ភ្នំពេញ៖ របស់កុមារដែលបានមកសម្រាកព្យាលបាលជំងឺបេះដូងក្នុងកាល់ម៉ែតក្រុងភ្នំពេញកំពុងរៀនព្យញ្ជនៈខ្មែរ ក ខ គ ឈ ង។ ក្នុងបន្ទប់ដែលមានតុបតែងដោយរូបភាពចម្រុះពណ៌លើជញ្ជាំងនេះ កុមារា កុមារីបីបួនាក់កំពុងអានព្យញ្ជនៈខ្មែរ។
កំឡុងពេលរង់ចាំទទួលការវះកាត់ពីគ្រូពេទ្យ កុមារតូចៗទាំងនោះបានចំណាយពេលរបស់ពួកគេចូលអានសៀវភៅនៅក្នុងបណ្ណាល័យកុមារដែលស្ថិតនៅជ្រុងម្ខាងនៃអគារមន្ទីរពេទ្យនេះ។
ញ៉ែម ចិត្រា អាយុ១២ឆ្នាំ មកពីស្រុកចម្ការលើ ខេត្តកំពង់ចាមរង់ចាំទទួលការព្យាបាលជំងឺបេះដូងនេះតាំងពីឆ្នាំ២០០៨។ ដៃកាន់ក្តារបន្ទះដែលមានដាក់តម្រៀបអក្ខរៈក្រមព្យញ្ជនៈខ្មែរ ចិត្រាកំពុងរង់ចាំការវះកាត់ពីសំណាក់គ្រូពេទ្យ។
មានសម្បុរស្រអែម កុមារារូបនេះនិយាយសម្តីមិនសូវច្បាស់ថា គាត់មានជំងឺបេះដូងចំហ។
«បេះដូងចំហ ហត់ៗ»។
អង្គុយជុំៗគ្នាជាមួយស្ត្រីជាម្តាយបួននាក់ទៀត អ្នកស្រីចំរើន ស្រីម៉ៅ អាយុ២៤ឆ្នាំ ជាអ្នកស្រុកមកពីខេត្តកំពង់ចាមដែរ។
ជិត២ឆ្នាំហើយដែលអ្នកស្រីបានចំណាយពេលមើលជំងឺរបស់កូនប្រុសអ្នកស្រីនៅតាមបណ្តាមន្ទីរពេទ្យឯកជននានា។ គ្រួសាររបស់អ្នកស្រីបានចំណាយប្រាក់ជាច្រើនមុននឹងក្រុមគ្រូពេទ្យបញ្ជូនកូនរបស់គាត់មកកាន់មន្ទីរពេទ្យកាល់ម៉ែត។
អ្នកស្រីនិយាយថា បន្ទាប់ពីកូនរបស់គាត់កើតមកបានជិត២ខែ កូនរបស់គាត់ចាប់ផ្តើមស្រកទម្ងន់ជាលំដាប់ ហើយមានលក្ខណៈហត់ៗជាប់រហូត។
ដូចចិត្រាដែរ កូនប្រុសរបស់គាត់កំពុងស្ថិតក្នុងកំឡុងពេលរង់ចាំទទួលការវះកាត់។
ជាម្តាយនៃកូនទោល អ្នកស្រីចំរើន ស្រីម៉ៅពោលដោយក្តីត្អូញត្អែរថា៖
«ពិបាកដែរហ្នឹង។ តាំងពីឈឺ តាំងពី២ខែរហូតមកដល់២ឆ្នាំហ្នឹង អស់លុយច្រើនណាស់នៅពេទ្យឯកជន។ យើងមិនបានដឹងថា នៅទីនេះមានពេទ្យឧបត្ថម្ភទេ.....ទៅពេទ្យគន្ធបុប្ផា គេពិនិត្យទៅគេថា កូនយើងកើតជំងឺបេះដូចប្រហោង ហើយបន្ទាប់មកគេក៏បញ្ជូនយើងមកកាន់ពេទ្យកាល់ម៉ែត្រ។ ឥឡូវហ្នឹងអត់ទាន់បានវះកាត់ទេ ទើបតែមកដេកបានប៉ុន្មានថ្ងៃ ដល់ថ្ងៃណាគេវះកាត់ទើប គេប្រាប់យើង»។
ពាក់អាវយឺតពណ៌ស អ្នកស្រីថង ឆាយហន អាយុ២៤ឆ្នាំ ដែលមកពីខេត្តកណ្តាល បានប្រាប់ឲ្យដឹងដែរថា កូនស្រីរបស់គាត់ អាយុ៦ឆ្នាំ មានជំងឺបេះដូងប្រហោង។
កូនស្រីរបស់គាត់គឺកុមារីចាន់ សោភានឹងត្រូវទទួលការវះកាត់ក្នុងពេលឆាប់ៗនេះ។
អង្គុយជាប់នឹងម្តាយ កុមារីចាន់ សោភានិយាយប្រាប់ពីអាការៈជំងឺរបស់ខ្លួន។
«មានជំងឺបេះដូង ហត់ៗ»។
មន្ទីរពេទ្យកុមារ ឬ Cambodian Children's House ត្រូវបានបង្កើតឡើងដោយអង្គការឡាហ្សែន ដឺឡេះស្វ័រ La Chaine De l'Espoir (CDE) មកពីប្រទេសបារាំង២០០៣។
ស្ថិតក្នុងអគារនៃមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យកុមារនេះបង្កើតផ្តោតសំខាន់លើការផ្តល់សេវាព្យាបាលដោយមិនគិតថ្លៃដល់កុមារក្រីក្រកម្ពុជាដែលមានជំងឺបេះដូង ខណៈដែលការវះកាត់បេះដូងជាធម្មតាអាចមានតម្លៃពីចាប់ពី៣៥០០ដុល្លារទៅ៧៥០០ដុល្លារអាមេរិក។
លោកវេជ្ជបណ្ឌិតសុខ ផាងគឺគ្រូពេទ្យឯកទេសជំងឺបេះដូងសង្គ្រោះបន្ទាន់ប្រចាំនៅកុមារ។
លោកប្រាប់ឲ្យដឹងថា មានកត្តាពីរយ៉ាងដែលជាមូលហេតុនៃការកើតជំងឺទាក់ទងទៅនឹងបេះដូងរបស់កុមារគឺកុមារនោះកើតមានជំងឺពីកំណើតតែម្តង និងមួយទៀតគឺបណ្តាលមកពីកង្វះការព្យាបាលឲ្យបានត្រឹមត្រូវនៅពេលដែលកុមារកើតមានជំងឺ ដូចជាការរលាកបំពង់កជាដើម។
«ជំងឺបេះដូងរបស់កូនក្មេងដែលកើតមកពីកំណើតគឺកើតមកមានជំងឺតែម្តង។ មួយទៀតគឺគាត់កើតមកមានបេះដូងធម្មតា ប៉ុន្តែមួយរយៈនៃជីវិតរបស់គាត់ គាត់កើតជំងឺប្រើសបេះដូង ដោយសារមេរោគរលាកបំពង់ក ហើយវាបង្កឲ្យរលាកសន្លាក់ដៃ សន្លាក់ជើង ហើយវាមកទុំលើប្រើសបេះដូង ធ្វើឲ្យខូចប្រើសបេះដូង»។
បើតាមសម្តីរបស់លោកផាងឲ្យដឹងថា អត្រានៃកុមារដែលមានជំងឺបេះដូងពីកំណើតនៅលើពិភពលោកគឺក្នុងចំណោមក្មេង៨នាក់អាចមានកុមារម្នាក់មានកើតជំងឺនេះ។
ជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់មានអ្នកជំងឺជាកុមារ២នាក់ត្រូវបានឪពុកម្តាយនាំយកមកពិគ្រោះនិងព្យាបាល ហើយភាគច្រើនមកពីគ្រួសារដែលមានជីវភាពក្រីនិងមកពីបណ្តាខេត្តឆ្ងាយៗ។
«ភាគច្រើននៃកុមារដែលជាអ្នកជំងឺនៅក្នុងមន្ទីរពេទ្យកុមារនេះភាគច្រើនគឺជាអ្នកមកពីបណ្តាខេត្តឆ្ងាយៗ ហើយជាអ្នកដែលមានជីវភាពក្រីក្រ»។
រយៈពេលជិត១០ឆ្នាំហើយដែលអង្គការនេះបានធ្វើការវះកាត់និងព្យាបាលបេះដូងកុមារបានចំនួន២២០០០នាក់។ ដោយឡែកក្នុងឆ្នាំ២០១១ មន្ទីរពេទ្យកុមារបានទទួលពិនិត្យនិងពិគ្រោះជំងឺកុមារចំនួន៦៩៧២នាក់ និងទទួលឲ្យកុមារសម្រាកព្យាបាលចំនួន៣៥៧នាក់។
លោកវេជ្ជបណ្ឌិតបានប្រាប់ឲ្យដឹងថា ប្រភេទជំងឺរបស់កុមារកម្ពុជាភាគច្រើនគឺជាជំងឺដែលមានតាំងតែពីកំណើត។ លោកក៏បានបញ្ជាក់ពីក្តីបារម្ភណ៍របស់លោកផងដែរ ដោយហេតុថា ចំនួនកុមារដែលកើតជំងឺបេះដូង ហើយទាមទារឲ្យមារការវះកាត់មានចំនួនច្រើន ខណៈពេលដែលលទ្ធភាពនៃការផ្តល់ការវះកាត់អ្នកជំងឺមានកម្រិតនៅឡើយ។
ជាមធ្យមក្រុមវេជ្ជបណ្ឌិតដែលមានការចូលរួមពីសំណាក់គ្រូពេទ្យមកពីអង្គការឡាហ្សែន ដឺឡេះស្ព័រ La Chaine De l'Espoir (CDE) ធ្វើការវះកាត់ឲ្យកុមារកម្ពុជាបានត្រឹមតែពី១៥ទៅ២០នាក់ប៉ុណ្ណោះក្នុងមួយខែ។
«ក៏ប៉ុន្តែបញ្ហានេះមិនអាចចេញរួចបានទេ ដោយហេតុថា ដូចខ្ញុំបានពន្យល់ប្រាប់ពីមុនដែរអញ្ចឹង ដោយសារតែកុមារដែលរង់ចាំទទួលការវះកាត់នៅក្នុងអគារបេះដូងនេះមានជិត២០០០នាក់ទៅហើយ។ ហើយមួយថ្ងៃៗ យើងទទួលអ្នកជំងឺថ្មី ១ទៅ២នាក់ទៀត។ អញ្ចឹងបើយើងថា វះកាត់បាន១០ទៅ២០នាក់ក្នុងមួយខែ យើងមុខជាត្រូវបន្តវះកាត់រាប់ឆ្នាំតទៅមុខទៀត»។
វេជ្ជបណ្ឌិតដដែលក៏ប្រាប់ដែរថា មានករណីមួយចំនួនដែលកុមារមានជំងឺបេះដូងត្រូវស្លាប់ ហេតុផលគឺដោយសារតែឪពុកម្តាយមិនបាននាំកូនមកព្យាបាលឲ្យទាន់ពេលវេលា។ ករណីមួយចំនួនទៀតគឺដោយសារកង្វះការយល់ដឹង ជីវភាពក្រីក្រពេក រស់នៅឆ្ងាយ ពិបាកក្នុងការធ្វើដំណើរដើម្បីស្វែងរកសេវាព្យាបាល។
លោកវេជ្ជបណ្ឌិតសុខ ផាងបង្ហាញការកត់សម្គាល់ថា៖
«បើគាត់មិនបានដឹងថា កូនគាត់មានជំងឺបេះដូងទេ គាត់នៅឆ្ងាយពេក គាត់គ្មានលទ្ធភាព គាត់មិនដឹងថា កូនគាត់ឈឺបេះដូង គាត់មកមន្ទីរពេទ្យ អគារកុមារយើងនេះ គាត់មកយឺតពេល រហូតដល់ពេលខ្លះហួសដំណាក់កាលដែលអាចវះកាត់បាន»។
«បើគាត់មិនបានដឹងថា កូនគាត់មានជំងឺបេះដូងទេ គាត់នៅឆ្ងាយពេក គាត់គ្មានលទ្ធភាព គាត់មិនដឹងថា កូនគាត់ឈឺបេះដូង គាត់មកមន្ទីរពេទ្យ អគារកុមារយើងនេះ គាត់មកយឺតពេល រហូតដល់ពេលខ្លះហួសដំណាក់កាលដែលអាចវះកាត់បាន»។
សូមបញ្ជាក់ថា សេវាវះកាត់និងព្យាបាលជំងឺបេះដូងដោយឥតគិតថ្លៃតិចតួចនៅឡើយ គឺនៅមន្ទីរពេទ្យកាល់ម៉ែតក្រុងភ្នំពេញនិងនៅខេត្តសៀមរាបមានមន្ទីរពេទ្យ កុមារអង្គរនិងមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧។
យូរៗម្តង មានសេវាកម្មជួយវះកាត់បេះដូងកុមារកម្ពុជាដោយឥតគិតថ្លៃ ដោយក្រុមវេជ្ជបណ្ឌិតមកពីក្រៅប្រទេសដូចជាសហរដ្ឋអាមេរិក និងបារាំងជាដើម។ យ៉ាងណាក៏ដោយវេជ្ជបណ្ឌិតសម្រាប់វះកាត់ជំងឺបេះដូងរបស់កុមារនៅមន្ទីរពេទ្យកាល់ម៉ែតមានត្រឹមតែបួននាក់ប៉ុណ្ណោះ។ ហើយកុមារកំពុងរង់ចាំការព្យាបាលមានរហូតដល់២០០០នាក់។ ដូច្នេះប្រសិនបើលទ្ធភាពព្យាបាលនិងវះកាត់អាចទទួលកុមារត្រឹមតែ១០ទៅ២០នាក់ក្នុងមួយខែ កុមារទាំងនោះនឹងត្រូវការពេលវេលាដប់ឆ្នាំទៀតដើម្បីព្យាបាលបានគ្រប់គ្នា៕