អ្នកតាមដានការវិវឌ្ឍសង្គមបានវាយតម្លៃថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់«យុទ្ធសាស្ត្រមួយដ៏ពូកែ» នៅក្នុងការបើកផ្លូវឲ្យនាវាជប៉ុនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែកងទ័ពជើងទឹករាមមុនគេ នៅពេលដែលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឬការធ្វើទំនើបកម្មចប់រួចរាល់នៅទីនោះ។
កាលពីចុងសប្តាហ៍មុន លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទី ប្រាប់លោក អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅក្នុងជំនួបមួយនៅរាជធានីភ្នំពេញថា៖ «កម្ពុជានឹងអនុញ្ញាតឲ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់»។ នេះបើតាមការបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២០ ខែធ្នូ។
ប្រធានវេទិកាអនាគត (Future Forum) លោក អ៊ូ វីរៈ កត់សម្គាល់ថា នេះជា «យុទ្ធសាស្ត្រមួយដ៏ពូកែ» ក្នុងការបង្វែរស្ថានការណ៍ជុំវិញការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម។
បើតាមលោក អ៊ូ វីរៈ ការណ៍ដែលកម្ពុជាអនុញ្ញាតឲ្យជប៉ុនចូលចតកំពង់ផែរាមមុនគេនៅពេលសាងសង់រួចនោះក៏បង្ហាញថា កម្ពុជាទុកចិត្តលើប្រទេសជប៉ុន ខណៈមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះជាដៃគូដ៏ជិតស្និទ្ធមួយរបស់សហរដ្ឋអាមេរិក និងជាប្រទេសដែល «សន្សំសុខ ឬសន្សំសន្តិភាព»។
លោកប្រាប់វីអូអេនៅថ្ងៃពុធថា៖ «ការណ៍ឲ្យជប៉ុនចុះចតគឺជាសញ្ញាមួយថា រាមគឺជាផែរបស់កម្ពុជា មិនមែនរបស់ចិនទាំងស្រុងទេ ឬមួយរបស់ចិនទេ។ ប៉ុន្តែសំណួរសួរថា តើនឹងដូរមតិអន្តរជាតិទាំងស្រុងទេ ខ្ញុំថា មិនដូរទាំងស្រុងទេ ព្រោះការចុះចតក៏មិនមែនបានន័យថាចិន មិនអាចប្រើប្រាស់ផែរាម នៅពេលណាដែលចិនត្រូវការឬមួយមានការស្នើមកកម្ពុជាទេ ជាពិសេសក្នុងស្ថានភាពដែលមានជម្លោះណាមួយក្នុងឆ្នេរសមុទ្រចិនខាងត្បូង»។
ទោះយ៉ាងណាក្តី ក៏លោក អ៊ូ វីរៈ យល់ឃើញថា ទីតាំងផែរាមមិនមានសារសំខាន់ខ្លាំងសម្រាប់ប្រទេសចិននោះទេ ព្រោះសមុទ្ររាមស្ថិតនៅឆ្ងាយពីតំបន់សមុទ្រចិនខាងត្បូង ដែលកំពុងមានភាពតានតឹងរវាងចិន និងបណ្តា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកបន្ថែមថា កម្ពុជាកំពុងបង្ហាញខ្លួនថាជាប្រទេសកណ្តាលនិយម ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសនេះ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងនៅរក្សាឆន្ទៈក្នុងការពង្រីកឥទ្ធិពលខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោក អ៊ូ វីរៈ ថ្លែងថា៖ «យើងវិភាគទៅ គឺចិនមានឆន្ទៈក្នុងការមានឥទ្ធិពលក្នុងតំបន់ ប៉ុន្តែមិនមានផលប្រយោជន៍យោធាជាខ្នាតធំទេ។ ដោយសារអ៊ីចឹងហើយបានកម្ពុជាដែលអាចថែរក្សារូបភាពជាប្រទេសអព្យាក្រឹតនៅក្នុងស្ថានភាពតានតឹង មហាយក្សទាំងឡាយហ្នឹងគឺជារឿងមួយល្អ។ ហើយការអនុញ្ញាតជប៉ុនចូលចត[នាវា]មុនដំបូងគេ គឺជាយុទ្ធសាស្ត្រមួយដ៏ពូកែ ដ៏ល្អបំផុត»។
បើតាមលោក អ៊ូ វីរៈ ការចោទប្រកាន់និងការសង្ស័យរបស់សហរដ្ឋអាមេរិកជុំវិញមូលដ្ឋានកងទ័ពជើងទឹករាមនេះកើតឡើង បន្ទាប់ពីកម្ពុជាបានវាយកម្ទេចអគារដែលអាមេរិកបានជួយសាងសង់នៅក្នុងកំពង់ផែរាមនោះ ហើយជំនួសមកវិញនូវអគាររបស់ចិន ដែលសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន តាមរយៈជំនួយឥតសំណងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង នៅឆ្នាំ ២០២២។
ប្រធានវេទិកាអនាគតរូបនេះបានឲ្យដឹងទៀតថា ដើម្បីកាត់បន្ថយការចោទប្រកាន់ជុំវិញការតាំងទីរបស់កងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាមនោះ កម្ពុជាត្រូវតែបើកចំហនិងបង្កើតទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកឡើងវិញ ដែលរួមមានការធ្វើសមយុទ្ធយោធារួមគ្នា ដូចកាលពីកន្លងទៅជាដើម និងធ្វើយ៉ាងណាដើម្បីកុំឲ្យគេមើលឃើញថា កម្ពុជាពឹងផ្អែកលើប្រទេសចិនទាំងស្រុង រួមទាំងសេដ្ឋកិច្ចនិងយោធា ហើយត្រូវតែមានតម្លាភាពក្នុងការអនុញ្ញាតឲ្យប្រទេសនានាចូលចតកំពង់ផែរាម ដោយកុំឲ្យមានការចូលចតយូររបស់នាវាចិន។
នាវារបស់ចិនបានឆ្លាស់វេនគ្នាចេញចូលកំពង់ផែរាម ចាប់តាំងពីដំណើរការកែលម្អដែលផ្តល់លុយដោយទីក្រុងប៉េកាំង កាលពីខែមិថុនា ឆ្នាំ ២០២២។ ប្រទេសកម្ពុជាបានបដិសេធចោលសេចក្តីរាយការណ៍នានានៃកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ដើម្បីតាំងទីកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកវិភាគនយោបាយ លោក មាស នី ប្រាប់វីអូអេថា ការណ៍ដែលកម្ពុជាអនុញ្ញាតឲ្យនាវាជប៉ុនចូលចតមូលដ្ឋានកងទ័ពជើងទឹករាម ពេលសាងសង់រួចនោះ គឺជាការសម្រេចចិត្តត្រឹមត្រូវ និងថា ការបើកចំហប្រកបដោយតម្លាភាពនៅមូលដ្ឋានទ័ពជើងទឹកនោះ នឹងអាចលុបបំបាត់នូវមន្ទិលសង្ស័យនានា ហើយក៏ជាផ្នែកមួយដែលអនុញ្ញាតឲ្យកម្ពុជាអាចចាប់ផ្តើមកសាងទំនាក់ទំនងល្អឡើងវិញជាមួយបស្ចិមប្រទេស។
លោក មាស នី ថ្លែងថា៖ «ការបើកចំហជារឿងសំខាន់ ដូច្នេះខ្ញុំគិតថា ការបើកចំហរបស់រដ្ឋាភិបាលកម្ពុជាវាអាចជាជំហានមួយល្អ សម្រាប់នយោបាយការបរទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បាននៅឡើយទេ។ ដោយឡែក ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃពុធនេះថា លោក ហ៊ុន សែន បានថ្លែងប្រាប់លោក Akiba Takeo ថា «លោកចង់ស្វាគមន៍នាវាជប៉ុនមុនគេ» នៅពេលដែលការធ្វើទំនើបកម្មនៅមូលដ្ឋានកងទ័ពជើងទឹករាមបានបញ្ចប់។ ក៏ប៉ុន្តែ មិនទាន់មានការកំណត់កាលបរិច្ឆេទនៃការសំចតរបស់នាវាជប៉ុននៅឡើយទេ។
អ្នកនាំពាក្យក្រសួងការពារជាតិនាយឧត្តម ឈុំ សុជាត ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃពុធថា លោកមិនទាន់មានព័ត៌មាន ស្តីអំពីការបញ្ចប់ការសាងសង់មូលដ្ឋានបញ្ជាការដ្ឋានកងទ័ពជើងទឹករាមនៅឡើយទេ។ លោកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយនូវសំណួរផ្សេងទៀត ពាក់ព័ន្ធនឹងពេលវេលាជាក់លាក់ណាមួយនៃការចូលចតរបស់នាវាជប៉ុននៅមូលដ្ឋានកងទ័ពជើងទឹករាមផងដែរ។
គួររំឭកថា ជំនួបរវាងប្រធានព្រឹទ្ធសភាលោកហ៊ុន សែន និង លោក អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិជប៉ុន កើតឡើងនៅពេលមានការចូលចតនាវាចម្បាំង USS SAVANNAH របស់សហរដ្ឋអាមេរិក នៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុរយៈពេល ៥ ថ្ងៃ បន្ទាប់ពីការខកខានអស់រយៈពេល ៨ ឆ្នាំ។
ឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងអំឡុងការចូលចតរបស់នាវាចម្បាំង USS SAVANNAH នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងក្នុងសន្នីសិទព័ត៌មានមួយថា សហរដ្ឋអាមេរិកនៅបន្តរង់ចាំមើលឥរិយាបថរបស់ទំនាក់ទំនងនៃកងទ័ពរំដោះប្រជាជនចិននៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។ លោក Paparo បានថ្លែងបន្តថា នៅពេលវេលាសមស្របមួយ សហរដ្ឋអាមេរិកអាចមានការបំពេញទស្សនកិច្ចនៅកំពង់រាម ខណៈសហរដ្ឋអាមេរិកនៅបន្តឈ្វេងយល់ឲ្យបានកាន់តែច្រើនអំពីសកម្មភាពរបស់ចិននៅទីនោះ៕
វេទិកាបញ្ចេញមតិ