ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អះអាង​ថា​សមាជិក​អាស៊ាន​មិន​យក​ជម្លោះ​របស់​គេ​ទៅអន្តរជាតិ


មេដឹកនាំ​កំពូល​អាស៊ាន​បាន​អះអាង​ពី​ជំហរ​បស់​ខ្លួន​ថា​នឹង​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិភាព​។​
មេដឹកនាំ​កំពូល​អាស៊ាន​បាន​អះអាង​ពី​ជំហរ​បស់​ខ្លួន​ថា​នឹង​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិភាព​។​

មេដឹកនាំ​កំពូល​អាស៊ាន​បាន​សម្រេច​មិន​ធ្វើ​«​អន្តរ​ជាតូបនីយកម្ម»​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទេ។​

ភ្នំពេញ៖ នាយក​រដ្ឋមន្ដ្រី​និង​ប្រធានាធិបតី​នៃ​បណ្តា​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អា​គ្នេ​យ៍​(អាស៊ាន​)​បាន​សម្រេច​ទុក​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​រង្វង់​បញ្ចប់​កិច្ចប្រជុំ​កំពូល​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ។​

នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​កៅ​ គឹ​ម​ហួ​ន​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុជា​ក្នុង​ស​ន្និ​សីទ​កាសែត។​

លោក​កៅ​ គឹ​ម​ហួ​ន​ បញ្ជាក់​ថា​ មេដឹកនាំ​កំពូល​អាស៊ាន​បាន​សម្រេច​មិន​ធ្វើ​«​អន្តរ​ជាតូបនីយកម្ម»​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទេ។​

លោក​បន្ថែម​ថា​ការ​ដោះស្រាយ​ជម្លោះ​នេះ​នឹង​ធ្វើ​ឡើង​យ៉ាង​ពេញលេញ​ក្នុង​ក្រប​ខណ្ឌ​នៃ​យន្តការ​
​អាស៊ាន​ជាមួយ​ប្រទេស​ចិន​ដែល​មាន​ស្រាប់។​

ការ​សម្រេច​នេះ​ទំនងជា​ដើម្បី​បញ្ចៀស​ពី​ការ​លើក​ឡើង​ណាមួយ​របស់​សហរដ្ឋអាមេរិក​លើ​បញ្ហា​នេះ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​អា​មេ​រិ​ក។​ អា​មេ​រិ​ក​បាន​បង្ហាញ​កង្វល់​របស់​ខ្លួន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ។​
​ជំហរ​បស់​ប្រទេស​ហ្វ៊ី​លី​ពី​ន​កាលពី​ប៉ុន្មាន​ខែ​មុន​ថា​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​វៀតណាម​ ប្រ៊ុ​យ​ណេ​ ម៉ា​ឡេ​ស៊ី​ និង​ហ្វ៊ី​លី​ពី​ន​ខ្លួនឯង​គឺជា​បញ្ហា​រួម​របស់​អាស៊ាន​ដែល​ត្រូវ​ដោះស្រាយ​ជា​រួម។​ប្រទេស​ទាំង​បួន​សុទ្ធ​សឹង​ជា​សមាជិក​របស់​សមាគម​អាស៊ាន។​

លោក​កៅ​ គឹ​ម​ហួ​ន​ បន្ថែម​ថា​ប្រមុខ​ដឹកនាំ​អាស៊ាន​បាន​ជំរុញ​ការ​អនុវត្ត​សេ​ច​ក្តី​ប្រកាស​ក្រម​ប្រតិបត្តិ​(DOC)​បន្ថែម​ទៀត។​ ខណៈ​ដែល​ក្រម​ប្រតិបត្តិ​COC​ កំពុង​ស្ថិត​ក្នុង​ការ​ព្រាង​នោះ។​
«​នេះ​ជា​គោល​ជំហ​ថ្មី​ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​សម្រេច​យក​នៅ​ពេល​នេះ​។​ ហើយនឹង​បន្ត​ការ​អនុវត្ត​DOC​ឲ្យ​ពេញលេញ​ដោយ​មាន​ប្រសិទ្ធភាព»​។​

ស្រ​ដៀង​គ្នា​នេះ​លោក​ស៊ូ​រិ​ន​ ពិត​ស៊ូ​វ៉ា​ន់​ ដែល​នឹង​ត្រូវ​ជំនួស​តំណែង​អគ្គលេខាធិការ​អាស៊ាន​ដោយ​បេក្ខជន​មក​ពី​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​ក្រោយ​បាន​ប្រាប់​អ្នកកាសែត​ថា​ក្រុម​មេដឹកនាំ​កំពូល​អាស៊ាន​បាន​អះអាង​ពី​ជំហរ​បស់​ខ្លួន​ថា​នឹង​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិភាព​។​
«​ក្រុម​មេដឹកនាំ​ព្រមព្រាង​គ្នា​ថា​វា​មាន​សារៈសំខាន់​សម្រាប់​សហ​គមន៍​អាស៊ាន​ក្នុង​ការ​ប្រាប់​ទៅ​កាន់​សហ​គមន៍​អន្តរជាតិ​ ទៅ​កាន់​ពិភពលោក​ថា​យើង​អាច​មាន​ភាព​មិន​ចុះសម្រុង​គ្នា​ប៉ុន្តែ​យើង​អាច​ដោះស្រាយ​ហើយ​យើង​កំពុង​តែ​ដោះស្រាយ​វា​និង​យើង​មានការ​ទទួលខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី»​។​ ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​ខែវិច្ឆិកា​ រដ្ឋមន្ដ្រី​ការ​បរទេស​ហ្វ៊ី​លី​ពី​ន​ លោក​Albert​ F.​ Del​ Rosario​ លើក​ឡើង​ថា​ សន្តិសុខ​ដែនសមុទ្រ​នៅ​តែ​ជា​កង្វល់​ដ៏​សំខាន់​របស់​តំបន់​ដោយ​លោក​សង្កត់ធ្ងន់​ពីសារៈសំខាន់​ក្នុង​ការ​ការពារ​សន្តិភាព​និង​ស្ថិរ​ភាព៕ ​
XS
SM
MD
LG