ភ្នំពេញ៖ មេដឹកនាំគណបក្សប្រឆាំងបានសម្រេចចិត្តបោះបង់ការតតាំងក្តីនៅសាលាឧទ្ធរណ៍ជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជារដ្ឋមន្ត្រីការបរទេសពាក់ព័ន្ឋនឹងការបរិហារកេរ្តិ៍ក្រោយពីរឿងក្តីនេះបានអូសបន្លាយអស់រយៈពេលជាងប្រាំឆ្នាំ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានប្រាប់វីអូអេតាមទូរសព្ទពីទីក្រុងបាងកកនៅថ្ងៃអង្គារនេះថា តុលាការប្រទេសបារាំងបានកាត់ក្តីឲ្យលោកឈ្នះលោកហោ ណាំហុងរួចហើយ។ ដូចច្នេះលោកមិនចាំបាច់ទៅចំណាយពេលជាមួយតុលាការកម្ពុជាដែលស្ថិតនៅក្រោមឥទ្ឋិពលអ្នកមានអំណាចទេ។
លោកបាននិយាយថា តុលាការកម្ពុជាជាតុលាការឡប់ឡែ សទៅជាខ្មៅ ខ្មៅទៅជាសហើយជ័យជម្នះផ្លូវចិត្ត និងផ្លូវច្បាប់គឺតុលាការបារាំងបានរកយុត្តិធម៌ជូនលោករួចហើយ។
«ដើម្បីរៀបចំប្រទេសឡើងវិញឲ្យមានលិទ្ឋិប្រជាធិបតេយ្យពេញលេញ ឲ្យមានសិទ្ឋសេរីភាពត្រឹមត្រូវទើបយើងមានតុលាការឯករាជ្យហើយទើបជនរងគ្រោះទាំងអស់ទទួលបានយុត្តិធម៌។ តែឥឡូវគ្មានយុត្តិធម៌ណាដែលយើងអាចរំពឹងពីតុលាការនៅស្រុកខ្មែរសព្វថ្ងៃទេ»។
កាលពីដើមឆ្នាំ២០១១ តុលាការកំពូលនៃប្រទេសបារាំងបានសម្រេចក្តីឲ្យលោក សម រង្ស៊ី ឈ្នះក្តីលើបណ្តឹងរបស់លោក ហោ ណាំហុងពីបទបរិហារកេរ្តិ៍ថា លោកជាប្រធានមន្ទីរឃុំឃាំងបឹងត្របែក។
លោក ជួង ជូងី មេធាវីការពារក្តីលោកសម រង្ស៊ីបាននិយាយថា លោកបានដកពាក្យបណ្តឹងនៅសាលាឧទ្ធរណ៍កាលពីថ្ងៃចន្ទម្សិលម៉ិញនេះដោយសារតែកូនក្តីរបស់លោកចង់បញ្ចប់រឿងក្តីនេះ។
«ដូចថាគាត់មិនចង់ឲ្យវែងឆ្ងាយចង់ឲ្យចប់រឿង»។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក កុយ កួង អ្នកនាំពាក្យមិនអាចស្នើសុំការបំភ្លឺបានទេដោយទូរសព្ទរបស់លោកពុំមានអ្នកទទួល។
លោកកា សាវុធ មេធាវីការពារក្តីលោកហោ ណាំហុងបាននិយាយថា ការសម្រេចដកពាក្យបណ្តឹងរបស់លោកសម រង្ស៊ីបានសេចក្តីថា លោកសុខចិត្តព្រមទទួលយកកំហុស។
«ការដកពាក្យបណ្តឹងរបស់លោក សម រង្ស៊ី បានសេចក្តីថា សម រង្ស៊ី ព្រមទទួលយកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចតាមមាត្រា៣០៥មាត្រា៤៩៤និងមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ»។
លោក ហោ ណាំហុង បានដាក់ពាក្យបណ្តឹងមួយទៅតុលាការក្រុង ភ្នំពេញ ប្តឹងលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងពីបទបរិហារកេរ្តិ៍និងផ្សព្វផ្សាយព័ត៌មានមិនពិតបន្ទាប់ពីលោកសម រង្ស៊ី បានធ្វើអត្ថាធិប្បាយមួយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ នៅឯវាលពិឃាតបឹងជើងឯកដោយបានចោទប្រកាន់ថា លោកហោ ណំាហុង ជាប្រធានគុកបឹងត្របែកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ពាក្យសម្តីរបស់លោកសម រង្ស៊ី ត្រូវបានកាសែតក្នុងស្រុកមួយដែលគាំទ្រគណបក្សប្រឆាំងឈ្មោះ«មនសិការខ្មែរ» បានដកស្រង់សម្តីយកទៅចុះផ្សាយ។
តុលាការក្រុងភ្នំពេញបានសម្រេចកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន៨លានរៀល (ប្រហាក់ប្រហែលនឹង២ពាន់ដុល្លារអាមេរិក) អំពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការស្អប់ខ្ពើមលោកហោ ណាំហុង។
លោកសម រង្ស៊ី អាយុ៦៣ឆ្នាំមេដឹកនាំគណបក្សប្រឆាំងបច្ចុប្បន្ននេះកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេសបន្ទាប់ពីតុលាការកម្ពុជាបានកាត់ទោសលោកឲ្យជាប់ពន្ឋនាគារចំនួន១០ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងកម្ពុជានិងវៀតណាមនៅស្រុកចន្ទ្រាខេត្តស្វាយរៀង និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ព្រមទាំងក្លែងឯកសារសារធារណៈ៕