ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ​ ៦៤​នាក់​ថែម​ទៀត ប្រមាណ​៤០​នាក់​ជា​ជនជាតិ​ខ្មែរ


រូបឯកសារ៖ ពលរដ្ឋកម្ពុជាមួយគ្រួសារកំពុងធ្វើដំណើរតាមម៉ូតូ ដោយមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅទីក្រុងភ្នំពេញ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋកម្ពុជាមួយគ្រួសារកំពុងធ្វើដំណើរតាមម៉ូតូ ដោយមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅទីក្រុងភ្នំពេញ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធនេះ​ថា ​មនុស្ស​ ៦៤ ​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិ​ការណ៍​ឆ្លង​សហគមន៍ ​ដែល​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ប្រមាណ​ ៤០ ​នាក់ ហើយ​ការ​ឆ្លង​នេះ​បាន​រាល​ដាល​ទៅ​ដល់​ខេត្ត​សៀមរាប​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល ឲ្យ​ដឹង​ថា ​មនុស្ស​ ៦៤​ នាក់​បន្ថែម​ទៀត​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍ ​«២០ ​កុម្ភៈ» កើន​ទៅ​ដល់​ ៦១៣​ នាក់ ដែល​ក្នុង​នោះ​មាន​ខ្មែរ​ប្រមាណ ​៤០​ នាក់ និង​ជនជាតិ​ចិន​ជាង​ ២០​ នាក់។

ករណីឆ្លងភាគច្រើនកើតមាននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នៅខេត្តសៀមរាប ក៏មានករណីឆ្លងម្នាក់ដែរលើជនជាតិខ្មែរ ដែលរស់នៅក្នុងស្រុកពួក។ នេះបើតាមសេចក្តីប្រកាសដដែល។

ក្រៅ​ពី​រាជធានី​ភ្នំពេញ​ដែល​ឆ្លង​ច្រើន​ជាង​គេ ករណី​ឆ្លង​កូវីដ​១៩ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ បាន​រាល​ដាល​ទៅ​ខេត្ត​មួយ​ចំនួន ដូច​ជា​ព្រះសីហនុ កណ្តាល ព្រៃវែង ស្វាយ​រៀង កំពង់ធំ កំពង់ចាម សៀមរាប និង​ខេត្ត​កោះកុង​ជាដើម។

កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យរៀបចំកន្លែងដុតសព សម្រាប់បូជាសពក្នុងករណីមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដែលលោកថា ការសម្រេចនេះអាចប៉ះពាល់ខ្លះដល់អ្នកគោរពសាសនាផ្សេងៗ។

គួរបញ្ជាក់ថា ករណីឆ្លងសរុបក្នុងប្រទេសកម្ពុជា មានចំនួន ១១២៤ នាក់ គិតចាប់ពីថ្ងៃឆ្លងជំងឺកូវីដ១៩ លើកដំបូងក្នុងប្រទេស រហូតមកដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នេះ៕

XS
SM
MD
LG