មន្ដ្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅថ្ងៃសុក្រនេះថាកម្ពុជាមានជំហរយ៉ាង «រឹងមាំច្បាស់លាស់» សម្រាប់កសាងទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយប្រទេសចិន។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញជំហរយ៉ាងដូច្នេះ ក្នុងសិក្ខាសាលាក្នុងទីក្រុងភ្នំពេញស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដុ្ឋកិច្ចនិងពាណិជ្ជកម្មរវាងខេត្តយន់ណាន់និងកម្ពុជា។
លោកបានបញ្ជាក់ថា៖
«កម្ពុជា សូមអះអាងឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងកម្ពុជានិងចិនដើម្បីប្រែក្លាយឲ្យទៅជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយពិតប្រាកដមួយ ជាពិសេសខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន នយោបាយ និងសន្ដិសុខ ក្នុងបណ្ដាទសវត្សរ៍ខាងមុខ»។
លោក ចម ប្រសិទ្ធ មានប្រសាសន៍នៅចំពោះមុខគណៈប្រតិភូមកពីខេត្តយន់ណាន ភាគនិរតីប្រទេសចិនដែលមានសមាជិកសរុបជាង ២០០ នាក់ ភាគច្រើនគឺជាក្រុមអ្នកជំនួញ។ សមាជិកទាំងនេះ ដែលដឹកនាំដោយលោក លី ជីហ៊ឹង អភិបាលខេត្តយន់ណាន់ បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាចំនួនបួនថ្ងៃ តាមយន្ដហោះពិសេសចំនួនបីគ្រឿង។
ទស្សនកិច្ចនេះធ្វើឡើងបួនថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរបស់ខ្លួននៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះប្រទេសកម្ពុជានិងចិនបានប្ដេជ្ញារួមគ្នាថានឹងជំរុញការផ្លាស់ប្តូពាណិជ្ជកម្មឲ្យកើនពីជាង ២.៣០០ លានដុល្លារ នៅឆ្នាំ ២០១១ ដល់ចំនួន ៥.០០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៧។
លោក លី ជីហ៊ឹង បាននិយាយតាមរយៈអ្នកបកប្រែផ្តោតលើទំនាក់ទំនងទ្វេភាគីនេះដែរ។
«ចិន និងកម្ពុជា គឺជាប្រទេសជិតខាងយ៉ាងល្អ ដែលជឿទុកចិត្តគ្នាទៅវិញទៅមក ជាដៃគូដ៏ល្អ ជាមិត្តដ៏ល្អ។ ប្រវត្តិទំនាក់ទំនងដ៏យូរលង់ មិត្តភាពយ៉ាងជ្រាលជ្រៅជាទ្រព្យសម្បត្តិរតនៈរួមគ្នារបស់យើង»។
ក្នុងពេលនោះលោករដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានជំរុញឲ្យប្រតិភូពីប្រទេសចិននេះសម្រេចចិត្តបណ្ដាក់ទុនក្នុងប្រទេសកម្ពុជាដោយបានលើកឡើងថាកម្ពុជាមានសក្ដានុពលផ្នែកកសិកម្ម កសិឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មសម្រាប់នាំចេញ ឧស្ម័ន រ៉ែ និងទេសចរណ៍។
លោក ចម ប្រសិទ្ធ បញ្ជាក់ថា ផ្នែកទាំងអស់នេះ មិនទាន់ត្រូវបានធ្វើអាជីវកម្មពេញលេញនៅឡើយទេ។
លោក លី ជីហ៊ឹង អភិបាលខេត្តយន់ណាន់ ក៏បានស្នើផងដែរឲ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច បច្ចេកទេស វិស័យកសិកម្ម និងទេសចរណ៍«ឲ្យបានស៊ីជម្រៅពិតប្រាកដ» ហើយលោកប្រាថ្នាចង់ជំរុញកិច្ចសហការផ្នែកកែច្នៃដំណាំហូបផ្លែ កៅស៊ូ ការភ្ជាប់ការហោះហើរផ្លូវអាកាសពីខេត្តរបស់លោកមកកាន់ប្រទេសកម្ពុជា។
ប្រទេសកម្ពុជានិងចិនមានការចុះហត្ថលេខាសហប្រតិបត្តិការរវាងក្រុមហ៊ុនចិននិងក្រុមហ៊ុនកម្ពុជាលើវិស័យចំនួនបី ក្នុងសិក្ខាសិលានេះ។ កិច្ចចុះហត្ថលេខានេះផ្តោតលើការសហការវិនិយោគផ្នែកវារីអគ្គិសនី ផ្នែកស៊ីម៉ង់ត៍ជាមួយក្រុមហ៊ុន ស៊ីម៉ង់ត៍កម្ពុជាចក្រីទីង និង កិច្ចសហការវិនិយោគលើម៉ាស៊ីនស្រូវ៕