ខណៈគណៈរដ្ឋមន្ត្រីថ្មីនិងថ្នាក់ដឹកនាំនយោបាយថ្មីចូលកាន់តំណែងនៅទីក្រុងហាណូយប្រទេសវៀតណាម នាសប្ដាហ៍នេះ អ្នកវិភាគនិងមន្ត្រីបក្សកាន់អំណាចនៅទីក្រុងភ្នំពេញមិនរំពឹងថា ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងមានអ្វីប្រែប្រួលច្រើននោះទេ។
តាមរយៈការឧទ្ទេសនាមដោយសមាជជាតិនៃបក្សកុម្មុយនិស្ដវៀតណាមតាំងពីដើមខែកុម្ភៈ រដ្ឋសភាវៀតណាម ក្នុងសប្ដាហ៍នេះ បានជ្រើសតាំងលោក Nguyen Xuan Phuc អតីតនាយករដ្ឋមន្ត្រីទៅកាន់តំណែងប្រធានរដ្ឋ និងជ្រើសតាំងលោក Pham Minh Chinh ដែលមានពិសោធន៍ជាអតីតមន្ត្រីចារកម្មផ្ទៃក្នុងជាងម្ភៃឆ្នាំ ឡើងធ្វើជាប្រមុខរដ្ឋាភិបាលជំនួសលោក Phuc។
សមាសភាពថ្មីគណៈរដ្ឋមន្ត្រីវៀតណាមដែលទើបបង្ហាញមុខនៅថ្ងៃព្រហស្បតិ៍នេះ ក៏មានការប្រែប្រួលដែរ។ នេះបើតាមវិទ្យុផ្សាយសំឡេងវៀតណាម VOV ដែលគ្រប់គ្រងដោយរដ្ឋវៀតណាម។
លោក Bui Thanh Son ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Pham Binh Minh ដែលនៅរក្សាតំណែងជាឧបនាយករដ្ឋមន្ត្រី។
នាយឧត្ដមសេនីយ៍ Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស ជំនួសនាយឧត្ដមសេនីយ៍ Ngo Xuan Lich។
លោក Vu Duc Dam ដែលកាន់តួនាទីស្នូលដឹកនាំក្រុមការងាររដ្ឋវៀតណាមប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅរក្សាតំណែងជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលលោក Pham Minh Chinh។
ឧបនាយករដ្ឋមន្ត្រីថ្មីថ្មោង២រូបដែលទើបលេចមុខ គឺលោក Le Minh Khai ជំនាញសវនកម្មនិងគណនេយ្យ និងលោក Le Van Thanh ជំនាញគ្រប់គ្រងសេដ្ឋកិច្ច ត្រូវបានតែងតាំងចំពេលដែលវៀតណាមកំពុងសំឡឹងការកសាងសេដ្ឋកិច្ចដើរចេញពីវិបត្តិកូវីដ១៩។
លោកបណ្ឌិត ផាត់ កុសល អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យក្រុងញូវយ៉ក CUNY ជឿថា ប្រធានរដ្ឋថ្មី Nguyen Xuan Phuc និងអគ្គលេខាបក្សកុម្មុយនិស្ដ Nguyen Phu Trong នឹងបន្តឃុំគ្រងដឹកនាំនយោបាយផ្ទៃក្នុងនិងនយោបាយការបរទេសរបស់វៀតណាម។
«[នាយករដ្ឋមន្ត្រី] Pham Minh Chinh ត្រូវបានជ្រើសរើសមកដើម្បីគាំទ្ររបៀបវារៈរបស់លោក Trong ក្នុងការវាយបង្ក្រាបអំពើពុករលួយ ផ្ដោតលើការអភិវឌ្ឍនិងការធ្វើទំនើបកម្មសេដ្ឋកិច្ច និងបង្កើនសន្ទុះនៃការធ្វើទំនើបកម្មវិស័យយោធាក្នុងរយៈពេល៥ឆ្នាំ ទៅខាងមុខនេះ»។
អ្នកជំនាញរូបនេះបន្ដថា ខណៈវៀតណាមនឹងខិតទៅជិតរុស្ស៊ី ជប៉ុន និងឥណ្ឌា កាន់តែខ្លាំង ហាណូយក៏នឹងដើរនយោបាយយ៉ាងប្រយ័ត្នប្រយែងក្នុងបរិបទការប្រជែងគ្នាជាប្រព័ន្ធរវាងចិន និងសហរដ្ឋអាមេរិក។
លោកបណ្ឌិត ផាត់ កុសល បន្ថែមថា វៀតណាមប្រាថ្នារក្សាទំនាក់ទំនង«ជាប្រពៃណី»ជាមួយថ្នាក់ដឹកនាំបក្សកាន់អំណាចនៅឡាវនិងនៅកម្ពុជា ដើម្បីប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្ដិសុខភូមិសាស្ត្រ។
លោកបន្ថែមថា៖ «ខ្ញុំគិតថា ទីក្រុងហាណូយអាចយល់បានអំពីបុព្វហេតុដែលកម្ពុជារំកិលខ្លួនទៅជិតចិនកាន់តែស្និទ្ធទៅៗ លុះក្នុងប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែមេដឹកនាំវៀតណាមដែលមានការយល់ដឹងពីប្រវត្តិសាស្ត្រច្បាស់នោះ កាន់តែមានការបារម្ភកើនឡើងជាលំដាប់ចំពោះឥទ្ធិពលដែលគ្មានការត្រួតពិនិត្យរបស់ចិននៅកម្ពុជា ដែលចេះតែកើនឡើងនិងបង្កផលវិបាកសម្រាប់សន្ដិសុខជាតិនៅប៉ែកខាងត្បូង និងប៉ែកខាងលិចប្រទេសវៀតណាម»។
បញ្ហារវាងប្រទេសកម្ពុជានិងវៀតណាម បានស្ដែងឡើងនៅកាលដំបូងនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ កាលពីដើមឆ្នាំ២០២០ ពេលដែលវៀតណាមបានសម្រេចបិទព្រំដែន និងកសាងជម្រកតង់តាមបណ្ដោយព្រំដែនគោក ដែលតំបន់ខ្លះ មិនទាន់ឯកភាពដាច់ស្រេចទៅទៀត។ កាលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មខ្លាំង ដោយហៅការបិទច្រកព្រំដែន ដោយឯកតោភាគី និងបញ្ជាឲ្យកម្ពុជាបិទច្រកព្រំដែនជាប់នឹងវៀតណាមដែរ។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បញ្ហានានាទាំងនោះ ត្រូវបានដោះស្រាយដោយការសន្ទនារវាងថ្នាក់ដឹកនាំប្រទេសទាំង២ និងមិនបង្កភាពល្អក់កករដល់ទំនាក់ទំនងទ្វេភាគីនោះទេ។
នៅពេលត្រូវបានសួរអំពីឥទ្ធិពលលើទំនាក់ទំនងទ្វេភាគី ក្រោយមានការដូរមេដឹកនាំនៅហាណូយ លោក សួស យ៉ារ៉ា ដែលជាសមាជិកសភាមណ្ឌលព្រះវិហារផងនោះ មានប្រសាសន៍ប្រាប់វីអូអេថា៖
«កម្ពុជាវៀតណាម យើងមានមិត្តភាពជាពិសេស ហើយយើងហៅថាមិត្តភាពជាប្រពៃណី អ៊ីចឹងសាមគ្គីភាពរបស់យើងជាប្រទេសជិតខាងល្អ ជាប្រទេសមានព្រំដែនសន្តិភាព អ៊ីចឹងទោះបីថ្នាក់ដឹកនាំមួយណាក៏ដោយ ក៏ប្រជាជនប្រទេស ប្រទេសវៀតណាម និងរដ្ឋាភិបាលវៀតណាមនៅជាមិត្តរបស់កម្ពុជា»។
ចំពោះការគំរាមកំហែងដែលអាចមានឡើងសម្រាប់ទំនាក់ទំនងកម្ពុជាវៀតណាម ពីសំណាក់ការប្រកួតប្រជែងរវាងអាមេរិកនិងចិន លោក សួស យ៉ារ៉ា លើកឡើងថាទាំងកម្ពុជាទាំងវៀតណាមមានសិទ្ធិស្វ័យសម្រេចលើនយោបាយការបរទេសរបស់ខ្លួន ហើយវៀតណាមក៏យល់ច្បាស់អំពីរឿងនេះដែរ។
«អ្វីដែលយើងបារម្ភ គឺប្រទេសមហាអំណាចទាំងពីរនោះទេ ដែលបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីប្រកួតប្រជែងធ្វើឱ្យមានការយល់ច្រឡំរវាងប្រទេសតូចៗថាមានការឈ្លោះគ្នាឬការមិនពេញចិត្តគ្នា។ មិនដូច្នោះទេ»។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជជែកសន្ទនាតាមទូរស័ព្ទជាលើកដំបូង ជាមួយសមភាគីថ្មីវៀតណាមរបស់លោក គឺលោក Pham Minh Chinh។
បើយោងតាមការផ្សាយរបស់រដ្ឋាភិបាលវៀតណាម «នាយករដ្ឋមន្ត្រី Chinh បានបញ្ជាក់អំពីក្ដីប្រាថ្នារបស់លោក ក្នុងការធ្វើការស្និទ្ធជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបន្តរក្សាដោយចីរភាពនិងប្រសិទ្ធភាពនូវការអភិវឌ្ឍភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសនិងរដ្ឋាភិបាលទាំង២»។
ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាសព្វថ្ងៃបានចូលមកកាន់អំណាចដំបូងកាលពីឆ្នាំ១៩៧៩ តាមរយៈការជួយទំនុកបម្រុងរបស់វៀតណាមនិងអតីតសហភាពសូវៀតក្នុងការផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមដែលគាំទ្រដោយចិន។
ប្រទេសកម្ពុជានិងវៀតណាម មានព្រំដែនគោករួមគ្នាប្រវែង១១៥៨គីឡូម៉ែត្រ ដែលក្នុងនោះមានប្រមាណ១៦%មិនទាន់បានចរចាគ្នាត្រូវ ដើម្បីកំណត់ព្រំប្រទល់និងបោះបង្គោលព្រំដែននៅឡើយទេ។ សន្ធិសញ្ញាសំខាន់ៗដែលបានឈានទៅដល់ការចរចាកំណត់ព្រំប្រទល់កម្ពុជាវៀតណាម ត្រូវបានធ្វើឡើងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ពេលកងទ័ពវៀតណាមស្ថិតក្នុងទឹកដីកម្ពុជានៅឡើយ។
បណ្ដារដ្ឋាភិបាលបស្ចិមលោក បានមកជិតស្និទ្ធនឹងវៀតណាមនាពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈទីក្រុងហាណូយឈរនៅជួរមុខគេក្នុងការតស៊ូនយោបាយផ្លូវច្បាប់ និងយោធា តបនឹងឥទ្ធិពលរបស់ចិនក្នុងតំបន់និងជម្លោះដែនអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង។
ចំណែកកម្ពុជានិងចិន បានហៅគ្នាទៅវិញទៅមកថា ជា«មិត្តដែកថែប»។ ខណៈទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងយោធាស្និទ្ធគ្នាស្រាប់ទៅហើយនោះ ប៉េកាំងបានផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងដល់កម្ពុជា និងការព្រមលក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ មកកម្ពុជាផងដែរ។
យ៉ាងណាក៏ដោយ លោកបណ្ឌិត ផាត់ កុសល អ្នកវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា លោកនៅតែមើលឃើញមេដឹកនាំបក្សប្រជាជនកម្ពុជា និងមេដឹកនាំបក្សកុម្មុយនិស្ដវៀតណាម ព្យាយាមដោះស្រាយការយល់ច្រឡំលើគ្នានិងកសាងទំនុកចិត្តផ្នែកយុទ្ធសាស្ត្រ ខណៈការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ ចេះតែឡើងកម្ដៅ៕