ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​មិនមាន​ការ​សម្តែង​ម៉ុង​សាយច្រើន​ទេ


ការ​សម្តែង​ម៉ុង​សាយ​
ការ​សម្តែង​ម៉ុង​សាយ​
ភ្នំពេញ​៖ ប៉ុន្មាន​ឆ្នាំមុន​ ក្នុង​រយៈពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ និង​វៀតណាម​ស្ទើរ​គ្រប់​ទីកន្លែង​ ក្នុង​ទីក្រុង​ភ្នំពេញ​សម្លេង​ការ​សម្តែង​ម៉ុង​សាយ​តែង​ឮ​សូរ​យ៉ាង​ទ្រហឹង​គ្មាន​ដាច់។​

ផ្ទុយទៅវិញ ​ពិធី​ប្រពៃណី​នៅ​ឆ្នាំ​២០១៣​នេះ​ គេ​អាច​ឮ​សម្លេង​ស្គរ​ និង​ឃើញ ​ការ​លោត​កញ្ឆេង​នៃ​ម៉ុង​សាយ​នៅ​តាម​កន្លែង​មួយ​ចំនួន​ប៉ុណ្ណោះ​ ជា​ពិសេស​នៅតាម​បណ្តា​ក្រុមហ៊ុន​ធំៗ ​ផ្សារ​ទំនើប ​និង​ខ្លះ​ទៀត​មាន​តិចតួច​ដែរ​នៅ​បណ្តា​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ជាប់​សែស្រឡាយ​ចិន។​

លោក​លីម គីម​ហួរ ​អាយុ​៦១​ឆ្នាំ ​ជា​ប្រធាន​ក្រុម​ម៉ុង​សាយ​ចិន​ប្រចាំ​សាលារៀន​ចិន​ទួន​ហ្វានៅ​កម្ពុជា។ ​
លោក​កំពុង​អង្គុយ​ជុំគ្នា​ជាមួយ​សមាជិក​បួន​ប្រាំ​នាក់។ ​លោក​គីម​ហួរ​ពាក់​អាវ​ដៃខ្លី​ព​ណ៌​ស ​និង​សក់​ល្បាយ​អាចម៍​ខ្លា។ លោក​ប្រាប់​ឲ្យ​ដឹង​ថា ​តម្រូវ​ការ​ជួល​ឲ្យ​សម្តែង​ម៉ុង​សាយ​នៅ​ឆ្នាំ​នេះ​មាន​ការ​ធ្លាក់។​
«ឆ្នាំនេះ​ ទី​មួយ​គឺថា ​មកពី​សេដ្ឋកិច្ច​ហ្នឹង​ក៏​អាច​ថា​ បានដែរ។ ទី​ពីរ​សំខាន់​ដោយសារ​ប្រជា​ពលរដ្ឋ​គាត់​នៅ​នឹក​រឭក​ដល់​អតីត​ព្រះមហា​ក្សត្រ ​ដូច្នោះ​មិន​ចង់​រៀបចំ​ជា​ពិធី​អ្វី​សប្បាយ​ពេក​ទេ​ គឺ​គ្រាន់តែ​រៀបចំ​ជា​ពិធី​ខ្លះ​សម្រាប់​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​ប៉ុ​ហ្នឹងឯង»។​

លោកគឹម ហួរ​មាន​សមាជិក​ក្នុង​ក្រុម​ម៉ុង​សាយ​របស់​លោក​ចំនួន​១០៥​នាក់។​ កាលពី​ឆ្នាំមុន ​ក្រុម​របស់​លោក​សម្តែង​បាន​៣១​កន្លែង​ ដោយ​ឡែក​ក្នុង​ឆ្នាំនេះ ​ក្រុម​របស់​លោក​សម្តែង​បាន​ត្រឹមតែ​២១​កន្លែង​ប៉ុណ្ណោះ។​

ពិធី​ចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​នៅ​ឆ្នាំ​នេះ​ចាប់ផ្តើម​ពី​ថ្ងៃទី​១០ដល់​ថ្ងៃទី​១២ខែ​កុម្ភៈ។ ​ប៉ុន្តែ​ការ​លោត​ម៉ុង​សាយ​ ឬ​សម្តែង​ម៉ុង​សាយ​ធ្វើ​ចាប់​តាំងពី​ថ្ងៃទី​៩​ ខែកុម្ភៈ​មក​ម្ល៉េះ​គឺ​ចំ​ថ្ងៃ​សែន​មុន​ចូលឆ្នាំ​មួយ​ថ្ងៃ។​

លោក​ចាន់ ខន ​អាយុ​៤៣​ឆ្នាំ​ ជា​ប្រធាន​ក្រុម​ម៉ុង​សាយ​មួយ​ និង​ជា​អនុ​ប្រធាន​សមាគម​ព្រះវិហារ​ចិន​ ​ខេត្ត​ព្រៃវែង។​

ក្រុម​ម៉ុង​សាយ​របស់លោក​ដែលមាន​សមាជិក​៣៥​នាក់​បាន​ចាប់ផ្តើម​ដើរ​សម្តែង​តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។​ មក​ទល់​ថ្ងៃ​នេះ​ ក្រុម​របស់លោក​បាន​ដើរ​សម្តែង​បាន​តាម​បណ្តា​តំបន់​នានា ​ដូចជា​នៅ​បាវិត​ អ្នក​លឿង ​និង​ចុងក្រោយ​គឺ​នៅ​ទីក្រុង​ភ្នំពេញ។​

«តាម​ក្រុមហ៊ុន​បាន​ប្រហែល​ជាង​១០​ឆាក​ដែរ។​ ចំណែក​ឯ​នៅ​តាម​ផ្ទះ​វិញ​បាន​ប្រហែល​ជាង​២០​ផ្ទះ​ដែរ»។​

ស្រដៀង​នឹង​លោក​ហួរ​ដែរ​ លោក​ខ​ង​ដែល​មាន​ម៉ុង​សាយ​ចំនួន​៤​គ្រឿង​បញ្ជាក់​ថា ​តម្រូវការ​នៃ​អ្នក​ជួល​ឲ្យ​ក្រុម​ម៉ុង​សាយ​របស់គាត់​ទៅ​សម្តែង​នៅ​ឆ្នាំនេះ​មាន​ការ​ធ្លាក់​ចុះ។​

អតិថិជន​ភាគច្រើន​គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​ធំ ​និង​អ្នក​ដែល​មាន​ជីវភាព​ធូរធារ​ច្រើន។ ​ដោយឡែក​អតិថិជន​ធម្មតា​វិញមានតិចតួច។​ ប្រៀប​ធៀន​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ លោក​ខន​និយាយ​ថា ​មានការ​ធ្លាក់ចុះ​ប្រហែល​ពី ១០​ទៅ​២០​ភាគរយ។​

ឆ្លៀត​ពេលដែល​ក្រុម​របស់​លោក​កំពុង​សម្តែង​ម៉ុង​សាយ ​ លោក​ខង​ដែល​មាន​ភ្នែក​តឹងៗ ​និង​រាង​ទាប​បាន​លើក​ពី​មូលហេតុ​ដូចគ្នា​ដែរ​ គឺដោយសារ​តែ​កម្ពុជា​ទើប​តែ​រៀបចំ​ពិធី​បុណ្យ​ឲ្យ​សម្តេច​ឪ។ ​ដូច្នោះការ​ត្រៀម​ខ្លួន​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​មាន​រយៈ​ពេល​ខ្លី។​

«ខ្លះ​គេ​ទើប​តែ​ចេញពី​រំលែក​ទុក្ខ​ ហើយ​អញ្ចឹង​គេ​មិនមាន​ពេល​ទំនេរ។​ ពីព្រោះ​ទើបតែ​ចប់​ខ្លីៗ​ពេក​ចឹង​ អ្នកខ្លះ​គេ​រៀបចំ​មិនទាន់។​ អ្នក​ដែល​ចង់​សប្បាយ​ហ្នឹង​គ្នា​រៀបចំ​មិនទាន់​ ណាមួយ​អាជ្ញាធរ​ដែនដី​ហ្នឹង​ក៏​ដាក់​កំហិត​មិន​ឲ្យ​មាន​ការ​សប្បាយ​គគ្រឹក​គគ្រេង។​អញ្ចឹង​ម្នាក់ៗ​ក៏​ខ្លាច​ថា ​នឹង​ប៉ះពាល់​ដល់​ពិធី​បុណ្យ​ហ្នឹង។ ​ដូច្នោះ​ការ​រៀបចំ​សប្បាយ​ម៉ុង​សាយ​ហ្នឹង​វា​ខ្លី​ វា​ខើច»។​

លោក​អៀក ស៊ីង ​អនុប្រធាន​ការិយាល័យ​សមាគម​ជនជាតិ​ចិន​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​នៃ​ការ​ធ្លាក់ចុះ​នៃ​ការ​ប្រារព្ធ​ពិធី​ឡក​ម៉ុង​សាយ​គឺ​មក​ពី​កត្តា​ជីវភាព​របស់​ប្រជាជន។​

ម្យ៉ាង​ទៀត​ ប្រជាជន​ចិន​ខ្លះ​ទៀត​បាន​ចំណាយ​ពេល​ឈប់​សម្រាក​របស់​ពួក​គេ ​ក្នុង​កំឡុង​ពេល​ចូលឆ្នាំ ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កន្លែង​នានា។ ​ដូច្នោះ​ចំនួន​ប្រជា​ពលរដ្ឋ​តាម​ផ្ទះ​ដែល​ប្រារព្ធ​ពិធី​ឡក​ម៉ុង​សាយ​មិន​សូវមាន​ទេ ភាគ​ច្រើន​គឺ​នៅតាម​ក្រុមហ៊ុនធំ។​

ការ​លោត​ឬ​សម្តែង​ម៉ុង​សាយ​មាន​ដើម​កំណើត​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ។​ ប៉ុន្តែ​គឺ​នៅ​ក្នុង​រវាង​រដ្ឋ​កាល​ហាន​ ឬ​ថាង។​

ម៉ុង​សាយ​មាន​ពីរ​ប្រភេទ​គឺ​មាន​រាង​សត្វ​តោ​ដែល​មាន​អ្នក​លោត​ចំនួន​ពីរ​នាក់​និង​មាន​រាង​ជា​សត្វ​នាគ​ដែលមាន​អ្នក​លោត​ច្រើន​លើសពី​ពីរ​នាក់​ឈរ​បន្ត​គ្នា។​
លោក​លីម គីម​ហួរ ​ប្រធាន​ក្រុម​ម៉ុង​សាយ​ចិន​មួយ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ ពិធី​លោត​ម៉ុង​សាយ​បាន​ចូលមក​ប្រទេស​កម្ពុជា​ឡើងវិញ​ក្នុង​ទសវត្ស​១៩៩0​ ហើយ​រហូត​មកទល់ពេលនេះ​មាន​សមាគម​ម៉ុង​សាយ​សរុប​ចំនួន​៨ ​ក្នុង​ទីក្រុង​ភ្នំពេញ ៕​
XS
SM
MD
LG