ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ព្រះរាជអាជ្ញា​សាលាក្តី​ខ្មែរក្រហម​​ប្តឹង​ឧទ្ធរណ៍​​សេចក្ដីសម្រេច​ដោះលែង​អៀង ធីរិទ្ធ​


អៀង ​ធីរិទ្ធ ​អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​នៅ​ក្នុង​របប​ខ្មែរក្រហម។
អៀង ​ធីរិទ្ធ ​អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​នៅ​ក្នុង​របប​ខ្មែរក្រហម។
ភ្នំពេញ​៖ សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​សម្រេច​ប្តឹង​ឧទ្ធរណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ប្រឆាំង​ទៅ​នឹង​សេចក្ដីសម្រេច​ដោះលែង​អៀង ធីរិទ្ធ​ដោយ​គ្មាន​លក្ខ​ខណ្ឌ​ហើយ​បាន​ស្នើ​ឲ្យ​ផ្អាក​ការ​ដោះលែង​ជនជាប់ចោទ​រូប​នេះ​សិន​រហូត​ដល់​មាន​ការ​សម្រេច​ពី​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​សម្រេច​ដោះលែង​អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម​រូប​នេះ​ឲ្យនៅ​ក្រៅ​ឃុំ​ដោយ​គ្មាន​លក្ខ​ខណ្ឌ​ដោយ​សំអាង​ថា ​គាត់​មាន​ជំងឺ​វង្វេងវង្វាន់​ធ្ងន់ធ្ងរ ​និង​បាត់បង់​ការ​ចងចាំ ​ហើយ​មិន​អាច​មាន​សម្បទា​គ្រប់គ្រាន់​សម្រាប់​ចូល​រួម​ការកាត់ទោស​លើ​រូប​គាត់​នោះ​ទេ។​

នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ ​ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​បាន​បញ្ជាក់​ថា​ ខ្លួន​មិន​ជំទាស់​នឹង​ការ​សម្រេច​ដោះលែង​អៀង ធីរិទ្ធ ​ដោយ​មូលហេតុ​បញ្ហា​សុខភាព​នោះ​ទេ ​ក៏ប៉ុន្តែ​ការ​ដោះលែង​«មិន​គួរ​ធ្វើ​ឡើង​ដោយ​គ្មាន​លក្ខ​ខណ្ឌ​នោះ​ទេ»។​

ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​រក​ឃើញ​ថា ​ការ​សម្រេច​របស់​សាលា​ដំបូង​មាន​កំហុស​អង្គច្បាប់​ ហេតុដូច្នេះ​ខ្លួន​ស្នើ​ក្នុង​បណ្តឹង​សារទុក្ខ​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ថា ​អៀង ធីរិទ្ធ​គួរតែ​ត្រូវ​ដាក់ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខ​ខណ្ឌ​ថា​ កាត់​ត្រូវមាន​លំនៅដ្ឋាន​ជាក់លាក់ ​ត្រូវ​បង្ហាញខ្លួន​មួយ​សប្តាហ៍​ម្តង​ដល់​អាជ្ញាធរ​ ឬ​មន្ត្រី​ផ្លូវការ​ដែល​ចាត់តាំង​ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ ជន​ជាប់​ចោទ​ត្រូវ​ប្រគល់​លិខិត​ឆ្លងដែន​និង​អត្ត​សញ្ញាណ​បណ្ណ។​

ក្រៅពី​នោះ​ អៀង ធីរិទ្ធ​ មិន​ត្រូវ​ទាក់ទង​ដោយផ្ទាល់​ ឬ​ដោយ​ប្រយោល​ជាមួយ​ជន​ជាប់ចោទ​ដទៃ​ទៀត​ទេ​លើកលែង​តែ​អៀង សារី ​ដែល​ជា​ប្តី​របស់​គាត់។ ​សហ​ព្រះរាជ​អាជ្ញា​ក៏​បានស្នើ​លក្ខខណ្ឌបន្ថែម​ទៀត​ផ​ង​ដែរ​ថា ​អៀង ធីរិទ្ធ​មិន​ត្រូវ​ទាក់ទង​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ជា​មួយ​សាក្សី ​អ្នកជំនាញ ​ឬ​ជន​រងគ្រោះ​ណា​ម្នាក់​ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ស្នើសុំ​ស្តាប់​ចម្លើយ ​ហើយ​មិន​ត្រូវ​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​រដ្ឋបាល​របស់​តុលាការ​និង​ត្រូវ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​ផ្នែក​វេជ្ជសាស្ដ្រ​រៀង​រាល់​ប្រាំមួយ​ខែ​ម្តង។​

លោក​នេត្រ ភ​ក្ត្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម ​បាន​ប្រាប់​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៅ​សាលាក្ដី​ខ្មែរក្រហម​ថា​ តុលាការ​កំពូល​នឹង​ពិនិត្យ​លើ​ភាព​អាច​ទទួល​យក​បាន​នៃ​បណ្តឹង​សារទុក្ខ​របស់​ការិយាល័យ​សហ​ព្រះ​រាជ​អាជ្ញា​ជា​មុន​ ហើយ​បន្ទាប់​មក​ទើ​បចាត់​វិធី។​

«ដូច្នេះ​ពី​ពេល​នេះ​ ក្នុង​រយៈពេល​៤៨​ម៉ោង ​ប្រធាន​នៃ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​សារទុក្ខ​នេះ​ ថា​តើ​អាច​ទទួល​យក​បាន​ឬ​យ៉ាង​ណា។​ ហើយ​ប្រសិនបើ​បណ្តឹង​សារទុក្ខ​នេះ​ទទួលយក​បាន​គឺ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​មាន​រយៈពេល​១៥​ថ្ងៃ​ទៀត​ដើម្បី​ពិចារណា​និង​ដោះស្រាយ​បញ្ហា​នេះ​និង​ចេញ​សេចក្ដី​សម្រេច»។​

ជនជាប់​ចោទ​អៀង ធីរិទ្ធ ​អាយុ​៨០​ឆ្នាំ​ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០០៧ ​ក្នុង​ទីក្រុង​ភ្នំពេញ​ជាមួយ​ប្តី​របស់​គាត់ ​អៀង សារី ​ក្រោម​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​យ៉ាង​ឃោរឃៅ​ទាក់ទង​នឹង​ការ​ស្លាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​
រហូត​មក​ទល់​ពេលនេះ​អៀង ធីរិទ្ធ​នៅ​ស្ថិតក្រោម​ការ​ឃុំឃាំង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ឡើយ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG