត្បិត និងការដាក់សម្ពាធមកលើខ្លួន បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តនោះ។
យ៉ាងហោចណាស់មានក្រុមតំណាងអង្គការសង្គមស៊ីវិល សកម្មជនដីធ្លី សិទ្ធិមនុស្ស និងប្រជាពលរដ្ឋនៅក្នុងក្រុងភំ្នពេញជាង៣០០នាក់បានធ្វើបាតុកម្មសម្ដែងភាពមិនពេញចិត្ត ហើយស្នើឲ្យតំណាងរាស្រ្តបញ្ឈប់ការអនុម័តច្បាប់នេះ។ ពួកគេត្រូវបានរារាំងដោយប៉ូលិសនិងក្រុមសន្តិសុខដែលដាក់របាំងការពារគ្រប់ផ្លូវទៅកាន់វិមានរដ្ឋសភា។
បើទោះជាយ៉ាងនេះក៏ដោយ ពួកគេបានធ្វើការតវ៉ាមិនព្រមទទួលយកច្បាប់ដែលមានចេតនាដាក់សម្ពាធលើពួកគាត់នោះទេ។ ដោយមានបដាធំៗក្នុងដៃ ដែលមានពាក្យថា «និយាយថា «ទេ ច្បាប់អង្គការ»និងច្រៀងចម្រៀងលំនាំថ្មីស្តីពីការមិនទទួលយកច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ក្រុមបាតុករបានស្រែកតវ៉ានៅមណ្ឌលកម្សាន្តឌ្រីមលែន (Dream Land)។
លោកគឹម សុងជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ លោកបានថ្លែងថា ពន្លឿនការអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះគឺបង្ហាញពីភាពរឹតត្បិតដល់សិទ្ធិបញ្ចេញមតិ និងសិទ្ធិចូលរួមរបស់អង្គការសង្គមស៊ីវិល និងវាមានចេតនាដាក់សម្ពាធលើពួកគាត់ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍ពីអង្គការទាំងនោះ។
«ខ្ញុំគិតថា វាប៉ះពាល់ទៅដល់សិទ្ធិសេរីភាព ការសម្តែងមតិ ជាពិសេសគឺសិទ្ធិសេរីភាពក្នុងការបង្កើតជាសមាគម ក្នុងការជួយប្រជាពលរដ្ឋដែលគាត់កំពុងជួបបញ្ហា រឿងអយុត្តិធម៌ក្នុងសង្គមជាច្រើន។ បើសិនជាច្បាប់ហ្នឹងត្រូវបានអនុម័ត ខ្ញុំគិតថា អង្គការមួយចំនួនគាត់នឹងពិបាកក្នុងការជួយប្រជាពលរដ្ឋជាច្រើន»។
តំណាងរាស្ត្រ៦៨រូបមកពីគណបក្សកាន់អំណាចបានលើកដៃគាំទ្រ សម្រេចការអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នេះ ខណៈពេលដែលតំណាងរាស្ត្រភាគតិចដែលមានចំនួន៥៥រូបធ្វើពហិការមិនចូលរួមពិភាក្សាច្បាប់នេះ។
ក្រោយពេលដែលសភាអនុម័តសេចក្តីព្រាងច្បាប់នោះ លោកយ៉ែម បុញ្ញាឫទ្ធិ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រាប់ VOA ថា គណបក្សសង្គ្រោះជាតិបានព្យាយាមធ្វើការស្នើសុំពន្យារពេល និងទុកឲ្យមានការពិភាក្សាយ៉ាងណាក៏ដោយ ក៏សភាដែលដឹកនាំដោយគណបក្សកាន់អំណាចនោះ នៅតែមិនយល់ព្រម។ លោក យ៉ែម បុញ្ញាឫទ្ធិបានថ្ងែងថា ទោះបីគណបក្សជំទាស់ចូលរួមកិច្ចប្រជុំរបស់សភាជាតិ ក៏គណបក្សកាន់អំណាចដែលមានសំឡេងលើសលុបក្នុងរដ្ឋសភានៅតែធ្វើការអនុម័ត។
«តាមរយៈគណៈកម្មការនានានៃរដ្ឋសភា យើងធ្លាប់បានស្នើពិគ្រោះយោបល់ បានសុំឲ្យមានការកែប្រែ ឬក៏ពន្យារពេល ដើម្បីឲ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញ ក៏ប៉ុន្តែគេមិនទាំងស្តាប់យើងផង។ ដូច្នោះការពិភាក្សានៅសភាពេញអង្គ គេនឹងនៅតែមិនស្តាប់ទេ ហើយសេចក្តីព្រាងច្បាប់នឹងនៅតែចេញមកតាមផ្លូវហ្នឹងតែដដែលទេបាទ!»។
ទោះបីជាមានសង្ឃឹមតិចតួចយ៉ាងនេះក៏ដោយ លោក យ៉ែម បុញ្ញាឫទ្ធិនិយាយថា គណបក្សរបស់លោកនឹងព្យាយាមធ្វើការតស៊ូបន្តទៀតពេលដែលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះបានទៅដល់ព្រឹទ្ធសភានោះ៕
ទស្សនាវីដេអូនៃការតវ៉ាកន្លងមក៖