ភ្នំពេញ៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងបានទាមទារនៅថ្ងៃអង្គារនេះឲ្យតំណាងរាស្ត្រគណបក្សកាន់អំណាចលោក ឈាង វុន ធ្វើការសុំទោសដល់សហគមន៍និងជីដូនជីតារបស់ពួកគេឲ្យបានឆាប់បំផុត។
ការទាមទារនេះធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការការបរទេសនិងទំនាក់ទំនងអន្តរជាតិរបស់រដ្ឋសភារូបនេះបានធ្វើសេចក្តីអត្ថាធិប្បាយដែលក្រុមជនជាតិដើមភាគតិចព្នងអះអាងថាបានធ្វើឲ្យប៉ះពាល់ដល់ពួកគេយ៉ាងខ្លាំងកាលពីប៉ុន្មានសប្តាហ៍មុននេះ។
លោកឈាង វុន គ្រោងនឹងទៅធ្វើការសុំទោសដល់ពួកគេក្នុងរង្វង់ពាក់កណ្តាលឆ្នាំ២០១៣។ នេះបើយោងទៅតាមតំណាងក្រុមជនជាតិដើមភាគតិច។
លោកណាក់ វែន ជនជាតិព្នងម្នាក់បានថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃនេះដោយរំលឹកថាសេចក្តីអត្ថាធិប្បាយរបស់លោកឈាង វុន គឺជាការមាក់ងាយដល់ជនជាតិរបស់ខ្លួន។
«ការដៀលត្មេះយើងខ្ញុំអត់សុខចិត្តទេ។ ខ្ញុំគិតថាវាជារឿងមួយដែលសំខាន់ហើយយើងស្នើឲ្យឯកឧត្តមតំណាងរាស្ដ្រធ្វើការលាពាក្យតាមប្រពៃណីកាន់តែឆាប់កាន់តែល្អ»។
កាលពីថ្ងៃទី១៤ខែវិច្ឆិកាលោកឈាង វុន បានប៉ះទង្គិចពាក្យសម្តីជាមួយលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សមានបីអសនៈនៅក្នុងរដ្ឋសភាដែលនាំឲ្យតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ដើរចេញពីកិច្ចប្រជុំសភា។
លោកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាបានរិះគន់លោកកឹម សុខា និងលោក ស៊ុន ឆ័យដែលបានអន្តរាគមកាត់ប្រសាសន៍របស់លោកថា «មានឥរិយាបទព្រៃផ្សៃដូចព្នង»។
ការរិះគន់នេះធ្វើឱ្យជនជាតិភាគតិចព្នងក្នុងប្រទេសកម្ពុជាចាត់ទុកថាគឺជាសម្តីមួយប្រមាថមាក់ងាយទៅដល់ពួកគេ។
នៅថ្ងៃបន្ទាប់នោះលោកឈាង វុន អះអាងក្នុងកិច្ចប្រជុំសភាថាលោកមិនឃើញថាមានពាក្យ«ជនជាតិព្នង» ក្នុងច្បាប់របស់ប្រទេសកម្ពុជានោះទេ។
នៅសប្តាហ៍មុនលោកឈាង វុន បានសារភាពថាលោកបានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជនជាតិភាគតិចព្នងហើយបានស្នើសុំការយោគយល់ដល់រូបលោក ក៏ប៉ុន្តែមិនបានសម្តែងការសុំទោសនោះទេ។
«សុំបងប្អូនជាតិព្នងមេត្តាអធ្យាស្រ័យឲ្យខ្ញុំ។ សុំអរគុណ»។
ក៏ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាជនជាតិព្នងមិនបានសុខចិត្តឡើយហើយទាមទារឲ្យលោកឈាង វុន ធ្វើពិធីសែនព្រេនសុំទោសតាមប្រពៃណីរបស់ជនជាតិខ្លួននៅភ្នំដោះក្រមុំនៃខេត្តមណ្ឌលគីរី។
លោកណាក់ វែន បញ្ជាក់ថាការធ្វើនេះមិនមែនជាការបង្អាប់កិត្តិយសលោកឈាង វុននោះទេ។
«ការធ្វើនេះមិនមែនជាការដាក់ទណ្ឌកម្មគាត់ទេហើយក៏មិនមែនជាការបង្អាប់កិត្តិយសគាត់នោះទេ។ប៉ុន្តែវាជាការផ្សះផ្សាបើសិនជាយើងធ្វើតាមប្រពៃណីទំនៀមទម្លាប់ឲ្យបានឆាប់ៗ»។
នៅក្នុងសន្និសីទកាសែតនៅព្រឹកនេះដែរប្រជាពលរដ្ឋខ្មែរជនជាតិដើមភាគតិចផ្សេងៗ មកពីខេត្តរតនគីរី មណ្ឌលគីរី និងខេត្តកំពង់ស្ពឺបានបង្ហាញម្នាក់ម្តងៗម្នាក់ម្តង ថាជនជាតិរបស់ខ្លួនមានប្រពៃណីនិងទំនៀមទម្លាប់ត្រឹមត្រូវ មានអត្តសញ្ញាណនិងវប្បធម៌និងអំពាវនាវឲ្យមានការគោរពដល់សហគមន៍របស់ពួកខ្លួន។
លោកឈាង វុន មិនអាចទាក់ទងបានទេនៅថ្ងៃនេះដោយសារតែលោកកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។
យោងតាមលោកជា ផល្លា មន្ដ្រីគម្រោងរបស់អង្គការពលកម្មអន្តរជាតិ(ILO)នៅប្រទេសកម្ពុជាមានជនជាតិភាគតិចចំនួន២៤ក្រុមនិងស្ថិតនៅក្នុងខេត្តចំនួន១៥។ លោកបញ្ជាក់ថាច្បាប់របស់ប្រទេសកម្ពុជាបានបង្ហាញការគាំពារដល់ជនជាតិដើមទាំងនេះ៕