ក្រសួងសុខាភិបាលកម្ពុជាឲ្យដឹងថាមនុស្សចំនួន១២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈករណីឆ្លងថ្មីនៅថ្ងៃអង្គារនេះ មានប្រមាណ ៧០០នាក់ដែលនៅតែជាការព្រួយបារម្ភដដែល។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងបានឲ្យដឹងថាមនុស្ស១២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យករណីស្លាប់សរុបបានកើនឡើងដល់២៧៨នាក់។
ចំណែកករណីឆ្លងថ្មីមានចំនួន ៦៧៨នាក់ ដែលក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន ៤៩នាក់។ ករណីឆ្លងសរុបក្នុងប្រទេសកម្ពុជាមានចំនួន ៣៥.៥១១នាក់។ ចំណែកករណីជាសះស្បើយពីជំងឺនៅថ្ងៃនេះ មានចំនួន ៥៥៧ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
កម្ពុជាប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
ស្របពេលនឹងការឆ្លងជំងឺនេះ រដ្ឋាភិបាលកម្ពុជាក៏សម្រុកចាក់វ៉ាក់សាំងបង្ការជំងឺនេះដល់ប្រជាពលរដ្ឋ ដោយទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ពីប្រទេសចិន តាមរយៈការទិញផង និងទទួលជំនួយឥតសំណងផង។
បើតាមក្រសួងសុខាភិបាល កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី៧ ខែមិថុនាមានប្រមាណ២៧,៦៦%បើធៀបនឹងចំនួនប្រជាជនគោលដៅ១០លាននាក់ដែលរដ្ឋាភិបាលរំពឹងនឹងចាក់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
ទោះជាយ៉ាងណា ក្នុងពិធីទទួលវ៉ាក់សាំងចំនួន១លានដូសទៀតពីប្រទេសចិននាថ្ងៃអង្គារនេះ អ្នកស្រី យក់ សម្បត្តិ អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថាការចាក់វ៉ាក់សាំងហើយ មិនអាចធានាថាមិនឆ្លងជំងឺកូវីដ១៩បានទេ ដោយអ្នកស្រីបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាការពារសុវត្ថិភាពរបស់ខ្លួន តាមរយៈការពាក់ម៉ាស់ រក្សាគម្លាត និងអនាម័យខ្លួនជាប់ជានិច្ច៕