ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​នឹង​បន្ត​សវនាការ​បើ​ទោះ​បី ជាគ្មាន​វត្តមាន​ជន​ជាប់​ចោទ


លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម (ស្តាំ)
លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម (ស្តាំ)
ភ្នំពេញ៖ អង្គជំនុំ​ជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​នឹង​បើក​សវនាការ​លើ​សំណុំរឿង​០០២​ដោយ​គ្មាន​ជនជាប់ចោទ​សំខាន់ៗ​ចំនួន​ពីរ​នាក់​គឺ​នួន ជា​និង​ខៀវ សំផន​ដោយសារ​ជនជាប់ចោទ​ទាំងពីរ​កំពុង​ស្ថិត​ក្នុង​ការព្យាបាល​នៅ​មន្ទីរពេទ្យ។

ជនជាប់ចោទ​ដែល​ជា​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ទាំងពីរ​បាន​បោះបង់​សិទ្ធិ​ចូលរួម​ក្នុង​ដំណើរការ​ក្តី។
លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ការលះបង់​សិទ្ធិ​របស់​ជនជាប់ចោទ​សំខាន់​ទាំងពីរ​លើ​តែ​ដំណើរការ​ក្តី​ទាក់ទង​នឹង​ផ្នែក​ឯកសារ​តែប៉ុណ្ណោះ។

«បន្ទាប់ពី​ថ្ងៃនេះ ជនជាប់ចោទ​ពីររូប​គឺ​លោក​នួន ជា និង​លោក ខៀវ សំផន បានបញ្ជាក់​ទៅកាន់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ​អំពី​ការលះបង់​សិទ្ធិ​មាន​វត្តមាន​របស់​គាត់​ហ្នឹង។ អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ នឹង​បើកសវនាការ​ជាធម្មតា។ ប៉ុន្តែ​ជា​សវនាការ​លើ​ឯកសារ ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី២១ និង​២២​ខែមករា»។

នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​និង​ជា​មេ​មនោគមវិជ្ជា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​បន្ត​បន្តាប់​គ្នា​នៅ​ថ្ងៃអាទិត្យ​និង​នៅ​ថ្ងៃ​ពុធ​ដោយសារ​ជំងឺ​ហេវ​ហត់​និង​អស់កម្លាំង​ខ្លាំង។ រីឯ​នួន ជា​ត្រូវ​រកឃើញ​ថា​មាន​ជំងឺ​រលាក​ទងសួត​ស្រួចស្រាល់។

មន្ដ្រី​អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​សប្តាហ៍​ក្រោយ​សវនាការ​នឹង​ផ្តោតលើ​ការ​ស្តាប់​សក្ខីកម្ម​របស់​សា​ក្សី ​អ្នកជំនាញ​និង​ដើមបណ្តឹង​រដ្ឋប្បវេណី​ដោយ​រំពឹងថា​ជនជាប់ចោទ​នួន ជា ​និង​ខៀវ សំផន​នឹង​អាច​វិលត្រឡប់​ពី​មន្ទីរពេទ្យ​វិញ​បាន។ តែបើ​មិន​ដូច្នោះ​ទេ​សវនាការ​នឹង​បន្ត​ផ្តោត​ការពិភាក្សា​លើ​ឯកសារ​ដោយហេតុ​ថា​ នួន ជា ​និង​ខៀវ សំផន ​សុខចិត្ត​លះបង់​សិទ្ធិ​ចូលរួម​សវនាការ​លើ​ឯកសារ​តែប៉ុណ្ណោះ​តែ​រក្សា​សិទ្ធិ​ចូលរួម​ដោយ​មិនអាច​ខាន​បាន​ក្នុង​សវនាការ​ស្តី​ការ​ស្តាប់​សក្ខីកម្ម ​ដើម​បណ្តឹង​រដ្ឋប្បវេណី ​និង​អ្នកជំនាញ។

លោក​នេត្រ ភក្ត្រា​ អះអាង​ថា​រហូត​មក​ទល់​នឹង​ថ្ងៃនេះ​សុខភាព​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ទាំង​ពីរ​បាន​ប្រសើរ​ឡើងវិញ​ហើយ។

សេចក្តី​អះអាង​នេះ​ស្របគ្នា​ជាមួយ​នឹង​សហ​មេធាវី​ការពារ​ជនជាប់ចោទ​ដែរ។

លោក សុន អរុណ សហ​មេធាវី​ជាតិ​របស់​នួន ជា​បញ្ជាក់​ថា៖

«ឥឡូវ​គាត់​គ្រាន់បើ​ជាង​ពី​ពីរ​ថ្ងៃមុន។ ប៉ុន្តែ​ហូបបាយ​អី​មិនទាន់បាន បត់ជើង​អី​នៅលើ​គ្រែ បើ​ក្អក​គាត់​អន់​ជាង​មុន​បន្តិច​ដែរ។ អន់​តិច​ទេ មិន​ច្រើន​ទេ»។

ខៀវ សំផន ​វិញ​ក៏មាន​សុខភាព​ប្រសើរ​ឡើងវិញ​ហើយ​ដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​មេធាវី​របស់​ជនជាប់ចោទ​គឺ​លោក គង់ សំអុន។

«គាត់​រាង​ធូរ​បន្តិច​ហើយ។ ប៉ុន្តែ​មិនទាន់មាន​ការសម្រេច​អី​ថា​ត្រូវ​ចេញ​ថ្ងៃ​ណា​អី គឺ​មិនទាន់​ដឹង។ គាត់​ប្រហែល​ជា​ផ្តាសាយ​ធំ ​តាម​ការរកឃើញ​រប​ស់​គ្រូពេទ្យ។ ដោយសារតែ​គាត់​មាន​ក្តៅខ្លួន ហៀរ​សំបោរ ​ហើយ​នឹង​ក្អក»។
របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ស្តីបន្ទោស​ថា​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​យ៉ាងតិច​១,៧​លាន​នាក់។
ការចូល​ពេទ្យផ្ទួនៗ​ជាប់​គ្នា​របស់​ជនជាប់ចោទ​នួន ជា និង​ខៀវ សំផន ​ធ្វើឡើង​ស្របគ្នា​ដែល​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​គ្រោង​នឹង​ស្តាប់​ស​ក្ខីកម្ម​របស់​សា​ក្សី​និង​អ្នកជំនាញការ​សំខាន់ៗ​ចំនួន​ប្រាំ​រូប​ក្នុង​ខែមករា​រហូតដល់​ខែ​មិនា។ ក្នុងនោះ​មានការ​ស្តាប់​សក្ខីកម្ម​លោក​ហ្វ្រ​ង់​ស័​រ ប៉ុង​ហ្សូ ​ជនជាតិ​បារាំង​ដែល​បាន​ស្ថិតនៅ​ប្រទេស​កម្ពុជា​ពេល​ពួក​ខ្មែរក្រហម​ចូល​កាន់កាប់​ក្រុងភ្នំពេញ ​ស្តាប់​លោក​ឈូក រី​ន ​អតីត​មេបញ្ជាការ​កង​ទ័ព​ខ្មែរក្រហម​នៅ​តំបន់ភ្នំ​វល្លិ៍​និង​បច្ចុប្បន្ន​ជា​អ្នកទោស​ក្នុងការ​សម្លាប់​អ្នកទេសចរ​បរទេស​ចំនួន​បីនាក់​នៅ​តំបន់​ដែល​ខ្លួន​កាន់កាប់។ រួមទាំង​សក្ខីកម្ម​របស់​អតីត​អ្នក​កាសែត​អាមេរិកាំង​លោកស្រី Elisabeth Becker អ្នកកាសែត​អង់គ្លេស​Philip Short និង​អ្នកជំនាញ​អង់គ្លេស​Stephen Heder៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG