កម្ពុជាកំពុងសំឡឹងមើលមួយជំហានទៅមុខទៀតដើម្បីឈានទៅចូលរួមការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៦ប្រកបដោយកិត្តិយសបន្ទាប់ពីឈ្នះបានមេដាយមាសដំបូងបំផុតពីកីឡាអាស៊ី (Asia Games) កាលពីដើមខែតុលានេះ។
នៅពេលនេះម្ចាស់មេដាយមាសកីឡាតៃក្វាន់ដូពីកីឡាអាស៊ី (Asia Games) ស៊ន សៀវម៉ី មានលក្ខណៈសម្បត្តិពិសេសផ្ទាល់ខ្លួនគ្រប់គ្រាន់ដើម្បីចូលរួមប្រកួតនៅកីឡាអូឡាំពិកនៅទីក្រុងរីយ៉ូ ដឺហ្សាណេរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីលហើយគណៈកម្មាធិការជាតិអូឡាំពិកកំពុងទំនុកបម្រុងនិងបង្ហាត់នាងដើម្បីត្រៀមទៅប្រកួតកម្រិតពិភពលោកនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកបានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA ពិសេសកាលពីថ្ងៃពុធថា៖
«តាមជំនាញការខាងផ្នែកតៃក្វាន់ដូរបស់កូរ៉េបានប្រាប់ថាសៀវម៉ីមានលក្ខណៈសម្បត្តិអាចទៅរកមេដាយនៅអូឡាំពិកបានប្រសិនបើយើងរៀបចំផែនការគ្រប់គ្រងខាងផ្នែកបច្ចេកទេសខាងផ្នែកបំប៉នខាងផ្នែកចិត្តសាស្រ្តត្រឹមត្រូវគឺសៀវម៉ីអាចទៅបានដោយលក្ខណៈសម្បត្តិពិសេសរបស់សៀវម៉ី»។
នាង ស៊ន សៀវម៉ី អាយុ១៩ឆ្នាំគឺជាកីឡាការិនីដំបូងបំផុតដែលបាននាំមេដាយមាសមកឱ្យកម្ពុជាក្នុងប្រវត្តិ៦០ឆ្នាំរបស់ប្រទេសដ៏ក្រីក្រមួយនេះនៅកម្រិតទ្វីបអាស៊ីហើយត្រូវបានរដ្ឋាភិបាលកម្ពុជាប្រសិទ្ធនាមថាជា«វីរៈនារីកីឡា»ជាតិ។
នាងបានផ្តួលកីឡាការិនី Rouhani Fatemeh ដោយពិន្ទុ៧-៤ ក្នុងវិញ្ញាសាតៃក្វាន់ដូទម្ងន់ក្រោម៧៣គីឡូក្រាម។
នាងបានរំលឹកឡើងវិញនៅក្នុងកម្មវិធី Hello VOA ថា៖
«ពេលដែលឡើងទៅខ្ញុំមានអារម្មណ៍ភ័យប៉ុន្តែសម្រាប់ខ្ញុំគ្រប់ការប្រកួតខ្ញុំតាំងចិត្តថាត្រូវតែវាយឱ្យចប់ទឹក។ ប៉ុន្តែពេលឡើងទៅដល់សៃវៀនខ្ញុំខ្ពស់ជាងគាត់ធ្វើឱ្យគាត់ពិបាកវាយខ្ញុំចូលណាស់»។
ក្រៅពីកម្ពស់ខ្ពស់ដែលជាលក្ខណៈអំណោយផលសៀវម៉ីមានថ្វីជើងដែលអាចលើកជើងទាត់ម្តងៗបានបួនឬប្រាំផ្នត់។ សន្ទុះជើងបួនផ្នត់របស់កញ្ញាបានធ្វើឱ្យគូប្រកួតគេចមិនទាន់ហើយត្រូវចំមុខពេលប្រកួតលើសៃវៀននៅក្រុងអ៊ីនឈួនប្រទេសកូរ៉េខាងត្បូង។
កម្ពុជាបានដាក់គោលដៅកាលពីឆ្នាំ២០១០ដើម្បីប្រកួតយកឱ្យបានមេដាយ«មួយ»ពីកីឡាអាស៊ីឆ្នាំ២០១៤នេះហើយក៏បានស្វែងរកកីឡាករដែលមានកាយសម្បទានិងទេពកោសល្យតាមប្រភេទវិញ្ញាសាររបស់ខ្លួនសម្រាប់យកមកហ្វឹកហាត់។
លោកវ៉ាត់ ចំរើនបានបន្ថែមថា៖
«យើងមិនដែលមានមហិច្ចតាចង់បានរហូតដល់មេដាយមាសទេ។ មហិច្ចតារបស់យើងត្រឹមតែមេដាយសំរិទ្ធឬមេដាយប្រាក់ប៉ុន្តែការបានមេដាយមាសនេះគឺជាជោគជ័យមួយ»។
កញ្ញាស៊ន សៀវម៉ី បានចូលហ្វឹកហាត់កីឡាតៃក្វាន់ដូក្នុងឆ្នាំ២០១០ដោយមានគ្រូបង្វឹកជាជនជាតិកូរ៉េខាងត្បូង។
ការផ្តោតលើការហ្វឹកហាត់ខ្លាំងបានធ្វើឱ្យកញ្ញាស៊ន សៀវម៉ី បានប្រឡងធ្លាក់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិកាលពីខែសីហាហើយត្រូវត្រៀមខ្លួនដើម្បីប្រឡងលើកទីពីនៅខែតុលាប៉ុន្តែនាងមិនមានពេលវេលាដើម្បីសិក្សាសម្រាប់ប្រឡងលើកទីពីរនេះទេព្រោះបានប្តេជ្ញាក្នុងចិត្តថាត្រូវតែជ្រើសរើសយកកីឡាដើម្បីបន្តអាជីពទៅមុខទៀតដោយសារខ្លួនជាកូនកំព្រាឱពុកមានតែម្តាយហើយជីវភាពជួបប្រទះការលំបាកច្រើន។
កញ្ញាបានបន្ថែមថា៖
«ខ្ញុំគិតថាប្រសិនបើខ្ញុំជ្រើសរើសកីឡាខ្ញុំប្រាកដជាចោលអ្វីមួយក្នុងជីវិតរបស់ខ្ញុំហើយ។ អញ្ចឹងពេលខ្លះមានអារម្មណ៍ថាស្តាយ ពេលខ្លះមានអារម្មណ៍អន់ចិត្តដែរដែលប្រឡងធ្លាក់...ក្រៅម៉ោងដែលខ្ញុំហាត់គឺខ្ញុំពិបាកចិត្តដែលខ្ញុំប្រឡងធ្លាក់ប៉ុន្តែពេលដែលចូលដល់កន្លែងហាត់គឺខ្ញុំលែងពិបាកចិត្តរឿងប្រឡងធ្លាក់គឺខ្ញុំខំហាត់វិញ»។
ក្តីស្រម័យសម្រាប់ឈានទៅជោគជ័យបន្តទៀតនៅកីឡាអូឡាំពិកនិងកីឡាដទៃទៀតអាចនឹងសម្រេចបានបើសិនជាកម្ពុជាអាចរកបានកីឡាដែលមានទេពកោសល្យនិងកាយសម្បទានគ្រប់គ្រាន់បន្ថែមដើម្បីមកហ្វឹកហាត់ដោយសារកម្ពុជាបានដាក់ទិសដៅធំគឺ«អ្វីៗទាំងអស់នាំគ្នាឆ្ពោះទៅកីឡាអូឡាំពិកនៅរីយ៉ូ ដឺហ្សាណេរ៉ូ ប្រទេសប្រេស៊ីល»និង«អ្វីៗទាំងអស់ឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣» ដែលជាគោលដៅពីរដ៏ធំ។
សម្រាប់សៀវម៉ី ត្រូវបានគណៈកម្មាធិការជាតិរៀបចំជំនួយបច្ចេកទេស ការលើកទឹកចិត្ត និងមានជំរុំហ្វឹកហាត់ពិសេសមួយសម្រាប់នាងនិងដៃគូរបស់នាងមួយចំនួនដែលត្រូវមកហ្វឹកហាត់ក្នុងអគារគណៈកម្មការជាតិអូឡាំពិក។ ក្នុងនោះ ដែរក៏មានការត្រូវលុបចោលការប្រកួតមិនចាំបាច់ ខ្លះគឺត្រៀមប្រកួតក្នុងកម្រិតបំពេញយកពិន្ទុត្រៀមទៅអូឡាំពិកតែប៉ុណ្ណោះ។
មានទស្សនិកជនជាច្រើនបានសំណូមពរមិនឱ្យកញ្ញាទទួលផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនិងបារីទេដោយខ្លាចខូចដល់កិត្តិនាមជាវីរៈនារីកីឡារបស់កម្ពុជាដែលទទួលបានដោយលំបាកនេះ។
កញ្ញា ស៊ន សៀវម៉ីបានបញ្ជាក់ថា៖
«នាងខ្ញុំមិនធ្វើឱ្យអ្នកគាំទ្របាក់ទឹកចិត្តដោយការថតបញ្ហាអស់នេះទេ។ ខ្ញុំនឹងធ្វើតំណាងជាតិខ្មែរក៏ដូចជាធ្វើសម្រាប់នាងខ្ញុំជាកីឡាករកម្ពុជាមួយរូប»។
បងស្រីរបស់សៀវម៉ី គឺនាងស៊ន ដាវីននិងបងប្រុសស៊ន អេលីតក៏ជាកីឡាករជម្រើសជាតិរបស់កម្ពុជាដែរ។ សៀវម៉ីក៏ទទួលបានមេដាយមាសដំបូងសម្រាប់កម្ពុជាពីកីឡា SEA Games ក្នុងឆ្នាំ២០១៣ដែរ៕