ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​នៅ​អតីត​តំបន់​គ្រប់​គ្រង​ខ្មែរ​ក្រហម​កំសាន្ត​បុណ្យ​ចូលឆ្នាំ​ដោយ​ល្បែង​សម័យ​ទំនើប


ក្រុងប៉ៃលិន​
ក្រុងប៉ៃលិន​
​ភ្នំពេញ៖ នៅ​តាម​ដងផ្លូវ​ដ៏​សំខាន់​មួយ​ដែល​ពុះ​ចំ​កណ្តាល​ក្រុងប៉ៃលិន​យុវជន​បាន​ប្រមូលផ្តុំ​គ្នា​ជា​ក្រុមៗ​ក្រោយ​ពី​មនុស្ស​ពេញវ័យ​បាន​នាំ​គ្នា​ទៅ​វត្ត​អារាម​ដើម្បី​ប្រ​គេន​ចង្ហាន់​ដល់​ព្រះសង្ឃ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ពួក​គេ​ដែល​បាន​មរណកាល​ផុត​ទៅ។​

យុវជន​ទាំងនេះ​ខ្លះ​នាំ​គ្នា​រង់ចាំ​ប៉ាត​ម្សៅ​ដល់​អ្នកដំណើរ​ ជា​ពិសេស​អ្នក​ជិះ​ម៉ូតូ​ឬ​កង់​ រង់ចាំ​បាចទឹក​ បាញ់​ទឹក​ ឬ​គប់​ទឹក​លើ​អ្នកដំណើរ​ដែល​ឆ្លងកាត់​ដង​វិថី​ដែល​ពួក​គេ​កំពង់​សំចត​ ឬ​ក៏​រាំ​ទាំង​កណ្តាល​ថ្ងៃ​នៅ​ជាប់​នឹង​មាត់​ផ្លូវ​តែ​ម្តង។​

រឿ​ន​ រ៉​ម​ កំពុង​រង់ចាំ​ប៉ាត​ម្សៅ​ដល់​អ្នកដំណើរ​ជាមួយ​នឹង​យុវជន​និង​កុមារ​ប្រមាណ​ជា​ដប់​នាក់។​
​យុវជន​មួយ​ក្រុម​ទៀត​កំពុង​រាំ​ផង​និង​ហ៊ោ​ផង​នៅ​ក្រោម​ដំបូង​ផ្ទះ​ទាម​ប្រក់​សង្ក័សី​មួយ​នៅ​ក្បែរ​នោះ។​

«កំពុង​លេង​ប៉ាត​ម្សៅ​។​ បី​ថ្ងៃ​ហើយ»។​

ការ​បាចទឹក​ គប់​ទឹក​ឬ​បាញ់​ទឹក​ត្រូវ​ហាមឃាត់​នៅ​ក្នុង​ក្រុងប៉ៃលិន​ ក៏​ប៉ុន្តែ​ក្រុម​យុវជន​មិន​បាន​ស្តាប់​នោះ​ទេ។​

យូរៗ​គេ​ឃើញ​ក្រុម​សមត្ថកិច្ច​ដើរ​ល្បាត​តាម​រថយន្ត​ដើម្បី​ហាមប្រាម​ល្បែង​នេះ​និង​ដើម្បី​ពិនិត្យ​ក្រែង​មាន​ឧប្បត្តិហេតុ​ណាមួយ​កើតឡើង​។​

ក្រុម​យុវជន​តែងតែ​នាំ​គ្នា​រំសាយ​នៅ​ពេល​ដែល​ពួក​គេ​បាន​ក្រឡេក​ឃើញ​ក្រុម​សមត្ថកិច្ច​នគរបាល​និង​កងរាជ​អាវុធហត្ថ​ពី​ចម្ងាយ។​

ដោយឡែក​នៅ​តាម​ទី​វត្ត​ក្រៅពី​ទីកន្លែង​សក្ការៈ​និង​ប្រារព្ធ​ពិធី​សាសនា​ក៏​ជា​កន្លែង​ប្រមូលផ្តុំ​នៃ​ការ​កំសាន្ត​ផ្សេងៗ​ដែរ។​

នៅ​ទីនោះ​ក្រុម​យុវជន​ក៏​លេង​ប៉ាត​ម្សៅ​ បាញ់​ទឹក​ដាក់​គ្នា​ដោយ​កាំភ្លើង​ជ័រ​និង​មានការ​លក់ដូរ​ ល្បែង​គប់​ប៉េងប៉ោង​រួម​ទាំង​កន្លែង​ខ្លះ​មាន​ដាក់​តាំង​ជំនិះ​សម្រាប់​កុមារ​ជិះ​កំសាន្ត​យក​លុយ​ផង​ដែរ។​

កញ្ញា​ជិន​ អា​លី​ន​ មាន​ម្សៅ​ពណ៌​ស​ពេញ​មុខ​នៅ​សល់​តែ​ប្រឡង់​ភ្នែក​និង​មាត់​តែ​ប៉ុណ្ណោះ។​
​មិត្ត​ភ័ក្ត្រ​របស់​នាង​ដេញ​ប៉ាត​ដាក់​នាង​នៅ​ពេល​ពួក​គេ​ឆ្លងកាត់​ផ្លូវ​ចូល​ពី​ខ្លោងទ្វារ​នៃ​វត្ត​រតន​សោភណ្ឌ​ហៅ​វត្ត​កោង​កាង​ដែល​នៅ​ជិត​ជើងភ្នំ​យ៉ា​ត​កណ្តាល​ក្រុងប៉ៃលិន។​
​កញ្ញា​សម្បុរ​ស្រអែម​នេះ​ដូច​ជា​មក​លេង​ប្រចាំការ​នៅ​ទី​នេះ។​

នាង​បញ្ជាក់​ថា៖
«លេង​ប៉ាត​ម្សៅ​និង​លេង​វាយក្អម​។​ បី​ថ្ងៃ​ហើយ​»​។​

ថ្វី​ត្បិត​តែ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​តែ​បី​ថ្ងៃ​ប៉ុន្តែ​នៅ​វត្ត​រតន​សោ​ភណ្ឌ​ឬ​វត្ត​កោង​កាង​នេះ​ក្រុម​យុវជន​អាច​លេងល្បែង​ប្រជាប្រិយ​ផ្សេងៗ​រហូត​ដល់​រយៈពេល​ប្រាំពីរ​ថ្ងៃ។​ពោល​គឺ​នៅ​ឆ្នាំ​នេះ​ពួក​គេ​អាច​លេង​សប្បាយ​រហូត​ដល់​ថ្ងៃ​ទី​២០​ខែមេសា។​
​ព្រះ​ភិក្ខុ​ប៉ន​ ភក្ត្រា​ កំពុង​ទទួល​បច្ច័យ​ពី​ពុទ្ធ​បរិ​ស័ទ្ធ​ផង​និង​កំពុង​មើល​ចលនា​មនុស្ស​ដែល​ចូល​កំសាន្ត​ក្នុង​វត្ត​ផង។​

ព្រះ​អង្គ​បាន​មាន​សង្ឃដីការ​ថា៖
«ល្បែង​ចោល​ឈូង​ ទាញ​ព្រាត់​ លាក់កន្សែង​ វាយក្អម​ គប់​ប៉េ​ត​ប៉ោង​ និង​ចង​ប៉េ​ត​ប៉ោង​នឹង​ជើង​ដើម្បី​ដណ្តើម​គ្នា​ ដើម្បី​កុំ​ឲ្យ​យុវវ័យ​បំបាត់​វប្បធម៌​ខ្មែរ​»​។​

ពិធី​ចូល​ឆ្នាំ​ថ្មី​ឆ្នាំម្សាញ់​ឬ​ឆ្នាំ​ពស់​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​វេលា​ម៉ោង​២​និង​១២​នាទី​ភ្លឺ។​

ពលរដ្ឋ​ខ្មែរ​ស្ទើរតែ​គ្រប់​ទិស​ទី​ ភាគច្រើន​ហាក់ដូចជា​បំភ្លេច​ល្បែង​ប្រជាប្រិយ​ពី​បុរាណ​នៃ​បុព្វការី​ជន​របស់​ខ្លួន​ដោយ​ជំនួស​មក​វិញ​នូវ​ល្បែង​ចាក់​ភ្លេង​រាំរែក​ បាចទឹក​ គប់​ទឹកជា​ដើម។​

លោក​កើត​ សុធា​ អភិបាលរង​ខេត្ត​ប៉ៃ​លិ​ន​ឲ្យ​ដឹង​ថា​ទេសចរ​ជាតិ​ច្រើន​ជាង​២​ម៉ឺន​នាក់​បាន​មក​ទស្សនា​ខេត្ត​ប៉ៃ​លិ​ន​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ។​
​លោក​បញ្ជាក់​ថា​សណ្តាប់ធ្នាប់​និង​សន្តិសុខ​ត្រូវ​បាន​ធានា​ហើយ​មាន​ឧប្បត្តិហេតុ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​បាន​កើតឡើង​គឺ​មិន​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ។​ ជាមួយ​គ្នា​នេះ​លោក​បាន​សារភាព​ថា​ថ្វីបើ​កង​សមត្ថកិច្ច​ចំនួន​ជាង​២០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ក្រុង​ដើម្បី​ច​ល័ត​និង​រក្សា​សុវត្ថិភាព​ក៏​ប៉ុន្តែ​ក្រុម​យុវជន​នៅ​តែ​ឆ្លៀត​លេងល្បែង​គប់​និង​បាចទឹក​ដែល​ត្រូវ​ហាមឃាត់​មួយ​ចំនួន​ដែរ៕
XS
SM
MD
LG