ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល៖ អ្នក​ជំងឺ​កូវីដ​ម្នាក់​ស្លាប់ ខណៈ​ស្ថាន​ភាព​មនុស្ស​មួយ​ចំនួន​ទៀត​មិន​សូវ​​ល្អ


ពលរដ្ឋ​កម្ពុជា​​ពាក់ម៉ាស់​​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)
ពលរដ្ឋ​កម្ពុជា​​ពាក់ម៉ាស់​​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

ក្រសួង​សុខា​ភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា ​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ករណី​ស្លាប់​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពីជំងឺ​កូវីដ​១៩ បាន​ផ្ទុះ​ឡើងជាលើកដំបូងកាល​ពី​ដើម​ឆ្នាំ​ ២០២០។

អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ ស្ថាន​ភាព​របស់​អ្នក​ជំងឺ​មួយ​ចំនួន​ទៀត ​មិន​ល្អ​នោះ​ទេ​។

បុរសម្នាក់ អាយុ​ ៥០ ​ឆ្នាំ ដែល​ជា​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​ព្រឹត្តិ​ការណ៍​ឆ្លង​សហ​គមន៍​ទ្រង់​ទ្រាយ​ធំ បាន​ស្លាប់ នៅ​វេលា​ម៉ោង ​១០និង​៤០នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមីនា នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​រាជធានី​ភ្នំពេញ។ ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ បុរស​ជន​ជាតិ​ខ្មែរ​នោះ​ជា​អ្នក​បើក​រថយន្ត​ឲ្យ​ថៅ​កែ​ជន​ជាតិ​ចិន ហើយ​លោក​ត្រូវ​បាន​រក​ឃើញ​ផ្ទុក​វីរុស​កូរ៉ូណាដែលបង្កជាកូវីដ​១៩ កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ ឆ្នាំ​ ២០២១។

​លោកស្រី ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខា​ភិបាល​និង​ជា​អ្នក​នាំពាក្យ បាន​ប្រាប់​ទូរទស្សន៍​បាយ័ន​ថា ​អ្នក​ជំងឺ​មួយ​ចំនួន​ទៀត​មាន​សុខភាព​មិន​ល្អ​នោះ​ទេ ហើយ​ក្រុម​គ្រូ​ពេទ្យ​កំពុង​តាម​ដាន​សុខភាព​របស់​ពួកគេ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «បច្ចុប្ប​ន្ននេះ ស្ថាន​ភាព​អ្នក​ជំងឺ​ក៏​មាន​អ្នក​ជំងឺ​មួយចំនួន​ទៀត ក៏​ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​សូវ​ជា​ល្អ​ដែរ​ទេ ហើយ​ក្រុម​គ្រូពេទ្យ​របស់​យើង​កំពុង​តែ​ខ្នះ​ខ្នែង​ នៅ​ក្នុង​ការ​ជួយ​សង្រ្គោះ​ពួក​គាត់​ផង​ដែរ​»។

លោក​ស្រី​បន្ថែម​ថា ​ស្ថានភាព​នៃ​ការ​រាត​ត្បាត​នៃ​វីរុស​ជំងឺ​កូវីដ​១៩ ជា​« ស្ថាន​ភាព​បារម្ភ​មែន​ទែន»។ លោកស្រី​បញ្ជាក់ថា​ ជំងឺ​កូវីដ​១៩ ​បម្លែង​ថ្មី​ក៏​កំពុង​វាយ​លុក​ទីក្រុង​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងៗ​ផង​ដែរ។

លោកស្រី​បញ្ជាក់​ថា៖ «វីរុស​កូវីដ​១៩ ជា​ពិសេស​វីរុស​ដែល​បម្លែង​ថ្មី​នេះ កំពុង​តែ​ចរាចរ​យ៉ាង​សកម្ម​នៅ​ក្នុង​ព្រះរាជាណាច​ក្រ​កម្ពុជា​យើង​ហើយ នៅ​ក្នុង​ប្រទេស​យើង​ហើយ។ ហើយ​បើ​និយាយ​ដោយ​ឡែក គឺ​នៅ​រាជ​ធានី​ភ្នំពេញ​នេះ គឺ​ការ​ចរាចរណ៍​នៃ​វីរុស​នេះ គឺ​ខ្លាំង​ហើយ»។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ​៣៩​ នាក់ ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ក្នុង​ព្រឹត្តិ​ការណ៍​ឆ្លង​សហគមន៍​ ២០​ កុម្ភៈ មាន​ចំនួន​ ៦៥២​ នាក់។

គួរ​បញ្ជាក់ថា​ ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ ១១៦៣​ នាក់ គិត​ចាប់​ពី​ថ្ងៃ​មានករណីឆ្លង​ជំងឺ​កូវីដ​១៩​ លើក​ដំបូង​ក្នុង​ប្រទេស រហូត​មក​ដល់​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០២១ ​នេះ៕

XS
SM
MD
LG