ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជារក​ឃើញ​​ជន​បរទេស​៤នាក់​​ឆ្លង​វីរុស​កូរ៉ូណា ករណីសរុប​កើន​ដល់​១១៤


យុវតី​៣នាក់​ពាក់ម៉ាស់​ ​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។(ទុំ ម្លិះ/VOA)
យុវតី​៣នាក់​ពាក់ម៉ាស់​ ​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។(ទុំ ម្លិះ/VOA)

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា៤​នាក់​ទៀត ដែល​ជា​ជន​បរទេស នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ទៅ​១១៤។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ។

ក្រសួង​បញ្ជាក់​ថា ជន​បរទេសទាំង​នោះ មាន​បារាំង​៣នាក់ និង​ជនជាតិ​ម៉ាឡេស៊ីម្នាក់។ ក្នុង​ចំណោម​ជនជាតិ​បារាំង​៣​នាក់​នោះ​ មាន​២នាក់ ប្រុសម្នាក់ ស្រ្តី​ម្នាក់​អាយុ​៦៧​ឆ្នាំ​ដូច​គ្នា ​ស្ថិត​នៅ​ក្រុម​ទេសចរ​បារាំង​គ្នា​សរុប​៣៦នាក់ ដែលមក​លេងខេត្ត​ព្រះសីហនុ។

កាល​ពី​ខែមីនា​ជន​ជាតិ​បារាំង​ជាង៣០​នាក់​ក្នុង​ក្រុម​ទេសចរ​នោះ ត្រូវ​បាន​រក​ឃើញ​ថាមាន​ផ្ទុក​វីរុសកូរ៉ូណា។ ពួកគេ​ស្នាក់​នៅ​សណ្ឋាគារ​ឯករាជ្យក្នុង​ខេត្ត​ព្រះ​សីហនុ។

ចំណែក​ជនជាតិ​បារាំង​ម្នាក់​ទៀត​ជា​ស្រ្តី​ ​អាយុ​៥៩​ឆ្នាំ ដែល​ជា​អ្នកទេសចរ​ក្នុង​ក្រុម​ផ្សេង​ទៀត មក​លេង​ក្នុង​ខេត្ត​ព្រះសីហនុដែរ។

ចំណែក​ជន​ជាតិ​ម៉ាឡេស៊ី​អាយុ​៤០​ឆ្នាំ ជា​អ្នក​ដំណើរ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នៅ ឃុំពាម​ជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម។ បុរស​នេះ​ជា​ក្រុម​មក​ធ្វើ​ការងារ​សាសនា មាន​គ្នា​៨​នាក់ ដែល​ចំនួន​៧នាក់​លើក​មុន​ ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​វីរុស​កូរ៉ូណា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានដដែល​ទារក​ម្នាក់​អាយុ​៤​ខែ បាន​ជា​សះ​ស្បើយ និង​ត្រូវ​បាន​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។ ទារក​នោះជា​កូន​បង្កើត​របស់​ជនជាតិ​បារាំង​ដែល​ទើប​បាន​ព្យាបាល​ជាសះ​ស្បើយ។ គិ​ត​ត្រឹម​ថ្ងៃ​សុក្រ​នេះ សរុបអ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៣៥នាក់​៕

XS
SM
MD
LG