ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម​ រង្ស៉ី​ ទទូចឲ្យ​មានសម្ពាធ​ដើម្បី​​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​


លោក​សម រង្ស៉ី​ ប្រធាន​គណបក្ស​សង្រ្គោះជាតិ​
លោក​សម រង្ស៉ី​ ប្រធាន​គណបក្ស​សង្រ្គោះជាតិ​
វ៉ាស៊ីនតោន​៖ លោកសម​ រង្ស៉ី​ទទូចឲ្យ​សភាអឺរ៉ុប​សើរើ​សម្ពាធ​របស់ខ្លួន​ជាថ្មី​ចំពោះ​រដ្ឋាភិបាល​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​អំពីរឿង​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ក្នុង​ប្រទេស​ កម្ពុជា​ទៅតាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ។​

លោក​សម រង្ស៉ី​បានចូលរួម​បាតុកម្ម​ជាមួយ​ក្រុម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​អឺរ៉ុប​នៅ​មុខ​សភា​អឺរ៉ុប​ក្នុង​ទីក្រុង​ប្រូស្សែល​ (Brussels)។​ លោកក៏​គ្រោង​នឹង​ជួប​បន្ត​បន្ទាប់​ជាមួយនឹង​ក្រុមអ្នក​តំណាងរាស្ត្រ​ផងដែរ។​

ដោយការ​បោះឆ្នោត​ជាសាកល​នៅថ្ងៃ​២៨​កក្កដា​ឆ្នាំ​២០១៣​កាន់តែ​ខិតជិត​មក​ ដល់ ​មេដឹកនាំ​គណបក្ស​ជំទាស់​ដ៏ធំជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​គឺលោក​សម រង្ស៉ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ កំពុងតែ​ទាមទារ​ជាថ្មី​ឲ្យ​សភា​អឺរ៉ុប​ដាក់​ សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​និង​គាំទ្រ​ឲ្យលោកវិល​ត្រឡប់​ទៅ​កម្ពុជា​វិញដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដោយ​គ្មាន​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ពី​ប្រព័ន្ធ​តុលាការ។​

លោក​សម រង្ស៉ី​ ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ត្រូវតុលាការ​កាត់​ទោស​កំបាំង​មុខ​ឲ្យជាប់ពន្ធនាគារ​ជាង​១០​ឆ្នាំ​ពីបទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កាល​ពីឆ្នាំ​២០០៩។​ តែ​លោក​សម​ រង្ស៉ី​ចាត់​ទុកថា​ នេះ​ជា​រឿង​នយោបាយ ​និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​សម្លេង​អ្នក​ជំទាស់។​ លោក​និង​មន្ត្រីជាន់​ខ្ពស់​របស់​លោកគឺ​លោកស្រី​ មួ សុខហួរ​ ជាអ្នក​តំណាង​រាស្ត្រ ​កំពុង​ចូលរួម​ធ្វើ​បាតុកម្ម​នៅមុខ​សភាអឺរ៉ុប​ក្នុង​ទីក្រុង​ប្រូស្សែល ​(Brussels)​ជាមួយ​នឹង​ជនជាតិ​ខ្មែរ​រស់​នៅក្នុង​ប្រទេស​អឺរ៉ុប​ជាច្រើន។​ លោក​គ្រោង​នឹងជួប​សមាជិក​សភា​អឺរ៉ុប​ជាបន្ត​ បន្ទាប់​ដើម្បី​ស្នើសុំឲ្យ​សភា​អឺរ៉ុប​សើរើ​ជាថ្មី​នូវ​សម្ពាធ​ក្នុង​សេចក្តីសម្រេចរបស់ខ្លួន​កាល​ពី​ឆ្នាំទៅ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិមនុស្ស ​គោល​ការណ៍​ប្រជាធិបតេយ្យ​ ទទួលយក​អនុសាសន៍​អ.ស.ប.​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​និង​អនុញ្ញាត​ឲ្យ​លោក​បាន​វិល​ត្រឡប់​ទៅកម្ពុជា​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។​

«ស្មារតីហ្នឹង​គេគាំទ្រ​យើង​ទៅហើយ​។ ​យើង​មកនេះ​ដើម្បី​គ្រាន់តែ​រំឭក​ម្តងទៀត​ ឲ្យ​គេ​ធ្វើអ្វី​ថ្មី​ ព្រោះថ្ងៃ​បោះឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់។​ យើង​សុំឲ្យ​គេ​គោរព​ រឿង​ថ្មី​មួយ​គឺ​អនុសាសន៍​អ.ស.ប.»។​

លោក​សូរីយ៉ា ​ប្រាសាដ ​ស៊ូប៊ែឌី ​(Surya Prasad Subedi)​ អ្នក​រាយ​ការណ៍​ ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​បញ្ជាក់​ក្នុងសេចក្តី​រាយ​ការណ៍​របស់​លោក​ថ្មីៗ​នេះ​ថា ​ប្រព័ន្ធ​បោះឆ្នោត​គួរ​ត្រូវ​កែ ទម្រង់​ដើម្បី​ឲ្យមាន​ទំនុក​ចិត្ត​ពីអ្នក​បោះឆ្នោត​និង​មាន​បទដ្ឋាន​ដែល​ទទួល​ស្គាល់​ ដោយ​អន្តរជាតិ។​ លោក​បាន​ផ្តល់​អនុសាសន៍​១៧​ ចំណុច​រួមទាំងការ​កែប្រែ​រចនា សម្ព័ន្ធ​បោះឆ្នោត​ ការអនុញ្ញាត​ឲ្យ​មេ​ដឹកនាំ​ជំទាស់​គឺ​លោក​សម រង្ស៉ី​វិល​ត្រឡប់​ ទៅ​វិញ​ដើម្បី​បំពេញ​មុខនាទី​ពេញ​លេញ​ជា​មេដឹកនាំ​គណបក្ស​ជំទាស់​ជាដើម។​ ជាមួយ​នឹង​ប្រតិកម្ម​អន្តរជាតិ​យ៉ាង​ច្រើន​ផង​កន្លងមក​ លោក​សម រង្ស៉ី​បង្ហាញ​ក្តី​ សង្ឃឹម​ថា ​សភា​អឺរ៉ុប​ដែល​ជាម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​ ហើយដែល​មាន​ឥទ្ធិពល​នេះ​ អាចជួយ​ដល់ការ​ស្វែងរក​ដំណោះ​ស្រាយ​នយោបាយ​កម្ពុជា​បាន​ ដូច​ដែល​កើត​ឡើង​ដ៏​មាន​ប្រសិទ្ធិភាព​បួន​លើក​កាល​ពី​អតីត​កាល​ក្នុង​ឆ្នាំ​១៩៩៨ ​ឆ្នាំ​២០០៣ ​ឆ្នាំ២០០៥ ​និង​ឆ្នាំ២០០៦។​

«ពេលណា​មាន​សម្ពាធ​អន្តរជាតិ​ខ្លាំង ​ជាពិសេស​ មកពី​សហភាព​អឺរ៉ុប​ ហ្នឹង​គឺមាន​ដំណោះ​ស្រាយ​នយោបាយ​ជានិច្ច»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​និង​ជា​ រដ្ឋលេខា​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​អះអាង​ថា​ សម្ពាធ​និង​ឥទ្ធិពល​ខាង​ក្រៅ​មិន​ អាច​ជួយដល់​សំណុំរឿង​លោក​សម រង្ស៉ី​បាន​ទេ ​ហើយ​សកម្មភាព​លោក​តវ៉ា​ នៅ​ខាងក្រៅ​ក៏មិន​មែន​ជា​ការ​ចាប់​អារម្មណ៍​ដែរ។​ លោក​ថ្លែង​ថា​ លោក​សម រង្ស៉ី​ គួរ​ចូល​មក​តតាំង​តាម​ផ្លូវ​តុលាការ ​ដូច​លោក​ម៉ម សូណង់ដូ ​ប្រធានវិទ្យុ​សម្បុក​ឃ្មុំ​ នោះ​ ទើប​ជាការ​ពង្រឹង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។​

«ឯកឧត្តម​សម រង្ស៉ី ​ជា​ប្រជាពលរដ្ឋ​ខ្មែរម្នាក់​គួរតែ​ពង្រឹង​ជំហរ​ប្រឆាំង​នឹង​អ្វី​ដែល​ គេ​ហៅ​ថា​ ឥទ្ធិពល​បុគ្គល​គ្របដណ្តប់​ទៅ​លើច្បាប់ ​បុគ្គល​ដែល​គេ​មិន​អាច​ ប៉ះ​ពាល់​បាន។​ នេះជា​បំណង​សម្រាប់​ប្រជាពល​រដ្ឋខ្មែរ​ទាំងអស់»។​

លោក​សួន ប៊ុនស័ក្តិ​ នាយក​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគមការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​មាន​អង្គការ​សមាគម​ជាង​២០​ជា​សមាជិក។​ លោក​បាន​អះអាង​ថា ​ការសម្រប​សម្រួល​នយោបាយ​ផ្ទៃក្នុង​រវាង​ភាគី ទាំង​ពីរ ​ឬខ្មែរ​នឹងខ្មែរ​គួរតែ​កើតមាន​ឡើង​ដើម្បី​បញ្ឈប់​ឥទ្ធិពល​បរទេស​ដែលធ្លាប់ មាន​ពីអតីត​កាល។​

«ភាគីម្ខាង​ បើកាលណា​ទទួល​រង​ប៉ះពាល់​ពីភាគី​ម្ខាងផ្សេង​ទៀត​ ភាគី​ដែល​ ទទួល​រង​ប៉ះពាល់​ហ្នឹង​គឺតែងតែ​ប្រឹង​ទប់​ តែងតែ​ប្រើប្រាស់​អំណាច​ដើម្បី​ ទប់​ជាមួយ​ការ​ប៉ះពាល់​ហ្នឹង»។​
ប្រទេស​កម្ពុជា​គ្រោងនឹង​ធ្វើការ​បោះឆ្នោត​ជាសាកល​នៅថ្ងៃទី​២៨​កក្កដា​ឆ្នាំ​២០១៣​ដើម្បី​ជ្រើស​តំណាងរាស្ត្រ​ បង្កើត​រដ្ឋាភិបាល​ថ្មីមួយ។ ​សហគមន៍​អន្តរជាតិ ​រួមទាំង​ស.រ.អា.​ព្រមាន​អំពី​នីត្យានុកូលភាព​ ឬភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាលថ្មី​ ប្រសិនបើ​ការ​បោះឆ្នោត​ខាងមុខ​មិន​ប្រព្រឹត្តិ​ទៅដោយ​យុត្តិធម៌​ និង​មិនមាន​ការចូលរួម​ពីលោក​សម រង្ស៉ីទេនោះ។​ ដូចគ្នាដែរ​ ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា​ខ្លះ​ បាន​អះអាង​ថា​ លោក​សម រង្ស៉ី​ ជាមេដឹកនាំ​ ដែលជា​គូ​ប្រជែង​ដ៏​សក្តិសមសម្រាប់​មុខ​តំណែង​នាយ​ក​រដ្ឋមន្ត្រី​ ដែល​លោក​ហ៊ុន សែន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់កាប់​អំណាច​នេះ​ជាង​៣០ឆ្នាំ​មក​នោះ៕
XS
SM
MD
LG