ភ្នំពេញ —
បុគ្គលិកស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) នៃក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិកជាច្រើនរយនាក់ក្នុងក្រុងភ្នំពេញនៅថ្ងៃច័ន្ទនេះ បានធ្វើបាតុកម្មនៅខាងមុខស្ថានីយឥន្ធនៈរបស់ពួកគេរៀងៗខ្លួនដើម្បីទាមទារដំឡើងប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារល្អប្រសើរជាងមុន។
នេះគឺជាលើកទី១ហើយដែលបុគ្គលិកនៃក្រុមហ៊ុនប្រេងឥន្ធនៈអាមេរិកាំងធ្វើការតវ៉ាដើម្បីទាមទារដំឡើងប្រាក់ខែ ស្របពេលដែលក្រុមហ៊ុន Chevron គ្រោងនឹងចាប់ផ្តើមបូមប្រេងនៅឈូងសមុទ្រដែនទឹកកម្ពុជានៅឆ្នាំ២០១៦។
ក្រុមបាតុករបានធ្វើពហិការក្នុងការបំពេញការងាររបស់ខ្លួន និងនាំគ្នាកាន់បដាទាមទារនៅតាមស្ថានីយរបស់ខ្លួនចំនួន១៧ស្ថានីយ ដើម្បីទាមទារឱ្យស្ថានីយប្រេងឥន្ធនៈកាល់តិចដំឡើងប្រាក់ខែយ៉ាងតិចណាស់១៦០ដុល្លារក្នុងមួយខែនិងទាមទារឱ្យមានប្រាក់ខែទី១៣។
អ្នកស្រី ម៉ៅ ស៊ីណេត ដែលធ្វើជាបុគ្គលិកផ្នែកគិតបញ្ជីម្នាក់ប្រចាំស្ថានីយកាល់តិចសាខាស្តុបពេទ្យចិនជាង១០ឆ្នាំមកហើយនោះ បានត្អូញត្អែរថា ក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុននេះបានដំឡើងប្រាក់ខែឱ្យអ្នកស្រីតែ៥ដុល្លារប៉ុណ្ណោះ ចំណែកឯទំនិញលើទីផ្សារបានឡើងថ្លៃខ្ពស់ខ្លាំងជាងមុន។
«ខ្ញុំបានប្រាក់ខែ១៣០ដុល្លារ។ ខ្ញុំធ្វើការ១០ឆ្នាំជាងហើយ ទើបដំឡើង៥ដុល្លារឱ្យខ្ញុំទេ។ អ្នកថ្មី អ្នកចាស់ប្រាក់ខែដូចគ្នា។ ម្ហូបអាហារឡើងថ្លៃទាំងអស់។ យើងគិតមើល ១១០ដុល្លារយើងចំណាយយ៉ាងម៉េចទៅ ចាយម៉េចទៅ។ ចុះបើអ្នកមានកូនទៀត»។
បុគ្គលិកក្រុមហ៊ុនកាល់តិចផ្នែកចាក់សាំង និងលក់ទំនិញទទួលបានប្រាក់ខែចន្លោះពី១១០ដុល្លារទៅ១៣០ដុល្លារ។
ស្ថានីយប្រេងឥន្ធនៈកាល់តិចជាផ្នែកមួយរបស់ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនផលិតប្រេងឥន្ធនៈ និងឧស្ម័នដ៏ធំបំផុតមួយលំដាប់អន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៣ ក្រុមហ៊ុននេះរកចំណូលបានជាង២២០ពាន់លានដុល្លារអាមេរិកពីការលក់ និងចែកចាយប្រេងឥន្ធនៈ។ នេះបើតាមប្រភពនានា។
លោកស មូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្ពុជា ថ្លែងថា ការទាមទារនេះជាការសមរម្យ ហើយលោកអះអាងថា ក្រុមហ៊ុនលំដាប់អន្តរជាតិមួយនេះមិនបានផ្តល់ប្រាក់ខែកម្រិតស្តង់ដារដល់បុគ្គលិកខ្លួនទេ។
«ការទាមទាររបស់បងប្អូនកម្មករនិយោជិកនេះគឺវាសមរម្យណាស់ហើយ ដែលក្រុមហ៊ុនអន្តរជាតិ ហើយគាត់ឈានមុខគេក្នុងការផ្តល់ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារល្អប្រសើរដល់កម្មករនិយោជិកកន្លងមក បែរជាមិនអាចផ្តល់ប្រាក់ឈ្នួលស្តង់ដារដែលធានាការរស់នៅសមរម្យរបស់កម្មករ»។
ក្នុងជំនួបរវាងភាគីសហជីពជាមួយតំណាងក្រុមហ៊ុនជាច្រើនដងកន្លងមកជុំវិញលទ្ធភាពដំឡើងប្រាក់បៀវត្សរ៍បុគ្គលិកនេះ ខាងភាគីក្រុមហ៊ុន Chevron តែងតែពន្យារពេលជាបន្តបន្ទាប់ និងដោយមិនបញ្ជាក់ថា នឹងដំឡើងត្រឹមប៉ុណ្ណានោះទេ។ នេះបើតាមលោកស មូរ៉ា។
លោកស្រីចាន់ ឡេក មន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនកាល់តិចប្រចាំកម្ពុជា បានបដិសេធមិនឆ្លើយតបនឹងសំណួររបស់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទទេ។
ការតវ៉ារបស់បុគ្គលិកក្រុមហ៊ុន Chevron នេះកើតឡើងក្រោយពីមានបាតុកម្មរបស់កម្មកររោងចក្ររាប់ម៉ឺននាក់ និងបាតុកម្មរបស់កម្មករក្រុមហ៊ុនឯកជនមួយចំនួនទៀត តាំងពីចុងឆ្នាំ២០១៣មក ក្នុងបុព្វហេតុដូចគ្នានេះ។
ក្រុមកម្មករក៏បានទាមទារឲ្យមានការដំឡើងប្រាក់ខែគោលឲ្យដល់១៦០ដុល្លារក្នុងមួយខែដែរ៕