ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជងរង​គ្រោះខ្មែរ​ក្រហម​មិន​ជឿ​ថា ​អៀង ធីរិទ្ធ​មាន​ជំងឺ​ភ្លេចភ្លាំង​ មិន​អាច​កាត់ទោស​បាន​​


អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ អ្នកស្រី​អៀង ​ធីរិទ្ធិ
អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ អ្នកស្រី​អៀង ​ធីរិទ្ធិ
ភ្នំពេញ៖​ អ្នករងគ្រោះ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​សម្តែង​ការ​ខឹង​សម្បារ​ចំពោះ​អង្គ​ជំនុំជម្រះ​របស់​សាលាក្តី​ខ្មែរក្រហម​ ដែល​បាន​សម្រេច​ដោះលែង​អ្នកស្រី​អៀង ​ធីរិទ្ធិ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ​បន្ទាប់ពី​អង្គ​ជំនុំជម្រះ​បាន​រកឃើញ​ថា ​អ្នកស្រី​មិន​មាន​កាយសម្បទា​គ្រប់គ្រាន់​សម្រាប់​យក​មក​ជំនុំ​ជម្រះ​ទោស។​

កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​របស់​សាលាក្តី​ខ្មែរក្រហម​បាន​សម្រេច​ដោះលែង​អ្នកស្រី​ អៀង​ធីរិទ្ធបណ្តោះ​អាសន្ន​ដោយ​គ្មាន​លក្ខខណ្ឌ ​ក៏ប៉ុន្តែ​បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ ដែល​រួមមាន​តម្រូវ​ឲ្យ​ជន​ជាប់​ចោទ​ ត្រូវ​ជូន​ដំណឹង​ដល់​អង្គ​ជំនុំជម្រះ​ អំពី​អាស័​យ​ដ្ឋាន​ដែល​ខ្លួន​បាន​ស្នាក់​នៅ ហើយ​មិនត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ដោយ​គ្មានការ​អនុញ្ញាត​ពី​អង្គ​ជំនុំជម្រះ​ឡើយ។​ ទី២ ​ត្រូវតែ​ប្រគល់​លិខិត​ឆ្លងដែន ​និង​ឯកសារ​ធ្វើដំណើរ​ពាក់ព័ន្ធ​ដទៃ​ទៀត​ ហើយ​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ព្រំប្រទល់​ដែន​នៃ​ប្រទេស​កម្ពុជា​ និង​ទី៣ ជន​ជាប់ចោទ​ត្រូវតែ​គោរព​តាម​ដីកាកោះ​ដែល​បាន​ចេញ​ដោយ​តុលាការ។​

មួយថ្ងៃ​ក្រោយពី​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​បាន​ដោះលែង​អ្នកស្រី​អៀង ធីរិទ្ធ មាន​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​មួយ​ចំនួន​មកពី​ខេត្តកណ្តាល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​នៅក្នុង​សាលាក្តី​ខ្មែរក្រហម។​

ជនរងគ្រោះ​ទាំងនោះ​ភាគច្រើន​បាន​ជំទាស់​ទៅនឹង​សេចក្តី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​របស់​តុលាការ​កំពូល។​ ពួកគាត់និយាយ​ថា​ តុលាការ​កំពូល​មិនគួរ​ដោះលែង​អ្នកស្រី​អៀង ធីរិទ្ធទេ។​

លោក​អៀម ស្រេង​ អាយុ​៦៥ឆ្នាំ ​មកពី​ខេត្តកណ្តាល​ បាន​ប្រាប់​វី​អូ​អេ​សំឡេង​សហ​រដ្ឋ​អាមេរិក​នៅ​សាលាក្តី​ខ្មែរក្រហម​ថា ​លោក​មិន​បាន​ដឹង​អំពី​សេចក្តី​សម្រេច​ដែល​ដោះលែង​អ្នកស្រី​អៀង ធីរិទ្ធទេ។ លោក​បាន​បញ្ជាក់​ថា​ តុលាការ​មិន​គួរ​ដោះលែង​អ្នកស្រី​ទេ ​គឺ​គួរតែ​ឃុំខ្លួន​អ្នកស្រី​បន្ត​ទៅ​ទៀត។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​ជឿថា​ អ្នកស្រី​អៀង ធីរិទ្ធមាន​ជំងឺ​បាត់​ការ​ចងចាំ​ទេ។​

«ខ្ញុំ​មិន​ជឿ​ទេ! ឥត​ជឿថា​... ដូចជា​គាត់​ធ្វើ​ពុត។ ​ដោយ​គាត់​ដើរ​រួច​អញ្ចឹ​ង ​ហើយ​គេ​ថា​ គាត់​ឥត​មក​កាត់ទោស​រួច ​ដូចជា​ធ្វើ​ពុត​ធ្វើ​អី​អញ្ចឹង​ទៅ»។​

អ្នកស្រី​ភិន ឆាន ​អាយុ៦១​ឆ្នាំ ​មកពី​ឃុំ​ដើម​ឫស ​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ​បាន​និយាយ​ថា ​អ្នកស្រី​បាន​ដឹង​ដំណឹង​អំពី​ការ​ដោះលែង​អ្នកស្រី​អៀង ធីរិទ្ធតាមរយៈ​ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ។ ​អ្នកស្រី​បាន​និយាយ​ថា​ អ្នកស្រី​មានការ​តក់​ស្លុត​ ក្រោយពី​បាន​ទៅ​ទស្សនា​វាល​ពិឃាត​បឹង​ជើងឯក​ និង​មន្ទីរឃុំឃាំង​គុក​ទូល​ស្លែង។​ អ្នកស្រី​បាន​និយាយ​ថា ​តាម​ទំហំ​នៃ​ការ​ឈឺចាប់​នេះ​ តុលាការ​មិន​គួរ​ដោះលែង​អ្នកស្រី​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ។​

«ទស្សនៈ​ខ្ញុំ​ផ្ទាល់ ​ខ្ញុំ​ថា​ មិនគួរ​ដោះ​ទេ​ ព្រោះ​គាត់​សាង​អំពើ​អាក្រក់​វា​ច្រើន​ គ្រាន់​កម្ម​ពៀរ​វា​ហុច​ទៅ​ឲ្យ​គាត់ ​ទៅជា​ឆ្កួត​អញ្ចឹង​ទៅ។​ គាត់​សម​តែ​ទទួល​ទោស​ជាប់​គុក​មួយ​ជីវិត​អញ្ចឹ​ង​ទៅ ​ព្រោះ​សម្លាប់​គេ​ច្រើន​ពេក»។​
អ្នកស្រី​ក្លែ ដា​ហ្វី ​អ្នកឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​របស់​អង្គការ​គំនិត​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា ​ដែល​ហៅ​កាត់​ថា ​OSJI ​បាន​និយាយ​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រាកដ​ជា​មិន​សប្បាយ​ចិត្តទេ​ ​ហើយ​សាលាក្តី​ខ្មែរក្រហម​គួរ​តែ​មាន​កម្មវិធី​ផ្សព្វផ្សាយ ​និង​ផ្ញើ​សារ​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ខេត្ត​ទាំងអស់​ អំពី​ការ​ដោះលែង​អ្នកស្រី​អៀង ធីរិទ្ធនេះ។​

«ខ្ញុំ​គិត​ថា​ សាលាក្តី​ខ្មែរក្រហម​គួរតែ​ធ្វើ​កម្មវិធី​ផ្សព្វផ្សាយ​ ឬក៏​ធ្វើ​សារ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​តាម​បណ្តាល​ខេត្ត​ទាំងអស់ ​ដើម្បី​ឲ្យ​ពួកគេ​យល់​ថា ​ហេតុអ្វី​បាន​ជា​ដោះលែង​អ្នកស្រី​អៀង ធីរិទ្ធ។​ ហេតុអ្វី​បានជា​អ្នកស្រី​អៀង ធីរិទ្ធមិន​ត្រូវបាន​ជំនុំ​ជម្រះ​ដោយ​តុលាការ​ គឺ​ដោយ​សារតែ​អ្នកស្រី​មិន​មាន​ការ​ចងចាំ​គ្រប់គ្រាន់​ដើម្បី​ការពារ​អ្នកស្រី​ឲ្យ​ទទួល​បាន​យុត្តិធម៌»។​
លោក​ឌឹ​ម សុ​វណ្ណា​រុំ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម​បាន​និយាយ​ថា អ្នកស្រី​អៀង ធីរិទ្ធ​ ត្រូវ​ដោះលែង​ ក្រោយ​ពី​មាន​ការ​សួរដេញ​ដោល​នៅក្នុង​អង្គ​សវនាការ​ដោយអ្នក​ជំនាញ​ចំនួន​បី​រូប​ ដែល​រួមមាន​បរទេស ​និង​កម្ពុជា។ ​

លោក​បាន​បញ្ជាក់​ថា​ លទ្ធផល​ដែល​បានបង្ហាញ​ដោយ​អ្នក​ជំនាញ​ទាំងបី​រូប​នេះ​បាន​សន្និដ្ឋាន​ចុងក្រោយ​ថា​ ស្ថានភាព​ជំងឺ​របស់​អ្នកស្រី​អៀង ​ធីរិទ្ធ​ គឺ​មាន​ជំងឺ​វង្វេងវង្វាន់ ​និង​បាត់បង់​ការ​ចងចាំ។​ លោក​បាន​បញ្ជាក់​ថា ​ប្រសិន​ណា​នៅ​ក្នុង​រយៈពេល​នៃ​ការដោះលែង​នេះ​ បើ​អ្នក​ជំនាញ​រក​ឃើញ​ថា​ ជំងឺ​របស់​អ្នក​ស្រី​អៀង ធីរិទ្ធ​អាច​ព្យាបាល​បាន​ អ្នកស្រី​នឹង​ត្រូវ​កោះហៅ​មក​ក្នុង​អង្គ​សវនាការ​ឡើង​វិញ។​

លោក​បាន​មាន​ប្រសាសន៍​ថា​ សំណុំ​រឿង​អ្នកស្រី​អៀង ធីរិទ្ធ​នៅតែ​បន្ត​នៅឡើយ ​មិនមែន​មាន​ន័យ​ថា​ ការ​ដោះលែង​នេះ​រលត់​បណ្តឹង​អាជ្ញា​នោះ​ទេ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG