ព្រឹទ្ធសភាកម្ពុជាគ្រោងនឹងលើកយកសេចក្តីព្រាងច្បាប់ស្តីពីការបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលរដ្ឋសភាបានអនុម័តកាលពីសប្តាហ៍មុនមកពិភាក្សានិងអនុម័តនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
វិធានការរបស់ព្រឹទ្ធសភានេះបានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានស្នើឲ្យមានការអនុម័តច្បាប់នេះឲ្យ «ចូលជាធរមាន» ឲ្យបានឆាប់ ខណៈស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសកាន់តែរាលដាលខ្លាំងឡើង។
វីអូឌីបានរាយការណ៍កាលពីថ្ងៃអង្គារដោយស្រង់សម្តីអ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង ដែលបាននិយាយថា ព្រឹទ្ធសភាគ្រោងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នៅថ្ងៃទី ១១ ខែមីនានេះ។
សេចក្តីព្រាងច្បាប់នេះត្រូវគេរំពឹងថានឹងទទួលបានការចុះហត្ថលេខាពីប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កំពុងគង់នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិននៅឡើយ ជាមួយព្រះរាជមាតារបស់ព្រះអង្គ «ដើម្បីពិនិត្យព្រះរាជសុខភាព»។
សេចក្ដីព្រាងច្បាប់ដែលមាន ៦ ជំពូក និង ១៨ មាត្រានេះ បានចែងពីការដាក់ទោសទណ្ឌផ្នែករដ្ឋបាលនិងព្រហ្មទណ្ឌលើ «បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាល វិធានការរដ្ឋបាល ឬវិធានការផ្សេងទៀតដែលដាក់ចេញតាមច្បាប់នេះ»។
ទោសធ្ងន់ធ្ងរបំផុតនៃច្បាប់នេះគឺថា សម្រាប់ជនដែលមាន «ចេតនា» ចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ «តាមគ្រប់មធ្យោបាយ» អាចជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ ប្រសិនបើការចម្លងដោយចេតនានោះ«មានការរៀបចំជាក្រុម ឬអង្គការចាត់តាំង»៕