ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ចាប់​ផ្ដើម​ជួល​ជុល​ពង្រីក​ផ្លូវ​ជាតិ​លេខ៤​ប្រើ​កម្ចី​ធនាគារ​ពិភពលោក


ទិដ្ឋភាព​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុន​នឹង​ចូល​ដល់​ទីរួមខេត្ត​ព្រះសីហនុ។ (ស៊ុន ណារិន/VOA)
ទិដ្ឋភាព​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុន​នឹង​ចូល​ដល់​ទីរួមខេត្ត​ព្រះសីហនុ។ (ស៊ុន ណារិន/VOA)

រដ្ឋាភិបាល​បាន​ប្រកាស​ចាប់​ផ្ដើមគម្រោង​៥ឆ្នាំ​ក្នុង​ការ​ជួស​ជុលពង្រីក​ផ្លូវ​ជាតិ​លេខ​៤​ដែល​ភ្ជាប់​រាជ​ធានី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ ដោយ​ប្រើ​កម្ចី​សម្បទាន​ពី​ធនាគារ​ពិភពលោក។

កំណាត់​ផ្លូវ​ដែល​ត្រូវ​ជួស​ជុល​ចាប់​ផ្ដើម​ពី​ចំណុច​គីឡូម៉ែត្រ​លេខ​១៩​ក្នុង​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្ដាល​ ដល់​ចំណុច​គីឡូម៉ែត្រ​លេខ២១៥ ក្នុង​ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​របស់​កម្ពុជា។

ក្រសួង​រដ្ឋ​ដដែល​នេះ​បាន​បន្ត​ថា ក្នុង​ការ​ជួស​ជុល​នេះ កំណាត់​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​ខាង​លើ​នឹង​ត្រូវ​ពង្រីក​ទទឹង​ពី៧ម៉ែត្រ​ ទៅ១០ម៉ែត្រ និងត្រូវ​កែ​លម្អ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជំនន់​ទឹក​ភ្លៀង​វាយ​លុក​ពន្លិច​កំណាត់​ផ្លូវ​ខាង​លើ​ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

ធនាគារ​ពិភព​លោក​ជា​គ្រឹះស្ថាន​ផ្ដល់​ហិរញ្ញប្បទាន​លើ​គម្រោង​នេះ​ ក្នុង​រូប​ភាព​ជា​កម្ចី​សម្បទាន​ឬ​កម្ចី​ដោយ​គ្មាន​ការ​ប្រាក់​ ក្នុង​ទំហំ​កម្ចី​១១០​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​អង្គ​ភាព​ខាង​លើ​ឯក​ភាព​ឱ្យ​ខ្ចី​កាល​ពីខែ​កក្កដា​ឆ្នាំ២០១៨។

ផ្លូវ​ជាតិ​លេខ៤​ត្រូវ​បាន​សាងសង់​ក្នុង​ទសវត្សរ៍​ឆ្នាំ៥០​ក្រោម​ជំនួយ​របស់​សហរដ្ឋអាមេរិក។ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ផ្លូវ​នេះ​ត្រូវ​បាន​ជួស​ជុល​ជា​ហូរ​ហែ​ក្រោម​ជំនួយ​សហរដ្ឋ​អាមេរិក​ តែ​ត្រូវ​បាន​ក្លាយ​ជា​ផ្លូវ​បង់​ប្រាក់​ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ២០១៦។

នៅ​មុន​ការ​ព្រម​ព្រៀង​នោះ​៧​ខែ​ រដ្ឋាភិបាល​ចិន​បាន​ចុះ​ហត្ថលេខា​ព្រម​សាង​សង់​កំណាត់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុប្រវែង​១៩០​គីឡូម៉ែត្រ​ស្រប​នឹង​ផ្លូវ​ជាតិ​លេខ​៤​នេះ​ដែរ​ ក្នុង​គម្រោង​ដែល​មាន​តម្លៃ​ប្រមាណ​២ពាន់​លាន​ដុល្លារ ហើយ​ក្រុម​ហ៊ុន​សាង​សង់​នឹង​បើក​ដំណើរ​ការ​ដោយ​គិត​ប្រាក់​លើ​យាន​យន្ត​នានា​ដែល​បរ​កាត់​ផ្លូវ​នេះ ពេល​សាង​សង់​រួច។

ប្រតិបត្តិ​ករផ្ដល់​ហិរញ្ញប្បទាន​កសាង​ផ្លូវ​ល្បឿន​លឿន​ខាង​លើ​ជា​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​មួយ​នៃ​សហ​គ្រាស​រដ្ឋ​ចិន China Communications Construction Company ​ដែល​កាល​ពី​ឆ្នាំ២០០៩​ត្រូវ​បាន​ធនាគារ​ពិភពលោក​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ ទាក់​ទិន​នឹង​ការ​គៃបន្លំ​ប្រាក់​ពី​ហិរញ្ញប្បទាន​គម្រោងខ្លួន​ទៅ​ប្រើ​ខុស​គោល​ដៅ៕

XS
SM
MD
LG