ប្រទេសកម្ពុជាទទួលបានមេដាយមាសលើកដំបូងពីកីឡាអាស៊ីបន្ទាប់ពីបានចូលរួមប្រកួតដោយមិនបានជោគជ័យដល់កម្រិតកំពូលអស់រយៈពេល៦០ឆ្នាំ។
នាងស៊ន សៀវម៉ី គឺជាកីឡាប្រដាល់ក្បាច់តៃក្វាន់ដូក្រោមទម្ងន់៧៣គីឡូក្រាមដែលបាននាំជោគជ័យនេះមកដល់ប្រទេសដ៏ក្រីក្រមួយនេះ។ នាងសៀវម៉ី និងបងស្រីនិងបងប្រុសម្នាក់ទៀតសុទ្ធតែជាអ្នកបម្រើវិស័យកីឡាដូចគ្នា។
វាជារឿងកម្រដែលមនុស្សក្នុងគ្រួសារតែមួយមានឧបនិស្ស័យដូចគ្នា ក្នុងការធ្វើអ្វីមួយ។ ប៉ុន្តែស៊ន អេលីត ស៊ន ដាវីននិងស៊ន សៀវម៉ី គឺជាបងប្អូនបង្កើតក្នុងគ្រួសារតែមួយដែលមានឧបនិស្ស័យក្នុងកីឡាតៃក្វាន់ដូដូចគ្នា។ ហើយពិសេសជាងនេះទៅទៀតពួកគេគឺជាម្ចាស់មេដាយមាសនិងមេដាយប្រាក់នៃកីឡាតៃក្វាន់ដូក្នុងការប្រកួតកីឡានៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ហៅថា Sea Gamesផងដែរដោយឈ្នះការប្រកួតកាលពីខែធ្នូឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា(ភូមា)។
ជាកីឡាការិនីវ័យ១៩ឆ្នាំ ស៊ន សៀវម៉ី បានបង្កើតប្រវត្តិឯកទគ្គកម្មចំនួនពីរសម្រាប់កម្ពុជាដោយលើកទីមួយទទួលបានមេដាយមាសពីការប្រកួត SEA GAMES ហើយនោះគឺជាមេដាយមាសដំបូងគេក្នុងការប្រកួតកីឡាតៃក្វាន់ដូនៅ SEA GAMES សម្រាប់ប្រទេសកម្ពុជា។
ក្នុងបទសម្ភាសន៍ក្រោយពីទទួលបានមេដាយនោះនាងស៊ន សៀវម៉ីបានបញ្ជាក់ថា៖
«អ្វីដែលអាចធ្វើឲ្យខ្ញុំឈ្នះបានគឺមុខ។ មានប្រៀបជាងគេដោយសារខ្ញុំមានកម្ពស់ខ្ពស់ជាងគេ។ គឺទាត់ពោះ ជាពិសេសត្រូវការពារច្រើន ពេលគេចូលមកចឹង យើងធាក់ដើម្បីកុំឲ្យគេចូលមកជិតយើងបាន។ យើងឆ្លាតត្រង់ថានៅពេលពិន្ទុយើងឈ្នះ យើងអាចចេះការពារ ចេះបិទពិន្ទុកុំឲ្យគេចូលទាត់យើងបាន»។
កញ្ញា ស៊ន សៀវម៉ី មានកម្ពស់១,៨២ម៉ែត្រ។ នាងជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យឫស្សីកែវដែលស្ថិតនៅ ជាយរាជធានីភ្នំពេញ។ នាងទើបតែប្រឡូកក្នុងវិស័យតៃក្វាន់ដូបានរយៈពេល២ឆ្នាំប៉ុណ្ណោះ។ នាងបានចេញទៅប្រកួតនៅក្រៅប្រទេសចំនួន៥ដង គឺនៅកូរ៉េខាងត្បូងឆ្នាំ២០១៤ មីយ៉ាន់ម៉ាឆ្នាំ២០១៣ប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០១១ ប្រទេសវៀតណាម និងឡាវ។ កញ្ញាស៊ន សៀវម៉ីទទួលបានមេដាយចំនួន៥ មេដាយមាស២ និងមេដាយសំរឹទ្ធ៣ ក្រៅពីនោះនាងក៏ទទួលបានមេដាយមាសពីរផ្សេងទៀតពីការប្រកួតជើងឯកនៅប្រទេសខ្មែរទាំងពីរលើក។
មានសម្បុរស និងមានរាងស្តើង កញ្ញា ស៊ន សៀវម៉ី ជាប្អូនស្រីពៅក្នុងត្រកូលស៊នដែលមានបងប្អូនសរុប៦រូប និងមានម្តាយជាស្ត្រីមេម៉ាយ។ កញ្ញារៀបរាប់ពីកត្តាជំរុញឲ្យកញ្ញាចូលហាត់កីឡាតៃក្វាន់ដូ និងលើកពីអត្ថប្រយោជន៍ដែលមានបងប្អូនទាំងបីរូបនៅក្នុងវិស័យតែមួយដូច្នេះថា៖
«ពេលដំបូងអត់មានអារម្មណ៍ថាខ្លួនឯងចង់ហាត់ទេ ចូលទៅលេង ហើយឃើញបងស្រីចេញទៅប្រកួត ហើយខ្ញុំអត់បានចេញទៅ ហើយគាត់ទៅណាក៏គេស្គាល់ច្រើន ហើយឃើញបិទរូបនៅតាមផ្លូវ ក៏មានអារម្មណ៍ថាចង់ធ្វើដូចគាត់។ បងប្អូនខ្ញុំបីនាក់ ហាត់ជុំគ្នាល្អម្យ៉ាង ព្រោះនៅពេលខ្ញុំមានអីខុសមួយ បងប្រុសបងស្រីខ្ញុំអាចជួយកែខ្ញុំបាន អាចប្រាប់គ្នាទៅវិញទៅមកបាន។ ហើយពេលដែលហាត់យើងគេង ញ៉ាំ ចឹងជុំបងប្អូនក៏ស្រួល»។
កញ្ញា ស៊ន ដាវីន វ័យ២១ឆ្នាំ ជាបងស្រីបង្កើតរបស់ ស៊ន សៀវម៉ី។ មានកម្ពស់១,៨០ម៉ែត្រ នាងជានិស្សិតគរុកោសល្យឆ្នាំទី២ នៃសាលាអប់រំកីឡាផងដែរ។
ដាវីន ជាម្ចាស់មេដាយប្រាក់ពីការប្រកួតSEA GAMESលើកទី២៧ ប៉ុន្តែនាងហាក់ដូចជាមានអារម្មណ៍ខកចិត្តពីការប្រកួតលើកនោះ។
«ពេលវាយទឹកទីមួយ ទឹកទីពីរឈ្នះហើយ។ ក៏ប៉ុន្តែទឹកទី៣ ពិន្ទុឈ្នះដាច់ហើយ តែអត់ចេះការពារ ដល់ពេលចឹងទៅកីឡាការិនីគាត់ប្តូរក្បាច់ ខ្ញុំភ្លាត់ស្នៀតរបស់គាត់។ បើខ្មែរយើងគេហៅថាក្បាច់កាប់ចាន គាត់ពូកែខាងហ្នឹង ដល់ពេលចឹងទៅភ្លាត់ស្នៀតកន្លែងនឹងមា៎តិច ហើយកៀកម៉ោងពេកដេញអត់ទាន់។ ខ្ញុំវាយរាងកាច ខ្ញុំអត់ចង់ការពារ អត់ចង់រត់ ពីព្រោះធម្មតាពេលឈ្នះ គេត្រូវរត់ដើម្បីពន្យាម៉ោង ប៉ុន្តែខ្ញុំអត់រត់ ខ្ញុំសម្រុករហូត ទៅជាការភ្លាត់ស្នៀតរបស់ខ្ញុំ»។
ឆ្លងកាត់ការហ្វឹកហាត់និងការប្រកួតកីឡាតៃក្វាន់ដូអស់រយៈពេល៧ឆ្នាំមកនេះ ដាវីនធ្លាប់ទទួលបានមេដាយសរុបចំនួន១៥ពីការប្រកួតរបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស ដែលមានមេដាយមាសចំនួន៣ មេដាយប្រាក់ចំនួន៥ និងមេដាយសំរិទ្ធិចំនួន៧។
កញ្ញា ដាវីន មានសម្បុរស្រអែម និងមានមាឌធំដំបង។ កីឡាការិនីតៃក្វាន់ដូរូបនេះ ក៏ធ្លាប់ធ្វើជាអ្នកដើរម៉ូត ដូចដែលខ្លួនធ្លាប់មានក្តីស្រម៉ៃកាលពីកុមារភាពផងដែរ។ ដាវីនរំពឹងថាខ្លួននឹងអាចទទួលបានជោគជ័យទាំងវិស័យដើរម៉ូត និងវិស័យកីឡា។ ទោះជាយ៉ាងនេះក្តី ដាវីនហាក់ដូចជាផ្តល់អាទិភាពទៅផ្នែកកីឡាជាងដោយហេតុថា ភាពជោគជ័យរបស់ខ្លួនជាកីឡាការិនីឆ្នើមនេះ បានរួមចំណែកក្នុងការលើកកម្ពស់តម្លៃស្រ្តីក្នុងប្រទេសកម្ពុជា។
«ខ្ញុំចង់ល្បីខាងកីឡា ជាងសិល្បៈ។ ខ្ញុំគិតថាកីឡាល្បីបែបអន្តរជាតិ ចឹងពេលខ្ញុំប្រកួតអន្តរជាតិគេស្គាល់ខ្ញុំច្រើន ហើយប្រជាជនខ្មែរភាគច្រើនគាត់ឲ្យតម្លៃកីឡាខ្លាំង ដោយសារយើងជាមនុស្សស្រី ហើយយើងអាចយកមេដាយបាន វាល្អក្នុងនាមយើងជាស្រ្តីខ្មែរ»។
លោក ស៊ន អេលីត គឺជាបងប្រុសបង្កើតរបស់កីឡាការិនី ស៊ន ដាវីន និងស៊ន សៀវម៉ី។ ស្ថិតក្នុងវ័យ២៨ឆ្នាំ លោកមានកម្ពស់រហូតដល់១,៩៧ម៉ែត្រ។ លោកអេលីត ហាត់តៃក្វាន់ដូ អស់រយៈពេល៥ឆ្នាំហើយ។ លោកធ្លាប់ចូលរួមប្រកួតនៅប្រទេសកូរ៉េ នៅប្រទេសវៀតណាម នៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០១១ នៅប្រទេសឡាវឆ្នាំ២០០៩ នៅប្រទេសថៃឆ្នាំ២០០៧និងជាចុងក្រោយលោកអេលីត ប្រកួតSEA GAMES នៅប្រទេសភូមាឆ្នាំ២០១៣។
លោកបានរំលឹកពីពេលដែលប្អូនស្រីបានឈ្នះមេដាយមាសនៅ SEA Games ជាលើកដំបូងថា៖
«មិនមែនថាត្រឹមតែសប្បាយធម្មតាទេ។ ថ្ងៃដែលសៀវម៉ីវាយបានមេដាយមាស ខ្ញុំហ៊ោៗ គ្រាន់តែវាវាយបានមេដាយមាសចប់ ខ្ញុំចង់ទន់ជង្គង់ទៅហ្មង។ អរពេក»។
លោកអេលីត បានឲ្យដឹងថា កាលដែលបងប្អូនរបស់លោកទាំង៣រូបបានក្លាយជាកីឡាករជម្រើសជាតិជារឿងចៃដន្យដែលនឹកស្មានមិនដល់។
លោកអេលីត កោតសរសើរពីប្អូនស្រីរបស់ខ្លួនគឺនាងដាវីនដែលបានឈានជើងចូលប្រកួតដល់កីឡាអូឡាំពិក និងការដែលនាងសៀវម៉ីបាននាំមកឲ្យកម្ពុជានូវមេដាយមាសពីការប្រកួត SEA GAMES ផ្នែកតៃក្វាន់ដូលើកទីមួយ។
«អត់នឹកស្មាន ដូចខ្ញុំបានចូលដល់អឺរ៉ុប ហើយប្អូនស្រីខ្ញុំដាវីន ក៏បានចូលដល់អឺរ៉ុបដែរទៅដល់អង់គ្លេស ប្រកួតអូឡាំពិក។ ហើយអាម៉ីនេះ គេឡើងខ្ពស់ជាងពីរនាក់ខ្ញុំឆ្ងាយ។ ដូចដាវីន គេបានចូលអូឡាំពិកលើកទីមួយ សម្រាប់ប្រទេសកម្ពុជាសម្រាប់តៃក្វាន់ដូហ្មង ហើយម៉ីគេបានមេដាយមាសដំបូងគេបំផុតសម្រាប់តៃក្វាន់ដូសម្រាប់SEA GAMES»។
លោក ស៊ន អេលីត ធ្លាប់បានធ្វើជាកម្មកររោងចក្រ ជាកីឡាករប្រដាល់ ជាជ័យលាភីមេដាយមាសក្បាច់គុនវ៉ូស៊ូវៀតណាមពីWorld Championship និងចុងក្រោយនេះជាកីឡាករជម្រើសជាតិផ្នែកតៃក្វាន់ដូ។ គិតមកត្រឹមឆ្នាំ ២០១៣ នេះ កីឡាកររូបនេះធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសប្រមាណជាជាង១០លើក និងទទួលបានមេដាយសរុបជាងដប់។
កីឡាករ កីឡាការិនីជម្រើសជាតិ ស៊ន អេលីត ស៊ន ដាវីននិងស៊ន សៀវម៉ី មានស្រុកកំណើតនៅខេត្តកោះកុង។ ពួកគេរស់នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាមួយម្តាយដែលជាស្រ្តីមេម៉ាយ។
នៅឆ្នាំ២០២៣ខាងមុខនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតSEA GAMESជាលើកដំបូង បងប្អូនត្រកូលស៊នទាំង៣ រំពឹងថាពួកគេនឹងអាចជួយបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យឈានចូលជាកីឡាករអន្តរជាតិនៅក្នុងការប្រកួតSEA GAMESនៅកម្ពុជានេះហើយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាពិករបស់កម្ពុជាបានសំឡឹងមើលនាងស៊ន សៀវម៉ីថាជាបេក្ខជនដែលមានសក្តានុពលខ្ពស់អាចចូលរួមប្រកួតនៅកីឡាអូឡាំពិកនៅឆ្នាំ២០១៦នាប្រទេសប្រេស៊ីល៕