អាជ្ញាធរខេត្តព្រះសីហនុ កាលពីថ្ងៃពុធ បានដាក់ចេញនូវវិធានការតឹងរ៉ឹង ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ក្នុងរូបភាពនៃអំពើឆបោកតាមបច្ចេកវិទ្យា ដែលគេហៅថា Scam ដែលមានជនរងគ្រោះជាជនបរទេស។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរខេត្តបានដាក់ចេញជាវិធានការចំនួនពីរ គឺទីមួយ ធ្វើការស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងការទិញ លក់ពលកម្ម ការជួញដូរ ការបង្ខាំង និងត្រូវចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរជាដាច់ខាត។ ទីពីរទីតាំងដែលជនល្មើសប្រើប្រាស់សម្រាប់ការជួញដូរមនុស្ស ក៏ដូចជាបង្ខាំងមនុស្សដោយខុសច្បាប់ ត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើសនិងម្ចាស់ដែលសមគំនិតមកផ្តន្ទាទោស។
លោកថ្លែងថា៖ «ចំពោះប្រតិបត្តិការនៃការស្រាវជ្រាវបង្ក្រាបការទិញ លក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺអាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុត»។
វិធានការនេះត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រោយមានសេចក្តីរាយការណ៍អំពីការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងខេត្តព្រះសីហនុ ហើយមានជនបរទេស ដូចជាថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និងតៃវ៉ាន់ជាដើម ជាជនរងគ្រោះ។
ចំណែកអភិបាលខេត្តកណ្តាល និងខេត្តកោះកុង ដែលមានអគារជនបរទេសស្នាក់នៅ និងធ្វើការ ក៏បានបញ្ជាក់អំពីវិធានការចុះពិនិត្យមើលអគារថា តើមានការបង្ខាំងមនុស្ស ឬជួញដូរកម្លាំងពលកម្មឬយ៉ាងណា។
អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ប្រាប់វីអូអេថា អាជ្ញាធរខេត្តក៏បានដាក់ចេញជាចំណាត់ការដែរ តាមរយៈការសហការជាមួយដៃគូពាក់ព័ន្ធ និងការចុះត្រួតពិនិត្យនៅតាមអគារនានា។
អ្នកស្រីថ្លែងថា៖«សម្រាប់ខេត្តគឺមានប្រចាំសម្រាប់តំបន់ដែលមានជនបរទេសធ្វើការ គឺត្រូវតែរាយការណ៍ហើយសហការគ្នាពិនិត្យ ជាមួយនឹងអង្គភាពអន្តោប្រវេសន៍របស់ស្នងការ»។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់វីអូអេថា វិធានការ គឺការចុះពិនិត្យនៅអគារ និងកាស៊ីណូ ជាពិសេសបង្កើតជាគណៈកម្មការទទួលបន្ទុកមើលការខុសត្រូវលើកាស៊ីណូ។
លោកថ្លែងថា៖ «យើងកំពុងពិនិត្យជាយន្តការការងារ។ ទីមួយគឺ មានរដ្ឋបាលខេត្ត គណៈបញ្ជាការអង្គភាព ហើយនឹងខាងក្រសួងមហាផ្ទៃ ក៏លោកមានអ្នកអន្តោប្រវេសន៍ចុះត្រួតពិនិត្យ។ ទីពីរ នឹងឈានដល់គណៈកម្មការរួមមួយដែលទទួលបន្ទុកមើលការងារគ្រប់គ្រងកាស៊ីណូ គ្រប់គ្រងការវិនិយោគផ្នែកល្បែង ស្របច្បាប់។ យើងមើលអាហ្នឹង...ត្រួតពិនិត្យបន្តទៀត»។
ចំណាត់ការរបស់អាជ្ញាធរខេត្តធ្វើឡើងក្រោយមានបញ្ជារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យបើកប្រតិបត្តិការត្រួតពិនិត្យនៅទីកន្លែងដែលមានជនបរទេសស្នាក់នៅ។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់វីអូអេថា រដ្ឋាភិបាលត្រូវតែមានឆន្ទៈពិតប្រាកដ និងការតាំងចិត្តខ្ពស់នៅក្នុងការដោះបញ្ហានេះ ដើម្បីចៀសវាងប៉ះពាល់មុខមាត់កម្ពុជា ជាពិសេសជះផលអាក្រក់ដល់ការវិនិយោគនៅក្នុងប្រទេស។
លោកបញ្ជាក់ថា៖ «អ៊ីចឹងករណីនេះ ខ្ញុំយល់ថា កម្ពុជាត្រូវតែបង្កើននូវយន្តការនៅក្នុងការទប់ស្កាត់ និងការបង្ក្រាបទៅលើករណីជួញដូរមនុស្ស ឬការជួញដូរកម្លាំងពលកម្ម ទោះជាជនបរទេស មិនជនបរទេសក៏ដោយ»។
គួរបញ្ជាក់ថាកាលពីពេលកន្លងទៅ មានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធើណិត ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឱ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម៕