នៅក្រោមដើមពោធិ៍មួយនៃវត្តស្ទឹងមានជ័យ មានព្រះសង្ឃប្រមាណ៤ទៅ៥អង្គបានអង្គុយដើម្បីពិភាក្សាគ្នា ក្រោយពីព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួនបីអង្គត្រូវបានអាជ្ញាធររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចាប់យកមកដាក់មន្ទីរឃុំឃាំងនៅក្នុងពន្ធនាគារព្រៃស។
ព្រះសង្ឃដែលកំពុងពិភាក្សាគ្នានេះសុទ្ធសឹងជាព្រះសង្ឃ និមន្តមកពីទឹកដីខ្មែរកម្ពុជាក្រោម ដែលបានមកគង់នៅក្នុងវត្តស្ទឹងមានជ័យ វត្តសាមគ្គីរង្សី ក្រុងភ្នំពេញ។
ដោយមានព្រះភ័ក្រ្តស្រពាប់ស្រពោន នៅពេលដែលមានសមាជិកព្រះសង្ឃឯទៀតត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នោះ ព្រះតេជព្រះគុណ ថាច់ ចាន់បញ្ញា ព្រះជន្ម៣២ព្រះវសង្សា មានសង្ឃដីកាថា ក្រោយពីអាជ្ញាធរបានចាប់ព្រះសង្ឃបីអង្គនោះមក ព្រះអង្គមានព្រះទ័យព្រួយ ភ័យខ្លាចអំពីសុវត្ថិភាព ក្រែងលោក្រុមសមត្ថកិច្ចចាប់ព្រះសង្ឃដោយមិនរើសមុខ។
ព្រះអង្គបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃកំពុងគំរាមព្រះសង្ឃខ្មែរកម្ពុជាក្រោម ដូចដែលអាជ្ញាធរវៀតណាមធ្លាប់បានធ្វើទុក្ខបុកម្នេញញមកលើព្រះសង្ឃខ្មែរកម្ពុជាក្រោមនៅទឹកដីខ្មែរកម្ពុជាក្រោមកន្លងមកដែរ។
ព្រះអង្គមានសង្ឃដីកាថា៖ «ចំពោះអាត្មាយល់ឃើញថា រដ្ឋាភិបាលសព្វថ្ងៃកំពុងតែមានការគំរាមកំហែងចំពោះព្រះសង្ឃវត្តស្ទឹងមានជ័យច្រើនណាស់ ដូចជាចាប់ព្រះសង្ឃបីអង្គ ដូចជាសព្វថ្ងៃគំរាមបីអង្គទៀត ដូចជាខ្លួនអាត្មាផ្ទាល់ ហើយពីរអង្គនៅកុដិអាត្មាផ្ទាល់។ ដូច្នេះអាត្មានៅមានអារម្មណ៍ភ័យ»។
ព្រះតេជព្រះគុណ យឹន តារា ព្រះជន្ម៣២ព្រះវស្សា ដែលកំពុងលាក់ព្រះកាយពីការតាមចាប់ដោយអាជ្ញាធរ មានសង្ឃដីកាថា ព្រះអង្គបានទទួលដំណឹងពីអាជ្ញាធរ ខណ្ឌមានជ័យ និងអាជ្ញាធរក្រុងភ្នំពេញ ប៉ុនប៉ងចាប់ព្រះអង្គ ដោយពុំដឹងមូលហេតុអ្វីទាំងអស់។ ក៏ប៉ុន្តែព្រះអង្គបានបញ្ជាក់ថា ព្រះអង្គធ្លាប់បានចូលរួមបាតុកម្មកន្លងមកដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ និងបាតុកម្មនៅពីមុខស្ថានទូតវៀតណាម។
ព្រះតេជព្រះគុណបានបញ្ជាក់ថា៖ «អាត្មាមានការតក់ស្លុតនិងភ័យខ្លាចការតាមចាប់ខ្លួន។ បើសិនណាចាប់អាត្មាអត់មានធ្វើទារុណកម្មអីទេ អាត្មាអត់ខ្លាចទេ ពីព្រោះអាត្មាខ្លាចគេចាប់យកទៅ ហើយគេធ្វើទារុណកម្មដល់អាត្មា វាយដំដល់ព្រះសង្ឃ ដូចកន្លងមក ព្រោះអ្វីអាត្មាខ្លាចអញ្ចឹង។ ខ្លាចទី១ទៀត ខ្លាចវាចាក់ថ្នាំអាត្មាហ្នឹង ហើយពេលចេញមកអត់មានការចងចាំ បាត់ស្មារតីផង»។
យ៉ាងតិចមានព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួនបីអង្គគឺព្រះនាម ស៊ឺន ហៃ ត្រូវបានចាប់ផ្សឹក និងត្រូវបានកាត់ទោសកាលពីដើមសប្តាហ៍នេះពីបទ៖ «រារាំងមន្ត្រីសារធារណៈ ដោយមានស្ថានទម្ងន់ទោស» ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ២លានរៀល។
ចំណែកឯព្រះសង្ឃពីរអង្គផ្សេងទៀតព្រះនាមឃិត វណ្ណៈ និងថាច់ សាង ឬក៏សាង កុសល ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្នពីបទ៖«បានចូលរួមសមាគមន៍នៃជនទុច្ចរិត» ដែលបទល្មើសនេះអាចនឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពី២ទៅ៥ឆ្នាំ។
លោកអំ សំអាត ប្រធានក្រុមស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ព្រះសង្ឃខ្មែរកម្ពុជាក្រោមបានក្លាយជាមុខសញ្ញាចាប់ខ្លួនដោយអាជ្ញាធរក្រុងភ្នំពេញ បន្ទាប់ពីព្រះអង្គបានចូលរួមធ្វើបាតុកម្មកន្លងមកដើម្បីទាមទាររកយុត្តិធម៌ក្នុងសង្គម។
លោកនិយាយថា៖ «យើងឃើញថា ព្រះសង្ឃក្លាយទៅជាមុខសញ្ញាមួយដែលអាជ្ញាធរប៉ុនប៉ងក្នុងការចាប់ខ្លួន។ អញ្ចឹងបានយើងឃើញថា ដោយសារព្រឹត្តិការណ៍ពេលហ្នឹង បើសិនជាចាប់ខ្លួនពេលហ្នឹងគឺវាអត់អាចល្អមើល ទី១អាចធ្វើឲ្យមានការរិះគន់ ហើយនិងទទួលការរិះគន់ជាច្រើនពីពលរដ្ឋ ពីព្រោះព្រះសង្ឃធ្វើបាតុកម្មដើម្បីទាមទារឲ្យវៀតណាមទទួលស្គាល់ប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមគឺជាទឹកដីខ្មែរ»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានហៅការលើកឡើងពីមន្ត្រីអង្គការសង្គមស៊ីវិលថា ជារឿងគួរឲ្យអស់សំណើច។
លោកបានបញ្ជាក់ថា អាជ្ញាធរមិនមានការរើសអើងចំពោះព្រះសង្ឃខ្មែរកម្ពុជាក្រោមទេ។ ក៏ប៉ុន្តែការចាប់ខ្លួនកន្លងមកគឺបានអនុវត្តចំពោះព្រះសង្ឃអង្គណាដែលបានប្រព្រឹត្តខុសច្បាប់តែប៉ុណ្ណោះ៕