វ៉ាស៊ីនតោន៖ ពលរដ្ឋកម្ពុជាស្ថិតក្នុងចំណោមពលរដ្ឋរាប់រយលាននាក់នៃពិភពលោកដែលត្រូវបង់ប្រាក់សូកប៉ាន់ដើម្បីទទួលបានសេវាសាធារណៈដែលពួកគេគួរតែទទួលបានដោយមិនគិតថ្លៃ។ នេះបើក្រឡេកមើលតាមទិន្នន័យនៃអំពើពុករលួយដែលកម្ពុជាបានស្ថិតក្នុងចំណោមប្រទេស២០ដែលពុករលួយជាងគេបំផុតនៅលើពិភពលោក។
លោកស្រីហ៊ូហ្កេត ឡាបែល ប្រធានគណៈគ្រប់គ្រងនៃអង្គការតម្លាភាពអន្តរជាតិបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងខណៈពេលដែលចេញផ្សាយរបាយការណ៍នេះកាលពីថ្ងៃពុធនៅ ឯការិយាល័យធំរបស់វីអូអេនៅរដ្ឋធានី វ៉ាស៊ីនតោនថា៖
«មានមនុស្សរាប់រយលាននាក់នៅជុំវិញពិភពលោកដែលប្រឈមមុខនឹងការគំរាមកំហែងទារប្រាក់ជារៀងរាល់ថ្ងៃហើយនៅ ប្រទេសខ្លះមានរហូតដល់៥០ភាគរយនៃប្រជាពលរដ្ឋត្រូវសូកលុយកាក់គេដើម្បី ទទួលបានសេវាកម្មចាំបាច់មួយចំនួនដូចជាទឹក ការអប់រំសិក្សាធិការ សុខាភិបាល និងអាជ្ញាបណ្ណជាដើម»។
សម្រាប់ឆ្នាំនេះប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៥៧ពីក្នុងចំណោមប្រទេស១៧៤ដែលអង្គការនេះពិនិត្យមើលដើម្បីដាក់ចំណាត់ថ្នាក់។
លោកស្រីហ៊ូហ្កេត បញ្ជាក់ទៀតថាអំពើពុករលួយក៏បានយាយីដល់វិស័យឯកជនដែលត្រូវប្រកួតប្រជែងដោយមិនស្មើភាព។
«នៅកន្លែងដទៃទៀតនឹងក្នុងបណ្តាប្រទេសទាំងនោះ វាមានការលំបាកសម្រាប់ក្រុមហ៊ុនរកទទួលទានពីព្រោះគេមិនគោរពតាមច្បាប់ទម្លាប់ទេ។ ប្រសិនបើគូប្រកួតរបស់អ្នកអាចទទួលបានកិច្ចសន្យាការងារដោយសូកប៉ាន់នៅក្រៅច្បាប់ដូច្នេះវាពិបាកសម្រាប់អ្នកក្នុងការធ្វើការដោយត្រឹមត្រូវក្នុងស្ថានភាពបែបនោះណាស់»។
សម្រាប់ប្រទេសកម្ពុជា ក្នុងពេលកន្លងមក អំពើពុករលួយបាននាំឱ្យក្រុមហ៊ុនអាមេរិកមួយសម្រេចមិនហ៊ានទៅវិនិយោគដោយសារតែពួកគេមិនអាចសុំគ្រលំប្រព្រឹត្តបានដោយខ្លាចមានទោសនៅសហរដ្ឋអាមេរិកដែលច្បាប់អាចដាក់ទោសដល់ក្រុមហ៊ុនណាដែលពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយនៅក្រៅប្រទេស។ នេះបើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាជំនួញរវាងអាស៊ាននិងអាមេរិកាំង។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាមានការខិតខំប្រឹងប្រែងជាច្រើនដើម្បីឱ្យមានតម្លាភាពរវាងស្ថាប័នរដ្ឋាភិបាលនិងក្រុមហ៊ុនដែលទៅប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកចម ប្រសិទ្ធិរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេក្នុងពេលធ្វើដំណើរមកសហរដ្ឋអាមេរិកក្នុងពេលកន្លងមកថា៖
«អ្វីដែលយើងកំពុងធ្វើគឺយើងត្រូវយល់ថា វាមានការសម្របសម្រួលគ្នាដើម្បីថាយោគយល់ទៅលើមន្រ្តីរាជការដែលទទួលបានប្រាក់ខែទាប យើងឥឡូវគឺបានរៀបចំប្រព័ន្ធមួយដែលឱ្យគេឯកភាពជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយថាលោកឯងយកប៉ុណ្ណេះយកទៅគឺជាផ្លូវការប៉ុន្តែនៅក្នុងផ្លូវការហ្នឹងចំណែកតូចមួយត្រូវបានមកលោកឯងជាអ្នកធ្វើកិច្ចការហ្នឹង។ អញ្ចឹងរឿងអ្វីដែលនៅក្រោមតុវាក្លាយជាផ្លូវការដល់អញ្ចឹងក្រុមហ៊ុនអាមេរិកនឹងអត់មានបញ្ហាទេ។ គេមានលុយអាចចេញក៏ប៉ុន្តែគេមិនអាចចេញដោយអត់វិក្កយបត្រឱ្យគេ»។
រដ្ឋាភិបាលកម្ពុជាបានបង្កើតអង្គភាពប្រឆាំងនឹងអំពើពុករលួយដើម្បី បោសសម្អាតមន្រ្តី ខិលខូចហើយក្នុងពេលកន្លងមកបានចាប់ខ្លួនមន្រ្តីមួយចំនួនទាក់ទងនឹងការប្រព្រឹត្តិអំពើទាំងនេះក្នុងនោះមានដូចជាមន្ត្រីតុលាការក្នុងខេត្តពោធិ៍សាត់ និងមន្រ្តីដែលស្និទ្ធនឹងលោកជាស៊ីមប្រធានព្រឹទ្ធសភាជាតិជាដើម។
រដ្ឋាភិបាលកម្ពុជាបានបង្កើតអង្គភាពប្រឆាំងនឹងអំពើពុករលួយដើម្បី បោសសម្អាតមន្រ្តី ខិលខូចហើយក្នុងពេលកន្លងមកបានចាប់ខ្លួនមន្រ្តីមួយចំនួនទាក់ទងនឹងការប្រព្រឹត្តិអំពើទាំងនេះក្នុងនោះមានដូចជាមន្ត្រីតុលាការក្នុងខេត្តពោធិ៍សាត់ និងមន្រ្តីដែលស្និទ្ធនឹងលោកជាស៊ីមប្រធានព្រឹទ្ធសភាជាតិជាដើម។
ប៉ុន្តែក្រុមអ្នកតាមដានមើលឃើញថាចំណាត់ការក្នុងពេលកន្លងមកហាក់មានលក្ខណៈជាការពង្រឹងអំណាចជាជាងការខិតខំប្រឹងប្រែងកម្ចាត់អំពើពុករលួយ។
លោកប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានបញ្ជាក់ថា៖
«យើងឃើញរដ្ឋាភិបាលមានការជំរុញ មានការអនុវត្តច្បាប់ដែលច្បាប់ប្រឆាំងអំពើពុករលួយត្រូវបានអនុម័តប៉ុន្តែចំពោះខ្ញុំច្បាប់នេះនៅ មានបញ្ហា វានៅខ្សោយ ហើយអង្គភាពប្រឆាំងអំពើពុករលួយមួយត្រូវបានបង្កើតក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្រ្តីហើយយើងឃើញថាមានការធ្វើសកម្មភាព មានការចាប់មន្រ្តីថ្នាក់ខ្ពស់ដែលពាក់ព័ន្ធនឹងអំពើពុករលួយមានមន្ត្រីតុលាការជាដើមប៉ុន្តែយើងឃើញ ថានេះជាទង្វើមួយដែលយើងសាទរដែរប៉ុន្តែការធ្វើនេះមិនមែនជាប្រព័ន្ធមិនមែនទៅជាយុទ្ធសាស្រ្តក្នុងការបោសសម្អាតអំពើពុករលួយក៏ប៉ុន្តែចំពោះខ្ញុំទង្វើមួយរយៈកន្លងមកជាទង្វើពង្រឹងអំណាចទៅវិញមានន័យថាបើអ្នកណាពុករលួយដែរប៉ុន្តែបើនៅ ក្នុងក្រុមជាមួយគ្នាអត់អីទេបើនៅ ក្រុមផ្សេងត្រូវតែកម្ចាត់ ត្រូវតែចាប់»។
វីអូអេបានខិតខំព្យាយាមទាក់ទងលោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោកកែវ រ៉េមី អ្នកនាំពាក្យនៃស្ថាប័ននេះតាំងពីថ្ងៃអង្គាររហូតដល់ថ្ងៃព្រហស្បតិ៍ប៉ុន្តែលោកឱម យិនទៀងគ្រាន់តែលើកទូរស័ព្ទហើយមិនព្រមនិយាយ។
វីអូអេបានខិតខំព្យាយាមទាក់ទងលោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោកកែវ រ៉េមី អ្នកនាំពាក្យនៃស្ថាប័ននេះតាំងពីថ្ងៃអង្គាររហូតដល់ថ្ងៃព្រហស្បតិ៍ប៉ុន្តែលោកឱម យិនទៀងគ្រាន់តែលើកទូរស័ព្ទហើយមិនព្រមនិយាយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការតម្លាភាពអន្តរជាតិឱ្យដឹងថាមានប្រទេសមួយចំនួនដែលដោយសារតែប្រជាពលរដ្ឋមិនអាចទ្រាំទ្រនឹងអំពើពុករលួយបានក៏ងើបឡើងបះបោរដើម្បីទម្លាក់មេដឹកនាំដែលពុករលួយចេញពីអំណាច។ បើទោះបីជាសេចក្តីប្រកាសនេះមិនបញ្ជាក់ឈ្មោះប្រទេសក៏គេអាចដឹងបានថាប្រទេសទាំងនោះមានដូចជាទុយនេស៊ី លីប៊ី អេហ្ស៊ីប និងស៊ីរីជាដើម។
ប៉ុន្តែកត្តានេះមិនអាចកើតមានឡើងនៅប្រទេសកម្ពុជាបានទេ។ នេះបើតាមការបញ្ជាក់របស់គណបក្សប្រឆាំងបើទោះបីជាចំណាត់ថ្នាក់ឆ្នាំនេះបានដាក់កម្ពុជាទាបជាងប្រទេសដែលបានឆ្លងកាត់ការបះបោរទាំងនោះក៏ដោយដូចជាប្រទេសទុយនេស៊ីមានចំណាត់ថ្នាក់ត្រឹមតែ៧៥ និងអេហ្ស៊ីបត្រឹមតែ១១៨។
លោកយឹម សុវណ្ណអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ីនិងជាអ្នកនាំពាក្យបានបញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជាទើបតែមកដល់ដំណាក់កាលយល់ដឹងជាបណ្តើរៗនៃគ្រោះថ្នាក់អំពើពុករលួយតែប៉ុណ្ណោះ៖
«ឥឡូវនេះគាត់ដឹងគាត់យល់ហើយថ្ងៃណាមួយគាត់នឹងក្រោកឡើងតស៊ូប្រឆាំងនឹងអំពើពុករលួយ។ នៅពេលណាដែលគាត់យល់ដឹងបន្ថែមទៀតថាអំពើពុករលួយនេះហើយជាមូលហេតុតែមួយគត់ធ្វើឱ្យគាត់ក្រីក្រ ជាមូលហេតុតែមួយគត់ធ្វើឱ្យមានការរំលោភសិទ្ធិមនុស្ស ជាមូលហេតុតែមួយគត់ដែលធ្វើឱ្យប្រជាកសិករបាត់បង់ដីធ្លីធ្វើស្រែចំការ ធ្វើឱ្យក្រុមហ៊ុនមួយក្តាប់តូចដែលស្និទ្ធជាមួយអ្នកមានអំណាចកាន់កាប់ដីរាប់លានហិកតាហើយធ្វើឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ហូរចូលមកក្នុងស្រុកខ្មែរ។ នៅពេលណាដែលគាត់ដឹងច្បាស់ពីផលវិបាកនៃអំពើពុករលួយពេលនោះគាត់នឹងមានការផ្លាស់ប្តូរផ្នត់គំនិតរបស់គាត់»។
យ៉ាងណាក៏ដោយលោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីនិងជាអ្នកនាំពាក្យបាននិយាយការពារសមិទ្ធិផលរបស់រដ្ឋាភិបាលហើយបញ្ជាក់ថាមានប្រជាពលរដ្ឋជាង៨០ភាគរយយល់ស្របជាមួយនឹងអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ។ លោកផៃ ស៊ីផានបានស្តីបន្ទោសគណបក្សប្រឆាំងថាមិនមានគោលការណ៍អ្វីច្បាស់លាស់ក្រៅពីរិះគន់អំពើពុករលួយ។
«នៅក្នុងមូលដ្ឋានយើងឃើញហើយថាតើគណបក្សប្រឆាំងបានរៀបចំយុទ្ធនាការនៅមូលដ្ឋានដូចម្តេចដើម្បីគេយល់ពីគណបក្សប្រឆាំង?តើមានគំនិតក្នុងសេដ្ឋកិច្ចលោកយល់ឃើញយ៉ាងម៉េច មានគំនិតការពារជាតិលោកយល់ឃើញយ៉ាងម៉េច មានគំនិតក្នុងការដោះស្រាយសង្គមលោកយល់ឃើញយ៉ាងម៉េច? គាត់ពិបាកនិយាយណាស់ក្រៅពីអំពើពុករលួយក្រៅពីការតតាំងវាយប្រហារទៅលើតែនាយករដ្ឋមន្រ្តីម្នាក់»។
ការពិនិត្យមើលរបស់អង្គការតម្លាភាពក្នុងការដាក់ចំណាត់ថ្នាក់ប្រទេសផ្អែកលើកត្តាជាច្រើនក្នុងនោះមានដូចជាការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋាភិបាលនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ការទទួលបានព័ត៌មានពីស្ថាប័នរដ្ឋ និងការរំលោភ ក្រមសីលធម៌របស់រដ្ឋាភិបាលនិងទំនាស់នៃផលប្រយោជន៍ក្នុងជួរមន្រ្តីរដ្ឋការជាដើម៕