ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ព្រមាន​បញ្ចេញ​ឯកសារ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​កឹម សុខា


នាង ខុម ចាន់ដារាទី ឬ ស្រី មុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ បានបញ្ចប់ការបំភ្លឺ របស់ខ្លួន នាទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងភេរវកម្ម អំពីខ្សែអាត់សំឡេង ដែលគេបង្ហោះក្នុងទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
នាង ខុម ចាន់ដារាទី ឬ ស្រី មុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ បានបញ្ចប់ការបំភ្លឺ របស់ខ្លួន នាទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងភេរវកម្ម អំពីខ្សែអាត់សំឡេង ដែលគេបង្ហោះក្នុងទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

អ្នក​ច្បាប់​ថា រដ្ឋាភិបាល​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ការលួច​ថត​សំឡេង​ ឬ​ការ​ប្រឌិត​សំឡេង​នោះ​ទើប​ជា​ការ​ល្អ​ ​ហើយ​ប្រជា​ពល​រដ្ឋកម្ពុជា​កំពុង​​តែ​មាន​ក្តី​បារម្ភ​​​ពី​ការ​លួច​ថត​សំឡេង​តាម​ទូរស័ព្ទ​នេះ។​

រឿង​អាស្រូវ​ផ្លូវភេទ​របស់​លោក​កឹម សុខា​និង​នារី​វ័យ​ក្មេង​ ​បាន​ទៅ​ដល់​ដៃ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ហើយ​ ហើយ​រដ្ឋាភិបាល​និង​រដ្ឋ​សភាជាតិ​អាច​នឹងធ្វើ​កិច្ច​អន្តរាគមន៍​នា​ពេល​ខាង​មុខ​ ប្រសិន​បញ្ហា​រីក​រាល​ដាល​និង​ជេរប្រមាថ​ ​កាន់​តែ​ខ្លាំង​នោះ។​

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ ​បញ្ចប់​ការ​សិក្សា​ ​របស់​និស្សិត​សាកលវិទ្យាល័យ​មួយ​ ​នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៃ​កម្ពុជា​ ​បាន​ព្រមាន​ធ្ងន់ៗ​ថា​លោក​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដែល​អាច​បញ្ជាក់​ពី​ករណី​ស្នេហា​លួច​លាក់​នោះ។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ លោក​ ​កឹម​ សុខា​ ប្រធាន​ស្តីទី​ គណបក្ស​ជំទាស់​ ​លោក​ ហ៊ុន សែន​ ថ្លែង​ថា​ បើ​ទោះ​ជា​ករណី​ស្នេហា​លួចលាក់​នេះ​ ​«ជា​រឿង​ឯកជន»​ ត្រូវ​បាន​តុលាការនិង​នគរបាល​យុត្តិធម៌​ ​ធ្វើ​ការ​ស៊ើប​អង្កេត​ក៏​ដោយ​ ​ក៏​រដ្ឋាភិបាល​របស់​លោក​អាច​នឹង​ធ្វើ​ការ​លើ​រឿង​នេះ​ផង​ដែរ។

«នេះ​គ្រាន់​តែ​ជា​ពាក្យ​បណ្តឹង​រវាង​ផ្នែក​ឯកជន​និង​ឯកជន​ លើ​ការ​បរិហារ​កេរ្តិ៍​ឬ​បោក​បញ្ឆោត​ ​ប៉ុន្តែ​បើ​រាល​ដាល​ដល់​សភា​ ដល់​រដ្ឋាភិបាល​ គឺ​រដ្ឋាភិបាល​ចាប់​បង្ខំ​ចិត្ត​ត្រូវ​ធ្វើ គឺ​ធ្ងន់​ហើយ។ ​ខ្ញុំ​គ្រាន់​តែ​បង្ហាញ​សញ្ញា​ប្រាប់​ ​សូម្បី​តែ​ក្នុង​នេះ​ ​ក្នុង​ទូរស័ព្ទ​ខ្ញុំ​នេះ​ មាន​រូប​ភាព​ដើរ​នៅ​ក្នុង​ព្រលាន​យន្តហោះ​ក្រុង​បាងកក​ មាន​ស្អីៗ​នេះ។​ គ្រាន់​តែ​គេ​មិន​និយាយ​ប៉ុណ្ណឹង​ទេ​តែ​ គេ​ខ្ជិល»។​

លោក​ ហ៊ុន សែន​ ដ៏​មាន​ឥទ្ធិពល​ ​ក៏​លើក​ឧទាហរណ៍​ ពី​រឿង​អាស្រូវ​ស្នេហា​ ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​Bill Clinton​ ​ដែល​ផ្ទុះ​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨​ ​ផងដែរ។​ យ៉ាង​ណា​ក៏​ដោយ​រឿង​នេះ​ ​ធ្វើ​ឲ្យ​លោក​ ​Bill Clinton​ ​ត្រូវ​បាន​តុលាការ​អាមេរិក​ ​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ ​៩ម៉ឺន​ដុល្លារ​ ​ដោយ​សារ​តែ​ផ្តល់​សក្ខីកម្ម​ក្លែង​ក្លាយ​ ​តែ​បញ្ហា​នោះ​មិន​បាន​ប៉ះ​ពាល់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​នោះ​ទេ។

លោក ​ហ៊ុន សែន ​ថ្លែង​ថា៖​ «អ្នក​ឯង​ចង់​ឆ្លើយ​ម៉េច​គឺ​ជា​រឿង​អ្នក​ឯង​ ​តែ​រឿងភស្តុតាង​គឺ​ជា​រឿង​ផ្សេង។​ អ្នក​ឯង​ថា ​អត់មាន​ Passport​ ​ ឥឡូវ​មាន ​Passport ​ព្រោះ​អ្នក​ឯង​ទៅ​ធ្វើ ​Passport។​ អ្នក​ឯង​ថា​មិន​ដែល​ចេញ​ក្រៅ​ប្រទេស​ តែ​អ្នក​ឯង​ជិះ ​Bangkok Airways​ ម៉ោង​ប៉ុណ្ណេះ​ នៅ​ថ្ងៃ​ប៉ុណ្ណេះ​ ទៅ​ដេក​នៅ​សណ្ឋាគា​នេះ។​ ​ហើយ​កុំ​ថា​រឿង​ឯកជន។ ​នៅ​អាមេរិក​អត់​បាន​ទេ​ហ្អា​ ​សូម្បី​តែ​ Clinton ​ក៏​គេ​ហៅ​ទៅ​អា​ដែង​ ហ្អា!។ ​ហ្អា​ណឹង​គេ​ហៅ​ថា​ White Water Crisis»។​

កាល​ពី​ដើម​ខែ​នេះ​ ​ខ្សែអាត់​សំឡេង​ ​ដែល​គេ​ចោទ​ថា​ ជា​ ​សំឡេង​ពិត​ ​របស់​លោក​កឹម សុខា​និង​ ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​«អាមុំ‍»​ ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​ ​គណនី​ហ្វេសប៊ុក​ ជា​បន្តបន្ទាប់​ ​និង​ត្រូវ​បាន​ដក​ស្រង់​ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ។​ ​ដោយ​មាន​ការ​ប្តឹង​ផ្តល់​ របស់​នាង​ ធី សុវណ្ណថា​ទាក់​ទិន​នឹង​ការ​បរិហារ​កេរ្តិ៍​ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ជូន​ឲ្យ​នាយក​ដ្ឋាន​ភេរ​វកម្ម​នៃ​ក្រសួង​មហា​ផ្ទៃ​ធ្វើ​ការ​ស៊ើប​អង្កេត។​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ​នាង ​ខុម​ ចាន់ដារាទី​ ​ឬ​ ស្រីមុំ​ ​ដែល​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក​ កឹម​ សុខា​ ​ប្រធាន​ស្តីទី​នៃ​គណ​បក្ស​ជំទាស់​ ​បាន​បញ្ចប់​ការ​បំភ្លឺ​ ​របស់​ខ្លួន​ នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នាទីស្តី​ការ​ក្រសួង​មហា​ផ្ទៃ។​ ​ក្នុង​នោះ​នាង​ក៏​បាន​បដិសេធ​ការ​ចោទ​នោះ​ផង​ដែរ។​

ក្រោយ​ពី​មាន​ការ​ផ្ទុះ​រឿង​ខ្សែអាត់​សំឡេង​នេះ​ លោក​ កឹម សុខា​ ប្រធាន​ស្តី​នៃ​គណបក្ស​សង្គ្រោះ​ ក៏ធា្លប់​ បាន​ប្រកាស​ថា​លោក​ជ្រើស​យក​ជំហរ​ «មិន​ឈ្លោះ មិន​ឆ្លើយ​ និង​មិន​ឆ្លង»។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ក៏​បាន​ចំអក​ផង​ដែរ​ថា​ការ​ជ្រើស​យក​វិធី​ ​«មិន ៣»​ ​គឺ​ ​មិន​ឈ្លោះ មិន​ឆ្លើយ​ នឹង​មិនឆ្លង​នេះ​ មិន​អាច​ជួយ​លោក​ កឹម សុខា​ ឲ្យ​គេច​ផុត​ពី​បញ្ហា​នេះ​ទេ​ ​ដោយ​សារ​តែ​មាន​ជេរ​ប្រមាថ​និង​ ​ចោទ​ថា​ករណី​ស្នេហា​លួចលាក់​នេះ​គឺ​ជា​រឿង​នយោបាយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពី​ក្រោយ​ខ្នង​នោះ។​

លោក​ ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០ ​ឆ្នាំ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​៖​ ​«​អ្នក​នេះ​ ថា​មិន​ឈ្លោះ មិន​ឆ្លើយ​ និង​មិន​ឆ្លង។​ ប៉ុន្តែ​អ្នក​ដទៃ​វា​ចូល​ចិត្ត​ឈ្លោះ​ ​និង​ចូល​ចិត្ត​ឆ្លើយ​ឆ្លង។​ ​ដល់​ជេរ​ប៉ាចហាច ត្រូវ​ចាប់​បង្ខំ​ឲ្យ​រឿង​គេ​មិន​ចាប់​អារម្មណ៍​ឲ្យ​គេ​ចាប់​អារម្មណ៍​ ​ហើយ​ប៉ះ​ទង្គិច​មក​ដល់​ថា​រឿង​នយោ​បាយ​។​ ហ្អេ​បើ​គេ​ថា​រឿង​នយោបាយ​ហើយ​ធ្វើ​មែន​តែ​ម្តង។​ ​ធ្វើ​តែ​ម្តង។​ ​បើ​ជ្រុល​តែ​គេ​ថា ហើយ​ធ្វើ​បណ្តោយ។​ ហើយ​បើ​រដ្ឋាភិបាល​ធ្វើ​ហើយ គឺ​វា​ពិបាក​ហើយ»។​

លោក​ សុខ សំអឿន​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​និង​ជា​មេធាវី​ឯករាជ្យ​មួយ​រូប​បាន​បញ្ជាក់​ ​រឿង​បញ្ហា​ស្នេហា​ត្រី​កោណ​ដូច្នេះ​គឺ​ជា​រឿង«តូចតាច»​ ​ហើយ​លោក​នាយករដ្ឋមន្ត្រី​ឬ​រដ្ឋាភិបាល​មិន​គួរ​លូក​ដៃ​ចូល​នោះ​ទេ។​ ​អ្នក​ច្បាប់​រូប​នេះ​ ​ក៏​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​តាម​ផ្លូវ​ច្បាប់​ករណី​របស់​លោក​ ​កឹម សុខា​ គឺ​អាច​ត្រឹម​តែ​ប្រើ​ប្រាស់​ច្បាប់​ស្តី​ពីឯកព័ន្ធភាព​ ​«ប្តី​មួយ​ប្រពន្ធ​មួយ»​ ​ប្រសិន​បើ​ភរិយា​លោក​ប្តឹង​នោះ​ ​ហើយ​អាច​ត្រឹម​តែ​បង់​ពិន័យ​ជា​ទឹក​ប្រាក់​តែ​ប៉ុណ្ណោះ។

លោកបាន​ពន្យល់​ថា​៖ «វា​មិន​មែន​ជា​រឿង​ធំដុំ​ទេ។​ ​អត់​មាន​រឿង​អី​ធំ​ដុំ​ផង។​ ឧទាហរណ៍​ថា៖​ បើ​គាត់​ជាប់​បទ​ល្មើស​ព្រហ្មទណ្ឌ​ ហ្អា​ហ្នឹង​គេ​ដក​អភ័យឯកសិទ្ធិ​ ​ដក​តំណាង​រាស្ត្រ​អីចឹង​ទៅ។​ តែ​រឿង​នេះ​គឺ​ជាប់​នឹង​រឿង​ឯក​ពន្ធភាព ហើយ​បើ​ឯក​ពន្ធភាព ​គឺ​ត្រូវ​តែ​ប្រពន្ធ​ប្តឹង​ តែ​បើ​ប្រពន្ធ​មិន​ប្តឹង​ ​ម៉េច​មាន​រឿង​ ព្រហ្មទណ្ឌ​កើត​ អញ្ចឹង​ម៉េច​មាន​ទោសទណ្ឌ​កើត។​ បើ​តាម​យោបល់​របស់​ខ្ញុំ​គឺថា​ទុក​ឲ្យ​ក្រុម​និស្សិត​ហ្នឹង​គេ​លេង​ទៅ។ សម្តេច​នាយក​មិន​បាច់​មាន​ប្រសាសន៍​ធ្វើអ្វី»។​

យ៉ាង​ណា​មិញ​លោក​ សុខ សំអឿន​ យល់​ថា រដ្ឋាភិបាល​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ការលួច​ថត​សំឡេង​ ឬ​ការ​ប្រឌិត​សំឡេង​នោះ​ទើប​ជា​ការ​ល្អ​ ​ហើយ​ប្រជា​ពល​រដ្ឋកម្ពុជា​កំពុងតែ​មាន​ក្តី​បារម្ភ​ពី​ការ​លួច​ថត​សំឡេង​តាម​ទូរស័ព្ទ​នេះ។​

​«សព្វ​ថ្ងៃ​វា​ទៅ​ជា​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​គេ​បារម្ភ​ថា​ គេ​ទទួល​អារម្មណ៍​ ថា​វា​អត់​មាន​សន្តិសុខ។​ ​តាម​ពិត​ខាង​រដ្ឋ​ទេ​ ​ដែល​រក​ថា​តើ​នរណា​ជា​អ្នក​ថត​?​ ​តើ​បាន​សំឡេង​ហ្នឹង​មក​ពីណា​?​ បើ​បាន​សំឡេង​ហ្នឹង​មាន​ន័យថា​វា​លួច​ថត​មិន​អីចឹង​។​ ​បើ​មិន​មែន​លោក ​កឹម សុខា​ ​និង​ស្រី​មុំ​នឹង​អ្នក​ថត​ ​មិន​អ៊ីចឹង​ហ្អេ»។​

VOA​ មិន​អាច​ទំនាក់​ទំនង​សុំការ​អធិប្បាយ​ពី​លោក​ កឹម សុខា​ បាន​ទេ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

មេធាវី​ការ​ពារ​ក្តី​ ​របស់​នាង​ ខុម​ ចាន់ដារាទី​ ​ឬ​ ​ស្រីមុំ​ គឺ​អ្នកស្រី​ ទ្រី ឈួន ​សុំ​មិន​ធ្វើ​អធិប្បាយ​ទាក់​ទិន​នឹង​ការ​លើក​ឡើង​របស់​ ​លោក​ ហ៊ុន សែន ​នោះ​ទេ។

ករណី​ខ្សែ​អាត់​សំឡេង​ដែល​មាន​ភាព​ចម្រូង​ចម្រាស​នេះ​ ​ត្រូវ​បាន​រាលដាល​និង​ឈឺ​ឆ្អាល​ដោយ​ក្រុម​យុវជន​មួយ​ក្រុម​ដែល​អះអាង​ខ្លួន​ថា​ជា​និសិ្សត​ឯករាជ្យ​ដែរ។​ ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​យុវជន​ប្រមាណ​ ​៣០នាក់​ ​បាន​ធ្វើការ​ដាក់​ញតិ្ត​ទៅ​រដ្ឋសភា​ជាតិ​ដើម្បី​ជំរុញ​ឲ្យ​ ​លោក​ កឹម សុខា ​ធ្វើ​ការ​បញ្ជាក់​ពី​បញ្ហា​ខ្សែ​អាត់​នេះ​ ដោយ​សារ​ជា​គំរូ​អាក្រក់​ដល់​យុវជន​កម្ពុជា។

នាថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​ដែរ​ ​យុវជន​ ​ស្រី ចំរើន​ដែល​ជា​តំណាង​យុវជន​ទាំង​នោះ​បាន​ប្រកាស​ថា​ ពួក​គេ​«នឹង​ដាក់​ពាក្យ​បណ្តឹង​ ​លោក​ ​កឹម សុខា»​ ​ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ដើម្បី​ស្រាវ​ជ្រាវ​ចំពោះ​ខ្សែ​អាត់​សំឡេង​ដែល​ថា​លោក​ ​កឹម ​សុខា​ ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទិញ​ផ្ទះ
ទិញ​ដី ​ជា​ច្រើន​កន្លែង​ឲ្យ​ស្រី​ស្នេហ៍។​

ស្រដៀង​គ្នា​នោះ​ដែរ​ ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣​ ​មិន​ប៉ុន្មាន​ខែមុន​ពេល​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា ​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​ចេញ​មុខ​អះអាង​ ​ថា​ខ្លួន​ជា​ស្រី​កំណាន់​របស់​លោក​ កឹម សុខា។​ ​ស្ត្រី​រូប​នោះ​និង​ម្តាយ​បាន​ចេញមុខ​ធ្វើការ ​ការ​តវ៉ា​ នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ឲ្យ​លោក​ កឹម សុខា​ ​ទទួល​ខុស​ត្រូវ​និង​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​និង​កូន។​ យ៉ាង​ណា​ក៏​ដោយ​ការ​ទាមទារ​ ​នេះ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ ​ក្រោយ​ការ​បោះ​ឆ្នោត៕

XS
SM
MD
LG