រដ្ឋាភិបាលកម្ពុជា បន្តថ្លែងការពារគោលបំណងនៃការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុុងភាពមានអាសន្ន ក្រោយពីមានការរិះគន់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិមួយចំនួនថាច្បាប់ដ៏ចម្រូងចម្រាសមួយនេះ អាចនឹងក្លាយជាឧបករណ៍សម្រាប់រដ្ឋាភិបាល ប្រើប្រាស់ដើម្បីបង្ក្រាបលើក្រុមដែលមានមតិប្រឆាំងនឹងខ្លួន។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងភ្នំពេញនៅថ្ងៃពុធទី២២ខែមេសាយ៉ាងដូច្នេះថា៖ «ការរិះគន់នេះអាចថាមានស្តង់ដារពីរ។ ជាការរិះគន់បែបអយុត្តិធម៌សម្រាប់កម្ពុជា ហើយជាការរិះគន់ដែលមានចរិតនយោបាយ»។
ការថ្លែងបែបនេះ កើតឡើង បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិមួយចំនួនរួមទាំងការិយាល័យឧត្ត្មមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផង បានសម្តែងក្តីព្រួយបារម្ភអំពីចេតនាពិតប្រាកដរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្តួចផ្តើមបង្កើតច្បាប់នេះឡើង។ ក្រុមអ្នករិះគន់ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា អាចនឹងយកច្បាប់នេះ ទៅគាបសង្កត់ក្រុមប្រឆាំងនិងជនទាំងឡាយណាដែលហ៊ានសម្តែងមតិប្រឆាំងនឹងរដ្ឋាភិបាល។
លោក ជិន ម៉ាលីនថែ្លងថា៖ «ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាសន្ន មិនមែនរៀបចំឡើងដើម្បីធ្វើការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឬក៏ធ្វើឡើងដើម្បីរំលោភបំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដូចការចោទប្រកាន់បែបអគតិរបស់ក្រុមមួយចំនួនតូចនោះទេ»។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុុងភាពមានអាសន្ននេះ មាន៥ជំពូកនិង១២មាត្រា។ ច្បាប់នេះ ត្រូវបានរដ្ឋសភានិងព្រឹទ្ធសភា អនុម័តរួចហើយ ហើយពេលនេះកំពុងត្រូវបានត្រួតពិនិត្យធម្មនុញ្ញភាពដោយក្រុមប្រឹក្សាធម្មនុញ្ញ មុននឹងត្រូវដាក់ថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា៕