ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​មិនសូវ​យល់ដឹង​ពី​ជំងឺ​មហារីក​ហើយ​មាន​គ្រោះថ្នាក់​ច្រើន


អ្នកស្រី ហួយ សេង ​អាយុ៤៨ឆ្នាំ​មកពី​ខេត្តកំពង់ចាម​
អ្នកស្រី ហួយ សេង ​អាយុ៤៨ឆ្នាំ​មកពី​ខេត្តកំពង់ចាម​
ភ្នំពេញ៖ ប្រទេស​កម្ពុ​ជាមាន​អ្នក​កើត​ជំងឺ​មហារីក​ខ្ពស់​ឈរ​ក្នុង​លំដាប់ថ្នាក់​លេខ៤​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំង១០​ប៉ុន្តែ​នៅ​ពុំមាន​តួលេខ​ពិ​ត​ប្រាកដ​នោះ​ទេ។ ចំណែក​ឯ​ជំងឺ​មហារីក​មាត់ស្បូន​និង​ជំងឺ​មហារីក​ថ្លើម​លើ​បុរស​ឈរ​លំដាប់​ថ្នាក់​លេខ​១។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​ជំនាញ​នៃ​ជំងឺ​មហារីក។

លោក​វេជ្ជបណ្ឌិត​ អ៊ា​វ សុខា ​ប្រធាន​ផ្នែក​ជំងឺ​មហារីក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មាន​ប្រសាសន៍​ថា​ការយល់ដឹង​ផ្នែក​ជំងឺមហារីក​របស់​ប្រជាពលរដ្ឋ​មិនទាន់​បាន​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជំងឺ​នេះ​ដែល​ជាហេតុ​បណ្តាល​ឱ្យអ្នកជំងឺ​មហារីក​ប្រមាណ​ជា៧២​ភាគរយ​មក​មន្ទីរពេទ្យ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ពិបាក​ក្នុងការ​ជួយ​សង្គ្រោះ។

លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា​ភាគច្រើន​អ្នក​កើត​ជំងឺមហារីក​ក្នុង​ប្រទេស​កម្ពុជា​មាន​អាយុ​ក្មេង​ជាង​ប្រទេស​ជិតខាង​ហើយ​យ៉ាងហោចណាស់​ក្នុង១ឆ្នាំ​មាន​អ្នក​កើត​ជំងឺ​មហារីក​ប្រមាណ​ជា៤.០០០​នាក់​បានមក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ភ្នំពេញ។

«អីចឹង​បើ​យើង​មើល​តួរ​លេខ​ហ្នឹង ​យើង​ឃើញ​ថា​ប្រជាជន​កម្ពុជា​យើង​កំពុងតែ ​ប្រឈមមុខ​នឹង​ការកើត​ជំងឺមហារីក​ហ្នឹង ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ។ អីចឹង​មើលទៅ​កម្រិត​នៃ​ការយល់​ដឹង​របស់​ប្រជាជន​យើង​ទាក់ទង​នឹង​ជំងឺ​មហារីក​នេះ​គឺថា​ឥឡូវនេះ​គឺ​វា​មិនទាន់​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជំងឺ​មហារីក​បច្ចុប្បន្ន​ហ្នឹង​ទេ។ ឥឡូវ​ហ្នឹង​គឺថា​យើង​សង្កេតឃើញ​ថា​អ្នកជំងឺ​មហារីក​ដែល​មករក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហ្នឹង​គឺថា​គាត់​មកដល់​នៅ​មន្ទីរពេទ្យ​ហ្នឹង​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ​ហើយ»។

មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​កំពុង​រៀបចំ​បំពាក់​ម៉ាស៊ីន​ព្យាបាល​ជំងឺមហារីក​ដ៏​ទំនើប​ដូច​បណ្តា​ប្រទេស​ជឿនលឿន​មួយ​ចំនួន។

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ជា​មន្ទីរពេទ្យ​តែ១គត់​ក្នុងប្រទេស​កម្ពុជា​ដែលមាន​ការព្យាបាល​ជំងឺមហារីក​ដោយ​ការប​ញ្ចាំ​ង​កាំរស្មី​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០០៣​មក។

ជា​រៀងរាល់ថ្ងៃ​មាន​អ្នក​កើត​ជំងឺមហារីក​គ្រប់​វ័យ​មកពី​គ្រប់ទិសទី​តែងតែ​មក​អង្គុយ​រង់ចាំ​ដើម្បី​ទទួល​ការពិនិត្យ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។ នៅក្នុង​ចំណោម​អ្នក​កើត​ជំងឺមហារីក​ទាំង​នោះ​ក៏​មាន​កូនក្មេង​ដែល​នៅ​មិនទាន់​ចេះ​និយាយ​និង​ដើរ​ផងដែរ។ កុមារ​ទាំងនោះ​ភាគច្រើន​កើត​មហារីក​សួត​និង​តម្រងនោម។

លោក​វេជ្ជបណ្ឌិត ​គួ​យ សំណាង ​ប្រធាន​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ​បាន​មានប្រសាសន៍​ថា​កត្តា​តំណពូជ ​បរិ​ដ្ឋាន ​អនាម័យ ​ចំណីអាហារ ​ការបណ្តុំ​របស់​ក្រូម៉ូសូម ​ខុស​ប្រក្រតី​សុទ្ធតែជា​កត្តា​ជំរុញ​ឱ្យកើតមាន​ជំងឺមហារីក​នេះ។

លោក​បាន​បញ្ជាក់​ថា​ដើម្បីឱ្យជៀសផុត​ពី​ការប្រឈម​មុខ​ខ្ពស់​ពី​ការស្លាប់​ដោយសារ​ជំងឺ​មហារីក​ប្រជាពលរដ្ឋ​ត្រូវ​ពិនិត្យ​សុខភាព​ឱ្យ​បាន​ទៀងទាត់​និង​នៅពេល​មាន​រោគសញ្ញា​សង្ស័យ​ណាមួយ ពីព្រោះ​ជំងឺ​មហារីក​អាច​ស​ង្ឃឹ​ម​ព្យាបាល​បានជា​ជាង៩០ភាគរយ​នៅក្នុង​ដំណាក់កាល​ទី​១។

«ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​មានការ​យល់ដឹង​ទាក់ទង​ជាមួយ​នឹង​សុខភាព​របស់ខ្លួន​ផ្ទាល់ ទី១ប្រាកដ​អនាម័យ​ហើយ ​អនាម័យ​តាំងពី​ចំណី​អាហារ។ បើសិនជា​វា​កើត​ហើយ​ធ្វើ​ដូចម្តេច
រកឃើញ​នៅ​ដំណាក់កាល​ដំបូង។ នេះ​គឺជា​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​យើង​ទាំងអស់គ្នា​ហើយ​ដែល​ត្រូវតែ​ខំប្រឹង​ស្តាប់​ការអប់រំ​អីចឹង​ដើម្បី​ជៀសវាង​ការ​ប្រឈម​របស់​យើង​គឺ​មានតែ​យើង​ទៅរក
សេវា​ណា​ដែលមាន​ជំនាញ​ពិតប្រាកដ ​ឱ្យគាត់​ពិនិត្យមើល ​នៅពេលនោះ​ដែល​យើង​អាច​រក​ឃើញ​ជំងឺមហារីក​នោះ​នៅ​ដំណាក់កាល​ដំបូង​ហើយ​យើង​អាចជួយ​អ្នកជំងឺ​នោះ​ជា​បាន»។

អ្នកជំងឺ​មហារីក​ដែល​មក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ភាគច្រើន​មិនបាន​ដឹង​ថា​អ្វី​ទៅជា​ជំងឺមហារីក​នោះទេ​នៅមុន​ពេល​គាត់​កើត​ជំងឺ​នេះហើយ​អ្នកខ្លះ​ទៀត​ក៏​នៅតែ​មិនទាន់​ដឹង​ថា​ខ្លួន​មាន​ជំងឺមហារីក​ដែរ​គឺ​ពួកគាត់​គ្រាន់តែ​ដឹងថា​មាន​ដុះ​សាច់​កាច​តែប៉ុណ្ណោះ។

អ្នកស្រី ហួយ សេង ​អាយុ៤៨ឆ្នាំ​មកពី​ខេត្តកំពង់ចាម​បានមក​សម្រាក​ព្យាបាល​ជំងឺមហា​រីក​ដោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​អស់​រយៈពេល​ជិត២ខែ​កន្លងមកនេះ​បានឱ្យ​ដឹងថា​គាត់​មិនដែល​បាន​ដឹង​ថា​មាន​ជំងឺមហារីក​អាច​បណ្តាល​ធ្វើឱ្យដោះ​ខាងឆ្វេង​របស់គាត់​ដំបៅ​រីក​រាលដាល​ឈឺចាប់​ជាខ្លាំង​បែបនេះ​នោះ​ទេ។

«ឥតមាន​ចាប់អារម្មណ៍​សោះ​ព្រោះ​ដឹងថា​ជា​ដុំ​គីស​ហ្នឹង ​ឥតមាន​ដឹងថា​អាហ្នឹង​វា​រីក​យ៉ាងណា។ អត់​ដឹង​ហ្នឹង​ហើយ ​គ្រូ​អើយ! បើ​ដឹង​មិន​ទុក​ដល់​ប៉ុណ្ណឹង​ទេ។ ខ្ញុំ​មិនដឹងថា​ជំងឺមហារីក ​ហ្នឹង ​តើ​វា​កាច​ប៉ុណ្ណា ​វា​លោត​ប៉ុណ្ណា។ វា​មិនដឹង។ សោកស្តាយ​ណាស់ ស្តាយ​ខ្លួន ស្តាយ​ជីវិត​ណាស់ ​ស្តាយ​មិនដឹង​យល់ ​អត់​ដឹងថា​ដូច​គ្មាន​អ្នកណា​ពន្យល់​យើង​ឲ្យ​ចេះដឹង»។

ចំណែកឯ​លោក កេត ហុង ​អាយុ៤៩ឆ្នាំ​មកពី​ខេត្តកំពត​កំពុង​សម្រាក​ព្យាបាល​មាន​ដំបៅ​មហារីក​លើ​គូទ​របស់គាត់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀតបាន​ឱ្យ​ដឹង​ដែរ​ថា​គាត់​មិនមាន​ជំងឺមហារីក​នោះទេ​គឺ​គ្រាន់​តែមាន​សាច់​កាច​តែប៉ុណ្ណោះ។

«ពេទ្យ​គ្រាន់តែ​ថា​យើង​សាច់​កាច ឲ្យ​យើង​បាញ់​កាំរស្មី និង​ចាក់​គីមី។ ធ្លាប់​លឺ​តែ​គេ និយាយថាជំងឺមហារីកៗ ប៉ុន្តែ​មិនដែល​ធ្លាប់​ជួបប្រទះ​អីចឹង»។

ជាមួយគ្នា​នេះ​ដែរ​អ្នកស្រី​ សួស ណា​រី កំពុង​អង្គុយ​នៅមុខ​បន្ទប់​គ្រូពេទ្យ​ក្នុង​មន្ទី​ពេទ្យ​ មិត្តភាព​ខ្មែរ​សូ​វៀត​ជាមួយ​កូន​របស់​គាត់​ដើម្បី​រង់ចាំ​ចូល​ពិនិត្យ​និង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

អ្នកស្រី​បានឱ្យ​ដឹងថា​កូន​របស់គាត់​មាន​អាយុ១៩ឆ្នាំ​បានកើត​ជំងឺ​មហារីក​នៅ​បំពង់ក​ហើយ​គាត់​បាន​ព្យាបាល​កូន​របស់គាត់​អស់​រយៈពេល២ឆ្នាំ​កន្លងមក​ហើយ​តែ​មិនដឹងថា​កូន​របស់​គាត់​កើត​ជំងឺ​មហារីក​នោះ​ទេ​ដូច្នេះ​គាត់​បាន​ចំណាយ​លុយ​ឥត​ប្រ​យោ​ជន៍ជាច្រើន​ទៅលើ​ការព្យាបាល​នេះ។

អ្នកស្រី​បានឱ្យ​ដឹង​បន្ថែម​ថា​ទំរាំ​តែ​ដឹងថា​កូន​របស់​គាត់​មាន​ជំងឺមហារីក​គាត់​ត្រូវ​លក់​ផ្ទះ​និង​ខ្ចីលុយ​គេ​សម្រាប់​ធ្វើ​ការព្យាបាល​នេះ។

«ដឹងថា​សាច់​កាច ​អត់​ដឹង​មហារីក។ គ្រាន់​ថា​ខ្ញុំ​ចាក់​តាម​គ្លី​និក​ វា​អស់​ច្រើន ​ទំរាំ​ចំ​ពេទ្យ​ហ្នឹង។ បើ​មក​ចំ​ពេទ្យ​តែម្តង ​វា​មិនសូវ​អស់​ច្រើន។ ប៉ុន្តែ​យើង​អត់​ដឹង ​យើង​រាវ​រហូត​ប៉ុន្មាន​ឆ្នាំ​ យើង​រាវ។ អត់​ស្គាល់ អត់​ដឹង ​ដឹងថា​ក្នុង​ស្បូន ​ហើយ​លឺ​តែ​គេ​និយាយ​ថា​មហារីក​ស្បូន ​ដល់ក ​ដល់ ​សាច់​អី​ចឹ​ង ​ខ្ញុំ​មិនដែល​ដឹង​សោះ»។

លោក​ទីវ សុថា​ន មកពី​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​កំពុង​អង្គុយ​លើ​គ្រែ​មើល​ថែ​ប្រពន្ធ​របស់​គាត់​ដែល​កើត​ជំងឺមហារីក​សួត​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត។ លោក​បានឱ្យ​ដឹងថា​ការផ្សព្វផ្សាយ​ពី​ជំងឺ​មហារីក​របស់​រដ្ឋា​ភិ​បាល​នៅមាន​កម្រិត​ទាប​ដែលជា​ហេតុ​បណ្តាលឱ្យ​ ប្រជា​ពលរដ្ឋ​មាន​ការ​យល់ដឹង​តិចតួច​ពី​ជំងឺ​នេះ។

«ជំងឺ​មហារីក​ហ្នឹង​មិនមែន​ប្រជាជន​ហ្នឹង​មិន​ចង់​យល់ដឹង​ទេ ​ប៉ុន្តែ​ទី១ ​ការផ្សព្វផ្សាយ ​ក៏​នៅ​មាន​កម្រិត។ ទី២ ​កម្រិត​ជីវភាព​ប្រជាជន​នៅ​ក្រ ​អត់​សូវ​យល់ដឹង​ពី​បញ្ហា​ហ្នឹង ​បើទោះជា​កើត ​ហើយ​ក៏​មិន​ដឹង​ធ្វើ​យ៉ាងម៉េច​ដែរ ​ព្រោះ​អាហ្នឹង​ថ្លៃ​ថ្នាំ​វា​ថ្លៃ​ណាស់។ អីចឹង ​វា​មានតែ​តាម​យថាកម្ម ​ហ្នឹង​ហើយ ​តាម​ព្រេងវាសនា​ហ្នឹង។ សព្វថ្ងៃ​ហ្នឹង​ រឿង​ចំណីអាហារ​ហ្នឹង​ពោរពេញ​ដោយ​ជាតិ ​គីមី ​ច្រើន​ ខ្ញុំបារម្ភៗក្មេង​សារ​ក្រោយ​ទេ ​ដែល​ទើបនឹង​កើត ​និង​ធំ​ឡើង​ ហើយ​នៅ​ថ្ងៃក្រោយ ​ទៅ​ក្មេង​កើត​ខ្លាំង»។

យោងតាម​លទ្ធផល​ស្រាវជ្រាវ​ស្តីពី​វត្ត​មាន​នៃ​សារធាតុ​គីមី​ដែលមាន​គ្រោះថ្នាក់​ក្នុង​ម្ហូបអាហារ​ របស់​លោកស្រី​បណ្ឌិត ចេក សុថា​ប្រធាន​ផ្នែក​គីមី ​និង​ចំណីអាហា​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង ​បច្ចេកវិទ្យា​រាជបណ្ឌិត​សភា​កម្ពុ​ជាប​ង្ហា​ញ​ឱ្យ​ដឹងថា​សារ​ធាតុគីមី​មួយចំនួន​ដែលមាន​នៅក្នុង​ចំណី​អាហារ​ក្នុង​ប្រទេស​កម្ពុជា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ជាច្រើន​ក្នុងនោះ​ក៏​អាច​បង្កឱ្យ​មាន​ជំងឺ​មហារីក​ផងដែរ។
មន្ត្រី​ជំនាញ​ផ្នែក​ជំងឺ​មហារីក​បានឱ្យ​ដឹង​ថា​តាម​ការសិក្សា​របស់​អង្គការ​សុខភាព​ពិភព​បានបង្ហាញ​ឱ្យ​ដឹង​ថា​ប្រទេស​កម្ពុជា​មាន​អ្នក​កើត​ជំងឺមហារីក​ប្រមាណ​ជា១៥.០០០នាក់​ក្នុង១ឆ្នាំ។ អ្នក​កើត​មហារីក​ប្រមាណ​ជា១៧​ភាគរយ​ក្រោម​អាយុ៣៥ឆ្នាំ​ហើយ​ចាប់ពី​អាយុ៣៦​ឆ្នាំ​ដល់​អាយុ​៦០​មាន​៧០​ភាគរយ។ ​

ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​កើត​ជំងឺមហារីក​ក្នុង​វ័យក្មេង​គឺ​ភាគ​ច្រើន​មាន​អាយុ​ពី៤៨ឆ្នាំ​ដល់​៥១ឆ្នាំ​ក៏ប៉ុន្តែ​ប្រជាជន​នៅ​ប្រទេស​ដទៃ​កើត​ជំងឺ​នេះ​ភាគច្រើន​ពី​អាយុ៥៨ឆ្នាំ​ឡើង៕
XS
SM
MD
LG