កាលពីលោក ពុធ ថាវី ជាយុវវ័យអាយុ២០ឆ្នាំ អ្នកនេសាទរូបនេះ និងបងប្អូន៨នាក់ទៀត ទៅរកត្រីបានលើស ២០០ គីឡូក្រាមក្នុងមួយថ្ងៃ ដោយប្រើទូកម៉ាស៊ីន ៣ គ្រឿងបរតាមដងស្ទឹងសង្កែ ដៃបឹងទន្លេសាបនៃខេត្តបាត់ដំបង។
ប៉ុន្តែឥឡូវនេះ លោក ថាវី អាយុ៣៨ឆ្នាំ រៀបរាប់ថា ពួកគេរកត្រីបានប្រមាណ ៦០ គីឡូក្រាម ស្ទើរតែមិនបានពេញមួយទូកផង បើទោះបីជាពួកគេបរទូកទៅ ៣ គ្រឿងដដែល។ ដូចនេះបងប្រុសរបស់លោកពីរនាក់ ក៏បានសម្រេចចិត្តចាកចេញពីភូមិបាក់ព្រា ដែលជាភូមិកំណើត ទៅរកស៊ីលក់ដូរនៅស្រុកបាណន់ ក្នុងខេត្តបាត់ដំបង។ ភូមិបាក់ព្រានេះហើយ ដែលគេស្គាល់តាមរយៈបទចម្រៀង «កូនស្រីអ្នកនេសាទ» របស់អ្នកស្រី រស់ សេរីសុទ្ធា នៅអំឡុងទសវត្សរ៍១៩៧០។
ឥឡូវនេះ លោក ថាវី និយាយថា កូនអ្នកនេសាទរួមទាំងបងប្អូនលោកផង មានទំនោរបោះបង់របរនេសាទនេះ ទៅរកការងារធ្វើនៅឯក្រុងវិញ។
លោក ថាវី និយាយថា៖ «វ័យកាន់តែចាស់ ត្រីកាន់តែអត់»។
លោកបន្តថា៖ «អូ! ត្រីឥឡូវនេះ ខុសគ្នាជាងពីមុនឆ្ងាយណាស់! ត្រីមិនសូវមានទេ! ខុសគ្នាជាងពាក់កណ្តាល»។
បទពិសោធន៍របស់ថាវី ឆ្លុះបញ្ចាំងក្រុមគ្រួសារអ្នកនេសាទផ្សេងទៀតដែលអាស្រ័យផលពីបឹងទន្លេសាប និងទន្លេមេគង្គ។ ពួកគេ ធ្លាប់បានលើកឡើងអំពីការថយចុះបរិមាណត្រីជាបន្តបន្ទាប់ច្រើនឆ្នាំមកហើយ។ ពួកគេថា ការថយចុះបរិមាណត្រីនេះបង្ខំឱ្យមនុស្សជាច្រើនធ្វើចំណាកស្រុកទៅស៊ីឈ្នួលធ្វើស្រែចម្ការម្តងម្កាល ឬក៏លែងប្រកបរបរនេសាទទាំងស្រុងក៏មាន។ ការអង្កេតទិន្នន័យដែលមាន បានបញ្ជាក់ថា ចំនួនអ្នកនេសាទ ថយចុះនៅទូទាំងកម្ពុជា។
ប៉ុន្តែ សូចនាករផ្សេងទៀតបង្ហាញពីនិន្នាការថា ចំនួនផលនេសាទត្រីទឹកសាបសរុបនៅក្នុងប្រទេសកម្ពុជា មានកំណើនទ្វេដងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
វីអូអេសង្កេតទិន្នន័យរបស់អង្គការស្បៀងអាហារ និងកសិកម្មវិទ្យាស្ថានជាតិស្ថិតិ និងរដ្ឋបាលជលផល និងបានសម្ភាសអ្នកជំនាញខាងជលផល មន្ត្រីរដ្ឋាភិបាល និងគ្រួសារអ្នកនេសាទ ដើម្បីពន្យល់អំពីអ្វីដែលកំពុងកើតឡើងក្នុងវិស័យនេះ។
ខណៈអ្នកជំនាញមួយចំនួន មានមន្ទិលចំពោះតួលេខសរុបនៃផលនេសាទត្រីនោះ អ្នកស្រាវជ្រាវម្នាក់បាននិយាយថា និន្នាការទាំងពីរនេះ អាចទៅរួចដោយសារបច្ចុប្បន្ន មានការនេសាទហួសប្រមាណ និងការបំផ្លិចបំផ្លាញព្រៃលិចទឹកជាដើម។
លោក Jean Christopher-Diepart ជាអ្នកស្រាវជ្រាវខាងក្សេត្រសាស្រ្ត និងការផ្លាស់ប្តូរក្នុងវិស័យកសិកម្មនៅក្នុងតំបន់មេគង្គ និងបានសិក្សាអំពីកំណែទម្រង់ជលផលនៅក្នុងប្រទេសកម្ពុជា ដែលបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៦។ លោកនិយាយថា៖ «ផលនេសាទ ត្រីអាចកើនឡើង ក៏ប៉ុន្តែផលស្តុកត្រី ឬបរិមាណត្រីនៅក្នុងស្តុកសម្រាប់ពេលជាក់លាក់ណាមួយ នៅក្នុងប្រព័ន្ធអាចធ្លាក់ចុះ»។
លោកពន្យល់ទៀតថា៖ «ពួកគេ អាចបង្កើនការនេសាទត្រី ប៉ុន្តែ ការកើនរបៀបនេះមិនមានចីរភាពទេ។ ត្រីដែលពួកគាត់នេសាទបាន គឺបាត់ពីប្រព័ន្ធ។ ពួកវា មិនអាចបន្តពូជបានទៀតទេ»។
«ជម្រកចុងក្រោយរបស់ត្រី»
កម្ពុជា ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយមានផលនេសាទចម្រុះបំផុតក្នុងពិភពលោកដោយសារប្រព័ន្ធអេកូឡូស៊ីពិសេសមួយនៃទន្លេមេគង្គ និងបឹងទន្លេសាប។ ជារៀងរាល់ឆ្នាំ ទឹកជន់ពីទន្លេមេគង្គបានហូរចាក់ទៅបឹងទន្លេសាប ដែលជន់លិចផ្ទៃដីទំនាបរាប់ពាន់ហិកតា និងផ្តល់ជម្រក និងចំណីដ៏ល្អសម្រាប់ត្រី។ នៅរដូវវស្សា កម្រិតទឹកឡើងខ្ពស់នេះ ជន់ដល់តំបន់នានាទល់ប្រទេសវៀតណាម។ ចំណែកក្នុងរដូវប្រាំងពេលទឹកស្រក វាហូរចាក់ពីបឹងទន្លេសាបបញ្ច្រាសទៅទន្លេមេគង្គវិញ ដោយនាំត្រីដ៏ច្រើនសន្ធឹកសន្ធាប់ផ្លាស់ទីត្រឡប់ទៅក្នុងអាងទឹកទន្លេវិញ។ នាពេលនោះហើយដែលរដូវនេសាទចាប់ផ្តើម។
ប្រព័ន្ធអេកូឡូស៊ីដែលកើតឡើងដោយធម្មជាតិនេះ បានហុចផលមកដល់ក្រុមគ្រួសារអ្នកនេសាទតាំងពីក្នុងប្រវត្តិសាស្ត្ររហូតដល់ជំនាន់ក្រុមគ្រូសារលោក ពុធ ថាវី និងប្រជានេសាទផ្សេងទៀត។
ប្រជាជនកម្ពុជា ស្ថិតក្នុងចំណោមអ្នកបរិភោគត្រីទឹកសាបច្រើនជាងគេនៅលើពិភពលោក ដោយម្នាក់ៗបរិភោគត្រីប្រហែល ៤០ គីឡូក្រាមក្នុងមួយឆ្នាំៗ ស្មើនឹង៧០%នៃការទទួលទានប្រូតេអ៊ីនពីសាច់សត្វ។ នេះ បើតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ។
តួលេខផ្លូវការបានបង្ហាញថា ផលនេសាទត្រីនៅកម្ពុជាគួរតែមានលក្ខណៈសម្បូរនៅឡើយសម្រាប់គ្រួសារអ្នកនេសាទ។ ទិន្នន័យពីអង្គការស្បៀងអាហារ និងកសិកម្មដែលប្រមូលដោយរដ្ឋបាលជលផលនៅថ្នាក់ស្រុក និងខេត្តឲ្យដឹងថា ទិន្នផលនេសាទទឹកសាបនៅកម្ពុជា កើនឡើងទ្វេដងក្នុងអំឡុងពេល២០ឆ្នាំចុងក្រោយ គឺកើនពីប្រហែល២៥ម៉ឺនតោននៅឆ្នាំ២០០០ ដល់ជាងកន្លះលានតោននៅឆ្នាំ២០១៨។
មន្ត្រីកម្ពុជាឲ្យដឹងថា និន្នាការកើននេះបង្ហាញថា ការនេសាទទឹកសាបនៅកម្ពុជា កំពុងដំណើរការល្អ ដោយសារការគ្រប់គ្រងល្អ ហើយមានការចូលរួមពីប្រជានេសាទក្នុងការគោរពច្បាប់ និងបទប្បញ្ញត្តិ។
ប៉ុន្តែ តួលេខចុងក្រោយរបស់រដ្ឋបាលជលផល បង្ហាញថា ផលនេសាទថយមកនៅត្រឹមប្រមាណ ៤១៣.០០០ តោននៅឆ្នាំ២០២០។
លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្មនៃរដ្ឋបាលជលផលបានពន្យល់ថា ផលនេសាទថយចុះនេះ អាចបណ្តាលមកពីកម្រិតទឹកទាបដែលបណ្តាលមកពីភ្លៀងធ្លាក់តិចជាងធម្មតានៅអាងទន្លេមេគង្គ។
លោក Zeb Hogan ជាជីវវិទូនៅសកលវិទ្យាល័យ Nevada ទីក្រុង Reno សហរដ្ឋអាមេរិកដែលសិក្សាអំពីត្រី និងជាផលិតករកម្មវិធីទូរទស្សន៍ «Monster Fish» ផ្សាយក្នុងកម្មវិធីឯកសារសត្វ NatGeo Wild។ លោកនិយាយថា គ្រោះរាំងស្ងួត និងកម្រិតទឹកទាបធ្វើឱ្យបឹងទន្លេសាប មិនអាចពង្រីកផ្ទៃទឹកធំធេងដូចពីមុនទេ។
លោកថា៖ «ក្នុងរយៈពេល៣ ទៅ៥ឆ្នាំចុងក្រោយនេះ យើងមិនឃើញមានទឹកជន់ធំមកទៀងទាត់ដែលជួយដល់ការនេសាទ និងប្រព័ន្ធអេកូឡូស៊ីឡើយ»។
សូម្បីតែទិន្នន័យផ្លូវការ ក៏បង្ហាញដែរពីផលវិបាករយៈពេលវែងនៃកម្រិតទឹកទាប។ ទិន្នន័យប្រចាំឆ្នាំមួយផ្សេងទៀតរបស់រដ្ឋបាលជលផលបង្ហាញពីទំនាក់ទំនងរវាងកម្ពស់ទឹក និងផលនេសាទ។ ទិន្នន័យនេះ បង្ហាញថា ក្នុងអំឡុងពេលកម្ពស់ទឹកទាប ដូចជាកាលមានគ្រោះរាំងស្ងួតក្នុងឆ្នាំ២០១៩ជាដើម មានភ្លៀងធ្លាក់មកយឺតប្រមាណជាង២ខែ ផលនេសាទបានតិចជាងមុនៗ ហើយពូជត្រីក៏មិនសូវចម្រុះដែរ។នេះ បើតាមការសិក្សាដែលធ្វើឡើងនៅតំបន់ដាយត្រីនៅលើទន្លេសាប។ លទ្ធផលបង្ហាញទៀតថា ៩០% នៃត្រីដែលគេនេសាទបាន មានត្រឹមតែ១០ប្រភេទ(ពូជ)ប៉ុណ្ណោះ។
ការធ្លាក់ចុះនៃភាពចម្រុះពូជត្រី ក៏ត្រូវបានកត់សម្គាល់ដោយអ្នកនេសាទផងដែរ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ថាវី ចាប់ផ្ដើមសង្កេតឃើញថា លែងឃើញប្រភេទត្រីមួយចំនួនដែលលោកធ្លាប់ឃើញនៅតំបន់លោកកាលពីលោកនៅក្មេង។
លោកនិយាយថា៖ «លែងឃើញមុខត្រីដៀបហើយ! ត្រីដៀប ត្រីឆ្តោរអី [ស្ទើរតែ] លែងឃើញហើយ។ ឆ្នាំមុនៗ អីឃើញ បណ្តើរ(កូន)ខ្លះ។ ឆ្នាំនេះ បាត់ឈឹង! ត្រីកញ្ជោន ត្រីអីហ្នឹង ពីមុនមានឥឡូវដូចអស់រលីង។ [កាលមុន] សម្បូរ … តែកាលណាសណ្តកទឹក វា[ហែល] លីលើៗ យកកាំបិតកាប់ក៏បានហូបដែរ ត្រីដៀប។ [ឥឡូវ] មានតែត្រីនុយ កំភ្លាញ កញ្ចុះ... តូចៗ»។
លោក Zeb Hogan បានបញ្ជាក់ថា ការនេសាទនៅកម្ពុជាបច្ចុប្បន្ន ពឹងផ្អែកខ្លាំងលើប្រភេទត្រីតូចៗ ដូចជាត្រីរៀលជាដើមដែលជាប្រភេទត្រីតូច…ធន់នឹងការនេសាទខ្លាំងហួសប្រមាណ។
លោកនិយាយថា៖ «ចំនួនត្រីធំ បានធ្លាក់ចុះ ប៉ុន្តែចំនួនត្រីរៀលនៅតែមានស្ថិរភាពធម្មតា» . ..។ ត្រីរៀល និងត្រីតូចៗផ្សេងទៀតនេះហើយ ជាអ្នកទ្រទ្រង់នូវទិន្នផលត្រីដែលប្រមូលបានពីកម្ពុជាសព្វថ្ងៃនេះ»។
លោកបន្តទៀតថា៖ «កម្ពុជាជាជម្រកចុងក្រោយសម្រាប់ត្រីទាំងនោះ [ពិសេសប្រភេទត្រីធំៗ និងបម្លាស់ទី] ហើយក៏ជាតំបន់ដ៏សំខាន់បំផុតសម្រាប់ការនេសាទប្រចាំតំបន់មេគង្គទាំងមូល និងអាស៊ីអាគ្នេយ៍ផងដែរ»។
ប៉ុន្តែលោកថា៖ «ការសាងសង់ទំនប់វារីអគ្គិសនីកាន់តែច្រើន វាកាន់តែពិបាកក្នុងការផ្លាស់ប្តូរនូវអ្វីដែលយើងកំពុងប្រឈម»។
«នៅទីនេះ និយាយឲ្យចំសង្ឃឹមតែទឹកទេ»
អ្នកស្រី ភាវ សូរិយា អាយុ៥២ឆ្នាំ រស់នៅតំបន់បឹងទន្លេសាបក្នុងខេត្តបាត់ដំបង ជាឈ្មួញទិញដូរត្រី ក្រោយពីអ្នកស្រីឈប់ទៅនេសាទ តាំងពីឆ្នាំ១៩៩៥។ ស្វាមីរបស់អ្នកស្រី លោក ទុង យុត វ័យ៥៧ឆ្នាំ ចេញទៅនេសាទម្តងម្កាល។ ផ្ទះពួកគេសង់ពីឈើលាបពណ៌ផ្ទៃមេឃ ហើយបណ្តែតលើផ្ទៃទឹក មើលទៅហាក់ដូចជាកំពង់មួយប្រចាំភូមិដែលអ្នកនេសាទរាល់គ្នាមកដាក់ត្រីចុះដើម្បីលក់។ ផ្ទះនេះ នៅជាប់ផ្ទះឯទៀត ដែលនៅត្រៀបត្រាជាជួរៗនៅក្នុងភូមិបាក់ព្រា។
អ្នកស្រីមានប្រសាសន៍ថា៖ «មើលទៅ សព្វឆ្នាំដែលយើងរស់នៅពីមុនណាំ៎ ទឹកត្រឹម[ខែ]ប៉ុណ្ណេះ លិចអស់បាត់ហើយ! ឆ្នាំនេះ មើលទៅ ...យូរ...ចង់ដាច់បាយមួយ។ ហើយក៏មានបញ្ហានេះទៀតទៅ ក៏យ៉ាប់ទៅៗហើយ»។
កាលមុន អ្នកស្រីថា សមាជិកគ្រួសារអ្នកស្រី ដែលមានកូនៗ៥នាក់ រកចំណូលជាង៤០ម៉ឺនរៀលក្នុងមួយថ្ងៃ។ ប៉ុន្តែឥឡូវនេះ បើបានត្រឹម១០ម៉ឺនរៀលក្នុងមួយថ្ងៃពីមុខរបរទិញដូរត្រីនេះ អ្នកស្រីក៏សប្បាយចិត្តដែរ។
បងប្អូនជីដូនមួយរបស់អ្នកស្រី និងក្រុមគ្រួសារពួកគេឈប់នេសាទ ហើយចាកចេញពីភូមិទៅធ្វើការនៅរោងចក្រនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែអ្នកស្រី សូរិយា នៅបន្តរស់នៅក្នុងភូមិ និងដឹកត្រីទៅលក់បន្តតាមផ្សារឯទីក្រុងបាត់ដំបង។
ទោះមិនទៅនេសាទដោយផ្ទាល់អ្នកស្រី ភាវ សូរិយា ប្រាប់វីអូអេថា៖ «នៅទីនេះ និយាយឲ្យចំណា៎ សង្ឃឹមតែទឹកទេ។ តែអត់ទឹកហើយ គឺវេទនាហើយ! ចុះមានធ្វើស្រែធ្វើអីកើត?»
អ្នកភូមិដែលរស់នៅតាមវាលទំនាប ទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីបញ្ហានានា ដែលកើតឡើងនៅលើទន្លេរបស់ពួកគេ។ អ្នកស្រី ផល ផានី អាយុ២៥ឆ្នាំ និងប្តី គឺលោក ពៅ សិទ្ធិ អាយុ ៣០ឆ្នាំ ធ្លាប់ទៅរកត្រីជាមួយគ្នាតាំងពីពួកគេនៅវ័យជំទង់ នៅភូមិព្រែកត្រប់ក្បែរភូមិបាក់ព្រា។ អ្នកទាំងពីរ បានប្រាក់ពីការលក់ត្រី យកទៅបណ្តាក់ទុនបន្តលើការងារកសិកម្ម នារដូវបន្ទាប់។ ពួកគេ ក៏ដាំសណ្តែកបណ្តុះ ពោត ឪឡឹក និងល្ពៅ។ ពួកគេថា ឆ្នាំនេះ ពួកគេស្ទើរតែមិនអាចរកអ្វីបាន ក្រៅពីរកខ្យង។
អ្នកស្រី ផានី ដែលមានកូនប្រុសមួយ អាយុ៧ឆ្នាំ និងកំពុងពពោះកូនម្នាក់ទៀត បាន និយាយថា ឆ្នាំនេះ បើទឹកស្រកហើយពុំអាចរកចំណូលគ្រប់គ្រាន់ពីផលនេសាទ អ្នកស្រីនឹងខ្ចីប្រាក់គេ ដើម្បីធ្វើចម្ការ។
អ្នកស្រី ផានី ឲ្យដឹងថា ជាទូទៅ អ្នកស្រីចំណាយអស់ប្រាក់ប្រមាណ៤ម៉ឺនរៀល ដើម្បីទៅរកត្រីម្តងៗ ដែលរួមមានការទិញប្រេងឥន្ទនៈ និងនុយត្រីជាដើម ហើយយប់ខ្លះ អ្នកស្រី និងស្វាមីរកត្រីក៏មិនបាន ហើយបាត់ទាំងនុយថែមទៀត។
អ្នកស្រីនិយាយថា៖ «វាអត់សម្បូរសប្បាយ ដូចអង្កាល់ពេល [ឪ]ពុកគាត់រក។ កាលហ្នឹងសម្បូរត្រី…សម្បួរអីរក ដល់មកស៊េរីពួកខ្ញុំអញ្ចេះ ចេះតែខើចទៅៗរហូត»។
អ្នកស្រីនិយាយទៀតថា៖ «ជីវភាពយើងអ្នកស្រុកស្រែ តែប៉ុណ្ណឹងឯង។ យើងបានពីត្រីយកទៅទប់ចម្ការអ៊ីចឹងទៅ! មិនមែនថា រកត្រីរួចយកលុយហ្នឹងទុកដេកស៊ី… អត់កើតទេ! បានពីត្រីយកលុយទៅទិញពូជគេ ទម្លាក់នឹងចម្ការ.... បានពីចម្ការសងគេ សល់តិចតួច បង្វិលលិចបង្វិលកើត»។
លោក ជុច ផល វ័យ៥៩ឆ្នាំ ដែលជាឪពុករបស់ផានី និងកំពុងអង្គុយក្បែរនោះ បន្ទរថា៖ «ពីដើម យើងបង់សំណាញ់ តែពីរសំណាញ់បានមួយទូក។ ឥឡូវនេះ មួយយប់វាល់ព្រឹក រកតែ១០គីឡូ[ក្រាម] មិនបានផង។ ខុសគ្នាប៉ុនណា?»
ដើម្បីទប់ទល់ជីវភាព ស្វែងរកដំណោះស្រាយពីវិបត្តិសេដ្ឋកិច្ចនេះ អ្នកស្រី ផានី និងស្វាមី បានទៅប្រទេសថៃ ក្នុងឆ្នាំ២០១៦ ធ្វើការងារសំណង់។ ពួកគេបានស្នាក់នៅទីនោះ រយៈពេលបីឆ្នាំ។ ឥឡូវនេះ ពួកគាត់មិនអាចទៅថៃបានទេ ដោយសារជំងឺកូវីដ១៩ រាតត្បាត។
អ្នកភូមិផងរបងជាមួយ ដែលធំដឹងក្តីឡើង វ័យស្របាលនឹងអ្នកស្រីផានី បានចាកចេញពីភូមិកំណើតអស់ជាច្រើននាក់ ដើម្បីទៅធ្វើការនៅភ្នំពេញ ឬប៉ោយប៉ែត ឬទីក្រុងផ្សេងទៀត។ អ្នកស្រី ផានី ឲ្យដឹងថា យ៉ាងហោចណាស់ ក៏មាន៦នាក់ ក្នុងចំណោម១០នាក់ បានចាកចេញពីភូមិ។
ទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ បានលាតត្រដាងនិន្នាការដូច្នេះដែរ។ នៅឆ្នាំ២០០៩យ៉ាងហោចណាស់ មានជាងពាក់កណ្តាលនៃចំនួនគ្រួសារសរុបទូទាំងប្រទេសកម្ពុជាប្រកបរបរនេសាទ ដើម្បីរកប្រាក់ចំណូល។ ប៉ុន្តែ មួយទសវត្សរ៍ក្រោយនេះ តួលេខនេះ បានធ្លាក់ចុះដល់ប្រហែលមួយភាគបី។ នេះ បើតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។ ការធ្លាក់ចុះចំនួនគ្រួសារប្រកបរបរនេសាទនេះ បានកើតឡើងគ្រប់តំបន់នេសាទទឹកសាប។ តួយ៉ាងតំបន់ទន្លេសាប បង្ហាញថា ចំនួនគ្រួសារនេសាទ បានថយចុះ១៧% ក្នុងរយៈពេលដដែលនេះ។
លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្មនៃរដ្ឋបាលជលផល ថ្លែងកាលពីចុងខែតុលា ឆ្នាំ២០២១ ថា៖ «ដូចថា... ប្រជានេសាទមានចំនួនមិនច្រើនទេឥឡូវហ្នឹងនោះ ដោយសារការនេសាទវាមិនសូវបាន។ វា ថយចុះហ្នឹងណា៎។គាត់ ត្រូវបង្វែរមុខរបរអ្វីផ្សេងមួយចំនួនហើយ»។
លោកបន្តថា៖ «ឥឡូវក្មួយៗក្មេងៗ ទៅធ្វើការរោងចក្រ។ កាលពីមុន គេធ្វើការជាមួយឪពុកម្តាយជាមួយអីច្រើន ដល់ពេលឥឡូវ គ្នាមានរោងចក្រអីធ្វើ គ្នាមកធ្វើច្រើនហើយស្រួលជាង… បាននៅរោងចក្រ នៅលើគោក… អត់ក្តៅ អត់ហត់ខ្មៅ … ខ្មៅមុខ… ខ្មៅមុខខ្មៅមាត់អស់នៅទន្លេ …នៅនេសាទហ្នឹង»។
អត្ថបទស្រាវជ្រាវមួយបោះពុម្ពផ្សាយកាលពីឆ្នាំ២០២០ ជាភាសាអង់គ្លេស ស្តីអំពី៖ «ការរាប់ចំនួនត្រី៖ កំណើននៃការមើលឃើញអំពីស្ថានភាពអ្នកនេសាទខ្នាតតូចនៅក្នុងផែនការជាតិកម្ពុជា» ឲ្យដឹងថា គេនឹងពិបាកដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ដើម្បីឆ្លើយតបតម្រូវការអ្នកនេសាទលក្ខណៈគ្រួសារ និងខ្នាតតូចនេះ លុះត្រាគេមានទិន្នន័យគ្រប់ជ្រុងជ្រោយដើម្បីយល់ច្បាស់អំពីស្ថានភាពទាំងនោះ។
អត្ថបទសិក្សាស្រាវជ្រាវនេះបញ្ជាក់ថា៖ «នេះមានន័យថា ពួកគេមិនត្រូវបានគេគិតគូរឱ្យបានគ្រប់គ្រាន់នៅឡើយទេនៅក្នុងដំណើរការសម្រេចចិត្ត ហើយជាលទ្ធផលធនធាន និងការវិនិយោគជារឿយៗ មិនអាចទៅដល់ពួកគេផ្ទាល់ដែលជាអ្នកត្រូវការវាបំផុតនោះទេ»។
កន្លងមក អ្នកនេសាទខ្នាតតូចបានប្រឈមនឹងបញ្ហាលំបាកជាយូរណាស់មកហើយខណៈមានកំណើនខ្លាំងនៃការនេសាទបែបពាណិជ្ជកម្មដោយឈ្មួញធំៗ។ ក៏ប៉ុន្តែ នៅឆ្នាំ២០០១ និង២០១២ រដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់ជលផលចំនួនពីរដងដែលផ្ទេរសិទ្ធិនេសាទឱ្យប្រជានេសាទខ្នាតតូច និងសហគមន៍នេសាទ ដោយលុបចោលឡូត៍នេសាទបែបពាណិជ្ជកម្ម។
លោក Jean Christopher-Diepart ដែលជាអ្នកស្រាវជ្រាវក្សេត្រសាស្ត្រនៅក្នុងតំបន់មេគង្គ មានប្រសាសន៍ថា ទោះយ៉ាងណា មានកត្តាជាច្រើនទៀតប៉ះពាល់ដល់វិស័យនេសាទនៅកម្ពុជា ហើយបញ្ហាទាំងនេះស្មុគស្មាញពេកសម្រាប់សហគមន៍ដោះស្រាយ។ ម៉្យាងវិញទៀត លោកថា វិស័យជលផលនៅកម្ពុជា រងផលប៉ះពាល់ដោយទំនប់វារីអគ្គិសនី ដែលប៉ះពាល់ដល់លំហូរទឹក និងរាំងខ្ទប់ដីល្បាប់ដែលសម្បូរសារធាតុចិញ្ចឹមត្រី និងជីវចម្រុះនានា។
លោកប្រាប់វីអូអេថា កម្ពុជា ក៏ប្រឈមនឹងបញ្ហាក្នុងស្រុករបស់ខ្លួនដូចជា៖ ការនេសាទហួសប្រមាណ កង្វះការអនុវត្តច្បាប់ស្តីពីបទល្មើសជលផល ការបំផ្លិចបំផ្លាញព្រៃលិចទឹកដោយសារការពង្រីកផ្ទៃដីកសិកម្ម ហើយលោកថា ក្រុមសហគមន៍គ្មានអំណាចគ្រប់គ្រាន់ក្នុងការទប់ទល់បញ្ហាទាំងនោះទេ។
នៅឆ្នាំ២០១៩ កម្ពុជាបានប្រកាសថា នឹងមិនមានការសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គរហូតដល់ឆ្នាំ២០៣០ ជាព័ត៌មានដែលអ្នកជំនាញជាច្រើន សាទរ។ ពួកគេយល់ថា ការផ្អាកនេះ ទំនងដោយសារបារម្ភពីការប្រឈមនូវការខ្វះខាតទឹកដែលមិនអាចបង្កើតថាមពលអគ្គិសនីដូចរំពឹងទុក និងផលប៉ះពាល់អវិជ្ជមានដល់វិស័យជលផល និងអេកូឡូស៊ីនៃទន្លេ។
ការចិញ្ចឹមត្រីដូចជាគណនីសន្សំប្រាក់របស់អ្នកនេសាទ
ដំណោះស្រាយមួយដែលអាចឆ្លើយតបបញ្ហាសេដ្ឋកិច្ចរបស់ពួកគេ គឺអ្នកនេសាទខ្លះងាកទៅចិញ្ចឹមត្រី ឬហៅថា «វារីវប្បកម្ម»។ អង្គការស្បៀងអាហារ និងកសិកម្ម ឱ្យដឹងថា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ផលិតផលវារីវប្បកម្មសរុប បានកើនឡើងបីដង ដល់ជាង៣០ម៉ឺនតោនក្នុងមួយឆ្នាំ។
លោក ហុង ហ៊ី មន្រ្តីនៃរដ្ឋបាលជលផលនិយាយថា៖ «ច្បាស់ហើយ ពិភពលោកមិនអាចពឹងពាក់តែធម្មជាតិបានទាំងអស់ទេ ព្រោះមនុស្សកើន។ មច្ឆាជាតិជាអាហារមួយដែលតាមការណែនាំពីអ្នកវិទ្យាសាស្ត្រ អ្នកសុខភាពសាធាណៈ សុខាភិបាលអីថាអាហារត្រីហ្នឹងវាជាអាហារសុខភាពល្អជាងគេ អ៊ីចឹងវាត្រូវការកាន់តែច្រើន។ អ៊ីចឹងមនុស្សកើនអីកើនអ៊ីចឹងធម្មជាតិ មិនអាចទ្រទ្រង់បានទេ មានតែការចិញ្ចឹម»។
នៅក្នុងភូមិបាក់ព្រា អ្នកស្រី ពុធ រីណា អាយុ៣៥ឆ្នាំ ជាប្អូនស្រីរបស់អ្នកស្រី ថាវី បានសម្រេចចិត្តចិញ្ចឹមត្រី។ អ្នកស្រីថា ការវិនិយោគលើវារីវប្បកម្ម មិនដូចការនេសាទដែលធ្លាប់តែដាក់ត្រីចុះពីទូក ថ្លឹងលើជញ្ជីង មើលគីឡូ ហើយដូរយកលុយភ្លាមៗតែម្តងនោះទេ។
អ្នកស្រី តែងរាប់ម្រាមដៃពេលនិយាយដូចជាគេគណនាលេខ ហើយអ្នកស្រីគិតមួយសន្ទុះរកនឹកពាក្យសមរម្យមកពិពណ៌នា។ អ្នកស្រីថា ធ្វើវារីវប្បកម្ម ដូចជាបង្កើតគណនីសន្សំមួយដូច្នោះដែរ។
អ្នកស្រីនិយាយថា៖ «ចា៎...បើយើងរកមក ហើយយើងអត់ចិញ្ចឹមត្រី អ៊ីចឹងទៅ យើងរកបាននុយ [ត្រីតូចៗ] មកលក់ឲ្យគេអស់ វាអត់សូវសល់លុយ អ៊ីចឹងណា៎ ហើយដល់យើងដាក់ត្រីទៅ យើងរកបាននុយមក យើងដាក់ឲ្យត្រីយើងស៊ី»។
រហូតមកដល់ពេលនេះ ការចិញ្ចឹមត្រី បានធ្វើឱ្យបងប្អូនបង្កើតរបស់ពួកគេខ្លះចិញ្ចឹមជីវិតបានដោយមិនបាច់ចំណាកស្រុក។ អ្នកផ្សេងទៀតដែលវីអូអេបានសម្ភាស អះអាងថា ពួកគេមិនជោគជ័យលើវារីវប្បកម្មទេ។ អ្នកខ្លះឈប់ ហើយអ្នកខ្លះទៀត មិនមានលទ្ធភាពចាប់ផ្តើម។
អ្នកស្រី ភាវ សូរិយា ដែលធ្លាប់ទិញកូនត្រីមកចិញ្ចឹមក្នុងបែរក្រោមផ្ទះ បានផ្អាករបរចិញ្ចឹមត្រីនេះ កាលពី២ឆ្នាំមុន ព្រោះអ្នកស្រីខាតខ្លាំងពេក។ អ្នកស្រីថា នុយត្រីកាន់តែថ្លៃ ព្រោះត្រីមិនសម្បូរដូចមុន ហើយត្រីរបស់អ្នកស្រីមួយចំនួនឈឺ ឆ្លងទៅត្រីផ្សេងទៀត ...ងាប់ទាំងអស់។ ទាំងអ្នកស្រី រីណា និងអ្នកស្រី សូរិយា ត្អូញត្អែរដែរថា តម្លៃត្រីចិញ្ចឹមជាទូទៅមានតម្លៃថោកជាងពាក់កណ្តាលនៃត្រីធម្មជាតិ។
អ្នកស្រីនិយាយថា៖ «ហើយកូនត្រី ១សុទ្ធតែ១០០ [រៀល] ហើយយើងដាក់ម្តង៤ ឬ៥ម៉ឺនក្បាល ស្មើ៤ ឬ៥រយលានរៀល។ ចុះនៅថ្នាំវា? ចំណីវា? អស់ដើមច្រើនណាស់! ចិញ្ចឹមត្រីដេកមិនលក់ទេ! យ៉ាប់ថែជាងកូនទៀត! ឈប់ចិញ្ចឹមទៅ វាអត់សូវឈឺចាប់»។
វិស័យវារីវប្បកម្មនៅកម្ពុជាមិនទាន់មានលទ្ធភាពប្រកួតប្រជែងនៅឡើយ។
លោក ហុង ហ៊ី មន្រ្តីនៃរដ្ឋបាលជលផល ថ្លែងថា៖ «ទី១ចំណេះដឹងយើងនៅក្នុងកម្រិតដែលយើងនៅត្រូវរៀនសូត្របន្ត។ ទី២ ហេដ្ឋារចនាសម្ព័ន្ធយើងមិនទាន់ប្រកួតប្រជែងនឹងគេបាន។ ទី៣ ធនធានមួយចំនួន ដូចជាចំណីត្រី ពិសេសចំណីត្រី និងហេដ្ឋារចនាសម្ព័ន្ធហ្នឹងតែម្តង មិនអាចប្រកួតប្រជែងនឹងគេបាន។ តែយើងទើបធ្វើឲ្យប្រសើរឡើងបន្តិចម្តងៗ»។
ដើម្បីវិនិយោគលើវារីវប្បកម្ម លោក Jean Christopher-Diepart អ្នកស្រាវជ្រាវខាងក្សេត្រសាស្រ្តនៅក្នុងតំបន់មេគង្គ បានផ្តល់អនុសាសន៍ឱ្យមានការគាំទ្រដល់ក្រុមសហគមន៍នេសាទកម្ពុជាដែលបង្កើតស្រាប់ មានប្រមាណ ៥១៦ សហគមន៍ដើម្បី ពង្រឹងជំនាញវារីវប្បកម្មនេះ។
ខណៈផលប៉ះពាល់បរិស្ថានពីការចិញ្ចឹមត្រីនៅកម្ពុជា មិនត្រូវបានសិក្សាហ្មត់ចត់នៅឡើយ អ្នកជំនាញយល់ថា វាជាមធ្យោបាយវិជ្ជមានមួយដើម្បីធានាបាននូវសន្តិសុខស្បៀងអាហារនេះដែលផ្តល់ប្រូតេអ៊ីន។
នៅពេលរសៀលបន្តិចក្រោយពីហូបបាយថ្ងៃត្រង់រួចលោក ពុធ ថាវី មកអង្គុយមាត់ទ្វារផ្ទះក្បែរជជែកកំដរម្តាយមីងរបស់លោក ដែលកំពុងអង្គុយដេរប៉ះសំណាញ់ត្រី។ អ្នកស្រី ទាវ សាវ៉ាត ជាម្តាយមីងរៀបរាប់ថា អ្នកស្រីបានស្គាល់ត្រីច្រើនប្រភេទ ពិសេសបានឃើញប្រភេទត្រីដែលអ្នកខ្លះមិនដែលបានប្រទះក្នុងជីវិតរបស់ពួកគេ។
លោក ថាវី និយាយថា លោកមិនហ៊ានគិតទៅដល់អនាគតទេ មិនដឹងថា វានឹងទៅជាយ៉ាងដូចម្តេចទេ នៅពេលពីមួយឆ្នាំទៅមួយឆ្នាំ ប្រភេទត្រីមួយចំនួនហាក់ដូចជាបាត់ស្រមោលពីក្រសែភ្នែកលោកនៅតំបន់ដែលលោករស់នៅ និងប្រកបរបរនេសាទ៕
អត្ថបទនេះ រាយការណ៍ក្រោមកម្មវិធី Mekong Data Journalism Fellowship ដែលរៀបចំដោយ Earth Journalism Network របស់ Internews' និង ស្ថាប័នស្រាវជ្រាវ The East-West Center។
អានអត្ថបទនេះជាភាសាអង់គ្លេស https://www.voacambodia.com/a/cambodia-s-fish-catch-numbers-don-t-add-up-for-fishers/6354788.html