វ៉ាស៊ីនតោន៖ ក្រុមអ្នកនយោបាយកម្ពុជា និងមន្ត្រីសង្គមស៊ីវិលបានសំឡឹងឃើញភ្លាមៗពីតួនាទី និងសារៈសំខាន់ផ្សេងៗសម្រាប់កម្ពុជានៅពេលលោកបារ៉ាក់អូបាម៉ាបានស្បថចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិទី២កាលពីថ្ងៃច័ន្ទ។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សនិងជាអនុប្រធានគណបក្ស សង្គ្រោះជាតិកម្ពុជាដែលជាគណបក្សជំទាស់ បានរំពឹងថា លោកអូបាម៉ាអាចជួយឲ្យកម្ពុជាមានការកែទម្រង់សិទ្ធិមនុស្ស ប្រជាធិតេយ្យនិងការបោះឆ្នោតដោយសេរី យុត្តិធម៌ ត្រឹមត្រូវ។
«បញ្ហាសិទ្ធិមនុស្សនិងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវគឺជាសេចក្តីប្រាថ្នាធំជាងគេរបស់ប្រជាពលរដ្ឋខ្មែរ ដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានេះអស់រយៈពេលជាង៣០ឆ្នាំ មិនបានធានាឲ្យបាននូវការគោរពសិទ្ធិមនុស្ស ហើយការបោះឆ្នោតនេះ តាំងពីក្រោយអ.ស.ប.រៀបចំមកក៏អត់ដល់ស្តង់ដារអន្តរជាតិដែរ»។
លោកកឹម សុខាបានរំឭកពីប្រសាសន៍របស់លោកអូបាម៉ា ដែលបានប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យមានការកែទម្រង់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងជំនួបកាលពីខែវិច្ឆិកាពេលលោកអូបាម៉ាអញ្ជើញទៅកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពេលនោះ។
«អញ្ចឹងហើយចង់ឲ្យសម្តីរបស់លោកអូបាម៉ាដែលនិយាយទៅកាន់លោក នាយករដ្ឋមន្ត្រីហ៊ុន សែនហ្នឹងឲ្យមានប្រសិទ្ធិភាព។ បើគាត់ទាមទារឲ្យលោកហ៊ុន សែនអនុវត្តការធានាសិទ្ធិមនុស្សហ្នឹង តែរដ្ឋាភិបាលលោកហ៊ុន សែនមិនធ្វើ គាត់ត្រូវតែដាក់សម្ពាធឲ្យធ្ងន់ជាងហ្នឹងទៅទៀតក្នុងនាមជាប្រទេសមហាអំណាច»។
លោកកឹម សុខាពុំបញ្ជាក់ពីសម្ពាធបែបណាទេ តែទទួលស្គាល់ថា សម្តីរបស់លោកអូបាម៉ាជាសម្តីការទូតមែនពេលនោះ តែមានលក្ខណៈធ្ងន់ធ្ងរណាស់។
លោកកឹម សុខាថ្លែងយ៉ាងដូច្នេះដោយយោងថា មានការសម្លាប់ក្រៅច្បាប់ដូចជាសកម្មជនការពារព្រៃឈើលោកឈុត វុទ្ធី ការចាប់ខ្លួនជនរងគ្រោះដីធ្លីដាក់គុក ការដាក់ទោសលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងការកាត់ទោសលោកសម រង្ស៉ី ដោយនយោបាយ និងរារាំងមិនឲ្យលោកចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៣ និងការគ្មានកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ទោះជាយ៉ាងណាក៏ដោយ លោកជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សគ្រប់គ្រងប្រទេសនិងជាអ្នកតំណាងរាស្ត្របានការពាររដ្ឋាភិបាល ហើយថ្លែងថា បញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានចាប់ផ្តើមធ្វើកំណែទម្រង់ជាបណ្តើរៗ តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនិងមានការបោះឆ្នោតឆ្នាំ១៩៩៣ម្ល៉េះ មិនមែនទើបតែលោកអូបាម៉ានិយាយ ទើបកម្ពុជាចាប់ផ្តើមធ្វើតាមនោះទេ។ តែលោកទទួលស្គាល់ខ្លះៗថា ការអនុវត្តកន្លងមកមានបញ្ហាធូរលុងខ្លះ និងតឹងខ្លះដែលលោកអះអាងថា រដ្ឋាភិបាលនឹងប្រឹងប្រែងទៅមុខទៀត។
«អញ្ចឹងទេការប្តេជ្ញាចិត្តរបស់សម្តេចតេជោហ៊ុន សែន លោកបានលើកឡើងហើយថា លោកនឹងខិតខំធ្វើយ៉ាងណាដើម្បីពង្រឹងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យតទៅទៀត ឲ្យស្របនឹងអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣និងចែងក្នុងបទដ្ឋានច្បាប់ទាំងឡាយដែលនៅជាធរមាននៅកម្ពុជា»។
ក្រៅពីការអបអរសាទរលោកប្រធានាធិបតីចូលកាន់តំណែង លោកជាម យៀបបានអះអាងថា ពិធីសម្ពោធចូលកាន់តំណែងអាណត្តិទី២នេះជាមោទនភាពសម្រាប់លោកអូបាម៉ា ដែលប្រជាជនស.រ.អា.បានទុកចិត្តនិង បោះឆ្នោតជូនដើម្បីដឹកនាំប្រទេសដ៏មានឥទ្ធិពលក្នុងពិភពលោក។
«ប្រជាជនកម្ពុជាក៏នៅយល់ឃើញថា ក្រោមការដឹកនាំរបស់ឯកឧត្តម បារ៉ាក់ អូបាម៉ា ដែលចេញពីត្រកូលនៃទ្វីបអាហ្រ្វិកនឹងអាចដឹងអំពីសុខទុក្ខអំពីអ្នកក្រហ្នឹងបានច្រើន ដូចជារយៈកាលកន្លងមកដែលឯកឧត្តមបានឲ្យប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយយ៉ាងល្អប្រសើរហើយពិសេសបំផុតហ្នឹងគឺបានសហប្រតិបត្តិការល្អហ្នឹងនៅគ្រប់ផ្នែកទាំងអស់ពិសេសវិស័យយោធា»។
លោកបានបន្ថែមថា មានបញ្ហាផ្សេងៗទៀតដែលស.រ.អា.មានការជួយជ្រោមជ្រែងដែរគឺផ្នែកអប់រំ សុខាភិបាល ការបើកទីផ្សារចំហសម្រាប់ផលិតផលកាត់ដេរកម្ពុជា វិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ជាដើម។
លោកសួន ប៊ុនស័ក្ត នាយកលេខាធិការដ្ឋាននៃអង្គការប្រព្រឹត្តិកម្ម ហៅកាត់ថា Chrac ដែលមានអង្គការសមាគម២០ជាសមាជិក បានអះអាងថាការបន្តទំនាក់ទំនងល្អរវាងកម្ពុជានិងស.រ.អា.អាចជួយកែទម្រង់បញ្ហាសង្គម សេដ្ឋកិច្ច សិទ្ធិមនុស្ស និងនីតិរដ្ឋ ជាពិសេសការសម្របសម្រួលស្ថានការណ៍នយោបាយ ហើយនឹងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលមានការចូលរួមពីគ្រប់ភាគីនយោបាយ ដូចជាលោកសម រង្ស៉ីជាដើម។
លោកថ្លែងថា បើពុំដូច្នោះទេ ការបោះឆ្នោតថ្ងៃទី២៨ខែកក្កដានឹងក្លាយជាការបោះឆ្នោតដែលមានអ្នកឈ្នះនិងអ្នកចាញ់ដោយគ្មានកិត្តិយស។
លោកថ្លែងថា បើពុំដូច្នោះទេ ការបោះឆ្នោតថ្ងៃទី២៨ខែកក្កដានឹងក្លាយជាការបោះឆ្នោតដែលមានអ្នកឈ្នះនិងអ្នកចាញ់ដោយគ្មានកិត្តិយស។
ស.រ.អា. នៅសប្តាហ៍ថ្មីៗ បានសម្តែងការខកចិត្តចំពោះការលុបឈ្មោះលោកសម រង្ស៉ីចេញពីបញ្ជីបោះឆ្នោត។ លោកសម រង្ស៊ីកំពុងជាប់ពិរុទ្ធដែលគេចាត់ទុកថា ជារឿងនយោបាយ។ ស.រ.អា.ព្រមានអំពីនីត្យានុកូលភាពឬភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មី ប្រសិនបើលោកសម រង្ស៉ីមេដឹកនាំក្រុមជំទាស់ដ៏ធំជាងគេមិនបានចូលរួមការបោះឆ្នោត។ មន្ត្រីកម្ពុជានិយាយថា ខ្លួនធ្វើទៅតាមច្បាប់កម្ពុជា៕