ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ពន្លឿន​ការ​ផ្ទេរ​ការ​គ្រប់គ្រង​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ


អ្នក​ទេសចរណ៍​ប្រមូល​ផ្តុំ​គ្នា​​​ដើម្បី​ថត​រូប​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​ថ្ងៃ​រះ​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។
អ្នក​ទេសចរណ៍​ប្រមូល​ផ្តុំ​គ្នា​​​ដើម្បី​ថត​រូប​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​ថ្ងៃ​រះ​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាលពី​ថ្ងៃទី​៦ខែ​វិច្ឆិកា​បញ្ចប់​កិច្ចសន្យា​ដែល​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​សុខា​អូតែល​របស់​លោក​ឧកញ៉ា សុខ គង់

រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​មួយ​ដែល​ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​រៀបចំ​ផ្ទេរ​ ការ​គ្រប់​គ្រង​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​បន្ទាប់​ពី​សម្រេច​បញ្ចប់​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សុខាអូតែល​ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​បក្ស​កាន់​អំណាច។ នេះ​បើ​តាម​សេចក្តី​សម្រេច​ដែល ​VOA ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ។

គណៈកម្មការ​នេះ​មាន​សមាសភាព​មក​ពី​ក្រសួង​ហិរញ្ញវត្ថុ ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ​ក្រសួង​ទេសចរណ៍ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​អាជ្ញាធរ​អប្សរា ​រតនាគារ​ជាតិ​និង​ថ្នាក់​ដឹកនាំ​ខេត្ត​សៀមរាប​។

គណៈកម្មការ​នេះ​ប្រើប្រាស់​អគ្គនាយកដ្ឋាន​ទ្រព្យ​សម្បតិ្ត​រដ្ឋ​និង​ចំណូល​មិនមែន​សារពើ​ពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​លេខាធិការដ្ឋាន​ ហើយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក ​ជូ វិជិត្ត​ ដែល​ជា​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាលពីថ្ងៃទី​៦ខែ​វិច្ឆិកា​បញ្ចប់​កិច្ចសន្យា​ដែល​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​សុខា​អូតែល​របស់​លោក​ឧកញ៉ា សុខ គង់​ ដែល​មាន​សិទ្ធិ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ខេត្ត​សៀមរាប​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​គ្រប់គ្រង​អស់​រយៈ​ពេល​១៧​ឆ្នាំ​និង​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ជាច្រើន​ពី​គណបក្ស​ប្រឆាំង​និង​សាធារណជន​ដោយ​ចោទ​ប្រកាន់​ពី​ការ​គ្រប់​គ្រង​មិន​ត្រឹមត្រូវ។

បើ​តាម​ការសម្រេច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​គណៈកម្មការ​ដែល​ទើប​បង្កើត​នេះ​ទទួល​ភារកិច្ច​ រៀបចំ​នីតិវិធី​ផ្ទេរ​ការគ្រប់គ្រង ការ​កាន់​កាប់​បញ្ជី​គណនេយ្យ បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យ​សម្បត្តិ​ក៏​ដូចជា​ការ​ផ្ទេរ​បុគ្គលិក​និង​ភារកិច្ច​នានា​ពី​ក្រុមហ៊ុនសុខាអូតែល​មក​អាជ្ញាធរ​របស់​រដ្ឋាភិបាល។

គណៈកម្មការ​ថ្មី​នេះ​ក៏ ​មាន​ភារកិច្ច​រៀបចំ​នូវ​លិខិត​បទដ្ឋាន​ចាំបាច់​នានា​ជូន​រដ្ឋាភិបាល​ដើម្បី​បង្កើត​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​សម្រាប់​គ្រប់គ្រង​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ផង​ដែរ។

ប្រការ៥នៃ​សេចក្តី​សម្រេច​នេះ​បាន​បញ្ជាក់​ថា៖

«អាណត្តិ​ការងារ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ ការ​គ្រប់​គ្រង​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ មាន​សុពលភាព​រហូតដល់​ការងារ​រៀបចំ​នីតិវិធី​ផ្ទេរ​ ការ​គ្រប់គ្រង​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ត្រូវ​បាន​បញ្ចប់‍»។​

រដ្ឋាភិបាល​នឹង​គ្រប់គ្រង​ទាំងស្រុង​លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​នេះ​នៅ​ដើម​ឆ្នាំ​២០១៦ ​ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​មិន​ទាន់​ដឹង​ថា​ អាច​រួចរាល់​នៅ​ពេល​ណា​នោះ​ទេ​បើ​ទោះបីជា​រដ្ឋាភិបាល​អះអាងថា​នឹង​ត្រូវ​បង្កើត​ឡើង​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​ក៏ដោយ។

កាល​ពី​ឆ្នាំ​មុន​ចំណូល​សរុប​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​មាន​ចំនួន​៥៩​លាន​ដុល្លារ​ហើយ​ ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​មាន​ចំនួន​ជាង​៤៧​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ខែ​ពី​ខែ​មករា​ដល់​ខែ​តុលា​ឆ្នាំ២០១៥។ រីឯ​អ្នក​ចូល​ទស្សនា​មាន​ចំនួន​ជិត​១,៧​លាន​នាក់។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អាជ្ញាធរ​អប្សរា៕

XS
SM
MD
LG