ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រាប់​អាមេរិក​​ពី​ជំហរ​ប្រឆាំង​ការ​សាកល្បង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង


ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ទស្សនា​ព័ត៌មាន​អំពី​ការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​កូរ៉េ​ខាង​ជើង តាម​កញ្ចក់​ទូរទស្សន៍​នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ទី​ក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៦។
ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ទស្សនា​ព័ត៌មាន​អំពី​ការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​កូរ៉េ​ខាង​ជើង តាម​កញ្ចក់​ទូរទស្សន៍​នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ទី​ក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៦។

ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​​​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងជើង​ហើយ​​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជាង​២០​ដែល​មាន​ស្ថានទូត​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។

ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​ឱ្យ​ប្រទេស​កូរ៉េខាងជើង​បញ្ឈប់​រាល់​សកម្មភាព​បង្ក​ហេតុ​ណាមួយ​ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​សន្តិសុខ​ក្នុង​តំបន់​និង​ពិភពលោក។​

លោក​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា​ ហោ ណាំហុង ​បាន​លើក​ឡើង​ពី​ជំហរ​នេះ​នៅ​ក្នុង​ជំនួប​ការងារ​ជាមួយ​នឹង​លោក ​ចន ឃែរី (John Kerry) ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ។​

លោ​ក ហោ ណាំហុង​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖​

«ខ្ញុំ​បាន​ជម្រាប​ឯកឧត្តម​ឃែរី ​ថា​កាល​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​កន្លង​មក​រហូត​មក​ដល់​ឥឡូវ​នេះ​ការ​ប្រជុំ​កំពូល​អាស៊ាន​ទាំងអស់​ ការ​ប្រជុំ​កំពូល​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូ ​ការ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​ដៃគូ​សុទ្ធ​តែ​ទាមទារ​ឱ្យ​កូរ៉េខាងជើង​គោរព​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​កន្លងមក​ ទាមទារ​ឱ្យ​កូរ៉េ​(ខាងជើង)​កុំ​បង្ក​ហេតុ​ដើម្បី​រក្សា​បរិយាកាស​ឈាន​ទៅ​រក​ការ​ចរចា​៦ភាគី​ឡើង​វិញ‍»។​

លោក​ John Kerry រដ្ឋមន្ត្រី​ការ​បរទេសសហរដ្ឋ​អាមេរិក​ពិភាក្សា​ជាមួយ​លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជានៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
លោក​ John Kerry រដ្ឋមន្ត្រី​ការ​បរទេសសហរដ្ឋ​អាមេរិក​ពិភាក្សា​ជាមួយ​លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជានៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។

​កាលពីថ្ងៃ​ពុធ​ទី​៦ ​ខែ​មករា​កន្លង​ទៅ​នេះ ​ប្រទេស​កូរ៉េ​ខាង​ជើង ​អះអាង​ថា​ខ្លួន​បាន​ប្រកាស​បាញ់​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូសែន​ជា​លើកទី​មួយ​ប្រកប​ដោយជោគជ័យ។ ការ​ប្រកាស​នោះ​ទទួលរង​ការ​ថ្កោលទោស​ជា​អន្តរជាតិ​បើ​ទោះបី​ជា​មិន​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​ថា​ពិត​ដូច​ការ​អះអាង​នោះ​ក៏​ដោយ។

ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងជើង​ហើយស្ថិត​ក្នុង​ចំណោម​ប្រទេស​ជាង​២០​ដែល​មាន​ស្ថានទូត​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។

លោក​ ហោ ណាំហុង​ បាន​បន្ថែម​ថា​កម្ពុជា​ដើរ​តាម​បន្ទាត់​អង្គការ​សហប្រជាជាតិ​ដោយ​មិន​ខ្លាច​កូរ៉េ​ខាងជើង​អន់​ចិត្ត​ទេ៖

«កម្ពុជា​យើង​ខ្លួន​ខ្ញុំ​ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ផ្តន្ទា​ទោស​ទាមទារ​ឱ្យ​បញ្ឈប់​ហើយ​តទៅ​ទៀត​ទាម​ទារ​ឱ្យ​គោរព​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ហើយ​ក៏​មាន​ការ​តវ៉ា​ពី​កូរ៉េ​ខាងជើង​ហើយ​វា​ធម្មតា​ទេ​បញ្ហា​ហ្នឹង‍»។

លោក​ ហោ ណាំហុង​ ក៏​សម្តែង​ការ​មន្ទិល​ចំពោះ​ការ​អះអាង​របស់​កូរ៉េខាងជើង​លើ​ការ​សាកល្បង​អាវុធ​អ៊ីដ្រូសែន​ក្នុង​ពេល​កន្លង​មក​នេះ​ដែរ។​

«ខ្ញុំ​ប្រាប់​លោក​ឃែរី ​ក៏​ដូច​ជា​មតិ​ជាច្រើន​គ្មាន​អ្នកណា​ថា​ជា​អ៊ីដ្រូសែន​ទេ​ព្រោះ​វា​ខ្លាំង​ជាង​គ្រាប់​បែក​អាតូមិក​ធម្មតា។ ​អ៊ីដ្រូសែន​វា​តូចជាង​ប៉ុន្តែ​វា​ខ្លាំង​ជាង​បរិមាណូ​ធម្មតា​ហើយ​សម្រាប់​ខ្លួន​ខ្ញុំ​ក៏​មិន​ទាន់​ជឿ​ដែរ​ក៏​ប៉ុន្តែ​ទោះ​មិន​មែន​អ៊ីដ្រូសែន​ក៏ដោយ​គ្រាប់​បែក​អាតូមិក​ធម្មតា​ក៏ដោយ​ការ​នេះ​ជា​ការ​រំលោភ​លើ​កិច្ច​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ‍»។

ការចរចា​៦ភាគី​ក្នុង​ពេល​កន្លង​មក​ដែល​មាន​កូរ៉េ​ទាំង​ពីរ​ ចិន ​អាមេរិក ​ជប៉ុន​និង​រុស្ស៊ី ​ទទួល​បាន​លទ្ធផល​ម្តង​ទៅ​មុខ​ម្តង​ទៅ​ក្រោយ​ដោយ​កូរ៉េ​ខាងជើង​នៅ​តែ​មាន​លទ្ធភាព​បន្ត​កម្មវិធី​អាវុធ​បរិមាណូ​របស់​ខ្លួន​ដដែល។

លោក​ ចន ឃែរី​ បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​បាន​បន្ត​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ចិន​ធ្វើ​សកម្មភាព​ខ្លាំង​ជាង​នេះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នា​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​កូរ៉េ​ខាងជើង៕​

XS
SM
MD
LG