ភ្នំពេញ — កាលពីខែមិថុនា ឆ្នាំមុន កញ្ញា ចាន្ធី រដ្ឋា បានទទួលទូរស័ព្ទពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត។ ភ្លាមៗក្រោយដាក់ទូរស័ព្ទចុះ នាងរៀបចំស្លៀកពាក់ឯកសណ្ឋានពណ៌សរបស់គ្រូពេទ្យស្ម័គ្រចិត្ត រួចរៀបចំសម្ភារៈផ្ទាល់ខ្លួនដើម្បីចេញដំណើរទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ក្នុងខណ្ឌទួលគោក ដែលជាកន្លែងពិនិត្យសំណាករកវីរុសកូរ៉ូណា ដែលបង្កជំងឺកូវីដ១៩។
នៅម៉ោង ៧ យប់ រដ្ឋា ឡើងរថយន្តបន្តធ្វើដំណើរជុំគ្នាជាមួយក្រុមការងារស្ម័គ្រចិត្ត និងក្រុមមន្ត្រីផ្នែកសុខភាពសាធារណៈផ្សេងទៀត។ បេសកកម្មដែលរដ្ឋាទទួលបានដំណឹងពីទូរស័ព្ទនោះ គឺទៅប្រមូលសំណាក និងសម្ភាសអ្នកដំណើរចូលមកកម្ពុជា ដែលមានសង្ស័យករណីកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ឧបករណ៍ការពារ ឯកសារសម្ភាសន៍ ទឹក អាហារសម្រន់ កាហ្វេ និងតែ មានត្រៀមរួចជាស្រេចនៅក្នុងរថយន្តដែលដឹកក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
នៅក្នុងបទសម្ភាសន៍មួយក្បែរកន្លែងស្នាក់នៅរបស់នាង ចាន្ធី រដ្ឋា វ័យ ២៥ ឆ្នាំ ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តម្នាក់ ក្នុងចំណោម ៤២២ នាក់ ប្រាប់វីអូអេថា៖
«ពេលដែលគេខលមកភ្លាមៗចឹង ភាគច្រើនឯកសណ្ឋានខ្ញុំ ខ្ញុំត្រៀមទុកស្រេចព្រោះឯកសណ្ឋានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមានស្រាប់។ ខ្ញុំធ្វើការផ្លាស់ខោអាវប្រើឯកសណ្ឋានយើង ហើយយើងរៀបខ្លួនចេញទៅហ្មង។ អត់អាចយូរបានទេ ព្រោះបេសកកម្មបន្ទាន់ យើងត្រូវតែប្រញាប់តាមដែលអាចទៅបាន។ យើងជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យើងត្រូវត្រៀមខ្លួនជានិច្ច ក្រែងលោមានការងារបន្ទាន់ណាមួយ»។
រដ្ឋា ជានិស្សិតទើបបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកឆ្មប។ នាងមានការប្តេជ្ញាចិត្តចំពោះការងារក្នុងវិស័យសុខាភិបាលរបស់ខ្លួន។នៅពេលមានការប្រកាសជ្រើសរើសក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំងកូវីដ១៩ ភ្លាមរដ្ឋាសម្រេចចូលរួមការងារនេះ កាលពីដើមខែមីនា ឆ្នាំ ២០២០។
រដ្ឋា ដែលមានសម្បុរសនិងមានរាងខ្ពស់ស្តើង បានថ្លែងថា ការស្ម័គ្រចិត្តនេះជាឱកាសដែលខ្លួនអាចបម្រើសង្គមទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសាកលមួយនេះ។
«ភាគច្រើនអ្នកគ្រប់គ្នាគេតែងតែថយក្រោយ។ ចុះបើយើងថយក្រោយដែរ? បើវាផ្ទុះខ្លាំងដូចនៅខាង[ប្រទេស]ចិនដែរ តើពេលហ្នឹងមានអ្នកណាទទួលខុសត្រូវ? មានអ្នកណាប្រឆាំងជាមួយវា? អញ្ចឹងអ្នកដែលរងគ្រោះថ្នាក់មិនមែនតែប្រជាជនពលរដ្ឋខ្មែរទេ។ គ្រួសារយើងក៏អាចកើតឡើងបានដែរ»។
រដ្ឋា នៅចាំបានថា បេសកកម្មរបស់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលនោះបានបញ្ចប់នៅម៉ោង ២ ទាបភ្លឺ ក្រោយប្រមូលសំណាកនិងសម្ភាសអ្នកដំណើរចម្រុះជាតិសាសន៍ជាង ២៣០ នាក់។
ក៏ប៉ុន្តែសម្រាប់ រដ្ឋា ការចុះបេសកកម្មពេលយប់អធ្រាត្រ ពុំមែនជាឧបសគ្គសម្រាប់នាងទេ។
«ជាទូទៅក្នុងការងារពេទ្យ ទោះយើងមិនធ្វើការងារខាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ភាគច្រើនយើងមានការងារវេនយប់វេនថ្ងៃអញ្ចឹងទៅគាត់មានថ្ងៃយាម។ អញ្ចឹងបរិយាកាសធ្វើការពេលយប់ យើងស៊ាំហើយ អត់អីទេសម្រាប់ខ្ញុំទេ។ កាលរៀនចប់ ខ្ញុំធ្វើការក៏ខ្ញុំមានថ្ងៃណាខ្លះ ដែលខ្ញុំយាមមានទល់ភ្លឺមានអីអញ្ចឹងដែរ»។
រដ្ឋា បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះត្រូវបែកចែកជាពីរក្រុម។ ឯកសណ្ឋានការពារស្តង់ដារភីភីអ៊ី (PPE) កម្រិត ២ ដែលមានពណ៌លឿង គឺសម្រាប់ក្រុមគ្រូពេទ្យដែលសម្ភាសជនមកផ្តល់សំណាក។ ចំណែកឯកសណ្ឋានការពារស្តង់ដារភីភីអ៊ីកម្រិត ៣ ពណ៌ផ្ទៃមេឃ គឺសម្រាប់ក្រុមអ្នកយកសំណាកដោយផ្ទាល់។
ក្រុមនេះត្រូវបានបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនានា មានទាំងការសួរដេញរកប្រភពជាដើម។ សំណួរដែលក្រុមការងារនេះត្រូវសួរអ្នកមកធ្វើតេស្តមានដូចជា៖ ធ្លាប់បានជួបប្រាស្រ័យទាក់នឹងករណីវិជ្ជមានជាមួយអ្នកណា បានទៅកន្លែងណាខ្លះ ធ្លាប់បានទាក់ទងជាមួយអ្នកណាខ្លះ ដែលប្រើរយៈពេលប្រមាណ ៣ ទៅ ៥ នាទី។
ក្រៅពីនោះពួកគេបានរៀនជំនាញផ្សេងទៀត ដូចជាការប្រមូលសំណាកដោយសុវត្ថិភាព ការស្លៀកពាក់ក្នុងពេលបំពេញការងារ និងអនាម័យក្នុងការវេចខ្ចប់កាកសំណល់ ក្រោយប្រមូលសំណាក។
បេសកកម្មនេះតម្រូវឲ្យមាន «ការយកចិត្តទុកដាក់ខ្ពស់» និង «ការប្រុងប្រយ័ត្នខ្លាំង» នេះ ជាការលើកឡើងរបស់ រដ្ឋា។ នាងតែងមានអាល់កុល និងម៉ាសជាប់ខ្លួន។ ពេលត្រៀមខ្លួនបំពេញការងាររដ្ឋាត្រូវបួងសក់ឡើងឲ្យផុតពាក់ស្រោមជើងវែងៗ ស្បែកជើងឃ្លុបបិទជើងជិត និងខោជើងវែងជាដើម។ការធ្វើរបៀបនេះ គឺការពារមិនឲ្យមេរោគចូលខ្លួនបាននិងធានាថា ខ្លួនមិនក្លាយជាអ្នកចម្លងមេរោគទៅកាន់ក្រុមការងារក្រុមគ្រួសារ ឬមនុស្សជុំវិញខ្លួន។
រដ្ឋា បន្ថែមថា៖ «រាល់ពេលដែលខ្ញុំទៅបេសកកម្ម ពេលយើងដោះសម្ភារៈការពារយើង ហើយតាំងពីបាតជើងរហូតដល់ចុងសក់ គឺយើងបាញ់អាល់កុលសម្លាប់មេរោគមួយសា។ ពេលមកដល់ផ្ទះ សម្ភារៈយើងដោះ គឺយើងដាក់បោក ត្រាំសាប៊ូ ត្រូវមុជទឹក កក់សក់»។
កើតនិងធំធាត់នៅខេត្តបាត់ដំបង កញ្ញា ចាន្ធី រដ្ឋា កាលពី ២០១៤ បានមករាជធានីភ្នំពេញ ដើម្បីរៀនបរិញ្ញាបត្ររងជំនាញផ្នែកគិលានុបដ្ឋាយិកា និងទើបតែបានប្រឡងបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកឆ្មប កាលពីចុងឆ្នាំ ២០២០ នៅសាកលវិទ្យាល័យអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។
រដ្ឋាជាកូនស្រីច្បងក្នុងគ្រួសារដែលមានបងប្អូន ៤ នាក់ ឪពុកម្តាយធ្លាប់ជាកសិករ និងក្រោយមកលក់ដូរស្រូវអង្ករ នៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ។ រដ្ឋា ថ្លែងថា ខ្លួនមានសំណាងបានកើតជាកូនស្រី នៅក្នុងគ្រួសារមួយ ដែលឪពុកម្តាយតែងផ្តល់ការគាំទ្រ ភាពកក់ក្តៅនិងសិទ្ធិក្នុងការសម្រេចចិត្តទៅលើគោលដៅជីវិតរបស់ខ្លួន។
«គាត់[ឪពុកម្តាយ] សប្បាយចិត្តចំពោះកូនស្រីគាត់ ដែលមានចិត្តក្លាហាន ហ៊ានប្រយុទ្ធប្រឆាំងជាមួយនឹងការផ្ទុះជំងឺកូវីដ។ ដូចជាក់ស្តែង រាល់ថ្ងៃអញ្ចឹង ទោះមានបេសកកម្មរវល់យប់ប៉ុណ្ណាអី ក៏អ្នកផ្ទះគាត់អត់ថាអីដែរ។ មានអារម្មណ៍ថា គាត់សប្បាយចិត្តដែលកូនស្រីគាត់ មានចិត្តក្លាហានអញ្ចឹង»។
រដ្ឋា និយាយថា នាងមានក្តីស្រមៃចង់ក្លាយជាគ្រូពេទ្យនេះតាំងពីខ្លួន មានអាយុ ៦ ឆ្នាំមកម្ល៉េះ។ នេះក៏ដោយសារកាលពីកុមារនាងឧស្សាហ៍ឈឺ ហើយចង់ជួយខ្លួនឯង និងមើលថែទាំគ្រួសារ។
«ពីក្មេង ខ្ញុំឧស្សាហ៍ឈឺ ចឹងទៅខ្ញុំគិតថាជំនាញពេទ្យរកលុយបានណាស់ចាក់ថ្នាំដាក់សារ៉ូមបានលុយ។ ហើយវាស្រួលអត់ហត់អីផង ព្រោះយើងនៅខេត្ត។ អ្នករកស៊ីអ្នកស្រែចម្ការ ហត់ចង់ងាប់»។
ក្នុងពេលជាងមួយឆ្នាំដែលមានជំងឺរាតត្បាតសាកលនេះ កម្ពុជារកឃើញអ្នកឆ្លងចំនួនប្រមាណ ១ ពាន់នាក់។ នៅក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ «២០ កុម្ភៈ» កម្ពុជារកឃើញជាង ៥០០ ករណីបន្ថែម ដែលភាគច្រើនជាជនជាតិចិន គិតចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១។
លោកវេជ្ជបណ្ឌិត ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ មានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាកម្លាំងបន្ថែមដ៏សំខាន់ ដើម្បីស្វែងរកប្រភពនៃការរាលដាលនិងទប់ស្កាត់ជំងឺនេះខណៈក្រុមការងារស្រាវជ្រាវរបស់លោកផ្សេងទៀត ត្រូវបំពេញការងារដ៏មមាញឹកក្នុងមន្ទីរពិសោធន៍។
«ក្រុមនេះធ្វើការអត់មានគិតម៉ោងទេ។ សឹងតែទល់ភ្លឺ សឹងតែរាល់ថ្ងៃគឺឲ្យតែមានទីតាំងណា ដែលសង្ស័យគឺគាត់ទៅដល់ហើយ។ ការងារហ្នឹងសុទ្ធតែជាការងារដែល critical [សំខាន់] ហើយវាត្រូវការបន្ទាន់ ព្រោះបើយើងធ្វើអាហ្នឹងយឺតយើងនឹងតាមរក case [ករណី] អត់ទាន់។ ការងារអញ្ចឹងៗ យុវជនស្ម័គ្រចិត្តគាត់ដើរតួនាទីសំខាន់ណាស់ នៅក្នុងការជួយយើងអញ្ចឹង»។
ក្នុងរយៈពេលជិតមួយឆ្នាំនៃការងារស្ម័គ្រចិត្តនេះរដ្ឋា បានចូលរួមក្នុងការប្រមូលសំណាកក្នុងគ្រប់ព្រឹត្តិការណ៍ឆ្លងទ្រង់ទ្រាយធំៗ នាពេលកន្លងមក រាប់ទាំង «ព្រឹត្តិការណ៍ ៣ វិច្ឆិកា» «ព្រឹត្តិកាណ៍ ២៨ វិច្ឆិកា» និង«ព្រឹត្តិការណ៍ ២០ កុម្ភៈ» ដែលកំពុងរាលដាលទ្រង់ទ្រាយធំក្នុងប្រទេសកម្ពុជា។ ក្នុងនោះ រដ្ឋាបានប្រមូលសំណាក និងសម្ភាសមនុស្សសរុបប្រមាណ ១ ពាន់នាក់។
កញ្ញា ចាន្ធី រដ្ឋា ថ្លែងថា ដើម្បីជោគជ័យលើ« សង្គ្រាមជាមួយសត្រូវអត់ស្រមោលកូវីដ១៩» នេះ គឺទាមទារឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ៕