ភ្នំពេញ —
ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្សជាង៨០០នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ខណៈមានករណីស្លាប់ថ្មី៤នាក់ទៀត។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃច័ន្ទនេះ ក្រសួងបានឲ្យដឹងថាករណីឆ្លងថ្មីមានចំនួន៨៤១នាក់ ដែលក្នុងនោះភាគច្រើនមាននៅរាជធានីភ្នំពេញ ដែលមាន៥២៥នាក់ ខេត្តបន្ទាយមានជ័យ១៥៣នាក់ ខេត្តព្រះសីហនុ ៦២នាក់ ខេត្តកណ្តាល៣៣នាក់ និងខេត្តកំពង់ចាម២១នាក់។
ករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍២០កុម្ភៈ មាន១៤.៨០៦នាក់ ដែលក្នុងនោះមានជាង៩.៨១៨នាក់កំពុងសម្រាកព្យាបាល។
ក្រសួងសុខាភិបាលបានរាយការណ៍ករណីស្លាប់ថ្មី៤នាក់ទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា បានកើនឡើងដល់១០៦នាក់៕