ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សង្ឃឹម​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​តំបន់​ប្រវតិ្ត​សាស្ត្រ


រូបឯកសារ៖ ទិដ្ឋភាព​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ទិដ្ឋភាព​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​លើក​ឡើង​ថា​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត​ នឹង​ជំរុញ​ការ​អភិវឌ្ឍ​ដល់​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​ដ៏ធំ​របស់​កម្ពុជា ​និង​ទៅ​ច្រក​ព្រំដែន​កម្ពុជា-ថៃ ​ក៏​ដូចជា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ការ​ធ្វើ​ដំណើរ​ ស្ថានភាព​ចរាចរណ៍ ​និង​ការ​ដឹក​ជញ្ជូន​ទំនិញផង​ដែរ។​

លោក ​ផន រឹម ​អ្នក​នាំពាក្យ​ក្រសួង​សាធារណ​ការ ​និង​ដឹក​ជញ្ជូន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រុមហ៊ុន​ចិន​ដែល​វិនិយោគ​ទៅ​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ​បាន​ជិត​បញ្ចប់​ការ​សិក្សា​រៀបចំ​បូក​សរុប​វាយ​តម្លៃ​សន្និដ្ឋាន ​និង​ត្រៀម​ដាក់​ផែន​ការ​សាងសង់​ជូន​រដ្ឋាភិបាល​នា​ពេល​ខាង​មុន​នេះ។ ​លោក​បន្ត​ថា នៅ​ពេល​ដែល​គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​នេះ​ចប់ ​រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាស​ប្រាប់ជា​សាធារណៈ។​

លោក​បញ្ជាក់​ថា៖ ​«គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​សៀមរាប-ប៉ោយប៉ែត ​គឺជា​គម្រោង​ដ៏​ធំ ​និង​ជា​ឆន្ទៈ​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ការ​ធ្វើ​ដំណើរ​ ស្ថាន​ភាព​ចរាចរណ៍ ​ការ​ដឹក​ជញ្ជូន​ទំនិញ ​និង​ភស្តុភារ​កម្ម​ នៅ​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​ដ៏​ធំ​របស់​កម្ពុជា ​និង​ទៅ​ច្រក​ព្រំដែន​កម្ពុជា-ថៃ»។​

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត​នេះ​ជា​ផ្លូវ​ល្បឿន​លឿន​ទី​ ៣ ​របស់​ប្រទេស​កម្ពុជា ​ដែល​ស្ថិត​ក្រោម​គម្រោង​គំនិត​ផ្តួច​ផ្តើម​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជ​កម្ម ​BRI​ របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បន្ទាប់​ពី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះ​សីហនុ ​និង​ភ្នំពេញ-បាវិត។ ​ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ប្រវែង​សរុប ៤២០ ​គីឡូ​ម៉ែត្រ​ ជាមួយ​ថវិកា​សាងសង់​ប្រមាណ​ជា​ ៤.២០០ ​លាន​ដុល្លារ​អាមេរិក​ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ​និង​ថ្នល់​ចិន ​CRBC។​

គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ឆ្លង​កាត់​រាជធានី-ខេត្ដ​ចំនួន ​៦​ រួម​មាន​ រាជធានី​ភ្នំពេញ​ ខេត្ត​កណ្ដាល​ កំពង់ចាម​ កំពង់ធំ ​សៀមរាប​ និងបន្ទាយ​មានជ័យ ​ហើយ​ត្រូវបាន​ចែក​ចេញ​ជា​ពីរ​ជំហាន​ ដោយ​ជំហាន​ទី ​១ ​ពី​រាជធានីភ្នំពេញ​ដល់​ខេត្ត​សៀមរាប​មាន​ប្រវែង ​២៤៩ ​គ.ម. ​និង​ជំហាន​ទី​ ២ ​ពី​ខេត្ត​សៀមរាប​ដល់​ក្រុង​ប៉ោយប៉ែត ​មាន​ប្រវែង ​១៥១ គ.ម.។​

ផ្លូវ​ល្បឿន​លឿន​នេះ ​សាង​សង់​ជា​ ៤ ​គន្លង ​និង​តួ​ផ្លូវ​មាន​ទទឹង ​២៤,៥​ ម៉ែត្រ ​ដោយ​មាន​សួន​ចែក​ទិស​ចរាចរណ៍​នៅ​ចំ​កណ្ដាល​ទ្រូង​ផ្លូវ​ទទឹង ​៣​ម៉ែត្រ ​គន្លង​ផ្លូវ​ឈប់​បន្ទាន់​ទទឹង ​២,៥ ​ម៉ែត្រ ​និង​ចិញ្ចើម​ផ្លូវ​ទទឹង ​០,៧៥ ​ម៉ែត្រ ​ដោយ​បាន​សិក្សា​ល្បឿន​បើកបរ​ចន្លោះ​ពី ​១០០ ​ទៅ​ ១២០​ គ.ម.​ ក្នុង​មួយ​ម៉ោង។ ​នេះ​បើ​តាម​លោក ​ផន រឹម។​

ក្រុម​ហ៊ុន​សាជីវ​កម្ម​ស្ពាន​ថ្នល់ចិន ​CRBC ​ ជា​ក្រុមហ៊ុន​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះ​សីហនុ​ និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត​ ក្រោម​រូប​ភាព​វិនិយោគ ​«សាង​សង់-​ប្រតិបត្តិការ-​ផ្ទេរ» ​(BOT: Build-Operate-Transfer) ​ជាមួយ​រយៈ​ពេល​វិនិយោគ​ចំនួន ​៥០ ​ឆ្នាំ។​

នាយក​កម្មវិធី​អង្គការ​តម្លាភាព​កម្ពុជា​ លោក ​អ៊ឹម នរិន្ទ​ ជំរុញ​ថា ​រដ្ឋាភិបាល​គួរ​តែ​បង្ហាញព័ត៌មាន​ផល​ប៉ះពាល់​ផ្សេងៗ​ពី​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​នេះ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​តម្លាភាព ​ដើម្បី​បង្ហាញ​ថា​ ការ​សាង​សង់​នោះ​បាន​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស។ ​លោក​បញ្ជាក់​ទៀត​ថា ​រដ្ឋាភិបាល​ក៏​គួរ​តែ​គិតគូរ​សំណង​សមរម្យ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៅ​តំបន់​សាង​សង់​ផ្លូវ​ល្បឿន​លឿន​នោះ។​
លោក​ថ្លែង​ថា៖ ​«ជា​ព័ត៌មាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​ដឹង​ដែរ​ថា​ តើ​ការ​សាង​សង់​ហ្នឹង​វា​ផ្តល់​ផល​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ ដល់​សង្គម​យ៉ាង​ម៉េច?​ ហើយ​ប្រសិន​បើ​មាន​ផល​ប៉ះពាល់​ ថា​តើ​រដ្ឋា​ភិបាល​ក៏​ដូចជា​ក្រសួង​ហ្នឹង​វា​ការ​គិតគូរ​ផ្តល់​សំណង ​ឬ​ក៏​អី​ផ្សេងៗ​ ដើម្បី​ជូន​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ហ្នឹង ​ជា​ពិសេស​តែ​ម្តង»។​

លោក ​អ៊ឹម នរិន្ទ ​យល់​ឃើញ​ថា​ រដ្ឋាភិបាល​គួរ​តែ​មាន​ការ​សិក្សា​តម្លៃ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ឱ្យ​សម​ស្រប​មួយ ​ដែល​ធានា​ថា ​ប្រជា​ពលរដ្ឋ​ទូទៅ​ទំាង​អស់​អាច​មាន​លទ្ធភាព​ប្រើ​ប្រាស់។ ​យ៉ាង​ណាមិញ​លោក​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​មាន​ថវិកា​បដិភាគ​នៅ​ក្នុង​ការ​សាង​សង់​នោះ​ វា​នឹង​អាច​សម្រួល​ដល់​តម្លៃ​លើ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នោះ។​

លោក​បញ្ជាក់​ថា៖​ «វា​មាន​ការ​លំបាក​នៅ​កន្លែង​ហ្នឹង។​ កាល​ណា​យើង​ប្រគល់​ឱ្យ​ឯកជន​ដោយ​សារ​ការ​ខ្វះខាត​របស់​រដ្ឋ​ ហើយ​ឯកជន​ចាំបាច់​ណាស់​គឺ​គាត់​ត្រូវ​ការ​ចំណេញ​ អ៊ីចឹង​គាត់​ចង់​បាន​ចំណេញ​ គាត់​ព្យាយាម​រក​ប្រាក់​ចំណេញ​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ បាទ។​ ហើយ​កាល​ណា​បាន​លឿន​ វា​អាច​ខ្ពស់​ហើយ​ប៉ះ​ពាល់​ការ​ប្រើប្រាស់​ទូលំទូលាយ​នៃ​ផ្លូវ​ហ្នឹង»។​

លោក​ សាន់ ម៉ាឡា ​ប្រធាន​កម្ម​វិធី​បណ្ដាញ ​និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ភាព​ជា​ដៃគូ​ដើម្បី​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​ដែល​ជា​អង្គការ​ថ្មី​មួយ​ទើប​ចុះ​បញ្ជី ​យល់​ថា​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប-ប៉ោយ​ប៉ែត​នេះ​តិច​ ឬ​ច្រើន​ប្រាកដ​ជា​អាច​បង្ក​ផល​ប៉ះពាល់​មក​លើ​ដី​លំនៅឋាន​ ដីស្រែ ​ឬ​តំបន់​អាស្រ័យ​ផល​ផ្សេងៗ​របស់​ប្រជា​ពលរដ្ឋ។ ​លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​មាន​ការ​គិត​គូរ​ពី​ការ​ផ្តល់​សំណង​សមរម្យ​ណាមួយ​ដល់​ប្រជា​ពលរដ្ឋ​ ប្រសិន​បើ​មាន​ផល​ប៉ះពាល់​ណា​មួយ​នៅ​ហ្នឹង​កន្លែង។​

លោក​ថ្លែង​ថា៖ ​«ប្រសិន​បើ​គម្រោង​នេះ​ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​គាត់​សាទរ គាត់​សប្បាយ​រីករាយ​នៅក្នុង​ការ​ទទួល​យក​ ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ យើង​មិន​មាន​ការ​ទោមនស្ស​អ្វី​នោះ​ទេ ​ក៏​ប៉ុន្តែ​យើង​គ្រាន់​តែ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មាន​ការ​គិតគូរ​ពិចារណា​នឹង​សង​សំណង​ឱ្យ​បាន​សមរម្យ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់»។​

នៅ​ក្នុង​រយៈ​ពេល​ ១០ ​ឆ្នាំ ​ចាប់​តាំង​ពី​ការ​បង្កើត​គំនិត​ផ្តួច​ផ្តើម​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម ​BRI ​របស់​ចិន​មក​ កម្ពុជា​បាន​ទទួល​កម្ចី​ដ៏​សម្បើម​ ដើម្បី​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស ​រួម​មាន​ស្ពាន ​ថ្នល់ និង​ព្រលាន​យន្ត​ហោះ​ជាដើម។ ​រដ្ឋាភិបាល​កម្ពុជា​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​ប្រទេស​ចិន ​ដោយ​បាន​សរសើរ​គម្រោង ​BRI​ នេះ​ បើ​ទោះ​មាន​ភាព​ចម្រូង​ចម្រាស​ដែល​លើក​ឡើង​ថា គម្រោង​មួយ​នេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​អន្ទាក់​បំណុល​ ហើយ​ចិន​អាច​មាន​ឥទ្ធិពល​លើ​ប្រទេស​ដែល​ខ្ចី​បំណុល​ពី​ចិន​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​មាន​ការ​លំបាក​ក្នុង​ការ​សង​ត្រឡប់​វិញ។​

យ៉ាង​ណា​មិញ ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ថា​ គម្រោង ​BRI ​នេះ​មិន​មែន​ជា​អន្ទាក់​បំណុល​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG