វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ារំពឹងថា ទំនាក់ទំនងរវាងស.រ.អា.និងកម្ពុជានឹងត្រូវពង្រឹងថែមទៀតទៅអនាគត។
លោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ាចង់ឃើញទំនាក់ទំនងរវាងស.រ.អា.និងកម្ពុជានឹងត្រូវពង្រឹងថែមទៀតនៅពេលខាងមុខ។ លោក អូបាម៉ាថ្លែងយ៉ាងដូច្នេះនៅក្នុងសារលិខិតអរគុណរបស់លោកផ្ញើជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលបានសរសេរលិខិតស្វាគមន៍លោកអូបាម៉ាពេលលោកបានឈ្នះឆ្នោតជាប្រធានាធិបតីអាណត្តិទីពីរកាលពីខែវិច្ឆិកា។
ក្នុងលិខិតនេះដែលវីអូអេទទួលបាន លោកអូបាម៉ាបានថ្លែងថា៖
«ខ្ញុំសង្ឃឹមថានឹងបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនៅក្នុងរយៈពេលបួនឆ្នាំទៅមុខទៀត»។
លោកប្រធានាធិបតីអូបាម៉ាជាប្រធានាធិបតីទី១ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាពេលកំពុងកាន់តំណែង។ ទស្សនកិច្ចរបស់លោកកាលពីពាក់កណ្តាលខែវិច្ឆិកានោះគឺដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងវេទិកាតំបន់ជាច្រើន ដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំទាំងនោះ បានរួមគ្នាជាមួយប្រទេសនានាដើម្បីដោះស្រាយបញ្ហាតំបន់ បញ្ហាពិភពលោក ដូចជាជម្លោះដែនសមុទ្រចិនភាគខាងត្បូង បញ្ហាកូរ៉េខាងជើង បញ្ហាវិបត្តិសេដ្ឋកិច្ច នយោបាយក្នុងតំបន់និងពិភពលោក។
នៅក្នុងលិខិតដែលផ្ញើរជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកអូបាម៉ា បានបន្ថែមសេចក្តីថា៖
«ដោយមានការធ្វើការរួមគ្នា ខ្ញុំជឿជាក់ថា យើងនឹងអាចដោះស្រាយប្រកបដោយជោគជ័យនូវភាពប្រឈមជាច្រើនដែលយើងកំពុងជួបប្រទះ»។
ស.រ.អា.និងកម្ពុជាត្រូវគេមើលឃើញថា មានទំនាក់ទំនងរអាក់រអួលផងនិងល្អប្រសើរផងទៅតាមពេលវេលា នៅពេលដែលកម្ពុជាត្រូវគេចាត់ទុកថា មានប្រវត្តិសិទ្ធិមនុស្សមិនល្អ។
ក្នុងពេលទស្សនកិច្ចកាលពីខែវិច្ឆិកានោះដែរ លោកអូបាម៉ាបានសម្តែងការ ព្រួយបារម្ភរបស់លោកអំពីស្ថានការណ៍សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ក្នុងជំនួបជាពិសេសមួយ លោកបានស្នើសុំឲ្យលោកនាយករដ្ឋន្ត្រីហ៊ុន សែន ធ្វើការកែទម្រង់។ ការធ្វើដូច្នោះគឺដើម្បីអ្វីមួយដែលក្រុមមន្ត្រីស.រ.អា.អះអាងថា ជាកត្តាធ្វើឲ្យមានទំនាក់ទំនងល្អរវាងកម្ពុជានិងស.រ.អា.។
លោកថ្លែងដូច្នេះនៅពេលកម្ពុជាត្រូវអន្តរជាតិរិះគន់អំពីបញ្ហាដីធ្លី ការចាប់ជនរងគ្រោះដាក់គុក ការមិនអនុញ្ញាតឲ្យលោកសម រង្ស៉ី មេដឹកនាំក្រុមជំទាស់ដ៏ធំជាងគេ បានទៅចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៣ ការមិនដោះលែងលោកម៉ម សូណង់ដូ ប្រធានស្ថានីយ៍វិទ្យុសម្បុកឃ្មុំ ការធ្វើទុក្ខបុកម្នេញដល់អ្នកការពារសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិជាដើម៕