ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ឈាង វុន ​នឹង​សុំ​ទោស​ជន​ជាតិ​ភាគតិច​ព្នង​ចំពោះ​ការ​ប្រើពាក្យ​ប្រមាថ


ការរិះគន់​ពី​អ្នក​តំណាង​រាស្ត្ររបស់​គណ​បក្ស​កាន់​អំណាច​បាន​ធ្វើ​ឱ្យជន​ជាតិភាគតិច​ព្នង​ក្នុង​ប្រទេស​កម្ពុជា​ចាត់ទុកថា​ជាសម្តីមួយ​ប្រមាថ​មាក់ងាយ​ដល់ជនជាតិភាគតិច​ព្នង។​
ការរិះគន់​ពី​អ្នក​តំណាង​រាស្ត្ររបស់​គណ​បក្ស​កាន់​អំណាច​បាន​ធ្វើ​ឱ្យជន​ជាតិភាគតិច​ព្នង​ក្នុង​ប្រទេស​កម្ពុជា​ចាត់ទុកថា​ជាសម្តីមួយ​ប្រមាថ​មាក់ងាយ​ដល់ជនជាតិភាគតិច​ព្នង។​
ភ្នំពេញ៖ អ្នកតំណាង​រាស្ត្រ​ខាង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​នៅ​ថ្ងៃពុធ​នេះ​បាន​ប្រកាស​សារភាព​ថា​លោក​ពិតជា​បាន​និយាយ​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជន​ជាតិ​ភាគ​តិច​ព្នង​នៅ​កម្ពុជា​ពិត​ប្រាកដ​មែន​ក៏​ប៉ុន្តែ​មិន​មាន​បំណង​ធ្វើការ​ប្រមាថ​មាក់ងាយដល់​ជនជាតិ​ព្នង​ទេ។​

លោក​ឈាង វុន ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាននិយាយ​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា​លោក​នឹង​ធ្វើការ​សុំទោស​ជាសាធារណៈ​នៅក្នុង​កិច្ច​ប្រជុំ​ណា​មួយ​របស់​រដ្ឋសភា​ប្រសិន​ណា​បើ​លោក​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស។

«បើ​ខ្ញុំនៅ[ស្ថិតនៅក្នុង​ប្រទេស]ខ្ញុំនឹង​សុំទោស​នៅក្នុង​សភា​ហើយ​បើ​ខ្ញុំមិននៅទេ [ពេល]​ប្រជុំ​សភា​លើក​ក្រោយ​មួយទៀត​ខ្ញុំនៅ​ខ្ញុំ​នឹង​សុំទោស»។​

កាលពីថ្ងៃទី​១៤​ខែវិច្ឆិកា​កន្លង​ទៅនេះ​មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​រវាង​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​គឺ​លោក​កឹម សុខា ​និង​ក្រុមអ្នក​តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​តឹង​សរសៃ​ក​នៅ​ក្នុង​កិច្ចប្រជុំសភាដែល​ធ្វើ​ឲ្យ​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​បានដើរ​ចេញ​ពី​កិច្ចប្រជុំ​ដែល​កំពុង​ដំណើរការ។​
លោកឈាង វុន អ្នក​តំណាង​រាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បានរិះគន់​លោក​កឹម សុខា​អ្នក​តំណាងរាស្រ្ត​ខាង​គណបក្ស​សិទ្ធិ​មនុស្ស​ថា«មាន​ឥរិយាបទ​ព្រៃផ្សៃ​ដូច​ព្នង»។​

ការរិះគន់​ពី​អ្នក​តំណាង​រាស្ត្ររបស់​គណ​បក្ស​កាន់​អំណាច​បាន​ធ្វើ​ឱ្យជន​ជាតិភាគតិច​ព្នង​ក្នុង​ប្រទេស​កម្ពុជា​ចាត់ទុកថា​ជាសម្តីមួយ​ប្រមាថ​មាក់ងាយ​ដល់ជនជាតិភាគតិច​ព្នង។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មាន​អង្គការ ​សមាគម​ និង​ក្រុមការងារ ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​កម្ពុជា​បាន​ដាក់​លិខិត​មួយ​ជូន​លោក​ហេង សំរិន​ប្រធាន​រដ្ឋសភា​ដើម្បី​ជួយអន្តរាគមន៍​ដល់​លោក​ឈាង វុន ​ឱ្យចេញ​មុខ​សុំទោស​ជាសាធារណៈ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋសភា ​ដកពាក្យ​ព្រៃផ្សៃ​ដូច​ជា​ពាក្យ​ព្នង​ចេញនិង​ធ្វើ​ពិធី​សែន​ព្រេន​សុំទោស​តាម​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិចព្នង​នៅ​ភ្នំដោះ​ក្រមុំ​នៃខេត្ត​មណ្ឌល​គីរី។​

អ្នកស្រី​យុន ម៉ាណេ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​យុវជន​ ជនជាតិ​ដើម​ភាគតិច​កម្ពុជា​បាន​និយាយ​ថា​ពាក្យ​ព្រៃផ្សៃ​ដូច​ព្នង​បាន​ន័យថា​ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង​ជា​មនុស្ស​ឃោរឃៅ​គ្មាន​ការ​អប់​រំនិង​គ្មាន​ចំណេះដឹង។​អ្នក​ស្រី​បាន​និយាយថា​ការលើក​ឡើង​នេះ​វាហាក់​បីដូច​ជាការ​ប្រកាន់​ពូជសាសន៍​ហើយ​ប្រសិន​ណា​បើមាន​ការ​សុំទោស​ពី​លោក​ឈាង វុន ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​គឺ​ជាការ​ល្អមួយ​ក៏​ប៉ុន្តែ​មិនទាន់​គ្រប់​គា្រន់​ទេ។​

អ្នក​ស្រី​បាន​និយាយ​ទៀត​ថា​លោក​ឈាង វុន​ត្រូវតែ​ធ្វើ​ពិធី​សុំទោស​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ភ្នំដោះ​ក្រមុំ​ខេត្ត​មណ្ឌល​គីរី​ដើម្បី​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ស្ងប់​ចិត្តនិង​បំបាត់​ការ​គុំគួន។​

«ពីព្រោះ​តាម​ប្រពៃណី​ជនជាតិ​ព្នង​យើង​នៅ​ប្រកាន់​ជំនឿ​គោរព​បូជាច្រើន​ហើយ​នៅពេល​ដែល​យើង​ធ្វើខុស​អ្វីមួយ​យើង​សុំ​ទោស​យើង​បំប៉េស​លៀសលៀងហើយ​យើង​ផ្សះផ្សាគ្នា​វិញ​យើង​លែង​គុំគួន​នឹង​គ្នា»។​
លោក​ឈាង វុន​បាន​និយាយ​ថា​លោក​មិនអាច​ទៅ​សុំទោស​តាម​របៀប​ប្រពៃណី​ជនជាតិ​ភាគតិច​ព្នង​បាន​ទេ​ដោយសារ​តែ​លោក​មិន​ដឹងច្បាស់​អំពីការ​សុំទោស​តាម​របៀប​ជនជាតិដើម​ភាគតិច។​
លោកមាន​ប្រសាសន៍​ថា​ការនិយាយ​ស្តី​របស់​លោក​នៅក្នុង​រដ្ឋសភា​អត់មាន​ទោស​កំហុស​អ្វីទេ​ហើយ​ការ​សុំទោស​នៅ​ចំពោះ​មុខ​រដ្ឋសភា​គឺ​ជា​ជំហាន​វិជ្ជមាន​មួយធំណាស់​ក្នុង​ឋានៈ​ដែល​លោក​ត្រូវទទួល​នូវ​ការការពារ​ដោយ​ច្បាប់៕
XS
SM
MD
LG