ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី​ទី​បួន​ក្នុង​ឆ្នាំ​នេះ​ បាន​ដំឡើង​ការ​ព្រួយបារម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា​


គេ​បាន​រក​ឃើញ​មេ​រោគ​ H5N1​ ឆ្លង​ពី​បក្សី​ឈឺ​ ទៅ​មនុស្ស​ នៅ​ក្នុង​ឆ្នាំ​ ១៩៩៧​ នៅ​កោះ​ ហុងកុង។
គេ​បាន​រក​ឃើញ​មេ​រោគ​ H5N1​ ឆ្លង​ពី​បក្សី​ឈឺ​ ទៅ​មនុស្ស​ នៅ​ក្នុង​ឆ្នាំ​ ១៩៩៧​ នៅ​កោះ​ ហុងកុង។
រាយការណ៍​ដោយ​ Robert​ Carmichael​

រាជធានី​ភ្នំពេញ៖​ ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​បាន​ស្លាប់​ដោយ​សារ​ជម្ងឺ​ផ្តាសាយ​បក្សី​ក្នុង​ឆ្នាំ​ ២០១៣​ ជា​ស្រេច​ទៅ​ហើយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ ចាប់​តាំង​ពី​ដើម​ឆ្នាំ។​

ឥឡូវ​នេះ​ ក្មេង​ស្រី​ខ្មែរ​អាយុ​ ពីរ​ឆ្នាំ​ កំពុង​មាន​ស្ថានភាព​ដុន​ដាប​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៃ​ក្រុង​ភ្នំពេញ​បន្ទាប់​ពី​បាន​ឆ្លង​មេរោគ​ H5N1​ ដែល​គេ​ស្គាល់​ថា​ជា​ជម្ងឺ​ផ្តាសាយ​បក្សី។​ លោក​ Sonny​ Inbaraj​ Krishnan​ មន្រ្តី​ព័ត៌មាន​នៃ​អង្គការ​សុខភាព​ពិភពលោក​ World​ Health​ Organization​ ហៅ​កាត់​ WHO​ នៅ​ក្រុង​ភ្នំពេញ​ និយាយ​ថា​ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​មន្រ្តី​សុខាភិបាល​មាន​សេចក្តី​ព្រួយបារម្ភ។​

«នេះ​ជា​ការ​ចម្លង​មេរោគ​ H5N1​ ទៅ​មនុស្ស​បួន​នាក់​នៅ​ក្នុង​ខែ​នេះ។​ កាល​ពី​ឆ្នាំ​មុន​យើង​មាន​បី​ករណី។​ ដូច្នេះ​ក្នុង​រយៈ​ពេល​មួយ​ខែ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ យើង​មាន​មនុស្ស​បួន​នាក់​ ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង»។​

គេ​បាន​រក​ឃើញ​មេ​រោគ​ H5N1​ ឆ្លង​ពី​បក្សី​ឈឺ​ ទៅ​មនុស្ស​ នៅ​ក្នុង​ឆ្នាំ​ ១៩៩៧​ នៅ​កោះ​ ហុងកុង។​ មេ​រោគ​នេះ​អាច​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បាន។​ មក​ទល់​នឹង​ពេល​នេះ​ មេ​រោគ​ H5N1​ បាន​សម្លាប់​មនុស្ស​ជាង​ ៣៦០​ នាក់​ក្នុង​ពិភពលោក​ ហើយ​ជាង​ពាក់​កណ្តាល​បាន​បញ្ជាក់​ថា​មាន​ចម្លង​មេរោគ​នេះ​មែន។​

អ្នក​រងគ្រោះ​ថ្មី​ជាង​គេ​គឺ​នារី​វ័យ​ ១៥​ ឆ្នាំ​ដែល​បាន​ស្លាប់​កាល​ពី​មួយ​សប្តាហ៍​មុន​ និង​បុរស​វ័យ​ ៣៥​ ឆ្នាំ​ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ​មុន។​ ទារក​ម្នាក់​ដែល​បាន​ធ្លាក់​ឈឺ​កាល​ពី​ដើម​ខែ​នេះ​ បាន​ជា​ឡើង​វិញ។​
ក្នុង​ដំណាច់​សប្តាហ៍​នេះ​ មន្រ្តី​បាន​សម្លាប់​និង​ដុត​មាន់​និង​ទា​ជាង​ ៤​ ពាន់ក្បាល​នៅ​ក្នុង​ភូមិ​ដែល​នារី​អាយុ​ ១៥​ ឆ្នាំ​បាន​ស្លាប់។​

ក៏​ប៉ុន្តែ​ ជម្ងឺ​ដទៃ​ទៀត​ដូច​ជា​គ្រុន​ឈាម​និង​គ្រុន​ចាញ់​ បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​គ្រុន​បក្សី។​ ដូច្នេះ​ទើប​គេ​សួរ​លោក​ Krishnan​ ថា​ ហេតុ​អ្វី​បាន​ជា​មាន​ការ​ព្រួយបារម្ភ​ខ្លាំងម្ល៉េះ​ អំពី​ជម្ងឺ​ផ្តាសាយ​បក្សី។​

«ការ​ព្រួយបារម្ភ​ជាក់​លាក់​របស់​យើង​គឺ​ខ្លាច​ មេរោគ​ H5N1​ ឆ្លងកាត់​អ្វី​ដែល​យើង​ហៅ​ថា​ការ​រួម​បញ្ចូល​និង​បែក​ពួក​ជា​មួយ​មេរោគ​ផ្តាសាយ​មួយ​ទៀត​ ហើយ​បង្កើត​ឲ្យ​មាន​មេរោគ​ថ្មី​មួយ​ដែល​អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​បាន​ - ​គឺ​នេះ​ហើយ​ដែល​ជា​ការ​ព្រួយបារម្ភ​ចម្បង​របស់​យើង»។​

ប្រទេស​កម្ពុជា​ ជា​ប្រទេស​កសិកម្ម​មួយ​ ដូច្នេះ​ភូមិ​និមួយៗ​មាន​ចិញ្ចឹម​មាន់​និង​ទា។​ បុគ្គលិក​ក្រសួង​សុខាភិបាល​ កំពុង​តាម​មើល​មនុស្ស​ដែល​ជាប់​ទាក់​ទង​នឹង​អ្នក​ជម្ងឺ​ ហើយ​បុគ្គលិក​ពី​ក្រសួង​កសិកម្ម​ កំពុង​ធ្វើ​តេស្ត​បក្សី​នៅ​ក្នុង​ភូមិ​ដែល​មាន​ជម្ងឺ​ និង​បំផ្លាញ​បក្សី​ដែល​ឈឺ​ទាំង​អស់។​

កាល​ពី​ថ្ងៃ​សុក្រ​មុន​ លោក​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ ម៉ម​ ប៊ុនហេង​ បាន​អំពាវនាវ​សុំ​ឪពុក​ម្តាយ​ ធានា​កូន​ឲ្យ​លាង​ដៃ​ជា​ញឹកញាប់​ ហើយ​កុំ​ឲ្យ​ប៉ះពាល់​សត្វ​ឈឺ​ឬ​សត្វ​ងាប់។​ លោក​ក៏​បាន​ទូន្មានទៀត​ថា​ បើ​មាន​កុមារ​ណា​ដែល​មាន​ការ​លំបាក​ដក​ដង្ហើម​ សុំ​យក​ទៅ​មន្ទីរ​ព្យាបាល​រោគ​នៅ​ជិត​ផ្ទះ​ឲ្យ​បាន​ឆាប់​រហ័ស។​

លោក​ Krishnan​ និយាយ​ថា​ ទូរទស្សន៍​និង​វិទ្យុ​កំពុង​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​សារ​នេះ​ឲ្យ​បាន​ទូលំទូលាយ។​
«ដូច្នេះ​ ចាប់​ពី​សប្តាហ៍​នេះ​ទៅ​ យើង​នឹង​ដំឡើង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍​និង​វិទ្យុ​ ប្រាប់​មនុស្ស​អំពី​វិធី​ការពារ​ខ្លួន​និង​គ្រួសារ​របស់​គេ​ ទល់​នឹង​ជម្ងឺ​ផ្តាសាយ​បក្សី។​ ជា​ពិសេស​ឲ្យ​ពិនិត្យ​ក្មេង​ដែល​លេង​ជា​មួយ​មាន់​ - និង​អំពី​សារ​ដ៏​សំខាន់​បំផុត​មួយ​ គឺ​លាង​ដៃ​លោក​អ្នក»។​

ប្រទេស​កម្ពុជា​បាន​រាយការណ៍​អំពី​ករណី​មេរោគ​ H5N1​ ដំបូងៗ​របស់​ខ្លួន​ ក្នុង​ឆ្នាំ​ ២០០៥​ ដែល​បាន​សម្លាប់​មនុស្ស​បួន​នាក់។​ មក​ទល់​នឹង​ពេល​នេះ​ ឆ្នាំ​អាក្រក់​ជាង​គេ​គឺ​ ២០១១​ ដែល​មាន​មនុស្ស​ ៨​ នាក់​ ឆ្លង​មេរោគ​ ហើយ​បាន​ស្លាប់​ ទាំង​ ៨​ នាក់។​

វិស័យ​សុខាភិបាល​ទន់​ខ្សោយ​របស់​ប្រទេស​កម្ពុជា​ ជា​ឧបសគ្គ​មួយ​ ដែល​អាច​ពន្យល់​បាន​ច្រើន​ ថា​ហេតុ​អ្វី​បាន​ជា​អាត្រា​មនុស្ស​ស្លាប់​ពី​ផ្តាសាយ​បក្សី​មាន​ដល់​ ជិត​ ៩០%​ - គឺ​មាន​មនុស្ស​ស្លាប់​ ២១​ នាក់​ក្នុង​ចំណោម​អ្នក​ចម្លង​មេរោគ​ ២៤​ នាក់​ - គឺ​ខ្ពស់​ច្រើន​ពី​អត្រា​មនុស្ស​ស្លាប់​ក្នុង​ពិភពលោក​ ចំនួន​ប្រហែល​ ៦០%។​

តែ​លោក​ Krishnan​ នៃ​អង្គការ​ WHO​ បាន​ព្រមាន​កុំ​ឲ្យ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ច្រើន​ពេក​ ពី​ចំនួន​នេះ​ ដោយ​លោក​គូស​បញ្ជាក់​ថា​ ចំនួន​តំណាង​នេះ​ជា​ចំនួន​តិច​តួច​ណាស់។​ ក៏​ប៉ុន្តែ​ លោក​បាន​និយាយ​ថា​ មាន​កត្តា​ក្នុង​ស្រុក​ ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ​មាន​រីក​កាន់​តែ​ធំ​ឡើង។​ នៅ​ពេល​ដែល​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ​ កន្លែង​ទី​មួយ​ដែល​ញាតិ​សន្តាន​របស់​គេ​នាំ​ទៅ​គឺ​ ឱសថស្ថាន​ក្នុង​តំបន់​ឬ​មន្ទីរ​ព្យាបាលរោគ​ឯកជន។​ មេរោគ​ H5N1​ អាច​សម្លាប់​មនុស្ស​ក្នុង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​បន្តិច​ ក្រោយ​ពី​ឆ្លង​មេរោគ។​ ដូច្នេះ​ ការ​ព្យាបាល​រោគ​មិន​បាន​ជោគជ័យ​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ ឬ​ការ​វិនិច្ឆ័យ​រោគ​ខុស​ អាច​បណ្តាល​ឲ្យ​អ្នក​ជម្ងឺ​ស្លាប់។​

«ដូច្នេះ​ក្នុង​ខណៈ​ដែល​ជម្ងឺ​មាន​ភាព​ធ្ងន់​ធ្ងរ​ខ្លាំង​ឡើង​ និង​នៅ​ពេល​ដែល​មន្ទីរ​ព្យាបាល​រោគ​ឬ​ឱសថដ្ឋាន​ក្នុង​តំបន់​លែង​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ទៀត​ នោះ​ទើប​គេ​ប្រាប់​ឲ្យ​គ្រួសារ​នាំ​កុមារ​ឬ​អ្នក​ជម្ងឺ​ទៅ​មន្ទីរ​ពេទ្យ។​ រួច​នៅ​ពេល​គេ​យក​ទៅ​ដល់​មន្ទីរ​ពេទ្យ​ ភ័ព្វ​សំណាង​មាន​តិច​ណាស់​ដែល​អ្នក​ទាំង​នោះ​អាច​ទទួល​ការ​ជួយ​សង្គ្រោះ​ឲ្យ​បាន​នៅ​រស់​ជីវិត»។​

ផលវិបាក​មួយ​នៅ​ពេល​ខាង​មុខ​ គឺ​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​ ១០​ ខែ​កុម្ភៈ។​ នេះ​ជា​ពេល​វេលា​ដែល​គេ​នាំ​យក​បក្សី​ច្រើន​ទៅ​លក់​ក្នុង​ទី​ផ្សារ​ ហើយ​ដំឡើង​គ្រោះថ្នាក់​នៃ​ការ​ចម្លង​មេរោគ​ពី​បក្សី​ឈឺ។​ មន្រ្តី​សុខាភិបាល​ សង្ឃឹម​ថា​ កិច្ច​ប្រឹង​ប្រែង​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ ដែល​គេ​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ​ នឹង​ជួយ​បន្ថយ​គ្រោះថ្នាក់៕៚​
ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន​
XS
SM
MD
LG