ការទប់ស្កាត់ការជួញដូរមនុស្សនៅប្រទេសកម្ពុជាមិនមានស្ថានភាពប្រសើរឡើងទេក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៦មកដោយស្ថិតនៅចំណាត់ថ្នាក់ទី២ដដែល ហើយអំពើពុករលួយនៅបន្តរារាំងដល់ការអនុវត្តច្បាប់ ការដាក់ទោសជនល្មើសនិងការផ្តល់សេវាដល់ជនរងគ្រោះ។
របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០១៨ដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់បន្ថែមថា៖
«រដ្ឋាភិបាលកម្ពុជាមិនបំពេញបានតាមស្តង់ដាអប្បបរមាសម្រាប់លុបបំបាត់ការជួញដូរមនុស្សទេ ប៉ុន្តែបានខិតខំប្រឹងប្រែងទប់ស្កាត់ច្រើនដែរ»។
រដ្ឋាភិបាលកម្ពុជាបានបង្ហាញកិច្ចខិតខំប្រឹងប្រែងតាមរយៈការកាត់ទោសឈ្មួញ ធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរងគ្រោះពីការជួញដូរទៅបរទេស និងពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយពីការកេងប្រវ័ញ្ចផ្លូវភេទកុមារជាដើម។
ប៉ុន្តែប្រទេសកម្ពុជានៅតែជាប្រភព ជាកន្លែងឆ្លងកាត់និងជាទីដៅនៃការកេងប្រវ័ញ្ចផ្លូវភេទនិងធ្វើការដោយបង្ខំលើបុរស ស្ត្រីនិងកុមារក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ពលរដ្ឋកម្ពុជាមានក្មេងនិងចាស់បានទៅធ្វើការនៅប្រទេសដទៃក្នុងតំបន់និងមានការកើនឡើងខ្លាំងនៅតំបន់មជ្ឈិមបូព៌ាដោយត្រូវធ្វើការធ្ងន់ធ្ងរដោយបង្ខំនៅលើទូកនេសាទ នៅផ្នែកកសិកម្ម សំណង់ រោងចក្រនិងការងារតាមផ្ទះហើយពួកគេខ្លះរងគ្រោះផ្លូវភេទ។
ក្នុងឆ្នាំ២០១៧ មានជនរងគ្រោះកម្ពុជាចំនួន៩៨៦នាក់ត្រូវបានក្រសួងការបរទេសកម្ពុជាជួយធ្វើមាតុភូមិនិវត្តន៍ដែលភាគច្រើនមកពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាមនិងចិន។ ចំនួននេះច្រើនជាងឆ្នាំ២០១៦ដែលមានតែ៨១៥នាក់ប៉ុណ្ណោះ។ រីឯក្រសួងសង្គមកិច្ចបានជួយធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាចំនួន២៤៣នាក់ដែរ។ នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា «ក្នុងពេលដែលរដ្ឋាភិបាលនៅមិនទាន់មានវិធានការត្រួតពិនិត្យនិងទទួលខុសត្រូវឱ្យបានគ្រប់គ្រាន់ក្រុមឈ្មួញទុច្ចរិតបានបង្ខំឱ្យបុរស ស្រ្តី និងកុមារនៅទូទាំងប្រទេសធ្វើការធ្ងន់ធ្ងរដើម្បីសង បំណុលហើយពួកគេទទួលបានអន្តរាគមន៍តិចតួចប៉ុណ្ណោះពីអាជ្ញាធរមានសមត្ថកិច្ចហើយជួនកាលអាជ្ញាធរជាអ្នកបើកដៃឱ្យផងដែរ»។
បុរសកម្ពុជាគឺជាអ្នកត្រូវការសេវាផ្លូវភេទកុមារដ៏ធំជាងគេបំផុតហើយក៏មានក្រុមបុរសមកពីប្រទេសដទៃទៀតនៅអាស៊ីនិងអឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី និងអាហ្វ្រិកខាងត្បូងធ្វើដំណើរទៅកម្ពុជាដើម្បីស្វែងរកសេវាផ្លូវភេទកុមារផងដែរ។ នេះបើតាមការបញ្ជាក់របស់របាយការណ៍៕