ប្រទេសកម្ពុជាបានទទួលស្គាល់នៅចំពោះមុខអង្គការសហប្រជាជាតិថា មានការខ្វះខាតក្នុងការចាត់វិធានការការពារសិទ្ធិមនុស្ស ប៉ុន្តែកម្ពុជាបានទាត់ចោលអនុសាសន៍ចំនួនបួនពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិសម្រាប់ធ្វើការកែប្រែស្ថានភាពសិទ្ធិមនុស្សធ្វើឲ្យប្រសើរឡើងនោះ។
នៅក្នុងកិច្ចប្រជុំគណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស៊្វីស ប្រទេសនានាបានផ្តល់អនុសាសន៍រហូតដល់ចំនួន២០៥ចំណុច។ ក្នុងនោះកម្ពុជាទទួលយកអនុសាសន៍ចំនួន១៦៣និងកត់ទុកចំនួន៣៨។ អនុសាសន៍ចំនួនបួនក្រៅពីនោះ ត្រូវកម្ពុជាទាត់ចោល។
អនុសាសន៍ដែលកម្ពុជាទាត់ចោលនោះជាប់ទាក់ទងទៅនឹងការការពារសេរីភាពសារព័ត៌មាន ការធានាសិទ្ធិទទួលបានការអប់រំសម្រាប់កុមារទាំងអស់ដោយរាប់បញ្ចូលទាំងកុមារដែលមានដើមកំណើតវៀតណាមផងដែរ។ ក្រៅពីនោះអនុសាសន៍ទាក់ទងនឹងការប្រឆាំងនឹងការរើសអើងចំពោះកុមារដែលងាយរងគ្រោះនិងអនុសាសន៍ឲ្យដោះស្រាយឡើងវិញអត្រាបោះបង់ចោលសាលារៀនក៏ត្រូវប្រទេសកម្ពុជាទាត់ចោលដែរ។
លោកណី និមល តំណាងអចិន្ត្រៃយ៍របស់ប្រទេសកម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងហ្ស៊ឺណែវមានប្រសាសន៍ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិថា៖
«កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយទម្រង់រើសអើងនានាប្រឆាំងស្ត្រី ដើម្បីការពារសិទ្ធិកុមាររួមទាំង មាននយោបាយនិងយុទ្ធសាស្ដ្រជាតិនិងផែនការជាតិជាច្រើន»។
ក្នុងកិច្ចប្រជុំគណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះតំណាងមកពីសហរដ្ឋអាមេរិកបានទទូចឲ្យប្រទេសកម្ពុជាអនុវត្តនូវអនុសាសន៍ដែលខ្លួនបានទទួលយក។ ជាមួយគ្នានោះសហរដ្ឋអាមេរិកបានកត់សម្គាល់ប្រកបដោយការព្រួយបារម្ភអំពីបំរាមធ្វើបាតុកម្មមិនទាន់ត្រូវបានលុបចោលនៅឡើយហើយអនុសាសន៍ដែលទាក់ទងទៅនឹងការលុបចោលឬការកែប្រែលើក្រមព្រហ្មទណ្ឌដូចជាការចែងពីបទបរិហាកេរ្តិ៍ឬការមួលបង្កាច់សេចក្តីសម្រេចរបស់តុលាការជាដើមត្រូវប្រទេសកម្ពុជាទាត់ចោល។
ដំណាលគ្នានេះសហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសកម្ពុជាអនុវត្តន៍ឲ្យបានឆាប់រហ័សនូវអនុសាសន៍ស្តីពីសិទ្ធិកម្មករនិងច្បាប់ការងារ។
ដោយឡែកប្រទេសអង់គ្លេសបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការបង្កើតផែនការសកម្មភាពដើម្បីពិនិត្យឡើងវិញលើអនុសាសន៍មួយចំនួនក៏ដូចជាការទទួលយកអនុសាសន៍របស់ប្រទេសអង់គ្លេសទាក់ទងនឹងការស្នើឲ្យមានការកែទម្រង់ការបោះឆ្នោតនៅដំណាច់ឆ្នាំ២០១៤នេះ។ ប៉ុន្តែប្រទេសអង់គ្លេសបានទទូចពីសារៈសំខាន់ក្នុងការគោរពសិទ្ធិដ៏សំខាន់និងធានាថាសេចក្តីព្រាងច្បាប់ស្តីពីអ៊ីនធើណិត«នឹងមិនកាត់បន្ថយសិទ្ធិសេរីភាពបញ្ចេញមតិនោះទេ»។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការច្រានចោលអនុសាសន៍របស់សហគមន៍អន្តរជាតិដើម្បីពង្រឹងវិស័យសិទ្ធិមនុស្សនៅកម្ពុជា។
«អ្វីដែលជាចំណុចសំខាន់ៗនៃមូលដ្ឋានគ្រឹះក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យក៏ដូចជាការអនុវត្តសិទ្ធិសេរីភាពសំខាន់ៗដែលមានចែងក្នុងរដ្ឋធម្មនុញ្ញហើយដែលអង្គការសហប្រជាជាតិបានលើកឡើងនេះ ហើយរដ្ឋាភិបាលយើងមិនទទួលយកគឺមានន័យថារដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈនយោបាយទាល់តែសោះក្នុងការពង្រឹងប្រទេសកម្ពុជាក្លាយជានីតិរដ្ឋក្នុងការការពារនិងអនុវត្តន៍លទ្ធិប្រជាធិបតេយ្យឲ្យបានរឹងមាំ»។
យ៉ាងណាក៏ដោយបណ្តាប្រទេសអាស៊ី មិនបានរិះគន់លើប្រទេសកម្ពុជាទេហើយបានផ្តល់អនុសាសន៍តិចតួចសម្រាប់កែលម្អវិស័យសិទ្ធិមនុស្សនៅកម្ពុជា៕