ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​​បិទ​អង្គការ​សិទ្ធិមនុស្ស​ដែល​បង្កើត​ឡើង​ដោយ​គូបដិបក្ខ​របស់​លោក


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​អំពាវនាវ​ឲ្យ​បិទ​អង្គការ​សិទ្ធិមនុស្ស​ដ៏​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​អង្គការ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោក​ កឹម សុខា ដែល​កំពុង​ជាប់ឃុំឃាំង។

ការ​បង្ក្រាប​ទៅលើ​អ្នក​រិះគន់​លោក​ ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ កាន់អំណាច​យូរ​ជាងគេ​លើ​លោក​នេះ បាន​ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​រួច​ទៅ​ហើយ ហើយ​ក៏​បាន​គ្រប់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ខ្លះ​ដែរ។ ការណ៍​នេះ បាន​ញ៉ាំង​ឲ្យ​មាន​ការ​រិះគន់​ពី​ប្រទេស​ផ្ដល់​ជំនួយ​ពី​លោក​ខាង​លិច។

លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «‍​តាម​ពិត​ អា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​[កម្ពុជា] ​នៅ​ទី​ក្រុង​ភ្នំពេញ អា​ហ្នឹង​ត្រូវ​តែ​បិទ​ចោល​ ព្រោះ​អា​ហ្នឹង​ធ្វើ​តាម​បរទេស​ណា ​អា​ហ្នឹង​គួរ​មើល ​ក្រសួង​មហាផ្ទៃ​មើល ​ព្រោះ​ថា​អា​ហ្នឹង​បរទេស​អ្នក​ឱ្យ​បង្កើត​ មិន​មែន​ខ្មែរ​អ្នក​ឱ្យ​បង្កើត​ទេ»។

លោក ហ៊ុន សែន បាន​ហៅ​គណបក្ស​ប្រឆាំង​ថា​ជា​«‍កូន»​របស់​អាមេរិក ហើយ​លោក​ថ្លែង​ទៀត​ថា លោក​បាន​ប្រាប់​រឿង​នេះ​ ដល់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ពេល​ដែល​លោក​ទាំង​ពីរ​ បាន​ជួប​គ្នា​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ដើម​ខែ​នេះ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក កឹម សុខា កាល​ពី​ឆ្នាំ​២០០២ មុន​ពេល​ដែល​លោក​ បាន​វិលត្រឡប់​ចូល​ឆាក​នយោបាយ​វិញ​ក្នុង​ឆ្នាំ​២០០៧។

លោក​ កឹម សុខា ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​កញ្ញា កន្លង​ទៅ​នេះ ហើយ​ក្រោយ​មក លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ ដោយ​សារ​ការ​ចោទ​ថា​ លោក​បាន​រៀបចំ​ផែន​ការ​ដណ្ដើម​អំណាច ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហរដ្ឋ​អាមេរិក។ គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​តាម​សំណើ​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា។

លោក កឹម សុខា បាន​បដិសេធ​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​រូប​លោក ដោយ​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ការណ៍​នេះ គឺ​ជា​ល្បិចកល ក្នុង​ការ​ធានា​ថា​លោក ហ៊ុន សែន នៅ​តែ​អាច​បន្ត​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​មក​ហើយ​នេះ​តទៅទៀត ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ។

ប្រទេស​ជាច្រើន​នៅ​លោក​ខាង​លិច បាន​ថ្កោលទោស​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​នេះ។ សហរដ្ឋ​អាមេរិក បាន​ឈប់​ផ្ដល់​ការ​គាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់​ការ​បោះឆ្នោត​ ហើយ​សហភាព​អឺរ៉ុប ក៏​បាន​គំរាម​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ពី​កម្ពុជា ប្រសិន​បើ​ប្រទេស​នេះ មិន​គោរព​សិទ្ធិមនុស្ស​នោះ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហ៊ុន សែន បាន​ទាត់ចោល​ការ​រិះគន់​នេះ។ ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​ជាង​គេ​របស់​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ប្រទេស​ចិន ដែល​បាន​សម្ដែង​ការ​គាំទ្រ​វិធានការ​នានា​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធានា​ស្ថិរភាព​ក្នុង​ប្រទេស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG