សកម្មជនខ្មែរកម្ពុជាក្រោមរក្សាក្តីសង្ឃឹមថាពលរដ្ឋខ្មែរកម្ពុជាក្រោមនឹងមានសិទ្ធិសេរីភាពពេញលេញក្នុងពេលខាងមុខដោយសារតែមានយន្តការច្បាប់និងការយល់ដឹងកាន់តែច្រើននៅលើឆាកអន្តរជាតិពីបុព្វហេតុរបស់ពួកគេក្នុងការទាមទារសិទ្ធិស្វ័យសម្រេចនៅលើទឹកដីកំណើតប៉ុន្តែបានអះអាងពីការបន្តប្រើប្រាស់យន្តការអហិង្សា។
ក្រុមពលរដ្ឋនិងព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលនៅជុំវិញពិភពលោកនិងក្រុមសកម្មជនតស៊ូបរទេសគ្មានតំណាងនៅអង្គការសហប្រជាជាតិរួមទាំងអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិចំនួន២០០នាក់បានជួបប្រជុំគ្នានៅឯសន្និសីទលើកទី២ស្តីពី«សិទ្ធិខ្មែរក្រោមក្នុងការសម្រេចជោគវាសនាដោយខ្លួនឯង»និងក៏ដើម្បីរំឭកដល់រយៈពេល៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលវៀតណាមផងដែរ។
ពិធីដែលមានលក្ខណៈអន្តរជាតិនេះត្រូវបានប្រារព្ធឡើងក្នុងទីក្រុងឡាអេ ប្រទេសហូឡង់កាលពីថ្ងៃសៅរ៍ទី១ ខែមិថុនា។
លោក សឺន ស៊ូប៊ែរ្តិ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលបានចូលរួមក្នុងសន្និសីទបានបញ្ជាក់ប្រាប់វីអូអេថា ការណ៍ដែលប្រទេសបារំាងបានប្រគល់ទឹកដីខ្មែរកម្ពុជាក្រោមឱ្យទៅវៀតណាមគ្រប់គ្រងគឺជារឿង«អយុត្តិធម៌»មួយ ដូច្នេះមានតែយន្តការច្បាប់អន្តរជាតិទេដែលអាចទាមទារសិទ្ធិសម្រាប់ពលរដ្ឋខ្មែរកម្ពុជាក្រោមឡើងវិញ។
លោក ស៊ូប៊ែរ្តិ៍បានបន្ថែមថា៖
«ដូច្នេះហើយយើងត្រូវតែទាមទារក្នុងមូលដ្ឋានច្បាប់ ទាមទារសិទ្ធិសេរីភាពនិងការសម្រេចវាសនាខ្លួនឯងហ្នឹងដែលអង្គការសហប្រជាជាតិបានចារនៅក្នុងធម្មនុញ្ញរបស់ខ្លួន។ យើងអត់ចង់ទៅបះបោរដូចជាយួនគំរាមកំហែងទៅអង្គការសហប្រជាជាតិថាឱ្យខ្មែរក្រោមមានសិទ្ធិសេរីភាព វាគឺជាការបំបែកស្រុកយួន។ យើងអត់ចង់ធ្វើអីចឹងពីព្រោះយើងស្រុកខ្មែរនិងស្រុកយួន គឺយើងនៅក្នុងតំបន់មួយដែលគេហៅថាអាស៊ានហើយម្ល៉ោះហើយវាអត់អាចទៅឈ្លោះគ្នាបានទេ»។
សន្និសីទរយៈពេលមួយថ្ងៃនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម វិទ្យាស្ថានហាវ៉ៃសម្រាប់សិទ្ធិមនុស្ស និងអង្គការពលរដ្ឋនិងប្រជាជាតិគ្មានតំណាង ហើយមានវាគ្មិនសំខាន់ៗដែលចូលរួមចែករំលែកបទពិសោធនៃការតស៊ូរបស់ពួកគេនិងសិក្សាពីក្រុមខ្មែរកម្ពុជាក្រោម។ ពួកគេមកពីចលនារួបរួមតស៊ូរំដោះប៉ាពួខាងលិច (United Liberation Movement for West Papua) សភាជាតិកាតាឡូញ៉ា (Catalan National Assembly) និង សហព័ន្ធអាស៊ីរីនៃអឺរ៉ុប(Assyrian Confederation of Europe) ។
សកម្មជនខ្មែរកម្ពុជាក្រោមលើកឡើងថាផ្អែកលើបទពិសោធន៍នៃក្រុមតស៊ូទាំងនេះដែលចំណាយពេលតស៊ូជាយូរឆ្នាំមកហើយប៉ុន្តែនៅមិនទាន់បានសម្រេចគោលដៅ គឺពួកគេដឹងថាការពឹងពាក់មហាអំណាចដើម្បីបុព្វហេតុរបស់ជនជាតិខ្លួនក៏ត្រូវថ្លឹងថ្លែងពីផលប្រយោជន៍សេដ្ឋកិច្ចដែលគេអាចនឹងទទួលបានវិញនិងកត្តាខ្លួនឯងផងដែរ។
លោកប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបានលើកឡើងថាក្រុមសកម្មជនខ្មែរកម្ពុជាក្រោមនឹងខិតខំពង្រឹងបន្ថែមទៀតលើកិច្ចការផ្នែកការទូតដោយទាក់ទងប្រទេសធំៗដែលមានផលប្រយោជន៍សេដ្ឋកិច្ចជាមួយនឹងវៀតណាម។ ទន្ទឹមនឹងនោះដែរគឺការពង្រឹងធនធានមនុស្សបន្ថែមដែលមានក្រុមយុវជនដើម្បីបន្តបុព្វហេតុក្នុងរយៈពេលយូរ។
លោកបានបន្ថែមថា៖
«បញ្ហាធនធានមនុស្សក៏យើងត្រូវរៀបចំពីឥឡូវទៅរហូតទៅដល់មុខហ្នឹងពីព្រោះយើងមិនអាចពឹងផ្អែកតែលើអ្នកដែលធ្វើការជំនាន់ឥឡូវទៅមុខទៀតបានទេ គឺត្រូវមានមនុស្សដែលផ្លាស់ប្តូរយើងគឺអ្នកដែលមានគំនិតថ្មីៗ យុវជនជំនាន់ក្រោយសម្រាប់ឱ្យយល់ហើយធ្វើម៉េចផ្សព្វផ្សាយឱ្យច្រើនជាងនេះទៅទៀតដើម្បីឱ្យបងប្អូនខ្មែរនៅទឹកដីកម្ពុជាក្រោមបានយល់ច្បាស់ពីស្ថានការណ៍អន្តរជាតិ ពីច្បាប់ទម្លាប់អន្តរជាតិ។ អីចឹងទៅហ៊ានងើបតស៊ូ តវ៉ាដោយសន្តិវិធីច្រើនជាងមុន»។
អាណានិគមបារំាងបានសម្រេចកាត់ដែនដីខ្មែរកម្ពុជាក្រោមឬកូសាំងស៊ីន ទៅឱ្យស្តេចបាវដាយរបស់វៀតណាមគ្រប់គ្រងជាផ្លូវការតាំងពីថ្ងៃទី៤ខែមិថុនា ឆ្នាំ១៩៤៩ដោយមិនបានពិភាក្សាជាមួយនឹងព្រះមហាក្សត្រខ្មែរទេ។ ចំណាត់ការនាពេលនោះគឺក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃក្រុមកុម្មុយនិស្តដែលបានគ្រប់គ្រងវៀតណាមខាងជើងរួចទៅហើយ។ ដែនដីកម្ពុជាក្រោមមានទំហំ៦៧.៧០០គីឡូម៉ែត្រការ៉េនិងត្រូវជា២១ខេត្តដែលមានកោះធំៗចំនួនពីរគឺកោះត្រល់និងកោះត្រឡាច។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានប៉ាន់ស្មានថាបច្ចុប្បន្នមានពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន៧លាននាក់កំពុងរស់នៅក្នុងទឹកដីដូនតាដែលបច្ចុប្បន្នស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម។ នៅប្រទេសកម្ពុជា ខ្មែរកម្ពុជាក្រោមមានចំនួន១,២លាននាក់។ ក្រៅពីនោះនៅជុំវិញពិភពលោកមានចំនួនប្រហែល៤០.០០០នាក់ដែលភាគច្រើនគឺរស់នៅសហរដ្ឋអាមេរិកដែលមានចំនួនរហូតដល់ជាង៣០.០០០នាក់។ ប៉ុន្តែរដ្ឋាភិបាលវៀតណាមបានវាយតម្លៃថាពលរដ្ឋវៀតណាមដើមកំណើតខ្មែរ(ជាឈ្មោះផ្លូវការ) មានប្រហែលតែ១,៤លាននាក់តែប៉ុណ្ណោះ។
ពលរដ្ឋខ្មែរកម្ពុជាក្រោមភាគច្រើនកាន់ព្រះពុទ្ធសាសនានីកាយថេរវាទនិងនិយាយភាសាខ្មែរក្នុងជីវភាពប្រចាំថ្ងៃ។ មានវត្តចំនួន៥៦០ស្ថិតនៅក្នុងដែនដីកម្ពុជាក្រោមហើយសកម្មជនបានសាងសង់វត្តថ្មីនៅទូទាំងពិភពលោកដែលសរុបទាំងអស់ចំនួន៤០ទៀត។
ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះមានអ្នកតស៊ូខ្មែរកម្ពុជាក្រោមមួយចំនួនបានដឹកនាំចលនាតស៊ូបះបោរប្រដាប់អាវុធទាំងក្នុងរបបសាធារណរដ្ឋវៀតណាម ឬវៀតណាមខាងត្បូងរហូតដល់របបកុម្មុយនីស្តវៀតណាមប៉ុន្តែបានរងនូវការបង្ក្រាបទៅវិញយ៉ាងជូចត់។ នេះបើតាមការរៀបរាប់របស់អតីតអ្នកតស៊ូខ្លះក្នុងពេលកន្លងមក។
បច្ចុប្បន្នខ្មែរកម្ពុជាក្រោមរងការរំលោភបំពានផ្នែកសិទ្ធិមនុស្សដែលប៉ះពាល់ដីស្រែចម្ការការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា កង្វះការសិក្សាភាសាខ្មែរឱ្យបានទូលំទូលាយ គ្មានសិទ្ធិសេរីភាពក្នុងការនិយាយស្តី ផលប៉ះពាល់ខាងផ្នែកបរិស្ថានលើជីវភាពរស់នៅនិងត្រូវធ្វើចំណាកស្រុកក្នុងប្រទេសដើម្បីស្វែងរកការងារធ្វើហើយអ្នកខ្លះក៏ត្រូវរត់ភៀសខ្លួនចេញក្រៅប្រទេសដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញទាំងនោះ។
យ៉ាងណាក៏ដោយសកម្មជនមើលឃើញថាពលរដ្ឋខ្មែរកម្ពុជាក្រោមមានចំណុចខ្លាំងដែលពួកគេអាចនឹងប្រើប្រាស់តាមផ្លូវច្បាប់នោះគឺការរក្សាអត្តសញ្ញាណជាតិដែលមានការគោរពព្រះពុទ្ធសាសនា រក្សាវប្បធម៌ខ្មែរហើយត្រូវបន្តប្រើប្រាស់ភាសានិងអក្សរសាស្រ្តខ្មែរជាដើម។
លោក សឺន ស៊ូប៊ែរ្តិ៍ បានបន្តថា៖
«នៅស្រុកក្រោមយើងនៅរក្សាភាសារបស់យើង អក្សរសាស្រ្តរបស់យើង។ នេះជាការសង្ឃឹមយ៉ាងខ្លាំងដើម្បីតស៊ូតទៅមុខទៀត ដូចព្រះអង្គមហាឃោសនន្ទលោកមានសង្ឃដីការកាលពីលោកនៅមានជីវិតនៅឡើយថាយើងត្រូវធ្វើមួយជំហានម្តងមួយជំហានម្តងទៅមុខកុំថយក្រោយ។ ម្ល៉ោះហើយយើងបានលទ្ធផលជាច្រើនរួចទៅហើយយើងអត់ថយក្រោយទេរហូតដល់គោលបំណងរបស់យើងបានសម្រេច»។
លោករ៉ាលហ្វ បាន់ជ្ហិ៍ (Ralph Bunche) អគ្គលេខាធិការនៃអង្គការពលរដ្ឋនិងប្រជាជាតិគ្មានតំណាងបានបន្ថែមថា៖
«ដរាបណាពលរដ្ឋនៅរក្សាបានវប្បធម៌ ទំនាក់ទំនង និងសាមគ្គីភាពឆ្លងព្រំដែន គឺពួកគេមានឱកាសហើយនិងបើសិនជាបស្ចិមប្រទេសដូចជាសហរដ្ឋអាមេរិកនិងអឺរ៉ុបដាក់សម្ពាធខ្លះលើវៀតណាមឱ្យបើកសិទ្ធិផ្តល់សិទ្ធិស៊ីវិលនិងនយោបាយនោះគឺសហគមន៍និងមានកម្លាំងគ្រប់គ្រាន់ដើម្បីប្រើប្រាស់សិទ្ធិដែលផ្តល់ឱ្យដើម្បីគ្រប់គ្រងដោយខ្លួនឯងបាន»។
លោកចូស្សួរ កូផើ (Joshua Cooper) ប្រធានវិទ្យាស្ថានហាវ៉ៃសម្រាប់សិទ្ធិមនុស្សបានបញ្ជាក់ថាពលរដ្ឋខ្មែរកម្ពុជាក្រោមមានមូលដ្ឋានច្បាប់ក្នុងការទាមទាររបស់ពួកគេដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមដោយផ្អែកតាមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយនិងអនុសញ្ញាស្តីពីសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌។
លោកចូស្សួរបានពន្យល់បន្ថែមថាសន្និសីទនេះជាការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សដែលមានសិទ្ធិសេរីភាពក្នុងការបដិបត្តិសាសនា ការចូលរួមរបស់យុវជនក្នុងការធ្វើសេចក្តីសម្រេចចិត្តនិងសិទ្ធិក្នុងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនដែលរដ្ឋាភិបាលវៀតណាមបានកំណត់ខុសលើពួកគេ។
លោកចូស្សួរ បានបន្ថែមថា៖
«ដូច្នេះវាគឺជាការសំឡឹងមើលវិធីថ្មីមួយឆ្ពោះទៅមុខដែលខ្មែរក្រោមអាចវិលត្រឡប់មករកប្រព័ន្ធជនជាតិដើមដែលពួកគេរស់នៅដោយសុខសានជាមួយនឹងធម្មជាតិ ជាមួយនឹងទន្លេមេគង្គ ប៉ុន្តែក៏ផ្តល់នូវអនាគតមួយដល់កូនចៅជំនាន់នេះនិងជំនាន់ក្រោយ។ ដូច្នេះដីធ្លីមាននៅទីនោះសម្រាប់ពួកគេហើយសំខាន់ជាងនេះទៀតគឺវប្បធម៌មួយដែលកំណត់គោលនយោបាយនិងធានាយ៉ាងច្បាស់ថាសន្តិភាពនឹងកើតមានឡើងសម្រាប់ពលរដ្ឋខ្មែរក្រោមក្នុងពេលអនាគត»។
លោកស្រី កៀន សុធី ប្រធានយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានទទូចឱ្យយុវជនដទៃទៀតឱ្យចូលរួមក្នុងសកម្មភាពទាមទារសិទ្ធិស្វ័យសម្រេចជោគវាសនារបស់ខ្លួនហើយបានស្នើឱ្យជនរួមជាតិរក្សាក្តីសង្ឃឹម៖
«ដូច្នេះហើយថ្វីត្បិតតែយើងនៅក្រោមអាណានិគមយួនមែន ហើយអ្វីដែលយើងចង់និយាយមានការលំបាកខ្លាំងមែនទែនក៏ប៉ុន្តែយើងត្រូវតែស៊ូទ្រាំហើយមានក្តីសង្ឃឹមថាយើងមានសហព័ន្ធដែលជាពន្លឺមួយដែលខ្លាំងមែនទែនដែលនឹងជួយបង្ហាញផ្លូវដើម្បីឱ្យយើងមានសេរីភាពក្នុងការនិយាយស្តីក្នុងព្រះពុទ្ធសាសនាហើយជាពិសេសក្នុងការដែលយើងចង់សម្រេចវាសនាដោយខ្លួនឯង»។
ក្រុមសកម្មជនខ្មែរកម្ពុជាក្រោមដែលនៅទូទាំងពិភពលោកតែងតែដឹកនាំធ្វើបាតុកម្មនៅសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនិងធ្វើសកម្មភាពបញ្ចុះបញ្ចូលរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងនោះឱ្យលើកឡើងពីទុក្ខលំបាករបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅរាល់ពេលដែលមានក្រុមប្រតិភូត្រូវទៅទស្សនកិច្ចប្រទេសវៀតណាម។
លោកប្រាក់ សេរីវុឌ្ឍក៏បានស្នើឱ្យពលរដ្ឋខ្មែរនៅប្រទេសកម្ពុជាចងចាំថាខ្មែរកម្ពុជាក្រោមក៏ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនផងដែរ។
«រឿងរ៉ាវតស៊ូរបស់យើងបើបងប្អូនខ្មែរនៅកម្ពុជាមិនខ្វល់មិនរវីរវល់ទេ ការប្រឹងរបស់ខ្មែរក្រោមទទេមិនគ្រប់កម្លាំងទេ ត្រូវគិតដល់បងប្អូនខ្មែរក្រោមទោះបីតាមផ្លូវចិត្តក្តីឱ្យតែយល់រឿងយើង។ នេះហើយជារឿងមួយដែលយួនវាព្រួយបារម្ភ។ យួនវាមិនចង់ឱ្យខ្មែរនៅកម្ពុជាយល់ដឹងពីរឿងកម្ពុជាក្រោម ហើយបំភ្លេចរឿងហ្នឹងថារឿងនៅស្រុកយួនប៉ុន្តែបើខ្មែរនៅកម្ពុជាចេះនឹកឃើញដល់កម្ពុជាក្រោមគឺរឿងយើងអត់បាត់ទេ»។
លោកក៏បានអំពាវនាវដល់អាជ្ញាធរកម្ពុជាជួយសម្រួលឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោមទទួលបានការជ្រកកោនផងនៅពេលដែលពួកគេរត់ភៀសខ្លួនមកដល់ទឹកដីកម្ពុជា៕