ភ្នំពេញ៖ កម្មករសង់ទំនប់វារីអគ្គិសនីស្ទឹងអាតៃម្នាក់ក្នុងចំណោមកម្មករចំនួនបួននាក់ដែលបានបាត់ខ្លួនត្រូវបានរកឃើញវិញដោយសុវត្ថិភាព។ នេះបើយោងតាមមន្ត្រីអាជ្ញាធរនៅថ្ងៃចន្ទនេះ។
កាលពីរសៀលថ្ងៃសៅរ៍ ទី១ ខែធ្នូ បំពង់បង្ហូរទឹកសម្រាប់បង្វិលឌីណាម៉ូផលិតអគ្គិសនីនៃទំនប់វារីអគ្គិសនីស្ទឹងអាតៃដែលស្ថិតក្នុងស្រុកវាលវែង ចម្ងាយជាង១០០គីឡូម៉ែត្រពីក្រុងពោធិ៍សាត់បានបែកហើយធ្វើឲ្យធ្លាយទឹកពីអាងស្តុកទឹកយ៉ាងគំហុក។
កម្មករចំនួនបីនាក់ដែលកំពុងធ្វើការ និងកម្មករម្នាក់ទៀតកំពុងនេសាទត្រីត្រូវទឹកហូរនាំយកទៅ និងកម្មករបួននាក់ផ្សេងទៀតបានរងរបួស។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងតាមទូរសព្ទថា បុរសដែលត្រូវបានរកឃើញនោះបានវិលមកដល់ផ្ទះរបស់គាត់វិញកាលពីម៉ោង៧យប់ថ្ងៃអាទិត្យបន្ទាប់ពីបានបាត់ខ្លួនមួយថ្ងៃមួយយប់។
«អ្នកដែលត្រូវរកឃើញគឺអត់មានគ្រោះថ្នាក់អីទេ។ នៅសល់បីនាក់ទៀតបាត់ខ្លួន»។
មន្ដ្រីនគរបាលដដែលបញ្ជាក់ថា កម្មករដែលរកឃើញនេះគឺជាកម្មករដែលបានចេញទៅនេសាទនៅពេលហេតុការណ៍ធ្លាយទំនប់ទឹកកើតឡើង។
ដោយឡែកព័ត៌មាននានាបានស្រង់សម្តីអភិបាលខេត្តពោធិ៍សាត់លោកខូយ សុខា ថាកម្មករទាំងបួននាក់ដែលបានបាត់ខ្លួនត្រូវបានរកឃើញវិញហើយរហូតមកទល់ថ្ងៃនេះ។ ពួកគេមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ប៉ុន្តែមន្ដ្រីមូលដ្ឋានផ្សេងទៀតអះអាងផ្ទុយពីនេះ។
ទំនប់វារីអគ្គិសនីស្ទឺងអាតៃមានកម្លាំងថាមពល១២០ម៉េហ្គាវ៉ាត់ និងគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០១៣ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន China Datang Corp ដោយមានទឹកប្រាក់វិនិយោគចំនួន២៥៥លានដុល្លារអាមេរិក។
លោកម៉ៅ សាន ប្រធានមន្ទីរឧស្សាហកម្មខេត្តពោធិ៍សាត់មានប្រសាសន៍ថាបច្ចុប្បន្នទឹកក្នុងអាងស្តុកបានហូរស្ទើរអស់ទៅហើយ។ ដូច្នេះការផលិតអគ្គិសនីអាចនឹងត្រូវពន្យារពេល។
«យើងមានការបារម្ភថា នៅពេលដែលជួសជុលបំពង់(បង្ហូរទឹក) រួចហើយនឹងប្រឈមនឹងការខ្វះទឹកគ្រប់ផែនការពីព្រោះចុងឆ្នាំនេះនឹងដំណើរការម៉ាស៊ីនមួយ។ ប៉ុន្តែពេលនេះមានបញ្ហាប្រហែលមិនអាចដំណើរការបានភ្លាមៗទេពីព្រោះក្រោយពីជួសជុលរួចហើយវានឹងអស់ទឹក»។
កម្ពុជាខ្វះថាមពលអគ្គិសនីជាច្រើនដែលជាឧបសគ្គក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេសផងដែរ។
ក៏ប៉ុន្តែកម្ពុជាមានគម្រោងដាក់ឲ្យដំណើរការនូវទំនប់វារីអគ្គិសនីស្ទឹងតាតៃដែលមានថាមពល២៤៦ម៉េហ្គាវ៉ាត់នៅឆ្នាំ២០១៤ និងមួយឆ្នាំបន្ទាប់ទំនប់វារីអគ្គិសនីស្ទឹងឬស្សីជ្រុំដែលមានកម្លាំង៣៣៨ម៉េហ្គាវ៉ាត់នឹងត្រូវដាក់ឲ្យដំណើរការបន្ថែមមួយទៀត៕