នេះមិនមែនជាលើកទីមួយទេ ដែលសមាជិកព្រឹទ្ធសភាខាងគណបក្សសម រង្ស៊ីបានធ្វើពហិការមិនចូលរួមសម័យប្រជុំព្រឹទ្ធសភា ដែលគ្រប់គ្រងភាគច្រើនដោយគណបក្សប្រជាជនកម្ពុជា។
នៅមុនមួយថ្ងៃក្រោយពីស្ថាប័នព្រឹទ្ធសភាគ្រោងនឹងបើកសម័យប្រជុំលើកទី៥នីតិកាលទី៣ សមាជិកព្រឹទ្ធសភាខាងគណបក្សសម រង្ស៊ីបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗជាបន្ទាន់មួយដោយបានសម្រេចថា មិនចូលរួមប្រជុំជាមួយសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាទេ ដោយលើកហេតុផលថា គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជននៅខ្វែងគំនិតគ្នានៅឡើយដើម្បីដោះស្រាយវិបត្តិនយោបាយក្រោយពីការបោះឆ្នោត។
លោកគង់ គាំ ប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីមានប្រសាសន៍ថា យើងចង់ឲ្យរដ្ឋសភាជារដ្ឋសភាពហុបក្សស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតឆ្នាំ២០១៣ដើម្បីពិនិត្យនិងអនុម័តច្បាប់នានា ដែលមានផលប្រយោជន៍ដល់ប្រទេសនិងប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ការធ្វើពហិការមិនចូលរួមសម័យប្រជុំរបស់ព្រឹទ្ធសភាគឺនឹងបន្តធ្វើរហូតទាល់តែរដ្ឋសភាមានពហុបក្សត្រឹមត្រូវ មិនត្រូវគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯងនោះទេ។
លោកនិយាយថា៖ «រហូតដល់រដ្ឋសភាមានពហុបក្សត្រឹមត្រូវ ហើយខ្ញុំសង្ឃឹមថាគណបក្សទាំងពីរឈ្នះបានអាសនៈនៅក្នុងរដ្ឋសភាបញ្ចប់ការខ្វែងគំនិតគ្នាឆាប់រហ័សដើម្បីចូលសភាទាំងអស់គ្នាបាទ»។
បើទោះបីជាសមាជិកព្រឹទ្ធសភាខាងគណបក្សសម រង្ស៊ីប្រកាសមិនចូលរួមប្រជុំព្រឹទ្ធសភាក៏ដោយ ក៏សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជានៅបន្តដំណើរការកិច្ចប្រជុំរបស់ខ្លួន និងបានអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា។
សេចក្តីព្រាងច្បាប់ទាំងបីនោះរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកយុត្តិធម៌ក្នុងវិស័យរដ្ឋប្បវេណីរវាងកម្ពុជា និងវៀតណាម។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័នរវាងកម្ពុជានិងវៀតណាម និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨។
លោកអ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភាមានប្រសាសន៍ថា ការមិនចូលរួមប្រជុំរបស់សមាជិកព្រឹទ្ធសភាខាងគណបក្សសម រង្ស៊ីមិនមែនធ្វើឡើងជាលើកទីមួយទេ។ លោកបញ្ជាក់ថា ការធ្វើពហិការនេះមិនបង្កឲ្យរាំងស្ទះដល់ដំណើរការនៃកិច្ចប្រជុំរបស់ព្រឹទ្ធសភាទេ។
លោកនិយាយថា៖ «សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាក្នុងព្រឹទ្ធសភាមានច្រើនជាង២ភាគ៣។ ដូច្នេះបានន័យថា អវត្តមានរបស់គណបក្សសម រង្ស៊ីមិនមានទម្ងន់អ្វីដើម្បីរំខានដល់ដំណើរការរបស់ក្នុងការប្រជុំទេ»។
សមាជិកព្រឹទ្ធសភាសរុបមានចំនួន៦១រូប។ ខាងគណបក្សប្រជាជនមានចំនួន៤៦រូប គណបក្សសម រង្ស៊ីមានចំនួន១១រូប តែងតាំងពីរដ្ឋសភាមានចំនួន២រូប និង២រូបតែងតាំងពីព្រះមហាក្សត្រ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថា ការបន្តធ្វើពហិការមិនចូលរួមប្រជុំព្រឹទ្ធសភាពីគណបក្សសម រង្ស៊ីនឹងធ្វើឲ្យប៉ះពាល់កិត្តិយសដល់ស្ថាប័នព្រឹទ្ធសភាទាំងមូល។
លោកមានប្រសាសន៍ថា នៅក្នុងប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យ ប្រសិនណាបើភាគណាមួយជំទាស់ នោះវាខ្វះខាតនូវអត្រានុកូលភាព៕