ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​ក្រោម​រំឭក​ខួប​៧០​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹក​ដី


រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះសង្ឃ និង​ក្រុម​យុវជន​ជា​ច្រើន​រយ​នាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​០៤​ ខែ​មិថុនា ​ឆ្នាំ​២០១៤​នៅ​វត្ត​សាមគ្គីរង្សី ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ខួប​ទី​ ៦៥​ឆ្នាំ ​នៃ​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោយ​ឲ្យ​ទៅ​ប្រទេស​វៀតណាម។
រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះសង្ឃ និង​ក្រុម​យុវជន​ជា​ច្រើន​រយ​នាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​០៤​ ខែ​មិថុនា ​ឆ្នាំ​២០១៤​នៅ​វត្ត​សាមគ្គីរង្សី ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ខួប​ទី​ ៦៥​ឆ្នាំ ​នៃ​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោយ​ឲ្យ​ទៅ​ប្រទេស​វៀតណាម។

ថ្ងៃ​ទី​៤ ​ខែ​មិថុនា​ ឆ្នាំ​២០១៩​នេះ ជា​ខួប​ឆ្នាំ​ទី​៧០​ឆ្នាំ​​​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ ​ទៅ​ក្នុង​ការ​កាន់កាប់​របស់​ប្រទេស​វៀតណាម។

ព្រះ​សង្ឃ​ ​បណ្ដា​សមាគម​ ​សកម្មជន​នយោបាយ​ ​និង​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​យ៉ាង​ច្រើន​កុះករបាន​ជួប​ជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ខួប​លើក​ទី​៧០​រាប់​ចាប់​ពី​តាំង​ពី​ឆ្នាំ​១៩៤៩ពេល​ដែល​រដ្ឋាភិបាល​បារាំង​សម្រេច​ប្រគល់​ទឹកដី​កូសាំងស៊ីន​ទៅ​ឱ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង។​

ក្នុង​ទីតាំង​ដី​ឡូតិ៍​មួយ​កន្លែង​ ​ក្នុង​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​ដែល​ពោរពេញ​ដី​ភក់ជ្រាំ​ ​និង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​សំណង់​ផ្ទះ​ល្វែង​ជុំជិត​ ​រោងពិធី​ត្រូវ​បាន​សង់​ឡើង​ ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​២​ពាន់​នាក់​ ​បន្ទាប់ពី​ខាង​អ្នក​រៀបចំ​បាន​លើក​ឡើង​ថា ​សំណើ​សុំ​ធ្វើ​កម្មវិធី​នេះ​នៅ​ទីលាន​ប្រជា​ធិបតេយ្យក្នុង​ខណ្ឌ​ឫស្សីកែវ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ។​

នៅ​ឯ​ពិធី​នេះ​មាន​ការ​ជជែក​ ​និង​លើក​ឡើង​ជា​សេចក្ដី​ថ្លែង​ការណ៍​ស្រ​ដៀងៗ​គ្នាពី​សំណាក់​វា​គ្មិន​ផ្សេងៗ​ ​ថ្លែង​អំពី​ការ​រំឭក​ចងចាំដំណើរ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម។​

លោកតូច ថឹង​ ​អគ្គ​លេខាធិការ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោមបាន​ថ្លែង​ថា​ ព្រឹត្តិ​ការណ៍​ថ្ងៃ​ទី​៤ខែ​មិថុនា​ឆ្នាំ​១៩៤៩​ជា​ហេតុ​ការណ៍​ប្រវត្តិ​សាស្ត្រ​ដែល​បណ្ដា​ជន​ខ្មែរ​«មិន​ត្រូវ​បំភ្លេច»ចំពោះ​«ក្ដី​អយុត្តិធម៌»​ដែល​កើត​ចេញ​ពី​ការ​សម្រេច​របស់​អាជ្ញាធរ​បារាំង​នា​គ្រា​នោះ។​

«យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​មក​ជួបជុំ​គ្នា​នៅ​ថ្ងៃនេះជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​មួយ​ដ៏​ជូរចត់​ដែល​កូនចៅ​ខ្មែរ​គ្រប់រូបមិន​អាច​បំភ្លេច​បាន​គ្រប់​កាល​សម័យ​ ​ហើយ​ជា​ថ្ងៃ​គម្រប់​ខួប​៧០​ឆ្នាំ​នៃ​ថ្ងៃ​អាណានិគម​យួន​កាន់កាប់​ទឹកដី​កម្ពុជា​ក្រោម​រហូត​មក​ដល់​សព្វ​ថ្ងៃ​ ​ដោយ​ពុំ​មាន​ឥស្សរ​ជន​ខ្មែរ​ណា​ ​ឬ​ប្រជាជន​ខ្មែរ​រូប​ណាយល់ព្រម​ ​ឬ​ទទួល​ស្គាល់​ឡើយ»។​

សកម្ម​ជន​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ​បាន​ថ្លែង​បន្ត​ទៅ​កាន់​អង្គពិធី​ថា៖​

«ម៉្យាង​ទៀត​ ​ខ្ញុំ​សូម​ឱ្យ​ខ្មែរ​យើង​គ្រប់រូប​ ​កុំ​យល់​ឃើញ​ថា​ ​ទឹកដី​កម្ពុជា​ក្រោម​ ​គ្រាន់​តែ​មាន​នៅ​ក្នុង​អារម្មណ៍​នោះ​ ​សូម​ឱ្យ​ទឹកដី​កម្ពុជា​ក្រោម​ស្ថិត​ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់រូប​ ​និង​ធ្វើការ​ទាមទារ​ឱ្យ​មាន​សេរីភាព​ ​ដូចជា​ប្រជាជាតិ​នៅ​លើ​ពិភព​លោក​យើង​នេះ​ដែរ»។​

បណ្ដា​វាគ្មិន​ដទៃ​ទៀត​ដែល​ឡើង​ថ្លែង​ក្នុង​រោងពិធី​ប្រក់​តង់​ ​ក្រោម​កម្ដៅ​ថ្ងៃ​ស្រោច​កម្លោច​នា​វេលា​ពេល​ព្រឹក​មុន​បាយ​ថ្ងៃត្រង់​បាន​លើក​ឡើង​ពី​ការ​«ធ្វើ​ទុក្ខ​បុក​ម្នេញ»​របស់​អាជ្ញាធរ​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្ចាស់​ស្រុក​ ​ទាំង​ការ​រឹតត្បិត​លើ​សេរីភាព​នយោបាយ​ ​និង​សេរីភាព​ខាង​ជំនឿ​សាសនា​របស់​ពួក​គេ។​

ក្នុង​ឆ្នាំ​១៩៤៩​ ​រដ្ឋអំណាច​បារាំងបាន​សម្រេច​ប្រគល់​ការ​កាន់​កាប់​ចំណែក​ទឹកដី​កូសាំងស៊ីន​ ​ឬ​កម្ពុជា​ក្រោម​ ​ដែល​មាន​ទីតាំងនៅ​ដី​សណ្ដ​ប៉ែក​ខាង​ក្រោម​ទន្លេ​មេគង្គ​ ​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​ ​ខណៈ​ដែល​ចលនា​ទាមទារ​ឯករាជ្យ​បាន​ផ្ទុះ​ឡើង​នៅ​ទូទាំង​តំបន់​ឥណ្ឌូចិន​ដែល​ជា​មូលដ្ឋាន​អាណានិគមរបស់​បារាំង​នៅ​អាស៊ី​អាគ្នេយ៍។​

ទឹកដី​កម្ពុជា​ក្រោម​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ ​មាន​ទំហំ​៦៧៧០០​គីឡូ​ម៉ែត្រ​ក្រឡា​ ​និង​មាន​បណ្ដា​ជន​ខ្មែរក្រោម​រស់​នៅ​ប្រមាណ៧​លាន​នាក់។ ​នេះ​បើ​យោង​តាម​អង្គការ​នៃ​បណ្ដា​ប្រជាជាតិ​និង​ប្រជាជន​ខ្វះ​ភាព​តំណាង​ ​UNPO។ ​តួលេខ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​វៀតណាម​បាន​ដាក់​តួលេខ​ជនជាតិ​ខ្មែរ​ក្នុង​ប្រទេស​ខ្លួន​នៅ​ត្រឹមតែ​១,៤​លាន​នាក់​ប៉ុណ្ណោះ។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ ​ស្ថានទូត​វៀតណាម​នៅ​ភ្នំពេញ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​បំភ្លឺ​របស់​ VOA​ឡើយ​ ​ទាក់ទិន​នឹង​ថ្ងៃ​អនុស្សាវរីយ៍​៧០​ឆ្នាំ​នៃ​ការ​បាត់​បង់​ទឹកដី​កម្ពុជា​ក្រោម​នេះ​ ​រី​ឯ​ស្ថានទូត​បារាំង​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ។

អ្នក​រៀប​ចំ​បាន​លើក​ឡើង​ថា​ ព្រះ​បរម​រាជវាំង​បាន​បរិច្ចាគ​វិភាគ​ទាន​៣​ពាន់​ដុល្លារ​អាមេរិក​ ដល់​ការប្រារព្ធ​ពិធី​រំឭក​ខួប​ខាង​លើ។​

ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ ​ស៊ីសុវត្ថិ​ ​ពង្ស​នារី​ ​មុនី​ពង្ស​ ​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ​ ​ព្រះ​បាទ​ ​នរោត្តម​ ​សីហ​មុនី​ ​បាន​យាង​ចូល​រួម​ជា​ព្រះ​អធិបតី​ក្នុង​អង្គ​ពិធី​តំណាង​ឱ្យ​ព្រះ​រាជា​ ​និង​ព្រះ​រាជវាំង។​ ព្រះ​អង្គ​ម្ចាស់​ក្សត្រីបាន​កោត​សរសើរ​អង្គការ​សមាគម​ខ្មែរ​ក្រោម​នានា​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែងលើក​ស្ទួយ​អត្តសញ្ញាណ​ ​ប្រពៃណី​ ​វប្បធម៌​របស់​ខ្លួន។​

«មួយ​ឆ្នាំៗ​ចេះតែ​នៅ​តត្រុក​ ​តិច​ច្រើន​អី​ ​ក៏​ចេះ​តែ​នៅតត្រុក​ជាប់​រហូត​ ​កុំ​ភ្លេច​[ថា]​ការ​ព្យាយាម​ ​វា​មិន​ដែល​មិនបាន​ផល​ទេ។​ ​វា​តែង​តែ​បាន​ផល​ ​គ្រាន់​តែ​យូរ​ហើយ​និង​ឆាប់​ ​ទាល់តែ​យើង​មាន​ចិត្ត​អត់ធ្មត់​ខ្លាំង​ក្លា​ណាស់»។

ព្រះ​អង្គ​ម្ចាស់​ក្សត្រី​អង្គ​នេះ ​ដែល​មាន​ព្រះ​មាតា​ជា​ខ្មែរ​កម្ពុជា​ក្រោម​ ​បាន​មាន​ព្រះ​សុវណ្ណីបន្ត​ថា៖

«សូម​បាន​ពរ​សិរីសួស្ដី!​ ​ខំ​ព្យាយាម​ប្អូន​ណា!​ ​មិន​ដែល​ថា​ អត់​បាន​សម្រេច​ទេ​ ​ណា​កូន​ណា! ​គ្រាន់តែ​ថា​ ​ខ្ញុំ​មិន​មែន​លូកលាន់​រឿង​នយោបាយ។​ ​ខ្ញុំ​អត់​ចេះ​ ​ខ្ញុំ​អត់​ចេះ​ទេ​រឿង​នយោបាយ។​ ​ឱ្យ​ខ្ញុំ​និ​យាយ​វរៗ​ខុស​ ​សុខ​ចិត្ត​ណា​ ​ដង្ហែ​តែ​ម​ហា​ក្សត្រ​ហ្នឹង​ជាប់​អ៊ី​ចឹង»។​

វា​គ្មិន​ដទៃ​ទៀត​ដូច​ជាលោក​ ​ខឿន វីរ៉ាត​ ​តំណាង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​ ​បាន​ស្នើ​ឲ្យរដ្ឋាភិបាល​កម្ពុជាអន្តរាគមន៍​លើក​សំណើ​ក្នុង​ជំនួប​ផ្សេងៗ​ ​ជា​មួយ​ថ្នាក់ដឹកនាំ​វៀតណាម​ ​ឱ្យ​មាន​ការ​ធានា​ការពារ​សិទ្ធិ​រស់នៅ​ ​រក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​ ​និង​អត្ត​សញ្ញាណ​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។​

លោកផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​បាន​ស្ដាប់​ឮ​ទុក្ខ​កង្វល់​របស់​បណ្ដា​ជន​ខ្មែរក្រោម​ ​ហើយ​លោក​ថា ​ព្រឹត្តិ​ការណ៍​ថ្ងៃ​ទី​៤ខែ​មិថុនាជា​«ការ​រៀន​សូត្រ​ប្រវត្តិ​សាស្ត្រ»​ ​តែ​លោក​ថា​ ​ រដ្ឋាភិបាល​ពុំ​មាន​ជម្រើស​អ្វី​ក្រៅពី​ទទួល​យក​មរតក​អាណានិគម​ ​និង​បន្ត​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​វៀតណាម​ ​ដែល​បច្ចុប្បន្ន​សម្រេច​បាន​៨៤%។​

«មិនមែន​ចោទ​ថា​ ​រាជ​រដ្ឋាភិបាល​ព្រងើយ​កន្តើយ​នឹង​ជនជាតិ​របស់​ខ្លួន​ ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​នោះ​ទេគឺ​អត់មាន​ទេ​ ​ដូច​ខ្ញុំ​បាន​បញ្ជាក់​ហើយ​គឺ​អង្គ​ការ​សហ​ប្រជាជាតិ​បាន​ទទួល​ស្គាល់​ខ្មែរ​កម្ពុជា​ក្រោម​ថា​ ​ជា​ជនជាតិ​ដើម។​ ​អាហ្នឹង​គឺជា​ការ​តតាំង​របស់​ក្រុម​កម្ពុជា​ក្រោម​ទេ​ ​មិន​មាន​ពាក់​ព័ន្ធ​នឹង​រាជ​រដ្ឋាភិបាល​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ»។​

មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ត​ថា៖

«ដូច្នេះ​អារម្មណ៍អ្វី​ទៅ​ដែល​យើង​ហៅ​ថា​ ​ជា​ការ​ស្រឡាញ់​ ​ការ​នឹក​រឭក​នូវ​ដែនដី​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ ​ដែល​ត្រូវ​បាន​កាត់​ចេញ​ពី​មាតុភូមិ​របស់​យើង។ ​អាហ្នឹង​ជា​អារម្មណ៍​របស់​ប្រជាពល​រដ្ឋ​យើង​ទាំង​អស់​គ្នា​ ​រួម​ទាំង​រាជ​រដ្ឋាភិបាល‍»។​

កម្មវិធី​ដែល​រៀប​ចំឡើង​នៅ​ព្រឹក​ថ្ងៃអង្គារ​បាន​បិទ​បញ្ចប់​ជា​មួយ​នឹង​ការ​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ​ចំនួន​១៩៤៩​អង្គ​ ​ដែល​យោង​តាម​អ្នក​រៀបចំ​កម្មវិធី​ថា ​តួលេខ​នេះ​ជា​លេខ​តំណាង​នៃ​ឆ្នាំ​១៩៤៩ជា​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នោះ​ឯង៕

XS
SM
MD
LG