វ៉ាស៊ីនតោន៖ ការស្លាប់របស់ជនជាប់ចោទដ៏សំខាន់ម្នាក់គឺ អៀង សារី បងធំទី៣នៃរបបខ្មែរ ក្រហម នាំឲ្យមានការជំរុញដល់កម្ពុជានិងអ.ស.ប.ឲ្យធានាឡើងវិញចំពោះកិច្ច ព្រមព្រៀងក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលត្រូវកាប់សម្លាប់ក្នុង ទសវត្សរ៍១៩៧០។
ក្រុមអ្នកវិភាគខ្លះ នៅក្នុងនិងក្រៅប្រទេសបានអះអាងថា ដំណើរការរកយុត្តិធម៌គួរត្រូវពន្លឿន ដោយគ្មានការរាំងស្ទះ ដោយសារហេតុផលនយោបាយ ថវិកា និងរដ្ឋបាលឡើយ។
អៀង សារី អាយុ៨៧ឆ្នាំ ដែលជាជនជាប់ចោទសំខាន់ក្នុងសំណុំរឿង០០២ ដែល ជាប់ចោទពីបទឧក្រិដ្ឋកម្មឃោរឃៅជាច្រើនក្នុងរបបខ្មែរក្រហម ទសវត្ស១៩៧០ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែមិនាឆ្នាំ២០១៣ នៅក្នុងមន្ទីរ ពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ។
ដោយសារមិនទាន់មានយុត្តិធម៌សម្រាប់ជនរងគ្រោះ ការស្លាប់នេះត្រូវក្រុមអ្នកឃ្លាំមើលនិងអ្នកវិភាគជាតិនិងអន្តរជាតិមួយចំនួនបានរំឭកអ.ស.ប.និងកម្ពុជាអំពីកាតព្វកិច្ចនិងការរក្សាកិច្ចសន្យាស្វែងរកយុត្តិធម៌ឲ្យដល់ទីបញ្ចប់។
សាលាក្តីខ្មែរក្រហម ដែលត្រូវការទឹកប្រាក់ប្រមាណ៨លានដុល្លារទៀតសម្រាប់ ភាគីកម្ពុជានោះ បានប្រឈមមុខនឹងបាតុកម្ម នៅប៉ុន្មានថ្ងៃថ្មីៗនេះ និងការមិន ចូលធ្វើការរបស់បុគ្គលិកអ្នកបកប្រែភាសា ដោយសារគ្មានប្រាក់ខែច្រើនខែ។ ក្រៅពីនេះភាគីអ.ស.ប.និងម្ចាស់ជំនួយកំពុងដាក់សម្ពាធដល់កម្ពុជាដែលបាន បរិច្ចាកថវិកា១លាន៨សែនដុល្លារនោះឲ្យចំណាយថវិកាបន្ថែមទៀតសម្រាប់ បុគ្គលិកកម្ពុជា។
លោកយុគ ឆាំង នាយកមជ្ឈមណ្ឌលស្រាវជា្រវឯកសារកម្ពុជាទាក់ទងនឹងរបប ប្រល័យពូជសាសន៍ បានផ្តល់ភស្តុតាង និងឯកសាររាប់លានច្បាប់ដល់តុលាការ ខ្មែរក្រហម។ លោកបានថ្លែងថា៖
«ខ្ញុំគិតថាអ.ស.ប.និងរាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែបានធ្វើការសន្យាក្នុងការស្វែងរកយុត្តិធម៌និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ដល់អ្នកដែលរស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍នៅក្នុងកម្ពុជាតែប៉ុណ្ណោះទេ តែថែមទាំងដល់មនុស្សជាតិទាំងមូល។ ដូច្នេះការសន្យានេះគួរត្រូវតែភ្ជាប់មកនូវកាតព្វកិច្ច ធ្វើយ៉ាងណាឲ្យតុលាការនេះគួរត្រូវបានអនុញ្ញាតឲ្យបញ្ចប់ការងារតាមឆន្ទៈរបស់ខ្លួន»។
លោកបានបន្ថែមសេចក្តីថា ហេតុផលវិវាទនយោបាយ បញ្ហារដ្ឋបាល និងការខ្វះ ថវិកាមិនគួរជាការរាំងស្ទះដល់ដំណើរការសាលាក្តីទេ។
លោកជេម ហ្គោលស្តុន (James Goldston)ជានាយកប្រតិបត្តិអង្គការច្បាប់របស់ ស.រ.អា.មួយដែលឃ្លាំមើលសាលាក្តីខ្មែរក្រហមដែលមានមូលដ្ឋានក្នុងទីក្រុងញូយ៉ក។ លោកបានថ្លែងថា ការប្រឈមដ៏ខ្លាំងក្លាសម្រាប់សាលាក្តីនោះគឺការបញ្ចប់សាលាក្តីតាមច្បាប់តម្រូវនិងការធានាថវិកាគ្រប់គ្រាន់។
«វាពិតជាដល់ពេលដែលគ្រប់ភាគីទាំងអស់ មានភាគីអន្តរជាតិ និងភាគីរដ្ឋា ភិបាលកម្ពុជាខ្លួនឯង ត្រូវដឹងថា ពួកគេមានការទទួលខុសត្រូវរួមក្នុងការបញ្ចប់ កិច្ចការអ្វីៗដែលពួកគេបានចាប់ផ្តើម ហើយក៏ត្រូវធានាពីធនធានគ្រប់គ្រាន់ សម្រាប់តុលាការដែរ។ ដូច្នេះទៀបតុលាការអាចនៅបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាពបាន»។
លោកហ្គោលស្តុនបានបង្ហាញពីសុទិដ្ឋិនិយមរបស់លោកថា កម្ពុជានិងអ.ស.ប. អាចយកឈ្នះលើឧបសគ្គនេះបាន។
ថ្លែងស្រដៀងគ្នានេះដែរ លោកស្រីនូស៊ីន សាការ៉ាទី (Nushin Sarkarati) ជំនួយការផ្នែកច្បាប់នៃអង្គការច្បាប់របស់ស.រ.អា.មួយឈ្មោះថា មជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការទទួលខុសត្រូវ ដែលឃ្លាំមើលដំណើរការសាលាក្តីខ្មែរក្រហម បានថ្លែងប្រាប់វីអូអេមួយថ្ងៃមុនការស្លាប់របស់អៀងសារីថា ការបន្តបរាជ័យរបស់ រដ្ឋាភិបាលកម្ពុជាក្នុងការបំពេញកាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងបង្កើតតុលាការ ខ្មែរក្រហមកាលពីឆ្នាំ២០០៣ គឺជាការរំខានដ៏គ្រោះថ្នាក់សម្រាប់ដំណើរសាលាក្តីនេះ។
«បើគិតអំពីអង្គហេតុដែលកាត់ទោសជនជាប់ចោទបីនាក់ដែលមានសុខភាព ទ្រុឌទ្រោមគឺថា ជារឿងបន្ទាន់ខ្លាំងណាស់សម្រាប់តុលាការក្នុងការកាត់ទោស ឲ្យរលូននិងសមរម្យដើម្បីទទួលបានយុត្តិធម៌នោះ។ ហើយប្រសិនបើអ.ស.ប.និងរដ្ឋាភិបាលកម្ពុជាចង់ឃើញយុត្តិធម៌ផ្តល់ជូនជនរងគ្រោះ ពួកគេត្រូវជំនះ ធានាឲ្យបានចំពោះបញ្ហាវិបត្តិថវិកាសម្រាប់តុលាការទាំងស្រុង»។
ទោះជាអៀង សារីស្លាប់ក៏ដោយ ក្រុមប្រទេសអ្នកផ្តល់ជំនួយឬជាប្រទេសដែល មានការចាប់អារម្មណ៍នឹងសាលាក្តីបានប្រកាន់ជំហរថា ប្រទេសកម្ពុជាត្រូវផ្គត់ ផ្គងបុគ្គលិកភាគីកម្ពុជា ឬស្នើសុំបណ្តាប្រទេសអាស៊ានឲ្យជួយក៏បាន។
អ្នកការទូតម្នាក់ក្នុងទីក្រុងញូយ៉កដែលប្រទេសលោកជាប់ពាក់ព័ន្ធនឹងការផ្តល់ ជំនួយជាសំខាន់ដល់សាលាក្តីខ្មែរក្រហម បានថ្លែងប្រាប់វីអូអេក្នុងលក្ខខណ្ឌមិន ឲ្យប្រាប់ឈ្មោះកាលពីម្សិលមិញ ដោយបានបញ្ជាក់អះអាងថា៖
«ប្រទេសផ្តល់ជំនួយអន្តរជាតិបន្តជំរុញឲ្យកម្ពុជាបំពេញថវិកាជាតិ ពីព្រោះនៅក្នុងកិច្ចព្រមព្រៀង កម្ពុជាមានកាតព្វកិច្ចផ្គត់ផ្គង់ប្រាក់ខែបុគ្គលិកជាតិ។ ដូច្នេះហើយបានជាម្ចាស់ជំនួយអន្តរជាតិប្រកាន់តាមគោលការណ៍នេះ»។
លោកថ្លែងទៀតថា ក្រុមប្រទេសអ្នកផ្តល់ជំនួយមានកិច្ចប្រជុំជាបន្តបន្ទាប់ថ្មីៗនេះ តែពុំមានការសន្យាផ្តល់ជំនួយថ្មីណាកើតឡើងទេ។
លោកលោកភីធ័រ ម៉ាហ្គ្វៃអ័រ (Peter Maguire) សាស្ត្រាចារ្យសាកលវិទ្យាល័យស.រ.អាមួយ ហើយនិងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ប្រឈម មុខនឹងការស្លាប់ក្នុងប្រទេសកម្ពុជា» បានព្រមានថា សាលាក្តីនេះអាចក្លាយជា គម្រូខុសឆ្គងមួយក្នុងទម្រង់អ.ស.ប.នៅសតវត្សទី២១នៅសម័យថ្មីនេះ។
«ដោយពិចារណពីការសន្យាដែលថា សាលាក្តីនេះនឹងផ្តល់ការពិត ការផ្សះផ្សារ និងព្យាបាលជំងឺផ្លូវចិត្តដ៏ហួសប្រមាណនោះ សាលាក្តីខ្មែរក្រហមបាត់បង់គោលបំណងចម្បងរបស់ខ្លួន ក្នុងការបង្ហាញថា ជនជាប់ចោទមានទោស ឬគ្មានទោស»។
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.ហើយចំណាយថវិកាជាង១០០ លានដុល្លារតាំងពីឆ្នាំ២០០៦ បានកាត់ទោសតែជនជាប់ចោទម្នាក់គឺ កាំង ហ្កេចអ៊ាវ ហៅឌុច ប្រធានគុកទួលស្លែងស២១ នៃសំណុំរឿង០០១។ សាលាក្តី នេះនឹងបន្តកាត់ទោសសំណុំរឿង០០២ដែលមានជនជាប់ចោទតែពីរនាក់ប៉ុណ្ណោះគឺបងធំទី២នួន ជា និងខៀវ សំផន ប្រមុខរដ្ឋ ក្រោយពីអៀង សារីបាន ស្លាប់មុនការកាត់ទោស។ ជនជាប់ចោទម្នាក់ផ្សេងទៀតគឺអ្នកស្រី អៀង ធីរិទ្ធិ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចខ្មែរក្រហម និងជាភរិយារបស់អៀង សារី មានជម្ងឺបាត់ការចងចាំ ហើយត្រូវតុលាការសម្រេចតាមច្បាប់ឲ្យរួចខ្លួនពីការឃុំឃាំងទាក់ទងនឹងការចោទប្រកាន់បទឧក្រិដ្ឋនានា ដែលមានការសម្លាប់រង្គាលពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងចន្លោះ ឆ្នាំ១៩៧៥ដល់១៩៧៩៕